ជន‌គណនា 27:12-23

ជន‌គណនា 27:12-23 ពគប

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឲ្យ​ឯង​ឡើង​ទៅ​លើ​ភ្នំ​អាបារីម​នេះ ហើយ​មើល​ទៅ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល កាល​ណា​ឯង​បាន​ឃើញ​ស្រុក​នោះ​ហើយ នោះ​ឯង​នឹង​ត្រូវ​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ឯង ដូច​ជា​អើរ៉ុន​បង​ឯង​បាន​មូល​ទៅ​ដែរ ពី​ព្រោះ​ឯង​បាន​ធ្វើ​ទាស់​ទទឹង​នឹង​ពាក្យ​អញ​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន ក្នុង​កាល​ដែល​ពួក​ជំនុំ​រក​រឿង​ឈ្លោះ ឯង​មិន​បាន​លើក​អញ​ជា​បរិសុទ្ធ​នៅ​ចំពោះ​មុខ​គេ ត្រង់​ទឹក​ហូរ​នោះ​ឡើយ (គឺ​ជា​ទឹក​មេរីបា នៅ​ស្រុក​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន)។ នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​គ្រប់​ទាំង​មនុស្ស ទ្រង់​ដំរូវ​ឲ្យ​មាន​មនុស្ស​ម្នាក់​ត្រួត‌ត្រា​លើ​ពួក​ជំនុំ​ទៅ ជា​អ្នក​ដែល​អាច​នឹង​ចេញ​ចូល​នៅ​មុខ​គេ ព្រម​ទាំង​នាំ​គេ​ចេញ​ចូល​ផង ដើម្បី​កុំ​ឲ្យ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា ត្រឡប់​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ឡើយ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​នាំ​យក​យ៉ូស្វេ​កូន​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​លោក ត្រូវ​ដាក់​លោក​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា រួច​ប្រគល់​សេចក្ដី​បង្គាប់​ដល់​លោក​នៅ​មុខ​គេ ព្រម​ទាំង​ចែក​អំណាច​របស់​ឯង​ទៅ​លើ​លោក​ដែរ ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រតិ‌បត្តិ​តាម​លោក ត្រូវ​ឲ្យ​លោក​ឈរ​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជំនួស​លោក ដោយ‌សារ​សេចក្ដី​សំរេច​របស់​យូរីម គឺ​តាម​បង្គាប់​របស់​អេលាសារ​ដែល​គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​លោក​គេ​ត្រូវ​ចូល​មក​វិញ ទាំង​យ៉ូស្វេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា ម៉ូសេ​ក៏​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា លោក​នាំ​យក​យ៉ូស្វេ​ទៅ​ដាក់​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​ដាក់​ដៃ​លើ​លោក ហើយ​ប្រគល់​សេចក្ដី​បង្គាប់​ដល់​លោក ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

អាន ជន‌គណនា 27