សុភាសិត 21
21
1ព្រះហឫទ័យរបស់ស្តេច
នៅក្នុងព្រះហស្តព្រះយេហូវ៉ា
ដូចជាផ្លូវទឹកហូរទាំងឡាយ
ព្រះអង្គឲ្យបែរហូរទៅខាងណា
ក៏តាមតែព្រះហឫទ័យ។
2គ្រប់ទាំងផ្លូវរបស់មនុស្ស
សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន
តែព្រះយេហូវ៉ាថ្លឹងចិត្ត។
3ការដែលប្រព្រឹត្តតាមសេចក្ដីសុចរិត
និងសេចក្ដីយុត្តិធម៌
នោះជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា
ជាជាងយញ្ញបូជាទៅទៀត។
4ឫកខ្ពស់ និងចិត្តអំនួត
គឺជាចង្កៀងជារបស់មនុស្សអាក្រក់
នោះហៅថាជាអំពើបាបទាំងអស់។
5គំនិតរបស់មនុស្សឧស្សាហ៍
នាំឲ្យបានបរិបូរឡើងតែម៉្យាង
តែអស់អ្នកណាដែលមានចិត្តរលះរលាំង
នោះនឹងបានតែសេចក្ដីខ្វះខាតវិញ។
6ការដែលប្រមូលទ្រព្យសម្បត្តិ
ដោយសារអណ្ដាតភូតភរ
នោះជាចំហាយទឹកដែលផាត់ទៅមក
និងជាអន្ទាក់នៃសេចក្ដីស្លាប់។
7សេចក្ដីច្រឡោតរបស់មនុស្សអាក្រក់
នឹងបោសខ្លួនគេចេញទៅ
ដោយព្រោះគេមិនព្រមប្រព្រឹត្ត
តាមសេចក្ដីយុត្តិធម៌សោះ។
8ផ្លូវរបស់មនុស្សណាដែលផ្ទុកដោយ
ទោសច្រើន នោះជាផ្លូវវៀចណាស់
តែចំណែកមនុស្សសុចរិតវិញ
ការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់។
9ស៊ូនៅក្នុងទីកៀនមួយនៅលើដំបូលផ្ទះ
ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយស្ត្រី
ដែលចេះតែរករឿងវិញ។
10ព្រលឹងរបស់មនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់
ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយ
គុណអ្នកនោះដែរ។
11កាលមនុស្សចំអកមើលងាយត្រូវទោសហើយ
នោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើង។
កាលណាមនុស្សមានប្រាជ្ញាបានទទួល
សេចក្ដីប្រៀនប្រដៅ
នោះគេកាន់តែមានចំណេះថែមទៀត។
12មនុស្សសុចរិតរមែងពិចារណាមើល
វង្សរបស់មនុស្សអាក្រក់
ឃើញថា គេត្រូវរំលំឲ្យវិនាសបាត់ទៅ។
13អ្នកណាដែលចុកត្រចៀកមិនស្តាប់
ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ
អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ
តែមិនមានអ្នកណាស្តាប់ឡើយ។
14អំណោយដែលឲ្យដោយស្ងាត់កំបាំង
នោះរមែងរម្ងាប់សេចក្ដីកំហឹង
ហើយជំនូនដែលជូនដោយលួចលាក់
ក៏បំបាត់សេចក្ដីឃោរឃៅដែរ។
15ការដែលប្រព្រឹត្តដោយយុត្តិធម៌
នោះជាអំណរដល់មនុស្សសុចរិត
តែនោះជាសេចក្ដីវិនាសដល់មនុស្ស
ដែលប្រព្រឹត្តទុច្ចរិតវិញ។
16មនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា
នោះនឹងសម្រាកនៅក្នុងចំណោម
មនុស្សស្លាប់ហើយ។
17ឯអ្នកណាដែលចូលចិត្តតែការលេងសប្បាយ
នោះនឹងត្រូវទៅជាមនុស្សទាល់ក្រ
អ្នកណាដែលចូលចិត្តតែស្រា និងប្រេង
នោះមិនដែលទៅជាអ្នកមានទេ។
18មនុស្សអាក្រក់គេសម្រាប់ជាថ្លៃ
លោះមនុស្សសុចរិត
ហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ។
19ស៊ូអាស្រ័យនៅក្នុងទីសូន្យស្ងាត់
ជាជាងនៅជាមួយស្ត្រីដែលចេះតែរករឿង
ហើយអុចអាលវិញ។
20មានទ្រព្យវិសេស និងប្រេង
នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា
តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់។
21អ្នកណាដែលដេញតាមសេចក្ដីសុចរិត
និងសេចក្ដីសប្បុរស
អ្នកនោះនឹងរកបានជីវិត សេចក្ដីសុចរិត
និងកិត្តិយស។
22ឯមនុស្សមានប្រាជ្ញា
គេឡើងចូលក្នុងទីក្រុងរបស់មនុស្សខ្លាំងពូកែ
នាំឲ្យកម្លាំងដែលគេពឹងពាក់ធ្លាក់ចុះវិញ។
23អ្នកណាដែលរក្សាមាត់ និងអណ្ដាតខ្លួន
ក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ។
24ឯមនុស្សអំនួត ហើយឆ្មើងឆ្មៃ
មានឈ្មោះជាអ្នកចំអក
គេតែងតែប្រព្រឹត្តដោយសេចក្ដីប្រមាថមើលងាយ
និងសេចក្ដីអំនួតទទេ។
25បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស
រមែងសម្លាប់ខ្លួន
ដ្បិតដៃគេមិនព្រមធ្វើការសោះ។
26មនុស្សអាក្រក់លោភលន់ចង់តែបានរហូត
តែមនុស្សសុចរិតវិញ តែងធ្វើទាន
ឥតសំចៃឡើយ។
27យញ្ញបូជាដែលមនុស្សអាក្រក់ថ្វាយ
ជាទីស្អប់ខ្ពើមទៅហើយ
ចំណង់បើកាលណាថ្វាយដោយមានគំនិតអាក្រក់
នោះគួរខ្ពើមជាជាងអម្បាលម៉ានទៅទៀត។
28សាក្សីក្លែងក្លាយនឹងត្រូវវិនាស
តែអ្នកណាដែលបានឮច្បាស់
នោះនឹងធ្វើទីបន្ទាល់ជាប់នៅជាដរាប។
29មនុស្សដែលប្រព្រឹត្តអាក្រក់ តែងធ្វើទឹកមុខរឹង
តែមនុស្សទៀងត្រង់វិញ
តែងពិចារណាមើល ផ្លូវរបស់ខ្លួន។
30គ្មានប្រាជ្ញាណា គ្មានយោបល់ណា
ឬការប្រឹក្សាណា
ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
31គេត្រៀមសេះទុកសម្រាប់ថ្ងៃសឹកសង្គ្រាម
តែការដែលមានជ័យជម្នះ
នោះស្រេចនៅព្រះយេហូវ៉ាទេ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 21: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies