ជនគណនា 21:4-9

ជនគណនា 21:4-9 គខប

ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ភ្នំ​ហោរ តាម​ផ្លូវ​សមុទ្រ​កក់ ដើម្បី​វាង​ស្រុក​អេដុម។ តាម​ផ្លូវ​ប្រជា‌ជន​បាក់​ទឹក​ចិត្ត ហើយ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះអង្គ និង​លោក នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ គ្មាន​អាហារ គ្មាន​ទឹក​ទាល់​តែ​សោះ ហើយ​ពួក​យើង​ក៏​ធុញ‌ទ្រាន់​នឹង​នំ​ម៉ាណា​ដ៏​គម្រក់​នេះ​ដែរ!»។ ពេល​នោះ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​មាន​ពស់​ភ្លើង​មក​ចឹក​ពួក​គេ បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ប្រជា‌ជន​នាំ​គ្នា​ទៅ​ជួប​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​រូប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​ទូល‌អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះអង្គ​បណ្ដេញ​ពស់​ទាំង​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​ក៏​ទូល‌អង្វរ​ព្រះអង្គ​ឲ្យ​ប្រជា‌ជន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​រូប​ពស់​ភ្លើង ព្យួរ​លើ​បង្គោល​មួយ។ អ្នក​ណា​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​រូប​ពស់ អ្នក​នោះ​នឹង​រួច​ជីវិត»។ លោក​ម៉ូសេ​យក​លង្ហិន​ធ្វើ​រូប​ពស់​មួយ ហើយ​ព្យួរ​លើ​បង្គោល។ ពេល​មាន​នរណា​ម្នាក់​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​ពស់​លង្ហិន​នោះ គេ​បាន​រួច​ជីវិត។