ជន‌គណនា 21

21
ពស់​លង្ហិន
1ស្តេច​អើរ៉ាត ជា​សាសន៍​កាណាន ដែល​រស់​នៅ​តំបន់​ណេកិប កាល​បាន​ឮ​ថា ពួក​អ៊ីស្រា‌អែល​មក​តាម​ផ្លូវ​ស្រុក​អ័ថារីម​ហើយ ស្ដេច​ក៏​ចេញ​មក​ច្បាំង​នឹង​គេ ហើយ​ចាប់​ពួកគេ​ខ្លះ​យក​ទៅ​ជា​ឈ្លើយ។ 2ពេល​នោះ ពួក​អ៊ីស្រា‌អែល​បាន​សច្ចា​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា៖ «ប្រសិន‌បើ​ព្រះ‌អង្គ​ប្រគល់​សាសន៍​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​បំផ្លាញ​ទី​ក្រុង​របស់​គេ​ឲ្យ​អស់​រលីង»។ 3ព្រះ‌យេហូវ៉ា​ស្តាប់​តាម​ពាក្យ​របស់​ពួក​អ៊ីស្រា‌អែល ហើយ​ក៏​ប្រគល់​ពួក​សាសន៍​កាណាន​នោះ​ដល់​គេ។ ពួក​អ៊ីស្រា‌អែល​បាន​បំផ្លាញ​គេ ព្រម​ទាំង​ទី​ក្រុង​របស់​គេ​អស់​រលីង​ទៅ។ ដូច្នេះ គេ​ហៅ​កន្លែង​នោះ​ថា ហោម៉ា ។
4ពួកគេ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំ​ហោរ តាម​ផ្លូវ​ទៅ​សមុទ្រ​ក្រហម ដើម្បី​ដើរ​វាង​ស្រុក​អេដុម ប៉ុន្តែ នៅ​តាម​ផ្លូវ ប្រជាជន​មិន​ចេះ​អត់​ទ្រាំ។ 5គេ​នាំ​គ្នា​និយាយ​ទាស់​នឹង​ព្រះ ហើយ​ទាស់​នឹង​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ឲ្យ​ស្លាប់​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ​គ្មាន​អាហារ គ្មាន​ទឹក​ផឹក ហើយ​យើង​ធុញ‌ទ្រាន់​នឹង​នំ​គម្រក់​នេះ​ណាស់»។ 6ពេលនោះ ព្រះ‌យេហូវ៉ា​ក៏​ចាត់​ពស់​ភ្លើង មក​ក្នុង​ចំណោម​ប្រជាជន រួច​ពស់​ទាំង​នោះ​ក៏​ចឹក​គេ ហើយ​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់។ 7ប្រជាជន​នាំ​គ្នា​មក​ជួប​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ដ្បិត​បាន​និយាយ​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​លោក។ សូម​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ទៅ ដើម្បី​ឲ្យ​ព្រះ‌អង្គ​ដក​យក​ពស់​ទាំង​នេះ​ចេញ​ពី​យើង​ខ្ញុំ»។ ដូច្នេះ លោក​ម៉ូសេ​ក៏​អធិ‌ស្ឋាន​ឲ្យ​ប្រជាជន។ 8ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​ពស់​ភ្លើង មួយ ហើយ​ដាក់​ភ្ជាប់​នៅ​លើ​បង្គោល​ទៅ។ អស់​អ្នក​ដែល​ត្រូវ​ពស់​ចឹក ហើយ​ក្រឡេក​មើល​ទៅ​រូប​ពោះ​នោះ គេ​នឹង​បាន​រស់»។ 9ដូច្នេះ លោក​ម៉ូសេ​ក៏​ធ្វើ​រូប​ពស់​មួយ​ពី​លង្ហិន ហើយ​ដាក់​ភ្ជាប់​នៅ​លើ​បង្គោល។ កាល​ណា​មាន​ពស់​ចឹក​អ្នក​ណា​ម្នាក់ អ្នក​នោះ​ក្រឡេក​មើល​ទៅ​រូប​ពស់​លង្ហិន នោះ​គេ​ក៏​បាន​រស់។
ដំ​ណើរ​ទៅ​កាន់​ស្រុក​ម៉ូអាប់
10កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​ដំណើរ​ទៅ ហើយ​បោះ​ជំរំ​នៅ​អូបូត។ 11គេ​ចេញ​ដំណើរ​ពី​អូបូត ទៅ​បោះ​ជំរំ​ត្រង់​អ៊ីយេ-អាបារីម ក្នុង​ទី​រហោ‌ស្ថាន ដែល​ជាប់​ព្រំ‌ប្រទល់​ខាង​កើត​ស្រុក​ម៉ូអាប់។ 12ចេញ​ពី​ទី​នោះ គេ​ធ្វើ​ដំណើរ​ទៅ​បោះ​ជំរំ​នៅ​ជ្រលង​ភ្នំ​សេរេត។ 13ចេញ​ពី​ទី​នោះ គេ​ធ្វើ​ដំណើរ​ដើរ​ទៅ​បោះ​ជំរំ​នៅ​ត្រើយ​ម្ខាង​នៃ​ស្ទឹង​អើណូន ជា​ស្ទឹង​ដែល​ហូរ​ពី​ព្រំដែន​ស្រុក​អាម៉ូរី មក​តាម​ទី​រហោ‌ស្ថាន ដ្បិត​ស្ទឹង​អើណូន​ជា​ព្រំ‌ដែន​ស្រុក​ម៉ូអាប់ គឺ​នៅ​ចន្លោះ​ស្រុក​ម៉ូអាប់ និង​ស្រុក​អាម៉ូរី។ 14ហេតុ​នេះ​ហើយ​បាន​ជា​មាន​និយាយ​ក្នុង​សៀវភៅ​សង្គ្រាម​របស់​ព្រះ‌យេហូវ៉ា​អំពី «ស្ទឹង​វ៉ាហែប​ក្នុង​ស្រុក​ស៊ូផា និង​ជ្រលង​ភ្នំ​អើណូន 15ព្រម​ទាំង​ជម្រាល​ភ្នំ​ដែល​ជ្រាល​ទៅ​ខាង​ទី​លំនៅ​អើរ ហើយ​នៅ​ជាប់​នឹង​ព្រំប្រទល់​ស្រុក​ម៉ូអាប់»។ 16ចេញ​ពី​ទី​នោះ គេ​បន្ត​ដំណើរ​មក​ដល់​ប្អៀរ ជា​អណ្តូង​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ប្រជាជន​មក​ជួប​ជុំ​គ្នា នោះ​យើង​នឹង​ឲ្យ​ទឹក​ដល់​ពួកគេ»។ 17ពេល​នោះ ពួក​អ៊ីស្រា‌អែល​នាំ​គ្នា​ច្រៀង​ទំនុក​ដូច្នេះ​ថា «ចូរ​ផុស​ឡើង អណ្តូង​ទឹក​អើយ! ចូរ​ច្រៀង​សរសើរ​អណ្តូង​នេះ​ចុះ! 18ជា​អណ្តូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួង ហើយ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​បាន​ជីក​ដោយ​ដំបង​រាជ្យ និង​ឈើ​ច្រត់»។ គេ​ចេញ​ពី​ទី​រហោ‌ស្ថាន បន្ត​ដំណើរ​ទៅ​ម៉ាថាណា 19ចេញ​ពី​ម៉ាថាណា ទៅ​ណាហា‌លាល ពី​ណាហា‌លាល ទៅ​បាម៉ូត 20ហើយ​ពី​បាម៉ូត ទៅ​ជ្រលង​ភ្នំ​ដែល​នៅ​ស្ថិត​នៅ​វាល​ស្រុក​ម៉ូអាប់ ជាប់​កំពូល​ភ្នំ​ពីសកា ដែល​នៅ​ពី​លើ​វាល​រហោ‌ស្ថាន ។
អ៊ីស្រាអែល​ច្បាំង​ឈ្នះ​ស្តេច​ស៊ីហុន
21ពេល​នោះ អ៊ីស្រាអែល​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ទូល​ថា៖ 22«សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ព្រះ​ករុណា​ផង យើង​ខ្ញុំ​នឹង​មិន​ងាក​ចូល​ទៅ​ក្នុង​ស្រែ ឬ​ចម្ការ​ទំពាំង​បាយ​ជូ​ទេ យើង​ខ្ញុំ​ក៏​មិន​ផឹក​ទឹក​អណ្តូង​ណា​មួយ​ដែរ យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ស្តេច​ប៉ុណ្ណោះ រហូត​ដល់​យើង​ខ្ញុំ​បាន​ឆ្លង​ផុត​ពី​ដែន​ដី​របស់​ព្រះ‌កុរណា»។ 23ប៉ុន្តែ ស៊ីហុន​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ដើរ​កាត់​ដែន​ដី​របស់​ខ្លួន​ទេ គឺ​ទ្រង់​បាន​ប្រមូល​មនុស្ស​ទាំង​អស់​របស់​ខ្លួន ចេញ​ទៅ​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ទី​រហោ‌ស្ថាន។ ស្ដេច​បាន​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ត្រង់​យ៉ាហាស់។ 24ពួក​អ៊ីស្រា‌អែល​បាន​ប្រហារ​ស្ដេច​ដោយ​មុខ​ដាវ ហើយ​ចាប់​យក​ទឹក​ដី​របស់​ស្ដេច ចាប់​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក គឺ​មក​ដល់​ត្រឹម​ព្រំ‌ដែន​សាសន៍​អាំម៉ូន ដ្បិត​ព្រំ‌ដែន​របស់​កូន​ចៅ​អាំម៉ូន​នោះ​មាំ​ណាស់។ 25ពួក​អ៊ីស្រា‌អែល​ដណ្ដើម​យក​បាន​ទី​ក្រុង​ទាំង​អស់​របស់​សាសន៍​អាម៉ូរី ហើយ​ចូល​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ គឺ​ក្រុង​ហែសបូន និង​ភូមិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ក្រុង​នោះ។ 26ដ្បិត​ហែសបូន​ជា​ទី​ក្រុង​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​បាន​ច្បាំង​នឹង​ស្តេច​មុន​របស់​សាសន៍​ម៉ូអាប់ ហើយ​ចាប់​យក​អស់​ទាំង​ទឹក​ដី​របស់​ស្តេច​នោះ រហូត​មក​ដល់​ស្ទឹង​អើណូន។ 27ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អ្នក​សូត្រ​កំណាព្យ​ពោល​ថា៖ «ចូរ​នាំ​គ្នា​ចូល​មក​ហែសបូន ចូរ​សង់​ក្រុង​នេះ​ឡើង។ ចូរ​ឲ្យ​ក្រុង​របស់​ស៊ីហុន​បាន​សង់​ឡើង​វិញ។ 28ដ្បិត​មាន​ភ្លើង​ចេញ​ពី​ហែសបូន​មក គឺ​ជា​អណ្ដាត​ភ្លើង​ពី​ទី​ក្រុង​របស់​ស៊ីហុន។ ភ្លើង​នោះ​បាន​បំផ្លាញ​ក្រុង​អើរ​របស់​ស្រុក​ម៉ូអាប់ ហើយ​បាន​លេប​ត្របាក់ ទី​ខ្ពស់ៗ​របស់​ស្ទឹង​អើណូន។ 29វេទនា​ដល់​អ្នក​ហើយ ម៉ូអាប់​អើយ! ប្រជាជន​ដែល​ថ្វាយ​ព្រះ​កេម៉ូស​អើយ អ្នក​ត្រូវ​វិនាស​ហើយ! ព្រះ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​កូន​ប្រុស​របស់​ខ្លួន​រត់​ខ្ចាត់‌ខ្ចាយ ហើយ​ពួក​កូន​ស្រី​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី។ 30យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួកគេ ហែសបូន​ត្រូវ​វិនាស​ទៅ រហូត​ដល់​ឌីបូន យើង​បាន​បំផ្លាញ​រហូត​ដល់​ណូផា គឺ​រាល‌ដាល​រហូត​ដល់​មេឌីបា»។ 31ដូច្នេះ ពួក​អ៊ីស្រា‌អែល​បាន​តាំង​ទី​លំ​នៅ នៅ​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី។ 32លោក​ម៉ូសេ​បាន​ចាត់​គេ​ទៅ​សង្កេត​មើល​ក្រុង​យ៉ាស៊ើរ ហើយ​គេ​ចាប់​យក​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​បណ្តេញ​សាសន៍​អាម៉ូរី​ឲ្យ​ចេញ​ពី​ទី​នោះ។
អ៊ីស្រាអែល​ច្បាំង​ឈ្នះ​ស្តេច​អុក
33បន្ទាប់​មក គេ​ងាក​ឡើង​ទៅ​តាម​ផ្លូវ​ស្រុក​បាសាន ហើយ​ស្ដេច​អុក​នៅ​ស្រុក​បាសាន និង​មនុស្ស​របស់​ស្ដេច បាន​លើក​គ្នា​ចេញ​មក​ទាស់​នឹង​គេ ហើយ​ប្រយុទ្ធ​គ្នា​នៅ​អេទ្រី។ 34ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កុំ​ខ្លាច​គេ​ឡើយ ដ្បិត​យើង​បាន​ប្រគល់​ស្តេច​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ ព្រម​ទាំង​មនុស្ស និង​ស្រុក​ទាំង​មូល​របស់​ស្ដេច​ទៀត​ផង។ អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​នេះ ដូច​ជា​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​នៅ​ហែសបូន​នោះ​ចុះ»។ 35ដូច្នេះ គេ​ក៏​សម្លាប់​ស្តេច​នោះ ព្រម​ទាំង​កូន​ចៅ និង​មនុស្ស​ទាំង​អស់​របស់​ស្ដេច រហូត​ទាល់​តែ​គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត ហើយ​គេ​ក៏​ចាប់​យក​ស្រុក​របស់​ស្ដេច​នោះ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 21: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល