ជនគណនា 27:12-23

ជនគណនា 27:12-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបារីម​នេះ ហើយ​មើល​ទៅ​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល។ ពេល​អ្នក​បាន​ឃើញ​ស្រុក​នេះ​ហើយ នោះ​អ្នក​នឹង​បាន​ជួប​ជុំ​ជាមួយ​ដូនតា​របស់​អ្នក ដូច​អើរ៉ុន​ជា​បង​របស់​អ្នក​បាន​ទៅ​ជួប‌ជុំ​ដែរ ព្រោះ​អ្នក​បាន​បះបោរ​ប្រឆាំង​នឹង​ពាក្យ​របស់​យើង នៅ​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ពេល​ក្រុម​ជំនុំ​ឈ្លោះ​ជា‌មួយ​យើង ។ អ្នក​មិន​បាន​សម្ដែង​ឲ្យ​ពួកគេ​ឃើញ​ពី​ភាព​បរិសុទ្ធ​របស់​យើង​នៅ​ចំពោះ​មុខ​ពួកគេ នៅ​កន្លែង​ទឹក​ឡើយ»។ (គឺ​ជា​ទឹក​មេរីបា នៅ​ស្រុក​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន)។ លោក​ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «សូម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​វិញ្ញាណ​របស់​មនុស្ស​ទាំង​អស់ តែង​តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​លើ​ក្រុម​ជំនុំ​នេះ​ទៅ ជា​អ្នក​ដែល​នឹង​ចេញ​ទៅ​នៅ​មុខ​ពួកគេ ហើយ​ចូល​មក​វិញ​នៅ​មុខ​ពួកគេ ជា​អ្នក​ដែល​នាំ​ពួកគេ​ចេញ​ទៅ ហើយ​នាំ​ពួកគេ​ចូល​មក​វិញ ដើម្បី​កុំ​ឲ្យ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា ត្រឡប់​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ កូន​របស់​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​គាត់ ចូរ​ឲ្យ​គាត់​ឈរ​នៅ​មុខ​សង្ឃ​អេលាសារ និង​ក្រុម​ជំនុំ​ទាំង​អស់ រួច​ត្រូវ​ប្រគល់​មុខ​ងារ​ដល់​គាត់ នៅ​ចំពោះ​មុខ​ពួកគេ។ អ្នក​ត្រូវ​ប្រគល់​អំណាច​របស់​អ្នក​ដល់​គាត់ ដើម្បី​ឲ្យ​ក្រុមជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ប្រតិ‌បត្តិ​តាម។ ប៉ុន្ដែ ត្រូវ​ឲ្យ​គាត់​ឈរ​នៅ​មុខ​សង្ឃ​អេលាសារ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជំនួស​គាត់ ដោយ‌សារ​ការ​សម្រេច​របស់​យូរីម។ គឺ​តាម​បង្គាប់​របស់​អេលាសារ គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​គាត់ គេ​ត្រូវ​ចូល​មក​វិញ គឺ​ទាំង​យ៉ូស្វេ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ជា‌មួយ គឺ​ក្រុម​ជំនុំ​ទាំង​មូល»។ លោក​ម៉ូសេ​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។ គាត់​បាន​នាំ​យ៉ូស្វេ​មក​ឈរ​នៅ​ចំពោះ​មុខ​សង្ឃ​អេលាសារ និង​ក្រុម​ជំនុំ​ទាំង​មូល គាត់​ដាក់​ដៃ​លើ​យ៉ូស្វេ ហើយ​ប្រគល់​មុខ​ងារ​ដល់​គាត់ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​តាមរយៈ​លោក​ម៉ូសេ។

ចែក​រំលែក
អាន ជនគណនា 27

ជនគណនា 27:12-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបា‌រីម ហើយ​សម្លឹង​មើល​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។ អ្នក​មើល​ឃើញ​ស្រុក​នេះ ប៉ុន្តែ អ្នក​ត្រូវ​ទទួល​មរណ‌ភាព ទៅ​ជួប‌ជុំ​នឹង​សាច់‌ញាតិ​របស់​អ្នក​វិញ ដូច​អើរ៉ុន​ជា​បង​របស់​អ្នក​ដែរ ព្រោះ​អ្នក​ទាំង​ពីរ​បាន​ប្រឆាំង​នឹង​បញ្ជា​របស់​យើង ក្នុង​ពេល​ដែល​សហគមន៍​នាំ​គ្នា​បះ‌បោរ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​សម្តែង​ឲ្យ​ពួក​គេ​ឃើញ​ភាព​វិសុទ្ធ​របស់​យើង នៅ​ពេល​ប្រជា‌ជន​បះ‌បោរ​អំពី​រឿង​ទឹក​ឡើយ»។ ប្រជា‌ជន​បាន​បះ‌បោរ​អំពី​រឿង​ទឹក​នេះ​នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន។ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្យល់​ដង្ហើម​របស់​សត្វ​លោក​ទាំង​អស់ មេត្តា​តែង‌តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​សហគមន៍​អ៊ីស្រា‌អែល​ផង។ អ្នក​នោះ​នឹង​នាំ​មុខ​ប្រជា‌ជន​ចេញ​ទៅ​ច្បាំង ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ដើម្បី​កុំ​ឲ្យ​សហគមន៍​របស់​ព្រះ‌អម្ចាស់​ប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​គង់​ជា​មួយ​មក ហើយ​ដាក់​ដៃ​លើ​គាត់។ ចូរ​នាំ​គាត់​ទៅ​ឈរ​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល ហើយ​ប្រកាស​តែង‌តាំង​គាត់ នៅ​ចំពោះ​មុខ​ពួក​គេ។ ចូរ​ផ្ទេរ​អំណាច​របស់​អ្នក​មួយ​ចំណែក​ដល់​គាត់ ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ឮ​ផង។ យ៉ូស្វេ​ត្រូវ​ឈរ​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ ហើយ​ពេល​នោះ អេឡាសារ​ត្រូវ​សួរ​យូរីម* ដើម្បី​ដឹង​ពី​ការ​សម្រេច​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​មក យ៉ូស្វេ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ចេញ​ទៅ​ច្បាំង ឬ​ត្រឡប់​មក​វិញ តាម​បញ្ជា​របស់​អេឡាសារ»។ លោក​ម៉ូសេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។ លោក​នាំ​លោក​យ៉ូស្វេ​មក​ឈរ​នៅ​ចំពោះ​មុខ​បូជា‌ចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល។ លោក​ដាក់​ដៃ​លើ​លោក​យ៉ូស្វេ ដើម្បី​ប្រគល់​តំណែង​ឲ្យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន ជនគណនា 27

ជនគណនា 27:12-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឲ្យ​ឯង​ឡើង​ទៅ​លើ​ភ្នំ​អាបារីម​នេះ ហើយ​មើល​ទៅ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល កាល​ណា​ឯង​បាន​ឃើញ​ស្រុក​នោះ​ហើយ នោះ​ឯង​នឹង​ត្រូវ​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ឯង ដូច​ជា​អើរ៉ុន​បង​ឯង​បាន​មូល​ទៅ​ដែរ ពី​ព្រោះ​ឯង​បាន​ធ្វើ​ទាស់​ទទឹង​នឹង​ពាក្យ​អញ​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន ក្នុង​កាល​ដែល​ពួក​ជំនុំ​រក​រឿង​ឈ្លោះ ឯង​មិន​បាន​លើក​អញ​ជា​បរិសុទ្ធ​នៅ​ចំពោះ​មុខ​គេ ត្រង់​ទឹក​ហូរ​នោះ​ឡើយ (គឺ​ជា​ទឹក​មេរីបា នៅ​ស្រុក​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន)។ នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​គ្រប់​ទាំង​មនុស្ស ទ្រង់​ដំរូវ​ឲ្យ​មាន​មនុស្ស​ម្នាក់​ត្រួត‌ត្រា​លើ​ពួក​ជំនុំ​ទៅ ជា​អ្នក​ដែល​អាច​នឹង​ចេញ​ចូល​នៅ​មុខ​គេ ព្រម​ទាំង​នាំ​គេ​ចេញ​ចូល​ផង ដើម្បី​កុំ​ឲ្យ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា ត្រឡប់​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ឡើយ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​នាំ​យក​យ៉ូស្វេ​កូន​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​លោក ត្រូវ​ដាក់​លោក​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា រួច​ប្រគល់​សេចក្ដី​បង្គាប់​ដល់​លោក​នៅ​មុខ​គេ ព្រម​ទាំង​ចែក​អំណាច​របស់​ឯង​ទៅ​លើ​លោក​ដែរ ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រតិ‌បត្តិ​តាម​លោក ត្រូវ​ឲ្យ​លោក​ឈរ​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជំនួស​លោក ដោយ‌សារ​សេចក្ដី​សំរេច​របស់​យូរីម គឺ​តាម​បង្គាប់​របស់​អេលាសារ​ដែល​គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​លោក​គេ​ត្រូវ​ចូល​មក​វិញ ទាំង​យ៉ូស្វេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា ម៉ូសេ​ក៏​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា លោក​នាំ​យក​យ៉ូស្វេ​ទៅ​ដាក់​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​ដាក់​ដៃ​លើ​លោក ហើយ​ប្រគល់​សេចក្ដី​បង្គាប់​ដល់​លោក ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

ចែក​រំលែក
អាន ជនគណនា 27