ភីលីព 2:1-16

ភីលីព 2:1-16 ពគប

ដូច្នេះ បើ​សិន​ជា​មាន​សេចក្ដី​ដាស់‌តឿន​ណា​ក្នុង​ព្រះ‌គ្រីស្ទ ឬ​សេចក្ដី​កំសាន្ត​ណា​របស់​ផង​សេចក្ដី​ស្រឡាញ់ ឬ​សេចក្ដី​ប្រកប​ណា​ផង​ព្រះ‌វិញ្ញាណ ឬ​សេចក្ដី​ថ្និត‌ថ្នម នឹង​សេចក្ដី​អាណិត‌អាសូរ​ណា នោះ​ចូរ​បំពេញ​សេចក្ដី​អំណរ​របស់​ខ្ញុំ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត មាន​សេចក្ដី​ស្រឡាញ់​តែ​១ ទាំង​រួប‌រួម​ចិត្ត​គ្នា ហើយ​គិត​តែ​ផ្លូវ​១​ដូច​គ្នា​ចុះ កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់‌ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្ដី​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះ‌បង់​ព្រះ‌អង្គ​ទ្រង់ មក​យក​រូប‌ភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ‌អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង ដើម្បី​កាល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​ព្រះ‌អម្ចាស់ សំរាប់​ជា​សិរី‌ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា។ បាន​ជា ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត‌ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​ជា​ដរាប​រៀង​មក​ដែរ មិន​មែន​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ សូម្បី​ឥឡូវ​នេះ​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រកែក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច ហើយ​ខិល‌ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក ទាំង​ហុច​ព្រះ‌បន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​បាន​សេចក្ដី​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ឡើយ

អាន ភីលីព 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ភីលីព 2:1-16