ព្រះទ័យនៃស្តេច នោះនៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវនៃទឹកហូរទាំងឡាយ ទ្រង់ឲ្យបែរហូរទៅខាងណាក៏តាមតែព្រះហឫទ័យ។ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាទ្រង់ថ្លឹងចិត្តវិញ។ ការដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីយុត្តិធម៌ នោះជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ាជាជាងយញ្ញបូជាទៅទៀត។ ឫកខ្ពស់នឹងចិត្តអំនួត គឺចង្កៀងរបស់មនុស្សអាក្រក់នោះហៅថាជាអំពើបាបទាំងអស់។ គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើងតែម្យ៉ាង តែអស់អ្នកណាដែលមានចិត្តរលះរលាំងនោះនឹងបានតែសេចក្ដីខ្វះខាតវិញ។ ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្តាតភូតភរ នោះជាចំហាយទឹកទទេ ដែលផាត់ទៅមក ដោយពួកអ្នកដែលរកស្លាប់។ សេចក្ដីច្រឡោតរបស់មនុស្សអាក្រក់នឹងបោសខ្លួនគេចេញទៅ ដោយព្រោះគេមិនព្រមប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌សោះ។ ផ្លូវរបស់មនុស្សណា ដែលផ្ទុកដោយទោសច្រើននោះជាផ្លូវវៀចណាស់ តែចំណែកមនុស្សសុចរិតវិញ ការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់។ ស៊ូនៅក្នុងទីកៀន១នៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿងវិញ។ ព្រលឹងនៃមនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយគុណអ្នកនោះដែរ។ កាលមនុស្សចំអកមើលងាយ ត្រូវទោសហើយនោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើង ហើយកាលណាមនុស្សមានប្រាជ្ញាបានទទួលសេចក្ដីប្រៀនប្រដៅ នោះក៏មានចំណេះឡើងដែរ។ មនុស្សសុចរិតរមែងពិចារណាមើលវង្សនៃមនុស្សអាក្រក់ ឃើញថា គេត្រូវរំលំឲ្យវិនាសបាត់ទៅ។ អ្នកណាដែលចុកត្រចៀកមិនស្តាប់ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។ អំណោយដែលឲ្យដោយស្ងាត់កំបាំង នោះរមែងរំងាប់សេចក្ដីកំហឹង ហើយជំនូនដែលជូនដោយលួចលាក់ក៏បំបាត់សេចក្ដីឃោរឃៅដែរ។ ការដែលប្រព្រឹត្តដោយយុត្តិធម៌ នោះជាសេចក្ដីអំណរដល់មនុស្សសុចរិត តែនោះជាសេចក្ដីវិនាសដល់មនុស្សដែលប្រព្រឹត្តទុច្ចរិតវិញ។ មនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា នោះនឹងសំរាកនៅក្នុងចំណោមមនុស្សស្លាប់ហើយ។ ឯអ្នកណា ដែលចូលចិត្តតែនឹងការលេងសប្បាយ នោះនឹងត្រូវជាមនុស្សទាល់ក្រទៅ អ្នកណាដែលចូលចិត្តតែស្រា ហើយនឹងប្រេង នោះមិនដែលទៅជាអ្នកមានទេ។ មនុស្សអាក្រក់គេសំរាប់ជាថ្លៃលោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ។ ស៊ូអាស្រ័យនៅក្នុងទីសូន្យស្ងាត់ ជាជាងនៅជាមួយនឹងស្ត្រីដែលចេះតែរករឿង ហើយអុចអាលវិញ។ មានទ្រព្យវិសេស នឹងប្រេង នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់ទៅ។ អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីសប្បុរស នោះរមែងបានជីវិត សេចក្ដីសុចរិត នឹងកិត្តិសព្ទ។ ឯមនុស្សមានប្រាជ្ញា គេឡើងចូលក្នុងទីក្រុងរបស់មនុស្សខ្លាំងពូកែ ហើយនឹងនាំឲ្យកំឡាំងដែលគេពឹងពាក់ធ្លាក់ចុះវិញ។
អាន សុភាសិត 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 21:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ