ជនគណនា 21:4-9

ជនគណនា 21:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ភ្នំ​ហោរ តាម​ផ្លូវ​សមុទ្រ​កក់ ដើម្បី​វាង​ស្រុក​អេដុម។ តាម​ផ្លូវ​ប្រជា‌ជន​បាក់​ទឹក​ចិត្ត ហើយ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះអង្គ និង​លោក នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ គ្មាន​អាហារ គ្មាន​ទឹក​ទាល់​តែ​សោះ ហើយ​ពួក​យើង​ក៏​ធុញ‌ទ្រាន់​នឹង​នំ​ម៉ាណា​ដ៏​គម្រក់​នេះ​ដែរ!»។ ពេល​នោះ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​មាន​ពស់​ភ្លើង​មក​ចឹក​ពួក​គេ បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ប្រជា‌ជន​នាំ​គ្នា​ទៅ​ជួប​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​រូប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​ទូល‌អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះអង្គ​បណ្ដេញ​ពស់​ទាំង​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​ក៏​ទូល‌អង្វរ​ព្រះអង្គ​ឲ្យ​ប្រជា‌ជន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​រូប​ពស់​ភ្លើង ព្យួរ​លើ​បង្គោល​មួយ។ អ្នក​ណា​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​រូប​ពស់ អ្នក​នោះ​នឹង​រួច​ជីវិត»។ លោក​ម៉ូសេ​យក​លង្ហិន​ធ្វើ​រូប​ពស់​មួយ ហើយ​ព្យួរ​លើ​បង្គោល។ ពេល​មាន​នរណា​ម្នាក់​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​ពស់​លង្ហិន​នោះ គេ​បាន​រួច​ជីវិត។

ចែក​រំលែក
អាន ជនគណនា 21

ជនគណនា 21:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួកគេ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំ​ហោរ តាម​ផ្លូវ​ទៅ​សមុទ្រ​ក្រហម ដើម្បី​ដើរ​វាង​ស្រុក​អេដុម ប៉ុន្តែ នៅ​តាម​ផ្លូវ ប្រជាជន​មិន​ចេះ​អត់​ទ្រាំ។ គេ​នាំ​គ្នា​និយាយ​ទាស់​នឹង​ព្រះ ហើយ​ទាស់​នឹង​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ឲ្យ​ស្លាប់​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ​គ្មាន​អាហារ គ្មាន​ទឹក​ផឹក ហើយ​យើង​ធុញ‌ទ្រាន់​នឹង​នំ​គម្រក់​នេះ​ណាស់»។ ពេលនោះ ព្រះ‌យេហូវ៉ា​ក៏​ចាត់​ពស់​ភ្លើង មក​ក្នុង​ចំណោម​ប្រជាជន រួច​ពស់​ទាំង​នោះ​ក៏​ចឹក​គេ ហើយ​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់។ ប្រជាជន​នាំ​គ្នា​មក​ជួប​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ដ្បិត​បាន​និយាយ​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​លោក។ សូម​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ទៅ ដើម្បី​ឲ្យ​ព្រះ‌អង្គ​ដក​យក​ពស់​ទាំង​នេះ​ចេញ​ពី​យើង​ខ្ញុំ»។ ដូច្នេះ លោក​ម៉ូសេ​ក៏​អធិ‌ស្ឋាន​ឲ្យ​ប្រជាជន។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​ពស់​ភ្លើង មួយ ហើយ​ដាក់​ភ្ជាប់​នៅ​លើ​បង្គោល​ទៅ។ អស់​អ្នក​ដែល​ត្រូវ​ពស់​ចឹក ហើយ​ក្រឡេក​មើល​ទៅ​រូប​ពោះ​នោះ គេ​នឹង​បាន​រស់»។ ដូច្នេះ លោក​ម៉ូសេ​ក៏​ធ្វើ​រូប​ពស់​មួយ​ពី​លង្ហិន ហើយ​ដាក់​ភ្ជាប់​នៅ​លើ​បង្គោល។ កាល​ណា​មាន​ពស់​ចឹក​អ្នក​ណា​ម្នាក់ អ្នក​នោះ​ក្រឡេក​មើល​ទៅ​រូប​ពស់​លង្ហិន នោះ​គេ​ក៏​បាន​រស់។

ចែក​រំលែក
អាន ជនគណនា 21

ជនគណនា 21:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​គេ​ធ្វើ​ដំណើរ​ពី​ភ្នំ​ហោរ​ដើរ​ទៅ តាម​ផ្លូវ​សមុទ្រ​ក្រហម ដើម្បី​នឹង​វាង​ព័ទ្ធ​ស្រុក​អេដំម តែ​បណ្តាជន​មាន​ចិត្ត​រវាត ដោយ​ព្រោះ​ផ្លូវ​នោះ ក៏​និយាយ​ទាស់​នឹង​ព្រះ ហើយ​ទាស់​នឹង​ម៉ូសេ​ថា ម្តេច​ក៏​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឲ្យ​ត្រូវ​ស្លាប់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ ដ្បិត​គ្មាន​អាហារ គ្មាន​ទឹក​សោះ ហើយ​យើង​ទ្រាន់‌ណាយ​នឹង​នំ​គំរក់​នេះ​ពេក​ណាស់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ពស់​ភ្លើង​មក​កណ្តាល​ពួក​ជន ពស់​ទាំង​នោះ​ក៏​ចឹក​គេ ហើយ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន បណ្តាជន​ទាំង‌ឡាយ​ក៏​មក​ឯ​ម៉ូសេ ជំរាប​ថា យើង​រាល់​គ្នា​បាន​ធ្វើ​បាប​ហើយ ដ្បិត​បាន​និយាយ​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​លោក​ដែរ ដូច្នេះ សូម​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ផង សូម​ទ្រង់​បន្ថយ​ពស់​ទាំង​នេះ​ចេញ​ពី​យើង​រាល់​គ្នា​ទៅ នោះ​ម៉ូសេ​ក៏​អធិ‌ស្ឋាន​ឲ្យ​គេ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ម៉ូសេ​ថា ចូរ​ធ្វើ​ពស់​ភ្លើង​១ ភ្ជាប់​នៅ​លើ​បង្គោល​ទៅ ដើម្បី​កាល​ណា​អស់​អ្នក​ដែល​ត្រូវ​ពស់​ចឹក គេ​ក្រឡេក​មើល​ទៅ​ឃើញ នោះ​នឹង​បាន​រស់​នៅ ម៉ូសេ​ក៏​ធ្វើ​រូប​ពស់​១​ពី​លង្ហិន ដាក់​ភ្ជាប់​នៅ​លើ​បង្គោល​នោះ ដូច្នេះ កាល​ណា​មាន​ពស់​ចឹក​មនុស្ស​ណា បើ​អ្នក​នោះ​គ្រាន់​តែ​ក្រឡេក​មើល​ទៅ​រូប​ពស់​លង្ហិន​នោះ ក៏​បាន​រស់​វិញ។

ចែក​រំលែក
អាន ជនគណនា 21