ជន‌គណនា 21:4-9

ជន‌គណនា 21:4-9 គកស១៦

ពួកគេ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំ​ហោរ តាម​ផ្លូវ​ទៅ​សមុទ្រ​ក្រហម ដើម្បី​ដើរ​វាង​ស្រុក​អេដុម ប៉ុន្តែ នៅ​តាម​ផ្លូវ ប្រជាជន​មិន​ចេះ​អត់​ទ្រាំ។ គេ​នាំ​គ្នា​និយាយ​ទាស់​នឹង​ព្រះ ហើយ​ទាស់​នឹង​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ឲ្យ​ស្លាប់​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ​គ្មាន​អាហារ គ្មាន​ទឹក​ផឹក ហើយ​យើង​ធុញ‌ទ្រាន់​នឹង​នំ​គម្រក់​នេះ​ណាស់»។ ពេលនោះ ព្រះ‌យេហូវ៉ា​ក៏​ចាត់​ពស់​ភ្លើង មក​ក្នុង​ចំណោម​ប្រជាជន រួច​ពស់​ទាំង​នោះ​ក៏​ចឹក​គេ ហើយ​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់។ ប្រជាជន​នាំ​គ្នា​មក​ជួប​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ដ្បិត​បាន​និយាយ​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​លោក។ សូម​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ទៅ ដើម្បី​ឲ្យ​ព្រះ‌អង្គ​ដក​យក​ពស់​ទាំង​នេះ​ចេញ​ពី​យើង​ខ្ញុំ»។ ដូច្នេះ លោក​ម៉ូសេ​ក៏​អធិ‌ស្ឋាន​ឲ្យ​ប្រជាជន។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​ពស់​ភ្លើង មួយ ហើយ​ដាក់​ភ្ជាប់​នៅ​លើ​បង្គោល​ទៅ។ អស់​អ្នក​ដែល​ត្រូវ​ពស់​ចឹក ហើយ​ក្រឡេក​មើល​ទៅ​រូប​ពោះ​នោះ គេ​នឹង​បាន​រស់»។ ដូច្នេះ លោក​ម៉ូសេ​ក៏​ធ្វើ​រូប​ពស់​មួយ​ពី​លង្ហិន ហើយ​ដាក់​ភ្ជាប់​នៅ​លើ​បង្គោល។ កាល​ណា​មាន​ពស់​ចឹក​អ្នក​ណា​ម្នាក់ អ្នក​នោះ​ក្រឡេក​មើល​ទៅ​រូប​ពស់​លង្ហិន នោះ​គេ​ក៏​បាន​រស់។

អាន ជន‌គណនា 21