សុភាសិត 3
3
1កូនអើយ កុំឲ្យភ្លេចឱវាទអញឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្តាំរបស់អញទាំងប៉ុន្មាន 2ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែមឲ្យឯងបានថ្ងៃវែង នឹងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង 3កុំឲ្យសេចក្ដីមេត្តា នឹងសេចក្ដីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្ដីទាំង២នោះនៅកឯងចុះ ហើយចារឹកទុកនៅដួងចិត្តឯងដែរ 4យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ នឹងបំណងល្អចំពោះព្រះ ហើយនឹងមនុស្សផង 5ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ 6ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង 7កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីសេចក្ដីអាក្រក់ទៅ 8នោះនឹងបានជាសេចក្ដីសុខស្រួលដល់សរសៃឯង ហើយជាធាតុសើមដល់ឆ្អឹងឯង 9ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ ហើយនឹងផលដំបូង ពីសេចក្ដីចំរើនរបស់ឯងទាំងអំបាលម៉ានចុះ 10យ៉ាងនោះ អស់ទាំងជង្រុកឯងនឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង 11កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀនរបស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោសរបស់ទ្រង់ដែរ 12ដ្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ។
13សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ 14ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកំរៃអំពីនោះមកក៏ប្រសើរជាងមាសសុទ្ធផង 15ប្រាជ្ញានោះមានដំឡៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ 16មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ នឹងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ 17អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះក៏ជាសេចក្ដីសុខដែរ 18ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណាដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ 19ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃដោយសារយោបល់ដែរ 20ដោយសារព្រះដំរិះទ្រង់ នោះអស់ទាំងទីជំរៅបានធ្លាយចេញ ហើយពពកក៏ស្រក់ទឹកសន្សើមមក។
21កូនអើយ កុំឲ្យសេចក្ដីទាំងនេះចេញបាត់ពីភ្នែកឯងឡើយ ចូររក្សាសេចក្ដីដែលមានប្រយោជន៍ នឹងគំនិតវាងវៃចុះ 22ដូច្នេះសេចក្ដីនោះនឹងបានជាជីវិតដល់ព្រលឹងឯង ហើយជាគ្រឿងលំអនៅកឯង 23នោះឯងនឹងបានដើរតាមផ្លូវឯង ដោយសេចក្ដីសុខ ហើយជើងឯងនឹងមិនចំពប់ឡើយ 24កាលណាឯងដេកទៅ នោះនឹងគ្មានភ័យខ្លាចអ្វីសោះ អើ ឯងនឹងដេកទៅ ហើយលក់ស្រួល 25កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យកើតមកឆាប់ភ្លាមនោះឡើយ ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ ក្នុងកាលដែលកើតមកនោះដែរ 26ដ្បិតព្រះយេហូវ៉ាទ្រង់នឹងបានជាទីទុកចិត្តដល់ឯង ទ្រង់នឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។
27កាលណាឯងមានកំឡាំងដៃអាចធ្វើគុណឲ្យអ្នកណាដែលគួរផ្តល់ឲ្យ នោះកុំឲ្យបង្ខាំងទុកឡើយ 28បើកាលណាឯងមានរបស់អ្វីនៅជិតឯង ដែលអ្នកជិតខាងត្រូវការ នោះកុំឲ្យនិយាយឡើយថា ទៅសិនចុះ ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ 29កុំឲ្យបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងឯង ដែលអាស្រ័យនៅជិតឯងដោយសុខសាន្តនោះឡើយ 30បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ 31កុំឲ្យច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំឲ្យរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ 32ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ នោះទ្រង់ជាមិត្រនឹងគេវិញ 33សេចក្ដីបណ្តាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែទ្រង់ប្រទានពរដល់ទីលំនៅរបស់មនុស្សសុចរិតវិញ 34ទ្រង់តែងមើលងាយដល់ពួកអ្នកដែលមើលងាយ តែទ្រង់ផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ 35មនុស្សប្រាជ្ញនឹងគ្រងបានសិរីល្អទុកជាមរដក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ដល់មនុស្សឆោតល្ងង់វិញ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 3: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.