ភីលីព 2

2
ត្រាប់​តាម​ការ​បន្ទាប​ខ្លួន​របស់​ព្រះ‌គ្រីស្ទ
1ដូច្នេះ ប្រសិន‌បើ​មាន​ការ​លើក​ទឹក​ចិត្ត​ណា​មួយ​ក្នុង​ព្រះ‌គ្រីស្ទ ការ​កម្សាន្ត​ចិត្ត​ណា​មួយ​ពី​សេចក្ដី​ស្រឡាញ់ សេចក្ដី​ប្រកប​ណា​មួយ​ខាង​ព្រះ‌វិញ្ញាណ ការ​ថ្នាក់‌ថ្នម និង​សេចក្ដី​អាណិត​អាសូរ​ណា​មួយ 2នោះ​ចូរ​បំពេញ​អំណរ​របស់​ខ្ញុំ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ ទាំង​រួម​ចិត្ត​គ្នា ហើយ​មាន​គំនិត​តែ​មួយ​ចុះ។ 3កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ប្រកួត​ប្រជែង ឬ​ដោយ​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​ថា​គេ​ប្រសើរ​ជាង​ខ្លួន​វិញ។ 4កុំ​ឲ្យ​ម្នាក់ៗ​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​ផង។ 5ត្រូវ​តែ​មាន​គំនិត​ដូច​ជា​ព្រះ‌គ្រីស្ទ‌យេស៊ូវ​វិញ 6ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ តែ​មិន​បាន​រាប់​ឋានៈ​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ 7ប៉ុន្តែ ព្រះ‌អង្គ​បាន​លះ‌បង់​អង្គ​ទ្រង់ មក​យក​សភាព ជា​អ្នក​បម្រើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​សភាព​ជា​មនុស្ស​ផង។ 8ដោយ​ឃើញ​ព្រះ‌អង្គ​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ព្រះ‌អង្គ​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង។ 9ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម 10ដើម្បី​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេ‌ស៊ូវ នោះ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី និង​នៅ​ក្រោម​ដី​ត្រូវ​លុត​ចុះ 11ហើយ​ឲ្យ​គ្រប់​ទាំង​អណ្ដាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ សម្រាប់​ជា​សិរី‌ល្អ​ដល់​ព្រះ​ជា​ព្រះ‌វរ‌បិតា។
គ្រីស្ទ‌បរិស័ទ​ជា​ពន្លឺ​ដល់​ពិភព​លោក
12ហេតុ​នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​បង្ហើយ​ការ​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​រហូត​មក​ដែរ សូម្បី​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ ឥឡូវ​នេះ ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង 13ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ និង​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដែរ។
14ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រ‌កែក 15ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន នៅ​ក្នុង​តំណ​មនុស្ស​វៀច និង​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​បំភ្លឺ​ពិភព​លោក។ 16ទាំង​ហុច​ព្រះ‌បន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​មាន​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ឥត​ប្រយោជន៍​ឡើយ។ 17ប៉ុន្តែ ខ្ញុំ​ក៏​អរ ហើយ​មាន​អំណរ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​ដែរ ប្រសិន‌បើ​ខ្ញុំ​ត្រូវ​ច្រួច​លើ​យញ្ញ‌បូជា និង​ថ្វាយ​ជា​តង្វាយ​នៃ​ជំនឿ​របស់​អ្នក​រាល់​គ្នា។ 18ចូរ​អ្នក​រាល់​គ្នា​មាន​អំណរ​យ៉ាង​នោះ ហើយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង។
លោក​ធីម៉ូថេ និង​លោក​អេប៉ោ‌ប្រូឌីត
19ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា បន្តិច​ទៀត​ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ចិត្ត ដោយ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា។ 20ដ្បិត​គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​ខ្វល់​ខ្វាយ​ពី​សុខ‌ទុក្ខ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះ​ត្រង់​នោះ​ទេ។ 21មនុស្ស​ទាំង​អស់ គេ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រក​ប្រយោជន៍​សម្រាប់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ឡើយ។ 22តែ​អ្នក​រាល់​គ្នា​ស្គាល់​កិរិយា​របស់​គាត់​ហើយ​ថា គាត់​បាន​បម្រើ​ជា​មួយ​ខ្ញុំ​ក្នុង​ដំណឹង​ល្អ ដូច​ជា​កូន​បម្រើ​ឪពុក។ 23ដូច្នេះ កាល​ណា​ខ្ញុំ​បាន​ឃើញ​ថា រឿង​ខ្ញុំ​នឹង​សម្រេច​ជា​យ៉ាង​ណា​នោះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​មក​ភ្លាម 24ហើយ​ខ្ញុំ​ជឿ​ប្រាកដ​ក្នុង​ព្រះ‌អម្ចាស់​ថា បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​មក​ដែរ។
25ខ្ញុំ​យល់​ថា ត្រូវ​ចាត់​អេប៉ា‌ប្រូឌីត​មក​រក​អ្នក​រាល់​គ្នា​ដែរ ព្រោះ​គាត់​ជា​បង‌ប្អូន ជា​គូ​កន​ធ្វើ​ការ និង​ធ្វើ​ទាហាន​ជា​មួយ​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​គាត់​ឲ្យ​ទៅ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ។ 26គាត់​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ព្រួយ​ណាស់ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឮ​ថា​គាត់​ឈឺ។ 27គាត់​បាន​ឈឺ​មែន ស្ទើរ​តែ​នឹង​ស្លាប់​ផង តែ​ព្រះ​អាណិត​មេត្តា​ដល់​គាត់ មិន​មែន​ដល់​គាត់​តែ​ម្នាក់​ទេ តែ​ដល់​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ខ្ជាន់ៗ​ឡើយ។ 28ដូច្នេះ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ជា​ប្រញាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ ដោយ​ឃើញ​គាត់​ម្តង​ទៀត ហើយ​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ដែរ។ 29ចូរ​ទទួល​គាត់​ក្នុង​ព្រះ‌អម្ចាស់ ដោយ​អំណរ​គ្រប់​ជំពូក ហើយ​រាប់​អាន​មនុស្ស​យ៉ាង​នេះ​ចុះ 30ដ្បិត​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​សារ​តែ​ការងារ​របស់​ព្រះ‌គ្រីស្ទ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​អ្នក​រាល់​គ្នា​ដែល​មិន​អាច​មក​ជួយ​បាន។

ទើបបានជ្រើសរើសហើយ៖

ភីលីព 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល