សុភាសិត 3:18-35

សុភាសិត 3:18-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ។ ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់​ដែរ ដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ នោះ​អស់​ទាំង​ទី​ជម្រៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ និង​គំនិត​វាង​វៃ​ចុះ ដូច្នេះ សេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត ដល់​ព្រលឹង​ឯង ហើយ​ជា​គ្រឿង​លម្អ​នៅ​ក​ឯង។ នោះ​ឯង​នឹង​បាន​ដើរ​តាម​ផ្លូវ​ឯង ដោយ​សេចក្ដី​សុខ ហើយ​ជើង​ឯង​នឹង​មិន​ចំពប់​ឡើយ។ ប្រសិន​បើ​ឯង អង្គុយ​ចុះ ឯងនឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ កាល​ណា​ឯង​ចូល​ដេក នោះ​ឯង​នឹង​ដេក​លក់​យ៉ាង​ស្កប់​ស្កល់។ កុំ​ឲ្យ​នឹក​ខ្លាច ក្រែង​លោ​មាន​ហេតុ​ភ័យ កើត​មក​ឆាប់​ភ្លាម​នោះ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ការ​ហិន​វិនាស​របស់​មនុស្ស​អា‌ក្រក់ ក្នុង​កាល​ដែល​កើត​មក​នោះ​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​បាន​ជា​ទី​ទុក​ចិត្ត​ដល់​ឯង ព្រះ‌អង្គ​នឹង​រក្សា​ជើង​ឯង​មិន​ឲ្យ​ត្រូវ​ជាប់​ឡើយ។ កាល​ណា​ឯង​មាន​លទ្ធភាព​អាច​នឹង​ធ្វើ​បាន នោះ​មិន​ត្រូវ​បដិសេធ​នឹង​អ្នក ដែល​ត្រូវ​ការ​ជំនួយ​ពី​ឯង​ឡើយ។ បើ​កាល​ណា​ឯង​មាន​របស់​អ្វី​នៅ​ជិត​ឯង ដែល​អ្នក​ជិត​ខាង​ត្រូវ​ការ នោះ​កុំ​និយាយ​ឡើយ​ថា ទៅ​សិន​ចុះ ស្អែក​សឹម​មក នោះ​ខ្ញុំ​នឹង​ឲ្យ។ កុំ​បង្កើត​ការ​អា‌ក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ឯង ដែល​អា‌ស្រ័យ​នៅ​ជិត​ឯង ដោយ​សុខ​សាន្ត​នោះ​ឡើយ បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​ឯង នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ កុំ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​មិត្ត​នឹង​គេ​វិញ។ បណ្ដាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អា‌ក្រក់ តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ របស់​មនុស្ស​សុចរិត​វិញ។ ព្រះ‌អង្គ​តែង​មើល​ងាយ ដល់​ពួក​អ្នក​ដែល​មើល​ងាយ តែ​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ចំពោះ​មនុស្ស​រាប‌សា​វិញ។ មនុស្ស​មាន​ប្រាជ្ញា​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មត៌ក តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់ ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។

ចែក​រំលែក
អាន សុភាសិត 3

សុភាសិត 3:18-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រាជ្ញា​ជា​ដើម​ឈើ​ផ្ដល់​ជីវិត សម្រាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ។ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ។ ព្រះ‌អម្ចាស់​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ​តម្រិះ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ផុស​ចេញ​ពី​ទី​ជម្រៅ និង​ឲ្យ​ពពក​បង្អុរ​ភ្លៀង​ចុះ​មក ដោយ‌សារ​ព្រះ‌តម្រិះ​ដ៏​វាង‌វៃ​របស់​ព្រះអង្គ។ កូន​អើយ ចូរ​ដឹង​ខុស​ត្រូវ និង​រិះគិត​ពិចារណា​ជានិច្ច កុំ​ធ្វេស‌ប្រហែស​ឡើយ ដ្បិត​ការ​ដឹង​ខុស​ត្រូវ និង​ការ​រិះគិត​ពិចារណា​ផ្ដល់​ឲ្យ​កូន​មាន​ជីវិត មាន​កិរិយា​មារយាទ​ថ្លៃ‌ថ្នូរ។ ពេល​នោះ កូន​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​កូន​ជំពប់​ដួល​បាន​ឡើយ។ កូន​នឹង​ចូល​ដំណេក​ដោយ​ឥត​ភ័យ​ខ្លាច ហើយ​ដេក​លង់‌លក់​យ៉ាង​ស្កប់‌ស្កល់។ កូន​នឹង​មិន​បារម្ភ​ខ្លាច​ក្រែង​មាន​ភ័យ​អាសន្ន ឬ​ខ្លាច​ក្រែង​មាន​ជន​ពាល​ចូល​មក​វាយ​ធ្វើ​បាប​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ការ‌ពារ​កូន ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​កូន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ណា​មួយ​ឡើយ។ មិន​ត្រូវ​បដិសេធ​នឹង​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពី​កូន​ឡើយ គឺ​ត្រូវ​ជួយ​គេ​តាម​លទ្ធ‌ភាព​របស់​កូន។ បើ​អ្នក​ដទៃ​មក​សុំ​អ្វី​ពី​កូន ហើយ​បើ​កូន​មាន មិន​ត្រូវ​ពោល​ទៅ​គេ​ថា «ទៅ​សិន​ចុះ ចាំ​ស្អែក សឹម​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ប្រគល់​ជូន!»។ មិន​ត្រូវ​ប៉ុន‌ប៉ង​ធ្វើ​បាប​មិត្ត‌ភក្ដិ​ដែល​រស់​នៅ​ជិត​ខាង​កូន ហើយ​ទុក​ចិត្ត​លើ​កូន​នោះ​ឡើយ។ កុំ​រក​រឿង​នរណា​ម្នាក់ ដោយ​ឥត​ហេតុ គឺ​កុំ​រក​រឿង​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​កូន។ កុំ​ច្រណែន​នឹង​មនុស្ស​ឃោរ‌ឃៅ កុំ​ប្រព្រឹត្ត​តាម​គេ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ខិល‌ខូច​ទេ តែ​ព្រះអង្គ​ស្និទ្ធ‌ស្នាល​ជា​មួយ​មនុស្ស​ទៀង​ត្រង់។ ព្រះ‌អម្ចាស់​ដាក់​បណ្ដាសា​ក្រុម​គ្រួសារ​របស់​មនុស្ស​ពាល តែ​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​ក្រុម​គ្រួសារ​មនុស្ស​សុចរិត។ ព្រះអង្គ​មើល‌ងាយ​អស់​អ្នក​ដែល​មើល‌ងាយ​គេ តែ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី​សន្ដោស ចំពោះ​អស់​អ្នក​ដែល​គ្មាន​ទី​ពឹង។ អ្នក​មាន​ប្រាជ្ញា​នឹង​បាន​ទទួល​សិរី‌រុងរឿង​ទុក​ជា​មត៌ក តែ​មនុស្ស​ខ្លៅ​នឹង​ត្រូវ​អាម៉ាស់​វិញ។

ចែក​រំលែក
អាន សុភាសិត 3

សុភាសិត 3:18-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ​ដោយ‌សារ​យោបល់​ដែរ ដោយ‌សារ​ព្រះ‌ដំរិះ​ទ្រង់ នោះ​អស់​ទាំង​ទី​ជំរៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក។ កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ​ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រយោជន៍ នឹង​គំនិត​វាង‌វៃ​ចុះ ដូច្នេះសេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត​ដល់​ព្រលឹង​ឯង ហើយ​ជា​គ្រឿង​លំអ​នៅ​ក​ឯង នោះ​ឯង​នឹង​បាន​ដើរ​តាម​ផ្លូវ​ឯង ដោយ​សេចក្ដី​សុខ ហើយ​ជើង​ឯង​នឹង​មិន​ចំពប់​ឡើយ កាល​ណា​ឯង​ដេក​ទៅ នោះ​នឹង​គ្មាន​ភ័យ​ខ្លាច​អ្វី​សោះ អើ ឯង​នឹង​ដេក​ទៅ ហើយ​លក់​ស្រួល កុំ​ឲ្យ​នឹក​ខ្លាច ក្រែង​លោ​មាន​ហេតុ​ភ័យ​កើត​មក​ឆាប់​ភ្លាម​នោះ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ការ​ហិន‌វិនាស​របស់​មនុស្ស​អាក្រក់ ក្នុង​កាល​ដែល​កើត​មក​នោះ​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ទុក​ចិត្ត​ដល់​ឯង ទ្រង់​នឹង​រក្សា​ជើង​ឯង​មិន​ឲ្យ​ត្រូវ​ជាប់​ឡើយ។ កាល​ណា​ឯង​មាន​កំឡាំង​ដៃ​អាច​ធ្វើ​គុណ​ឲ្យ​អ្នក​ណា​ដែល​គួរ​ផ្តល់​ឲ្យ នោះ​កុំ​ឲ្យ​បង្ខាំង​ទុក​ឡើយ បើ​កាល​ណា​ឯង​មាន​របស់​អ្វី​នៅ​ជិត​ឯង ដែល​អ្នក​ជិត​ខាង​ត្រូវ​ការ នោះ​កុំ​ឲ្យ​និយាយ​ឡើយ​ថា ទៅ​សិន​ចុះ ស្អែក​សឹម​មក នោះ​ខ្ញុំ​នឹង​ឲ្យ កុំ​ឲ្យ​បង្កើត​ការ​អាក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ឯង ដែល​អាស្រ័យ​នៅ​ជិត​ឯង​ដោយ​សុខ‌សាន្ត​នោះ​ឡើយ បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​ឯង នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​ឲ្យ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ នោះ​ទ្រង់​ជា​មិត្រ​នឹង​គេ​វិញ សេចក្ដី​បណ្តាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អាក្រក់ តែ​ទ្រង់​ប្រទាន​ពរ​ដល់​ទី​លំនៅ​របស់​មនុស្ស​សុចរិត​វិញ ទ្រង់​តែង​មើល‌ងាយ​ដល់​ពួក​អ្នក​ដែល​មើល‌ងាយ តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ចំពោះ​មនុស្ស​រាបសា​វិញ មនុស្ស​ប្រាជ្ញ​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មរដក តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់​ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។

ចែក​រំលែក
អាន សុភាសិត 3