សុភា‌សិត 3

3
ការ​ដាស់​តឿន​ឲ្យ​ទុក​ចិត្ត និង​គោរព​កោត​ខ្លាច​ព្រះ
1កូន​អើយ កុំ​ឲ្យ​ភ្លេច​ឱវាទ​យើង​ឡើយ
គួរ​ឲ្យ​ចិត្ត​ឯង​កាន់​តាម​បណ្ដាំ
របស់​យើង​ទាំង​ប៉ុន្មាន
2ដ្បិត​សេចក្ដី​ទាំង​នោះ​នឹង​បន្ថែម
ឲ្យ​ឯង​បាន​ថ្ងៃ​វែង
និង​អាយុ​យឺន​យូរ ព្រម​ទាំង​សេចក្ដី​សុខ​ផង
3កុំ​ឲ្យ​សេចក្ដី​មេត្តា
និង​សេចក្ដី​ពិត​ចេញ​ពី​ឯង​បាត់​ឡើយ
ចូរ​ចង​សេចក្ដី​ទាំង​ពីរ​នោះ​នៅ​ក​ឯង​ចុះ
ហើយ​ចារឹក​ទុក​នៅ​ដួង​ចិត្ត​ឯង​ដែរ។
4យ៉ាង​នោះ ឯង​នឹង​បាន​ប្រកប​ដោយ​គុណ
និង​បំណង​ល្អ​ចំពោះ​ព្រះ ហើយ​មនុស្ស​ផង។
5ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត
កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។
6ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ
ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។
7កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ
ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ
ហើយ​ចៀស​ចេញ​ពី​ការ​អាក្រក់​ទៅ ។
8នោះ​នឹង​បាន​ជា​សេចក្ដី​សុខ​ស្រួល
ដល់​សរសៃ​ឯង
ហើយ​ជា​ធាតុ​សើម​ដល់​ឆ្អឹង​ឯង។
9ចូរ​ថ្វាយ​កិត្តិ‌នាម​ដល់​ព្រះ‌យេហូវ៉ា
ដោយ​ទ្រព្យ​សម្បត្តិ
និង​ផល​ដំបូង​ពី​សេចក្ដី​ចម្រើន​របស់​ឯង
ទាំង​អម្បាល‌ម៉ាន​ចុះ
10យ៉ាង​នោះ អស់​ទាំង​ជង្រុក​ឯង
នឹង​បាន​ពេញ​បរិបូរ
ឯ​អស់​ទាំង​ធុង​ឯង
នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​ហូរ​ហៀរ​ផង។
11កូន​អើយ កុំ​ឲ្យ​មើល​ងាយ​សេចក្ដី​ប្រៀន
របស់​ព្រះ‌យេហូវ៉ា​ឡើយ
ក៏​កុំ​ឲ្យ​ណាយ​ចិត្ត​នឹង​សេចក្ដី​បន្ទោស
របស់​ព្រះ‌អង្គ​ដែរ។
12ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ស្រឡាញ់
ព្រះ‌អង្គ​ក៏​ស្តី​ប្រដៅ​ផង
គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន
ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ ។
ទ្រព្យសម្បត្តិ​ដ៏ពិត
13សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា
ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង
ទាល់​តែ​បាន​យោបល់
14ដ្បិត​ការ​ដែល​បាន
នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត
ហើយ​កម្រៃ​អំពី​នោះ​មក
ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង។
15ប្រាជ្ញា​នោះ​មាន​តម្លៃ​ជា​ជាង​ត្បូង​ទទឹម
ឥត​មាន​របស់​ណា​ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន
ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ
16មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ
និង​កិត្តិ‌សព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ។
17អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា
សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស
ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ
ក៏​ជា​សេចក្ដី​សុខ​ដែរ។
18ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា
ដែល​ចាប់​យក​បាន
ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់
ក៏​សប្បាយ​ហើយ។
ប្រាជ្ញា​របស់​ព្រះ​ក្នុង​ការ​បង្កើត
19ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី
ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ
ដោយ‌សារ​យោបល់​ដែរ
20ដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ
នោះ​អស់​ទាំង​ទី​ជម្រៅ​បាន​ធ្លាយ​ចេញ
ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក
សេចក្ដីសុខដ៏ពិត
21កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ
ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ
ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍
និង​គំនិត​វាង​វៃ​ចុះ
22ដូច្នេះ សេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត
ដល់​ព្រលឹង​ឯង
ហើយ​ជា​គ្រឿង​លម្អ​នៅ​ក​ឯង។
23នោះ​ឯង​នឹង​បាន​ដើរ​តាម​ផ្លូវ​ឯង
ដោយ​សេចក្ដី​សុខ
ហើយ​ជើង​ឯង​នឹង​មិន​ចំពប់​ឡើយ។
24ប្រសិន​បើ​ឯង អង្គុយ​ចុះ
ឯងនឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ
កាល​ណា​ឯង​ចូល​ដេក
នោះ​ឯង​នឹង​ដេក​លក់​យ៉ាង​ស្កប់​ស្កល់។
25កុំ​ឲ្យ​នឹក​ខ្លាច ក្រែង​លោ​មាន​ហេតុ​ភ័យ
កើត​មក​ឆាប់​ភ្លាម​នោះ​ឡើយ
ក៏​កុំ​ឲ្យ​ខ្លាច​ការ​ហិន​វិនាស​របស់​មនុស្ស​អា‌ក្រក់
ក្នុង​កាល​ដែល​កើត​មក​នោះ​ដែរ
26ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​បាន​ជា​ទី​ទុក​ចិត្ត​ដល់​ឯង
ព្រះ‌អង្គ​នឹង​រក្សា​ជើង​ឯង​មិន​ឲ្យ​ត្រូវ​ជាប់​ឡើយ។
27កាល​ណា​ឯង​មាន​លទ្ធភាព​អាច​នឹង​ធ្វើ​បាន
នោះ​មិន​ត្រូវ​បដិសេធ​នឹង​អ្នក
ដែល​ត្រូវ​ការ​ជំនួយ​ពី​ឯង​ឡើយ។
28បើ​កាល​ណា​ឯង​មាន​របស់​អ្វី​នៅ​ជិត​ឯង
ដែល​អ្នក​ជិត​ខាង​ត្រូវ​ការ
នោះ​កុំ​និយាយ​ឡើយ​ថា ទៅ​សិន​ចុះ
ស្អែក​សឹម​មក នោះ​ខ្ញុំ​នឹង​ឲ្យ។
29កុំ​បង្កើត​ការ​អា‌ក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ឯង
ដែល​អា‌ស្រ័យ​នៅ​ជិត​ឯង
ដោយ​សុខ​សាន្ត​នោះ​ឡើយ
30បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​ឯង
នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ
31កុំ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ
ក៏​កុំ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ
32ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌យេហូវ៉ា
តែ​ឯ​មនុស្ស​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​មិត្ត​នឹង​គេ​វិញ។
33បណ្ដាសា​របស់​ព្រះ‌យេហូវ៉ា
នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អា‌ក្រក់
តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ
របស់​មនុស្ស​សុចរិត​វិញ។
34ព្រះ‌អង្គ​តែង​មើល​ងាយ
ដល់​ពួក​អ្នក​ដែល​មើល​ងាយ
តែ​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ចំពោះ​មនុស្ស​រាប‌សា​វិញ។
35មនុស្ស​មាន​ប្រាជ្ញា​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មត៌ក
តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់
ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល