សុភា‌សិត 20

20
1ស្រា​ទំពាំង‌បាយ‌ជូរ ជា​របស់​បញ្ឆោត​មើល​ងាយ
ហើយ​គ្រឿង​ស្រវឹង​បង្កើត​ការ​ឡូឡា
អ្នក​ណា​ដែល​វង្វេង​ដោយ​គ្រឿង​ទាំង​ពីរ​នោះ
ឈ្មោះ​ថា​គ្មាន​ប្រាជ្ញា។
2សេចក្ដី​ស្ញែង​ខ្លាច​របស់​ស្តេច
ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​របស់​សិង្ហ
អ្នក​ណា​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់​ឡើង
ឈ្មោះ​ថា​ធ្វើ​បាប​ដល់​ជីវិត​ខ្លួន​ហើយ។
3អ្នក​ណា​ដែល​មិន​ព្រម​បៀត​ខ្លួន
ក្នុង​ការ​ឈ្លោះ​ប្រកែក​គ្នា
នោះ​ជា​កិត្តិ‌សព្ទ​ដល់​ខ្លួន​ហើយ
ប៉ុន្តែ គ្រប់​ទាំង​មនុស្ស​ល្ងី‌ល្ងើ
គេ​ចេះ​តែ​រក​រឿង​វិញ។
4មនុស្ស​ខ្ជិល​ច្រអូស​មិន​ព្រម​ភ្ជួរ​រាស់
ដោយ​ព្រោះ​នៅ​រងា​នៅ​ឡើយ
ដូច្នេះ គេ​នឹង​ត្រូវ​សុំទាន​ក្នុង​រដូវ​ចម្រូត
ហើយ​ខ្វះ​ខាត​វិញ។
5ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស
ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ
តែ​មនុស្ស​ដែល​មាន​យោបល់
គេ​នឹង​ដង​ឡើង​បាន។
6មនុស្ស​ស្ទើរ​តែ​ទាំង​អស់
សុទ្ធ​តែ​ជា​អ្នក​ប្រកាស​គុណ​របស់​ខ្លួន
តើ​អ្នក​ណា​នឹង​រក​មនុស្ស​ទៀង​ត្រង់
សូម្បី​តែ​ម្នាក់​បាន?
7មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន
កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។
8កាល​ណា​ស្តេច​ឡើង​គង់​នៅ​ទី​វិនិច្ឆ័យ
ព្រះ‌អង្គ​កម្ចាត់​អស់​ទាំង​អំពើ​អាក្រក់
ដោយ‌សារ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។
9តើ​អ្នក​ណា​អាច​និយាយ​បាន​ថា
«ខ្ញុំ​បាន​ជម្រះ​ចិត្ត​ខ្ញុំ​ឲ្យ​ស្អាត
ខ្ញុំ​បាន​បរិសុទ្ធ​រួច​ពី​បាប​របស់​ខ្ញុំ​ហើយ?»
10កូន​ជញ្ជីង​ឆ​ផ្សេងៗ និង​រង្វាល់​កោង​ផ្សេងៗ
ទាំង​ពីរ​យ៉ាង​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។
11សូម្បី​តែ​កូន​ក្មេង​ក៏​សម្ដែង​ខ្លួន
ដោយ‌សារ​កិរិយា​ប្រព្រឹត្ត​របស់​វា​ដែរ
ឲ្យ​ដឹង​ជា​កិរិយា​នោះ​បរិសុទ្ធ
ហើយ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា។
12ការ​ស្តាប់​ឮ​ដោយ​ត្រចៀក
ហើយ​មើល​ឃើញ​ដោយ​ភ្នែក
គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​ទាំង​ពីរ​យ៉ាង។
13កុំ​ល្មោភ​ដេក ក្រែង​លោ​ត្រឡប់​ជា​ទាល់​ក្រ
ចូរ​បើក​ភ្នែក​ឡើង នោះ​នឹង​បាន​អាហារ​ឆ្អែត។
14អ្នក​ដែល​ទិញ​រមែង​ថា របស់​នេះ​អាក្រក់
អាក្រក់​ណាស់
តែ​កាល​ណា​ដើរ​ហួស​ទៅ នោះ​ក៏​អួត​ខ្លួន​វិញ។
15មាស និង​ត្បូង​ទទឹម​មាន​ជា​បរិបូរ
តែ​បបូរ​មាត់​ដែល​ប្រកប​ដោយ​ចំណេះ
នោះ​ជា​ត្បូង​មាន​តម្លៃ​យ៉ាង​ប្រសើរ​វិញ។
16ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក
ដែល​ធានា​ឲ្យ​អ្នក​ដទៃ
ហើយ​ទារ​របស់​បញ្ចាំ​ពី​អ្នក​សន្យា
ជំនួស​អ្នក​ក្រៅ​ចុះ។
17អាហារ​ដែល​មនុស្ស​ណា​បាន​ដោយ​ការ​កំភូត
រមែង​ឆ្ងាញ់​ដល់​ខ្លួន
តែ​ក្រោយ​មក មាត់​មាន​ពេញ​ទៅ​ដោយ​ក្រួស​វិញ។
18អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ
នោះ​បាន​សម្រេច​មែន​ទែន
ដោយ‌សារ​ការ​ប្រឹក្សា​គ្នា
ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា
នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។
19អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ
ជា​អ្នក​បើក​សម្ដែង​ការ​លាក់​កំបាំង​ហើយ
ដូច្នេះ កុំ​ភប់‌ប្រសព្វ​នឹង​អ្នក​ណា
ដែល​មាន​មាត់​ប៉ាច‌រហាច​ឡើយ។
20អ្នក​ណា​ដែល​ប្រទេច​ផ្ដាសា​ឪពុក​ម្តាយ
ចង្កៀង​របស់​អ្នក​នោះ​នឹង​ត្រូវ​ពន្លត់
នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង។
21ឯ​មត៌ក​ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់
នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។
22កុំ​ឲ្យ​ថា «យើង​នឹង​សង‌សឹក»
ចូរ​រង់​ចាំ​ព្រះ‌យេហូវ៉ា​ចុះ
ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​ឯង​វិញ។
23កូន​ជញ្ជីង​ឆ​ផ្សេងៗ
ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា
ហើយ​ការ​បំបាត់​ភ្នែក​ជញ្ជីង​ក៏​មិន​ល្អ​ដែរ។
24ផ្លូវ​ដើរ​របស់​មនុស្ស ស្រេច​លើ​ព្រះ‌យេហូវ៉ា
ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស
យល់​ផ្លូវ​របស់​ខ្លួន​បាន?
25ការ​ដែល​និយាយ​ឥត​បើ​គិត​ថា
«នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ​ហើយ»
រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ
ទើប​ស៊ើប​សួរ​ជា​ក្រោយ
នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។
26ស្តេច​ដែល​មាន​ប្រាជ្ញា
ទ្រង់​កម្ចាត់​មនុស្ស​អាក្រក់​ចេញ
ហើយ​ឲ្យ​កង់​បញ្ជាន់​ស្រូវ​កិន​លើ​គេ។
27វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះ‌យេហូវ៉ា
ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ។
28សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់
រមែង​ការ​ពារ​ស្តេច
ហើយ​បល្ល័ង្ក‌រាជ្យ​របស់​ស្ដេច​ស្ថិត​ស្ថេរ​នៅ
ដោយ‌សារ​សេចក្ដី​សប្បុ‌រស​ដែរ។
29កម្លាំង​កាយជា​សេចក្ដី​អំនួត​របស់​មនុស្ស​កំលោះ
ហើយ​សក់​ស្កូវ​ជា​គ្រឿង​លម្អ​ដល់​មនុស្ស​ចាស់។
30ការ​វាយ​ដោយ​រំពាត់​ឲ្យ​ត្រូវ​របួស
នោះ​នឹង​សម្អាត​អំពើ​អាក្រក់​ចេញ
ហើយ​ការ​វាយ​ដោយ​ដំបង
ក៏​នឹង​ចូល​ទៅ​ដល់​ខាង​ក្នុង​ខ្លួន​ដែរ។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 20: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល