សុភាសិត 21:1-22

សុភាសិត 21:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ដូច​ជា​ផ្លូវ​ទឹក​ហូរ​ទាំង‌ឡាយ ព្រះ‌អង្គ​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ។ គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ត្រឹម​ត្រូវ​នៅ​ភ្នែក​ខ្លួន តែ​ព្រះ‌យេហូវ៉ា​ថ្លឹង​ចិត្ត។ ការ​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ នោះ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌យេហូវ៉ា ជា​ជាង​យញ្ញ‌បូជា​ទៅ​ទៀត។ ឫក​ខ្ពស់ និង​ចិត្ត​អំនួត គឺ​ជា​ចង្កៀង​ជា​របស់​មនុស្ស​អាក្រក់ នោះ​ហៅ​ថា​ជា​អំពើ​បាប​ទាំង​អស់។ គំនិត​របស់​មនុស្ស​ឧស្សាហ៍ នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម៉្យាង តែ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រលះ‌រលាំង នោះ​នឹង​បាន​តែ​សេចក្ដី​ខ្វះ​ខាត​វិញ។ ការ​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ‌សារ​អណ្ដាត​ភូត​ភរ នោះ​ជា​ចំហាយ​ទឹក​ដែល​ផាត់​ទៅ​មក និង​ជា​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។ សេចក្ដី​ច្រឡោត​របស់​មនុស្ស​អាក្រក់ នឹង​បោស​ខ្លួន​គេ​ចេញ​ទៅ ដោយ​ព្រោះ​គេ​មិន​ព្រម​ប្រព្រឹត្ត តាម​សេចក្ដី​យុត្តិ‌ធម៌​សោះ។ ផ្លូវ​របស់​មនុស្ស​ណាដែល​ផ្ទុក​ដោយ ទោស​ច្រើន នោះ​ជា​ផ្លូវ​វៀច​ណាស់ តែ​ចំណែក​មនុស្ស​សុចរិត​វិញ ការ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​ទៀង​ត្រង់។ ស៊ូ​នៅ​ក្នុង​ទី​កៀន​មួយ​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា‌មួយ​ស្ត្រី ដែល​ចេះ​តែ​រក​រឿង​វិញ។ ព្រលឹង​របស់​មនុស្ស​អាក្រក់​ប្រាថ្នា​តែ​ការ​អាក្រក់ ទោះ​ទាំង​អ្នក​ជិត​ខាង​ក៏​មិន​ប្រកប​ដោយ គុណ​អ្នក​នោះ​ដែរ។ កាល​មនុស្ស​ចំអក​មើល​ងាយ​ត្រូវ​ទោស​ហើយ នោះ​មនុស្ស​ខ្លៅ​ល្ងង់​ក៏​មាន​ប្រាជ្ញា​ឡើង។ កាល​ណា​មនុស្ស​មាន​ប្រាជ្ញា​បាន​ទទួល សេចក្ដី​ប្រៀន‌ប្រដៅ នោះ​គេ​កាន់​តែ​មាន​ចំណេះ​ថែម​ទៀត។ មនុស្ស​សុចរិត​រមែង​ពិចា‌រណា​មើល វង្ស​របស់​មនុស្ស​អាក្រក់ ឃើញ​ថា គេ​ត្រូវ​រំលំ​ឲ្យ​វិនាស​បាត់​ទៅ។ អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្តាប់ ពាក្យ​អំពាវ‌នាវ​របស់​មនុស្ស​ទាល់​ក្រ អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវ‌នាវ​ដែរ តែ​មិន​មាន​អ្នក​ណា​ស្តាប់​ឡើយ។ អំណោយ​ដែល​ឲ្យ​ដោយ​ស្ងាត់​កំបាំង នោះ​រមែង​រម្ងាប់​សេចក្ដី​កំហឹង ហើយ​ជំនូន​ដែល​ជូន​ដោយ​លួច​លាក់ ក៏​បំបាត់​សេចក្ដី​ឃោរ‌ឃៅ​ដែរ។ ការ​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌ នោះ​ជា​អំណរ​ដល់​មនុស្ស​សុចរិត តែ​នោះ​ជា​សេចក្ដី​វិនាស​ដល់​មនុស្ស ដែល​ប្រព្រឹត្ត​ទុច្ចរិត​វិញ។ មនុស្ស​ណា​ដែល​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​ប្រាជ្ញា នោះ​នឹង​សម្រាក​នៅ​ក្នុង​ចំណោម មនុស្ស​ស្លាប់​ហើយ។ ឯ​អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ការ​លេង​សប្បាយ នោះ​នឹង​ត្រូវ​ទៅ​ជា​មនុស្ស​ទាល់​ក្រ អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា និង​ប្រេង នោះ​មិន​ដែល​ទៅ​ជា​អ្នក​មាន​ទេ។ មនុស្ស​អាក្រក់​គេ​សម្រាប់​ជា​ថ្លៃ លោះ​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​ក៏​ជំនួស​មនុស្ស​ទៀង​ត្រង់​ដែរ។ ស៊ូ​អា‌ស្រ័យ​នៅ​ក្នុង​ទី​សូន្យ​ស្ងាត់ ជា​ជាង​នៅ​ជា‌មួយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង ហើយ​អុច‌អាល​វិញ។ មាន​ទ្រព្យ​វិសេស និង​ប្រេង នៅ​ក្នុង​ទី​លំ​នៅ​របស់​មនុស្ស​មាន​ប្រាជ្ញា តែ​មនុស្ស​ល្ងី‌ល្ងើ​រមែង​លេប​បង្ហិន​ទាំង​អស់។ អ្នក​ណា​ដែល​ដេញ​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុ‌រស អ្នក​នោះ​នឹង​រក​បាន​ជីវិត សេចក្ដី​សុចរិត និង​កិត្តិ‌យស។ ឯ​មនុស្ស​មាន​ប្រាជ្ញា គេ​ឡើង​ចូល​ក្នុង​ទី​ក្រុង​របស់​មនុស្ស​ខ្លាំង​ពូកែ នាំ​ឲ្យ​កម្លាំង​ដែល​គេ​ពឹង‌ពាក់​ធ្លាក់​ចុះ​វិញ។

ចែក​រំលែក
អាន សុភាសិត 21

សុភាសិត 21:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ហឫទ័យ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ព្រះអង្គ​ផ្អៀង​ព្រះ‌ហស្ដ​ទៅ​ខាង​ណា ទឹក​ហូរ​ទៅ​ខាង​នោះ។ មនុស្ស​គ្រប់ៗ​រូប​តែង​យល់​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹម‌ត្រូវ ក៏​ប៉ុន្តែ មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​យុត្តិធម៌ និង​សេចក្ដី​ទៀង‌ត្រង់ ជាង​ការ​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត។ ទឹក​មុខ​ក្រអឺត‌ក្រទម និង​ចិត្ត​ព្រហើន បង្ហាញ​ឲ្យ​ឃើញ​នូវ​អំពើ​បាប​របស់​មនុស្ស​អាក្រក់។ អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​ដោយ​ពិចារណា​យ៉ាង​ហ្មត់‌ចត់ រមែង​ទទួល​ផល​បរិបូណ៌ រីឯ​អ្នក​ដែល​ធ្វើ​អ្វី​មួយ​ដោយ​តក់‌ក្រហល់ តែងតែ​ជួប​អត្ត‌ខាត់។ អ្នក​ដែល​រក​ទ្រព្យ​សម្បត្តិ​បាន​ដោយ​បោក​ប្រាស់​គេ ជា​មនុស្ស​បញ្ឆោត​ខ្លួន​ឯង ហើយ​រត់​ទៅ​រក​សេចក្ដី​ស្លាប់។ ចិត្ត​ឃោរ‌ឃៅ​របស់​មនុស្ស​អាក្រក់ នាំ​ឲ្យ​ខ្លួន​គេ​វិនាស ដ្បិត​គេ​មិន​ព្រម​ធ្វើ​អំពើ​យុត្តិធម៌​ទេ។ ជន​ឧក្រិដ្ឋ​ដើរ​តាម​ផ្លូវ​វៀច‌វេរ រីឯ​មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់។ ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។ មនុស្ស​ពាល​គិត​តែ​ពី​ធ្វើ​បាប​គេ សូម្បី​តែ​មិត្ត​សម្លាញ់​របស់​ខ្លួន​ក៏​វា​មិន​ត្រា​ប្រណី​ដែរ។ បើ​ដាក់​ទោស​មនុស្ស​ចំអក​ឡក‌ឡឺយ នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ល្ងង់​មាន​ប្រាជ្ញា។ បើ​ទូន្មាន​អ្នក​មាន​ប្រាជ្ញា​នោះ​គេ​នឹង​ទទួល​ចំណេះ។ ព្រះ​ដ៏​សុចរិត​តែងតែ​ឃ្លាំ​មើល​ក្រុម​គ្រួសារ​របស់​មនុស្ស​អាក្រក់ ហើយ​ធ្វើ​ឲ្យ​គេ​អន្តរាយ។ អ្នក​ណា​ធ្វើ​ជា​ថ្លង់ មិន​ឮ​សម្រែក​របស់​មនុស្ស​ទុគ៌ត លុះ​ពេល​មាន​អាសន្ន​ស្រែក​ហៅ​ឲ្យ​គេ​ជួយ នឹង​គ្មាន​នរណា​អើពើ​ឡើយ។ ជំនូន​ដែល​ជូន​ដោយ​សម្ងាត់ តែងតែ​រំងាប់​កំហឹង រីឯ​អំណោយ​ដែល​ជូន​ដោយ​លាក់​ការណ៍ ក៏​ធ្វើ​ឲ្យ​ស្ងប់​កំរោល​ដែរ។ ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​រមែង​ផ្ដល់​ឲ្យ​មនុស្ស​សុចរិត​មាន​អំណរ តែ​ធ្វើ​ឲ្យ​មនុស្ស​ទុច្ចរិត​ភ័យ​តក់‌ស្លុត។ អ្នក​ណា​លះ‌បង់​សុភ‌និច្ឆ័យ អ្នក​នោះ​នឹង​ទៅ​នៅ​ជា​មួយ​មនុស្ស​ស្លាប់។ អ្នក​ដែល​ភ្លើត‌ភ្លើន​នឹង​ការ​សប្បាយ​តែងតែ​ធ្លាក់​ខ្លួន​ក្រ រីឯ​អ្នក​ដែល​ចូល​ចិត្ត​ស៊ី​ផឹក​មិន​អាច​ទៅ​ជា​អ្នក​មាន​ឡើយ។ មនុស្ស​អាក្រក់​តែងតែ​រង​ទុក្ខ​ជំនួស​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​រង​ទុក្ខ​ជំនួស​មនុស្ស​ទៀង‌ត្រង់។ ស៊ូ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន ជា​ជាង​រស់​នៅ​ជា​មួយ​ប្រពន្ធ​ពូកែ​ឈ្លោះ ហើយ​ឆាប់​ខឹង។ ទ្រព្យ​សម្បត្តិ និង​វត្ថុ​ដ៏​មាន​តម្លៃ ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ប្រាជ្ញ រីឯ​មនុស្ស​ល្ងី‌ល្ងើ​វិញ​រមែង​បង្ហិន​ទាំង​អស់។ អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស​តែងតែ​មាន​អាយុ​វែង ជួប​ប្រទះ​នឹង​សេចក្ដី​សុចរិត ហើយ​ទទួល​កិត្តិយស។ មនុស្ស​មាន​ប្រាជ្ញា​អាច​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​របស់​អ្នក​ខ្លាំង​ពូកែ ហើយ​កម្ទេច​កំពែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ទាំង​នោះ​ផង។

ចែក​រំលែក
អាន សុភាសិត 21

សុភាសិត 21:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌ទ័យ​នៃ​ស្តេច នោះ​នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ដូច​ជា​ផ្លូវ​នៃ​ទឹក​ហូរ​ទាំង‌ឡាយ ទ្រង់​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា​ក៏​តាម​តែ​ព្រះ‌ហឫទ័យ។ គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ត្រឹម‌ត្រូវ​នៅ​ភ្នែក​ខ្លួន តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ថ្លឹង​ចិត្ត​វិញ។ ការ​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្តិ‌ធម៌ នោះ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ‌យេហូវ៉ា​ជា​ជាង​យញ្ញ‌បូជា​ទៅ​ទៀត។ ឫក​ខ្ពស់នឹង​ចិត្ត​អំនួត គឺ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នោះ​ហៅ​ថា​ជា​អំពើ​បាប​ទាំង​អស់។ គំនិត​របស់​មនុស្ស​ឧស្សាហ៍ នោះ​នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម្យ៉ាង តែ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រលះ‌រលាំង​នោះ​នឹង​បាន​តែ​សេចក្ដី​ខ្វះ​ខាត​វិញ។ ការ​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ‌សារ​អណ្តាត​ភូត‌ភរ នោះ​ជា​ចំហាយ​ទឹក​ទទេ ដែល​ផាត់​ទៅ​មក ដោយ​ពួក​អ្នក​ដែល​រក​ស្លាប់។ សេចក្ដី​ច្រឡោត​របស់​មនុស្ស​អាក្រក់​នឹង​បោស​ខ្លួន​គេ​ចេញ​ទៅ ដោយ​ព្រោះ​គេ​មិន​ព្រម​ប្រព្រឹត្ត​តាម​សេចក្ដី​យុត្តិ‌ធម៌​សោះ។ ផ្លូវ​របស់​មនុស្ស​ណា ដែល​ផ្ទុក​ដោយ​ទោស​ច្រើន​នោះ​ជា​ផ្លូវ​វៀច​ណាស់ តែ​ចំណែក​មនុស្ស​សុចរិត​វិញ ការ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​ទៀង​ត្រង់។ ស៊ូ​នៅ​ក្នុង​ទី​កៀន​១​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង​វិញ។ ព្រលឹង​នៃ​មនុស្ស​អាក្រក់​ប្រាថ្នា​តែ​ការ​អាក្រក់ ទោះ​ទាំង​អ្នក​ជិត​ខាង​ក៏​មិន​ប្រកប​ដោយ​គុណ​អ្នក​នោះ​ដែរ។ កាល​មនុស្ស​ចំអក​មើល‌ងាយ ត្រូវ​ទោស​ហើយ​នោះ​មនុស្ស​ខ្លៅ​ល្ងង់​ក៏​មាន​ប្រាជ្ញា​ឡើង ហើយ​កាល​ណា​មនុស្ស​មាន​ប្រាជ្ញា​បាន​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ក៏​មាន​ចំណេះ​ឡើង​ដែរ។ មនុស្ស​សុចរិត​រមែង​ពិចារណា​មើល​វង្ស​នៃ​មនុស្ស​អាក្រក់ ឃើញ​ថា គេ​ត្រូវ​រំលំ​ឲ្យ​វិនាស​បាត់​ទៅ។ អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​មនុស្ស​ទាល់​ក្រ អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវ‌នាវ​ដែរ តែ​មិន​មាន​អ្នក​ណា​ស្តាប់​ឡើយ។ អំណោយ​ដែល​ឲ្យ​ដោយ​ស្ងាត់​កំបាំង នោះ​រមែង​រំងាប់​សេចក្ដី​កំហឹង ហើយ​ជំនូន​ដែល​ជូន​ដោយ​លួច​លាក់​ក៏​បំបាត់​សេចក្ដី​ឃោរ‌ឃៅ​ដែរ។ ការ​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌ នោះ​ជា​សេចក្ដី​អំណរ​ដល់​មនុស្ស​សុចរិត តែ​នោះ​ជា​សេចក្ដី​វិនាស​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​ទុច្ចរិត​វិញ។ មនុស្ស​ណា​ដែល​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​ប្រាជ្ញា នោះ​នឹង​សំរាក​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ហើយ។ ឯ​អ្នក​ណា ដែល​ចូល​ចិត្ត​តែ​នឹង​ការ​លេង​សប្បាយ នោះ​នឹង​ត្រូវ​ជា​មនុស្ស​ទាល់​ក្រ​ទៅ អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា ហើយ​នឹង​ប្រេង នោះ​មិន​ដែល​ទៅ​ជា​អ្នក​មាន​ទេ។ មនុស្ស​អាក្រក់​គេ​សំរាប់​ជា​ថ្លៃ​លោះ​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​ក៏​ជំនួស​មនុស្ស​ទៀង​ត្រង់​ដែរ។ ស៊ូ​អាស្រ័យ​នៅ​ក្នុង​ទី​សូន្យ​ស្ងាត់ ជា​ជាង​នៅ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង ហើយ​អុច‌អាល​វិញ។ មាន​ទ្រព្យ​វិសេស នឹង​ប្រេង នៅ​ក្នុង​ទី​លំនៅ​របស់​មនុស្ស​មាន​ប្រាជ្ញា តែ​មនុស្ស​ល្ងី‌ល្ងើ​រមែង​លេប​បង្ហិន​ទាំង​អស់​ទៅ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត នឹង​សេចក្ដី​សប្បុរស នោះ​រមែង​បាន​ជីវិត សេចក្ដី​សុចរិត នឹង​កិត្តិសព្ទ។ ឯ​មនុស្ស​មាន​ប្រាជ្ញា គេ​ឡើង​ចូល​ក្នុង​ទី​ក្រុង​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​នឹង​នាំ​ឲ្យ​កំឡាំង​ដែល​គេ​ពឹង‌ពាក់​ធ្លាក់​ចុះ​វិញ។

ចែក​រំលែក
អាន សុភាសិត 21

សុភាសិត 21:1-22

សុភាសិត 21:1-22 គខបសុភាសិត 21:1-22 គខប