ភីលីព 2:1-16

ភីលីព 2:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ប្រសិន‌បើ​មាន​ការ​លើក​ទឹក​ចិត្ត​ណា​មួយ​ក្នុង​ព្រះ‌គ្រីស្ទ ការ​កម្សាន្ត​ចិត្ត​ណា​មួយ​ពី​សេចក្ដី​ស្រឡាញ់ សេចក្ដី​ប្រកប​ណា​មួយ​ខាង​ព្រះ‌វិញ្ញាណ ការ​ថ្នាក់‌ថ្នម និង​សេចក្ដី​អាណិត​អាសូរ​ណា​មួយ នោះ​ចូរ​បំពេញ​អំណរ​របស់​ខ្ញុំ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ ទាំង​រួម​ចិត្ត​គ្នា ហើយ​មាន​គំនិត​តែ​មួយ​ចុះ។ កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ប្រកួត​ប្រជែង ឬ​ដោយ​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​ថា​គេ​ប្រសើរ​ជាង​ខ្លួន​វិញ។ កុំ​ឲ្យ​ម្នាក់ៗ​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​ផង។ ត្រូវ​តែ​មាន​គំនិត​ដូច​ជា​ព្រះ‌គ្រីស្ទ‌យេស៊ូវ​វិញ ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ តែ​មិន​បាន​រាប់​ឋានៈ​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បាន​លះ‌បង់​អង្គ​ទ្រង់ មក​យក​សភាព ជា​អ្នក​បម្រើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​សភាព​ជា​មនុស្ស​ផង។ ដោយ​ឃើញ​ព្រះ‌អង្គ​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ព្រះ‌អង្គ​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង។ ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម ដើម្បី​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេ‌ស៊ូវ នោះ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី និង​នៅ​ក្រោម​ដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្ដាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ សម្រាប់​ជា​សិរី‌ល្អ​ដល់​ព្រះ​ជា​ព្រះ‌វរ‌បិតា។ ហេតុ​នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​បង្ហើយ​ការ​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​រហូត​មក​ដែរ សូម្បី​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ ឥឡូវ​នេះ ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ និង​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដែរ។ ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រ‌កែក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន នៅ​ក្នុង​តំណ​មនុស្ស​វៀច និង​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​បំភ្លឺ​ពិភព​លោក។ ទាំង​ហុច​ព្រះ‌បន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​មាន​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ឥត​ប្រយោជន៍​ឡើយ។

ចែក​រំលែក
អាន ភីលីព 2

ភីលីព 2:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ប្រសិន​បើ​បងប្អូន​ពិត​ជា​បាន​ទទួល​ការ​ដាស់​តឿន ​អ្វី​មួយ ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ប្រសិន​បើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​លើក​ទឹក​ចិត្ត​បងប្អូន ប្រសិន​បើ​ព្រះ‌វិញ្ញាណ​ពិត​ជា​ប្រទាន​ឲ្យ​បងប្អូន​រួម​រស់​ជា​មួយ​គ្នា ឬ​ប្រសិន​បើ​បងប្អូន​ពិត​ជា​មាន​ចិត្ត​អាណិត​អាសូរ និង​ចិត្ត​មេត្តា‌ករុណា សូម​បំពេញ​អំណរ​របស់​ខ្ញុំ ដោយ​បងប្អូន​មាន​ចិត្ត​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ មាន​ចិត្ត​ថ្លើម​តែ​មួយ និង​មាន​ឆន្ទៈ​តែ​មួយ។ កុំ​ធ្វើ​អ្វី​ដោយ​ចង់​ប្រកួត​ប្រជែង​គ្នា ឬ​ដោយ​អួត​បំប៉ោង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​អ្នក​ឯ​ទៀតៗ​ថា ប្រសើរ​ជាង​ខ្លួន។ ក្នុង​ចំណោម​បងប្អូន ម្នាក់ៗ​កុំ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​វិញ ។ ព្រះគ្រិស្ត‌យេស៊ូ​មាន​ចិត្ត​គំនិត​យ៉ាង​ណា បងប្អូន​ត្រូវ​មាន​ចិត្ត​គំនិត​យ៉ាង​នោះ​ដែរ។ ទោះ‌បី​ព្រះអង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់​ក៏​ដោយ ក៏​ព្រះអង្គ​ពុំ​បាន​ក្ដោប‌ក្តាប់ ឋានៈ​ដែល​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​នេះ ទុក​ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​ព្រះអង្គ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ មក​យក​ឋានៈ​ជា​ទាសករ ព្រះអង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជា មនុស្ស​សាមញ្ញ​ដែរ។ ព្រះអង្គ​បាន​ដាក់​ខ្លួន ធ្វើ​តាម​ព្រះ‌បញ្ជា រហូត​ដល់​សោយ​ទិវង្គត គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង ថែម​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ លើក​តម្កើង​ព្រះអង្គ​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ព្រះអង្គ មាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែនដី ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅ​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូ និង ឲ្យ​មនុស្ស​គ្រប់​ភាសា ប្រកាស​ឡើង​ថា ព្រះ‌យេស៊ូ​គ្រិស្ត​ជា​ព្រះ‌អម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា។ ហេតុ​នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ដូច​បងប្អូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក​ហើយ​នោះ ចូរ​ស្ដាប់​បង្គាប់​ត​ទៅ​មុខ​ទៀត​ទៅ គឺ​មិន​ត្រឹម​តែ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ ជា​ពិសេស ពេល​ខ្ញុំ​នៅ​ឆ្ងាយ សូម​បងប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់‌ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បងប្អូន​បាន​ទទួល ដ្បិត​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​ធ្វើ​ឲ្យ​បងប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថ‌ភាព​អាច​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌បំណង​ដ៏​សប្បុរស​របស់​ព្រះអង្គ។ ចូរ​ធ្វើ​កិច្ចការ​ទាំង​អស់ ដោយ​ឥត​រអ៊ូ‌រទាំ ឬ​ជជែក​តវ៉ា​ឡើយ ដើម្បី​ឲ្យ​បងប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់ ដែល​ឥត​មាន​កំហុស ក្នុង​ចំណោម​មនុស្ស​វៀច‌វេរ និង​ខិល‌ខូច​នៅ​ជំនាន់​នេះ។ បងប្អូន​ភ្លឺ​ក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺ​ពិភព‌លោក ទាំង​នាំ​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត​មក​ឲ្យ​ពួក​គេ។ បើ​បងប្អូន​ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​នៅ​ថ្ងៃ​ព្រះ‌គ្រិស្ត​យាង​មក ព្រោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ ទាំង​នឿយ‌ហត់​នោះ មិន​មែន​អសារ​ឥត​ការ​ទេ។

ចែក​រំលែក
អាន ភីលីព 2

ភីលីព 2:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ បើ​សិន​ជា​មាន​សេចក្ដី​ដាស់‌តឿន​ណា​ក្នុង​ព្រះ‌គ្រីស្ទ ឬ​សេចក្ដី​កំសាន្ត​ណា​របស់​ផង​សេចក្ដី​ស្រឡាញ់ ឬ​សេចក្ដី​ប្រកប​ណា​ផង​ព្រះ‌វិញ្ញាណ ឬ​សេចក្ដី​ថ្និត‌ថ្នម នឹង​សេចក្ដី​អាណិត‌អាសូរ​ណា នោះ​ចូរ​បំពេញ​សេចក្ដី​អំណរ​របស់​ខ្ញុំ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត មាន​សេចក្ដី​ស្រឡាញ់​តែ​១ ទាំង​រួប‌រួម​ចិត្ត​គ្នា ហើយ​គិត​តែ​ផ្លូវ​១​ដូច​គ្នា​ចុះ កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់‌ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្ដី​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះ‌បង់​ព្រះ‌អង្គ​ទ្រង់ មក​យក​រូប‌ភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ‌អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង ដើម្បី​កាល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​ព្រះ‌អម្ចាស់ សំរាប់​ជា​សិរី‌ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា។ បាន​ជា ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត‌ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​ជា​ដរាប​រៀង​មក​ដែរ មិន​មែន​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ សូម្បី​ឥឡូវ​នេះ​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រកែក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច ហើយ​ខិល‌ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក ទាំង​ហុច​ព្រះ‌បន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​បាន​សេចក្ដី​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ឡើយ

ចែក​រំលែក
អាន ភីលីព 2