ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា ដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ។ ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ ដោយសារយោបល់ដែរ ដោយសារព្រះតម្រិះរបស់ព្រះអង្គ នោះអស់ទាំងទីជម្រៅបានធ្លាយចេញ ហើយពពកក៏ស្រក់ទឹកសន្សើមមក កូនអើយ កុំឲ្យសេចក្ដីទាំងនេះ ចេញបាត់ពីភ្នែកឯងឡើយ ចូររក្សាសេចក្ដីដែលមានប្រយោជន៍ និងគំនិតវាងវៃចុះ ដូច្នេះ សេចក្ដីនោះនឹងបានជាជីវិត ដល់ព្រលឹងឯង ហើយជាគ្រឿងលម្អនៅកឯង។ នោះឯងនឹងបានដើរតាមផ្លូវឯង ដោយសេចក្ដីសុខ ហើយជើងឯងនឹងមិនចំពប់ឡើយ។ ប្រសិនបើឯង អង្គុយចុះ ឯងនឹងមិនភ័យខ្លាចអ្វីឡើយ កាលណាឯងចូលដេក នោះឯងនឹងដេកលក់យ៉ាងស្កប់ស្កល់។ កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យ កើតមកឆាប់ភ្លាមនោះឡើយ ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ ក្នុងកាលដែលកើតមកនោះដែរ ដ្បិតព្រះយេហូវ៉ានឹងបានជាទីទុកចិត្តដល់ឯង ព្រះអង្គនឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។ កាលណាឯងមានលទ្ធភាពអាចនឹងធ្វើបាន នោះមិនត្រូវបដិសេធនឹងអ្នក ដែលត្រូវការជំនួយពីឯងឡើយ។ បើកាលណាឯងមានរបស់អ្វីនៅជិតឯង ដែលអ្នកជិតខាងត្រូវការ នោះកុំនិយាយឡើយថា ទៅសិនចុះ ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ។ កុំបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងឯង ដែលអាស្រ័យនៅជិតឯង ដោយសុខសាន្តនោះឡើយ បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ កុំច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។ បណ្ដាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែព្រះអង្គប្រទានពរដល់ទីលំនៅ របស់មនុស្សសុចរិតវិញ។ ព្រះអង្គតែងមើលងាយ ដល់ពួកអ្នកដែលមើលងាយ តែព្រះអង្គផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។ មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមត៌ក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ ដល់មនុស្សឆោតល្ងង់វិញ។
អាន សុភាសិត 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 3:18-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ