ម៉ាកុស 13:13-37

ម៉ាកុស 13:13-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​គ្រប់​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​ឈ្មោះ​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ»។ «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ ជន​ចង្រៃ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​កន្លែង​ដែល​មិន​ត្រូវ​ឈរ - សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ - ពេល​នោះ អស់​អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា​ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។ រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​របស់​អ្វី​ដែល​នៅ​ក្នុង​ផ្ទះ​ឡើយ ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។ គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំ‌ខាន។ ចូរ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​នៅ​រដូវ​ត្រជាក់​ឡើយ ដ្បិត​ពេល​នោះ ជា​ពេល​មាន​ ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក គឺ​ចាប់​ពី​ពេល​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​អ្វីៗ​ទាំង​អស់​មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ ។ ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​រួច​ជីវិត​ឡើយ ប៉ុន្តែ ព្រះអង្គ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ ដោយ​យោគ‌យល់​ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស‌រើស។ ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌គ្រិស្ត*​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​ជឿ​គេ​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះ‌គ្រិស្ត ព្រម​ទាំង​មាន​ព្យាការី​ក្លែង‌ក្លាយ នាំ​គ្នា​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក​ដែល​ព្រះអង្គ​ជ្រើស‌រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។ ចូរ​ប្រុង​ប្រយ័ត្ន ដ្បិត​ខ្ញុំ​និយាយ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន​សព្វ​គ្រប់​ហើយ»។ «លុះ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ នៅ​គ្រា​នោះ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ រីឯ​ផ្កាយ​ទាំង‌ឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ អំណាច​នានា​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក ។ ពេល​នោះ គេ​នឹង​ឃើញ​ បុត្រ​មនុស្ស*​យាង​មក​ក្នុង​ពពក ប្រកប​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា និង​ដោយ​សិរី‌រុងរឿង។ លោក​នឹង​ចាត់​ពួក​ទេវតា*​របស់​លោក​ឲ្យ​ទៅ​ទិស​ទាំង​បួន ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ទៀត ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស»។ «ចូរ​អ្នក​រាល់​គ្នា​យក​ពាក្យ​ប្រស្នា​ស្ដី​អំពី​ដើម​ឧទុម្ពរ*​ទៅ​រិះគិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា​រដូវ​ប្រាំង​ជិត​មក​ដល់​ហើយ។ ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​កើត​ឡើង ត្រូវ​ដឹង​ថា​បុត្រ​មនុស្ស*​ក៏​ជិត​មក​ដល់​ហើយ​ដែរ គឺ​លោក​មក​ជិត​បង្កើយ​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ជំនាន់​នេះ​មាន​ជីវិត​នៅ​ឡើយ។ ផ្ទៃ​មេឃ និង​ផែនដី នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ។ រីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ទេវតា*​នៅ​ស្ថាន​បរម‌សុខ* ឬ​ព្រះ‌បុត្រា​ក៏​ពុំ​ជ្រាប​ដែរ មាន​តែ​ព្រះ‌បិតា​ប៉ុណ្ណោះ​ដែល​ជ្រាប។ អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពេល​ណា​ជា​ពេល​កំណត់​ទេ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដ្បិត​ពេល​កំណត់​នោះ​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ គាត់​ទុក​ឲ្យ​ពួក​អ្នក​បម្រើ​មើល​ខុស​ត្រូវ​ក្នុង​ផ្ទះ ដោយ​ចែក​មុខងារ​ឲ្យ​រៀងៗ​ខ្លួន ព្រម​ទាំង​បង្គាប់​ឲ្យ​អ្នក​យាម​ផ្ទះ​ប្រុង​ស្មារតី​ផង។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ប្រុង​ស្មារតី​ដូច្នោះ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ម្ចាស់​ផ្ទះ​នឹង​វិល​មក​វិញ​នៅ​ពេល​ណា​ឡើយ មិន​ដឹង​ជា​យប់ ពាក់​កណ្ដាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ពេល​ព្រលឹម​ទេ ក្រែង​លោក​ត្រឡប់​មក​វិញ ដោយ​មិន​បាន​ឲ្យ​ដំណឹង​មុន ហើយ​ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់។ ពាក្យ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​នេះ ខ្ញុំ​ក៏​ចង់​និយាយ​ប្រាប់​អ្នក​ឯ​ទៀតៗ​គ្រប់​គ្នា​ដែរ គឺ​ថា ចូរ​ប្រុង​ស្មារតី!»។

ចែក​រំលែក
អាន ម៉ាកុស 13

ម៉ាកុស 13:13-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​ឈ្មោះ​ខ្ញុំ តែ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​ដល់​ចុង​បញ្ចប់ នោះ​នឹង​បាន​សង្គ្រោះ»។ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឈរ (ចូរ​ឲ្យ​អ្នក​អាន​យល់​សេចក្ដី​នេះ​ចុះ) ពេល​នោះ អស់​អ្នក​ដែល​នៅ​ស្រុក​យូដា ត្រូវ​រត់​ចេញ​ទៅ​ជ្រក​តាម​ភ្នំ។ អ្នក​នៅ​លើ​ដំបូល​ផ្ទះ​មិន​ត្រូវ​ចុះ​មក​ក្រោម ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ក្នុង​ផ្ទះ​ឡើយ ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​ត្រឡប់​មក​យក​អាវ​របស់​ខ្លួន​វិញ​ដែរ។ នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់។ ចូរ​អធិស្ឋាន​សូម​កុំ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង​នៅ​រដូវ​រងា​ឡើយ ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្តី​វេទនា​យ៉ាង​ខ្លាំង ដែល​តាំង​ពី​កំណើត​ពិភព​លោក​មក គឺ​តាំង​ពី​ព្រះ​បាន​បង្កើត រហូត​មក​ដល់​សព្វ​ថ្ងៃ មិន​ដែល​មាន​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ ។ ប្រសិន‌បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី ដោយ​យល់​ដល់​ពួក​រើស​តាំង គឺ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​ជ្រើស​រើស។ ពេល​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍! ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ!" ឬ​ថា "មើល៍! ព្រះ‌អង្គ​គង់​នៅ​ទី​នោះ!" កុំ​ជឿ​គេ​ឡើយ ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង​ក្លាយ និង​ហោរា​ក្លែង​ក្លាយ​លេច​មក ហើយ​សម្តែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផេ្សងៗ ដើម្បី​នាំ​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង ប្រសិន‌បើ​គេ​អាច​ធ្វើ​បាន។ ចូរ​ប្រុង​ប្រយ័ត្ន! ដ្បិត​ខ្ញុំ​បាន​ប្រាប់​អី្វៗ​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា​ជា​មុន​ហើយ»។ «ប៉ុន្តែ នៅ​គ្រា​ក្រោយ​សេចក្តី​វេទនា​នោះ ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អំណាច​នានា​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក ។ បន្ទាប់​មក គេ​នឹង​ឃើញ​កូន​មនុស្ស​យាង​មក​ក្នុង​ពពក ប្រកប​ដោយ‌ចេស្តា និង​សិរី​ល្អ​ជា​ខ្លាំង។ ពេល​នោះ លោក​នឹង​ចាត់​ពួក​ទេវតា ឲ្យ​ទៅ​ប្រមូល​ពួក​រើស​តាំង​របស់​លោក ពី​ទិស​ទាំង​បួន តាំង​ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង»។ «ចូរ​រៀន​ជា​សេចក្តី​ប្រៀប​ធៀប​ពី​ដើម​ល្វា​នេះ​ចុះ។ កាល​ណា​មែក​របស់​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​លាស់​ឡើង អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​មក​ដល់​ហើយ។ ដំណើរ​នេះ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​ឡើង នោះ​ត្រូវ​ដឹង​ថា កូន​មនុស្ស​ជិត​មក​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ជំនាន់​នេះ​នឹង​មិន​កន្លង​ផុត​ឡើយ រហូត​ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក។ ផ្ទៃ​មេឃ និង​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ នឹង​មិន​កន្លង​បាត់​ឡើយ»។ «ប៉ុន្តែ ត្រង់​ឯ​ថ្ងៃ ឬ​ពេល​កំណត់ គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​បី​ពួក​ទេវតា​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ​រាជ​បុត្រា​ក៏​មិន​ជ្រាប​ដែរ មាន​តែ​ព្រះ‌វរបិតា​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​ជ្រាប។ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពេល​នោះ នឹង​មក​ដល់​នៅ​វេលា​ណា​ទេ។ ដំណើរ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ទៅ​ឆ្ងាយ ហើយ​ពេល​គាត់​ចេញ​ពី​ផ្ទះ គាត់​ប្រគល់​អំណាច​ដល់​ពួក​បាវ​បម្រើ ឲ្យ​ម្នាក់ៗ​មាន​ការងារ​រៀងៗ​ខ្លួន ទាំង​បង្គាប់​ឆ្មាំ​ទ្វារ​ឲ្យ​ចាំ​យាម​ផង។ ដូច្នេះ ចូរ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ម្ចាស់​ផ្ទះ​នឹង​មក​នៅ​វេលា​ណា​ទេ មិន​ដឹង​ជា​ល្ងាច កណ្តាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ពេល​ព្រលឹម​នោះ​ឡើយ ក្រែង​លោ​ពេល​លោក​មក​ដល់​ភ្លាម ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់។ សេចក្តី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នេះ ខ្ញុំ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់ គឺ​ថា ចូរ​ចាំ​យាម​ចុះ»។

ចែក​រំលែក
អាន ម៉ាកុស 13

ម៉ាកុស 13:13-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត នោះ​នឹង​បាន​សង្គ្រោះ​ពិត។ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឲ្យ​ឈរ (អ្នក​ណា​ដែល​មើល ឲ្យ​យល់​ចុះ) នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ​ទៅ កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក​ក្នុង​ផ្ទះ ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ផ្ទះ ក៏​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ​ត្រឡប់​មក​វិញ នឹង​យក​សំលៀក‌បំពាក់​ខ្លួន​ឡើយ នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ នឹង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់ ត្រូវ​ឲ្យ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា​ឡើយ ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​លោកីយ ដែល​ព្រះ‌ទ្រង់​បាន​បង្កើត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ទេ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ផង បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ទេ ប៉ុន្តែ​ទ្រង់​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ ដោយ​ព្រោះ​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស​តាំង នៅ​គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​ថា មើល ទ្រង់​គង់​នៅ​ទី​នុ៎ះ នោះ​កុំ​ឲ្យ​ជឿ​ឡើយ ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​ព្រម​ទាំង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត​ឲ្យ​មែន‌ទែន មើល ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​គ្រប់​ទាំង​អស់​ជា​មុន​ហើយ ប៉ុន្តែ នៅ​គ្រា​ក្រោយ​សេចក្ដី​វេទនា​នោះ ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ​នឹង​ធ្លាក់​ចុះ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក នោះ​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​ក្នុង​ពពក មាន​ទាំង​ព្រះ‌ចេស្តា​ជា​ខ្លាំង នឹង​សិរី‌ល្អ​ផង ហើយ​លោក​នឹង​ចាត់​ពួក​ទេវតា ឲ្យ​ទៅ​ប្រមូល​ពួក​ដែល​បាន​រើស​តាំង មក​ពី​ទិស​ទាំង​៤ តាំង​ពី​ទី​បំផុត​នៃ​ផែនដី​ម្ខាង រហូត​ដល់​ទី​បំផុត​នៃ​ផ្ទៃ​មេឃ។ ប៉ុន្តែ​ត្រូវ​រៀន​សេចក្ដី​ប្រៀប​ប្រដូច ពី​ដើម​ល្វា​ចុះ គឺ​កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៉ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​ឃើញ​ការ​ទាំង​នោះ​កើត​មក នោះ​ត្រូវ​ដឹង​ថា កូន​មនុស្ស​ជិត​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​ពុំ​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់​តែ​គ្រប់​ការ​ទាំង​នោះ​បាន​កើត​មក ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ នឹង​មិន​ដែល​កន្លង​បាត់​ឡើយ ឯ​ត្រង់​ថ្ងៃ នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​បាន​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ‌រាជ‌បុត្រា​ក៏​មិន​ជ្រាប​ដែរ ជ្រាប​តែ​ព្រះវរ‌បិតា​ប៉ុណ្ណោះ ចូរ​ប្រុង​ប្រយ័ត ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ផង ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ពេល​កំណត់​នោះ​ទេ នេះ​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ចាក​ចោល​ផ្ទះ​ចេញ​ពី​ស្រុក​ទៅ​ទី​ឆ្ងាយ ក៏​ប្រគល់​អំណាច​ដល់​ពួក​បាវ​ព្រាវ ព្រម​ទាំង​ដាក់​ការ​ឲ្យ​ធ្វើ​គ្រប់​គ្នា ហើយ​ផ្តាំ​អ្នក​ឆ្មាំ​ទ្វារ​ឲ្យ​ចាំ​យាម​ផង ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​មិន​ដឹង​ជា​វេលា​ណា​ដែល​ម្ចាស់​ផ្ទះ​នឹង​មក​វិញ​ទេ ទោះ​បើ​ល្ងាច កណ្តាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ព្រឹក​ក្តី ក្រែង​លោ​លោក​មក​ដល់​ភ្លាម ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់ ឯ​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​នេះ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែរ គឺ​ថា ចូរ​ចាំ​យាម​ចុះ។

ចែក​រំលែក
អាន ម៉ាកុស 13