សុភាសិត 21
21
1ព្រះទ័យនៃស្តេច នោះនៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវនៃទឹកហូរទាំងឡាយ ទ្រង់ឲ្យបែរហូរទៅខាងណាក៏តាមតែព្រះហឫទ័យ។
2គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាទ្រង់ថ្លឹងចិត្តវិញ។
3ការដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីយុត្តិធម៌ នោះជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ាជាជាងយញ្ញបូជាទៅទៀត។
4ឫកខ្ពស់នឹងចិត្តអំនួត គឺចង្កៀងរបស់មនុស្សអាក្រក់នោះហៅថាជាអំពើបាបទាំងអស់។
5គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើងតែម្យ៉ាង តែអស់អ្នកណាដែលមានចិត្តរលះរលាំងនោះនឹងបានតែសេចក្ដីខ្វះខាតវិញ។
6ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្តាតភូតភរ នោះជាចំហាយទឹកទទេ ដែលផាត់ទៅមក ដោយពួកអ្នកដែលរកស្លាប់។
7សេចក្ដីច្រឡោតរបស់មនុស្សអាក្រក់នឹងបោសខ្លួនគេចេញទៅ ដោយព្រោះគេមិនព្រមប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌សោះ។
8ផ្លូវរបស់មនុស្សណា ដែលផ្ទុកដោយទោសច្រើននោះជាផ្លូវវៀចណាស់ តែចំណែកមនុស្សសុចរិតវិញ ការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់។
9ស៊ូនៅក្នុងទីកៀន១នៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿងវិញ។
10ព្រលឹងនៃមនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយគុណអ្នកនោះដែរ។
11កាលមនុស្សចំអកមើលងាយ ត្រូវទោសហើយនោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើង ហើយកាលណាមនុស្សមានប្រាជ្ញាបានទទួលសេចក្ដីប្រៀនប្រដៅ នោះក៏មានចំណេះឡើងដែរ។
12មនុស្សសុចរិតរមែងពិចារណាមើលវង្សនៃមនុស្សអាក្រក់ ឃើញថា គេត្រូវរំលំឲ្យវិនាសបាត់ទៅ។
13អ្នកណាដែលចុកត្រចៀកមិនស្តាប់ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។
14អំណោយដែលឲ្យដោយស្ងាត់កំបាំង នោះរមែងរំងាប់សេចក្ដីកំហឹង ហើយជំនូនដែលជូនដោយលួចលាក់ក៏បំបាត់សេចក្ដីឃោរឃៅដែរ។
15ការដែលប្រព្រឹត្តដោយយុត្តិធម៌ នោះជាសេចក្ដីអំណរដល់មនុស្សសុចរិត តែនោះជាសេចក្ដីវិនាសដល់មនុស្សដែលប្រព្រឹត្តទុច្ចរិតវិញ។
16មនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា នោះនឹងសំរាកនៅក្នុងចំណោមមនុស្សស្លាប់ហើយ។
17ឯអ្នកណា ដែលចូលចិត្តតែនឹងការលេងសប្បាយ នោះនឹងត្រូវជាមនុស្សទាល់ក្រទៅ អ្នកណាដែលចូលចិត្តតែស្រា ហើយនឹងប្រេង នោះមិនដែលទៅជាអ្នកមានទេ។
18មនុស្សអាក្រក់គេសំរាប់ជាថ្លៃលោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ។
19ស៊ូអាស្រ័យនៅក្នុងទីសូន្យស្ងាត់ ជាជាងនៅជាមួយនឹងស្ត្រីដែលចេះតែរករឿង ហើយអុចអាលវិញ។
20មានទ្រព្យវិសេស នឹងប្រេង នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់ទៅ។
21អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីសប្បុរស នោះរមែងបានជីវិត សេចក្ដីសុចរិត នឹងកិត្តិសព្ទ។
22ឯមនុស្សមានប្រាជ្ញា គេឡើងចូលក្នុងទីក្រុងរបស់មនុស្សខ្លាំងពូកែ ហើយនឹងនាំឲ្យកំឡាំងដែលគេពឹងពាក់ធ្លាក់ចុះវិញ។
23អ្នកណាដែលរក្សាមាត់នឹងអណ្តាតខ្លួន នោះក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ។
24ឯមនុស្សអំនួត ហើយឆ្មើងឆ្មៃ មានឈ្មោះជាអ្នកចំអក គេតែងតែប្រព្រឹត្តដោយសេចក្ដីប្រមាថមើលងាយ នឹងសេចក្ដីអំនួតទទេ។
25បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស នោះរមែងសំឡាប់ខ្លួនវិញ ដ្បិតដៃគេមិនព្រមធ្វើការសោះ។
26មានគេដែលលោភលន់រាល់តែថ្ងៃជានិច្ច តែឯមនុស្សសុចរិតគេចែកចាយវិញ ឥតសំចៃទុកអ្វីឡើយ។
27យញ្ញបូជាដែលមនុស្សអាក្រក់ថ្វាយ ជាទីស្អប់ខ្ពើមទៅហើយ ចំណង់បើកាលណាថ្វាយដោយមានគំនិតអាក្រក់ នោះនឹងគួរខ្ពើមជាជាងអំបាលម៉ានទៅទៀត។
28សាក្សីក្លែងក្លាយនឹងត្រូវវិនាស តែអ្នកណាដែលបានឮច្បាស់ នោះនឹងធ្វើទីបន្ទាល់ជាប់នៅជាដរាប។
29មនុស្សដែលប្រព្រឹត្តអាក្រក់ គេធ្វើទឹកមុខរឹង តែមនុស្សទៀងត្រង់វិញ គេខំប្រឹងកែឲ្យផ្លូវខ្លួនបានត្រឹមត្រូវ។
30គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
31គេត្រៀមសេះទុកសំរាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជំនះ នោះស្រេចនៅព្រះយេហូវ៉ាទេ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 21: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.