ភីលីព 1

1
សេចក្ដី​ផ្ដើម
1ប៉ុល និង​ធីម៉ូថេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សូម​ជម្រាប​មក​ពួក​បរិសុទ្ធ​ទាំង​អស់ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​ជា​អភិបាល និង​ជា​អ្នក​ជំនួយ។ 2សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ ជា​ព្រះ‌វរ‌បិតា​នៃ​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។
លោក​ប៉ុល​អធិស្ឋាន​ឲ្យ​អ្នក​ក្រុង​ភីលីព
3ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​រាល់​ពេល​ដែល​ខ្ញុំ​នឹក​គិត​ពី​អ្នក​រាល់​គ្នា 4គ្រប់​ពេល​ដែល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​ទូល​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​អំណរ​ជា‌និច្ច 5ដោយ​ព្រោះ​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ក្នុង​ដំណឹង​ល្អ ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង រហូត​ដល់​ឥឡូវ​នេះ។ 6ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​ល្អ​នោះ​កាន់​តែ​ពេញ​ខ្នាត​ឡើង រហូត​ដល់​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ 7ការ​ដែល​ខ្ញុំ​គិត​ពី​អ្នក​រាល់​គ្នា​បែប​នេះ ត្រឹម‌ត្រូវ​ហើយ ព្រោះ​អ្នក​រាល់​គ្នា​នឹក​ពី​ខ្ញុំ​នៅ​ជាប់​ក្នុង​ចិត្ត​ជា‌និច្ច ទោះ​បើ​ខ្ញុំ​ជាប់​ចំណង ឬ​កំពុង​តែ​ឆ្លើយ​ការ​ពារ ហើយ​បញ្ជាក់​ដំណឹង​ល្អ​ក្តី ដ្បិត​អ្នក​រាល់​គ្នា​មាន​ចំណែក​ក្នុង​ព្រះ‌គុណ​ជា​មួយ​ខ្ញុំ​ដែរ។ 8ព្រះ​ជា​ស្ម‌បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដោយ​ព្រះ‌ហឫ‌ទ័យ​សន្តោស​របស់​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ 9ខ្ញុំ​ក៏​អធិស្ឋាន​សូម​ការ​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង មាន​ចំណេះ​ដឹង និង​យល់​គ្រប់​សព្វ​ទាំង​អស់ 10ដើម្បី​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ពិចារណា​មើល​ពី​អ្វី​ដែល​ប្រសើរ​បំផុត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ ឥត​កន្លែង​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះ‌គ្រីស្ទ 11ក៏​មាន​ពេញ​ដោយ​ផល​នៃ​សេចក្តី​សុចរិត មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​ជា​សិរី‌ល្អ និង​ជា​ការ​សរសើរ​ដល់​ព្រះ។
ស្ថានភាព​របស់​លោក​ប៉ុល
12បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ ពិត​ជា​បាន​ជួយ​ឲ្យ​ដំណឹង​ល្អ​ចម្រើន​ឡើង​ទៅ​វិញ​ទេ 13ដើម្បី​ឲ្យ​កង​រក្សា​សន្តិសុខ​ពេញ​ផ្ទៃ​វាំង​ទាំង​មូល និង​ឲ្យ​មនុស្ស​គ្រប់​គ្នា​ផ្សេង​ទៀត​ដឹង​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ 14ហើយ​បង‌ប្អូន​ភាគ​ច្រើន ដែល​មាន​ការ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់​ដោយ‌សារ​ចំណង​របស់​ខ្ញុំ គេ​ហ៊ាន​ផ្សាយ​ព្រះ‌បន្ទូល​កាន់​តែ​ខ្លាំង​ឡើង ដោយ​ឥត​ភ័យ​ខ្លាច។
15មាន​អ្នក​ខ្លះ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រ‌កែក តែ​អ្នក​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​បំណង​ល្អ។ 16អ្នក​ទាំង​នេះ ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​ដោយ​ចិត្ត​ស្រឡាញ់ ដោយ​ដឹង​ថា​ខ្ញុំ​បាន​ជាប់​នៅ​ទី​នេះ សម្រាប់​នឹង​ឆ្លើយ​ការ​ពារ​ដំណឹង​ល្អ។ 17អ្នក​ខ្លះ​ទៀត ប្រកាស​អំពី​ព្រះគ្រីស្ទ​ដោយ​ការ​ប្រកួត​ប្រជែង មិន​មែន​ដោយ​ចិត្ត​ស្មោះ​ទេ គឺ​ដើម្បី​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​របស់​ខ្ញុំ។ 18តើ​ដូច​ម្តេច​ទៅ​វិញ? គឺ​យ៉ាង​នេះ​ថា គេ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​តាម​គ្រប់​វិធី​ទាំង​អស់ ទោះ​ដោយ​ធ្វើ​ពុត ឬ​ពិត​ប្រាកដ​ក្តី ក៏​ខ្ញុំ​មាន​អំណរ​ដែរ។ មែន ហើយ​ខ្ញុំ​នឹង​មាន​អំណរ​តទៅ​មុខ​ទៀត 19ដ្បិត​ខ្ញុំ​ដឹង​ថា តាម​រយៈ​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា និង​ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​ជួយ​ផង ការ​នេះ​នឹង​ត្រឡប់​ជា​ការ​សង្គ្រោះ​ដល់​ខ្ញុំ​វិញ។ 20អ្វី​ដែល​ខ្ញុំ​ទន្ទឹង​រង់​ចាំ និង​សង្ឃឹម​អស់​ពី​ចិត្ត​នោះ ខ្ញុំ​នឹង​មិន​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​តម្កើង​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ក្លា‌ហាន​គ្រប់​ជំពូក ក្នុង​រូប‌កាយ​ខ្ញុំ ក្នុង​ពេល​ឥឡូវ​នេះ ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ទោះ​រស់​ឬ​ស្លាប់​ក្តី។ 21ដ្បិត​សម្រាប់​ខ្ញុំ ដែល​រស់​គឺ​សម្រាប់​ព្រះ‌គ្រីស្ទ ហើយ​ដែល​ស្លាប់​ទៅ​ក៏​ចំណេញ​ដែរ។ 22ប្រសិន‌បើ​ខ្ញុំ​រស់​ខាង​សាច់​ឈាម មាន​ន័យ​ថា​ប្រមូល​ផល​សម្រាប់​ខ្លួន​ខ្ញុំ នោះ​ខ្ញុំ​មិន​ដឹង​ជា​រើស​យក​ខាង​ណា​ទេ។ 23ខ្ញុំ​មាន​ការ​រារែក​ទាំង​សង​ខាង ម្យ៉ាង​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​ព្រះ‌គ្រីស្ទ ដែល​ប្រសើរ​ជាង​ឆ្ងាយ​ណាស់។ 24ប៉ុន្តែ ដែល​រស់​នៅ​ក្នុង​សាច់​ឈាម​តទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង។ 25ខ្ញុំ​ជឿ​ជាក់​ដូច្នេះ គឺ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​រស់​នៅ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​តទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង ហើយ​ឲ្យ​មាន​អំណរ​ដោយ‌សារ​ជំនឿ 26ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ហេតុ​នឹង​អួត​ពី​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​សារ​ខ្ញុំ​មក​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​វិញ។
27ចូរ​អ្នក​រាល់​គ្នា​គ្រាន់​តែ​រស់​នៅ​ឲ្យ​ស័ក្ត‌សម​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ទោះ​បី​ជា​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា ឬ​នៅ​ឆ្ងាយ ហើយ​បាន​ឮ​អំពី​អ្នក​រាល់​គ្នា​ក្តី នោះ​ខ្ញុំ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ទាំង​តតាំង​ជា​មួយ​គ្នា​ដើម្បី​ជំនឿ​លើ​ដំណឹង​ល្អ 28ហើយ​មិន​ញញើត​ពួក​អ្នក​ប្រឆាំង ក្នុង​ប្រការ​ណា​ឡើយ។ នេះ​ជា​ភស្តុតាង​ដែល​ពួក​គេ​ត្រូវ​វិនាស ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​បាន​សង្រ្គោះ​វិញ ហើយ​ការ​នេះ​មក​ពី​ព្រះ។ 29ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឱកាស ដែល​មិន​គ្រាន់​តែ​ឲ្យ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ គឺ​ឲ្យ​រង​ទុក្ខ​ដោយ​ព្រោះ​ព្រះ‌អង្គ​ដែរ 30ទាំង​មាន​ការ​តយុទ្ធ​តែ​មួយ ដូច​ដែល​បាន​ឃើញ​ខ្ញុំ​មាន ហើយ​ឥឡូវ​នេះ​ឮ​ថា​ខ្ញុំ​នៅ​តែ​មាន​ទៀត។

ទើបបានជ្រើសរើសហើយ៖

ភីលីព 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ