ភីលីព 2:1-16

ភីលីព 2:1-16 គកស១៦

ដូច្នេះ ប្រសិន‌បើ​មាន​ការ​លើក​ទឹក​ចិត្ត​ណា​មួយ​ក្នុង​ព្រះ‌គ្រីស្ទ ការ​កម្សាន្ត​ចិត្ត​ណា​មួយ​ពី​សេចក្ដី​ស្រឡាញ់ សេចក្ដី​ប្រកប​ណា​មួយ​ខាង​ព្រះ‌វិញ្ញាណ ការ​ថ្នាក់‌ថ្នម និង​សេចក្ដី​អាណិត​អាសូរ​ណា​មួយ នោះ​ចូរ​បំពេញ​អំណរ​របស់​ខ្ញុំ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ ទាំង​រួម​ចិត្ត​គ្នា ហើយ​មាន​គំនិត​តែ​មួយ​ចុះ។ កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ប្រកួត​ប្រជែង ឬ​ដោយ​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​ថា​គេ​ប្រសើរ​ជាង​ខ្លួន​វិញ។ កុំ​ឲ្យ​ម្នាក់ៗ​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​ផង។ ត្រូវ​តែ​មាន​គំនិត​ដូច​ជា​ព្រះ‌គ្រីស្ទ‌យេស៊ូវ​វិញ ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ តែ​មិន​បាន​រាប់​ឋានៈ​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បាន​លះ‌បង់​អង្គ​ទ្រង់ មក​យក​សភាព ជា​អ្នក​បម្រើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​សភាព​ជា​មនុស្ស​ផង។ ដោយ​ឃើញ​ព្រះ‌អង្គ​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ព្រះ‌អង្គ​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង។ ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម ដើម្បី​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេ‌ស៊ូវ នោះ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី និង​នៅ​ក្រោម​ដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្ដាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ សម្រាប់​ជា​សិរី‌ល្អ​ដល់​ព្រះ​ជា​ព្រះ‌វរ‌បិតា។ ហេតុ​នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​បង្ហើយ​ការ​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​រហូត​មក​ដែរ សូម្បី​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ ឥឡូវ​នេះ ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ និង​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដែរ។ ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រ‌កែក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន នៅ​ក្នុង​តំណ​មនុស្ស​វៀច និង​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​បំភ្លឺ​ពិភព​លោក។ ទាំង​ហុច​ព្រះ‌បន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​មាន​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ឥត​ប្រយោជន៍​ឡើយ។

អាន ភីលីព 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ភីលីព 2:1-16