ម៉ាកុស 13

13
1កាល​កំពុង​តែ​ចេញ​ពី​ព្រះ‌វិហារ​មក នោះ​ពួក​សិស្ស​ទ្រង់​ម្នាក់​ទូល​ថា លោក​គ្រូ មើល​ន៏ ថ្ម ហើយ​នឹង​មន្ទីរ​ល្អ​ណាស់​ហ្ន៎ 2ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា តើ​ឃើញ​មន្ទីរ​ធំ​ទាំង​នេះ​ឬ​ទេ បន្តិច​ទៀត នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ 3រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​នឹង​ព្រះ‌វិហារ នោះ​ពេត្រុស យ៉ាកុប យ៉ូហាន នឹង​អនទ្រេ គេ​មក​ទូល​សួរ​ទ្រង់​ដោយ‌ឡែក​ថា 4សូម​ប្រាប់​យើង​ខ្ញុំ តើ​កាល​ណា​បាន​ការ​ទាំង​នេះ​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ឲ្យ​ដឹង ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​កើត​មក 5ព្រះ‌យេស៊ូវ​ចាប់​តាំង​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង 6ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ គេ​ក៏​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ផង 7កាល​ណា​អ្នក​រាល់​គ្នា​ឮ​និយាយ​ពី​ចំបាំង ហើយ​ពី​សូរ​ចំបាំង នោះ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ដល់ តែ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ 8ពី​ព្រោះ​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១ ក៏​នឹង​មាន​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ ហើយ​នឹង​មាន​អំណត់ នឹង​ចលាចល​កើត​ឡើង នេះ​ជា​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​វេទនា​ទេ 9ប៉ុន្តែ ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ពី​ព្រោះ​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឯ​ក្រុម‌ជំនុំ គេ​នឹង​វាយ​អ្នក​រាល់​គ្នា នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នាំ​ទៅ​ចំពោះ​ចៅហ្វាយ​ខេត្ត នឹង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ 10ឯ​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សាយ​ដល់​គ្រប់​សាសន៍​ជា​មុន​សិន 11ប៉ុន្តែ​កាល​ណា​គេ​នាំ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ នោះ​កុំ​ឲ្យ​ថប់​ព្រួយ​ជា​មុន​ពី​បែប​និយាយ ឬ​ពី​ពាក្យ​ដែល​ត្រូវ​ថា​ឡើយ ត្រូវ​និយាយ​តែ​សេចក្ដី​ណា ដែល​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា នៅ​វេលា​នោះ​ឯង ដ្បិត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ​តើ 12បង​ប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ហើយ​ឪពុក​នឹង​បញ្ជូន​កូន កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្តាយ ហើយ​នឹង​សំឡាប់​គាត់​បង់ 13មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត នោះ​នឹង​បាន​សង្គ្រោះ​ពិត។
14កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឲ្យ​ឈរ (អ្នក​ណា​ដែល​មើល ឲ្យ​យល់​ចុះ) នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ​ទៅ 15កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក​ក្នុង​ផ្ទះ ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ផ្ទះ 16ក៏​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ​ត្រឡប់​មក​វិញ នឹង​យក​សំលៀក‌បំពាក់​ខ្លួន​ឡើយ 17នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ នឹង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់ 18ត្រូវ​ឲ្យ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា​ឡើយ 19ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​លោកីយ ដែល​ព្រះ‌ទ្រង់​បាន​បង្កើត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ទេ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ផង 20បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ទេ ប៉ុន្តែ​ទ្រង់​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ ដោយ​ព្រោះ​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស​តាំង 21នៅ​គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​ថា មើល ទ្រង់​គង់​នៅ​ទី​នុ៎ះ នោះ​កុំ​ឲ្យ​ជឿ​ឡើយ 22ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​ព្រម​ទាំង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន 23ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត​ឲ្យ​មែន‌ទែន មើល ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​គ្រប់​ទាំង​អស់​ជា​មុន​ហើយ 24ប៉ុន្តែ នៅ​គ្រា​ក្រោយ​សេចក្ដី​វេទនា​នោះ ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ 25អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ​នឹង​ធ្លាក់​ចុះ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក 26នោះ​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​ក្នុង​ពពក មាន​ទាំង​ព្រះ‌ចេស្តា​ជា​ខ្លាំង នឹង​សិរី‌ល្អ​ផង 27ហើយ​លោក​នឹង​ចាត់​ពួក​ទេវតា ឲ្យ​ទៅ​ប្រមូល​ពួក​ដែល​បាន​រើស​តាំង មក​ពី​ទិស​ទាំង​៤ តាំង​ពី​ទី​បំផុត​នៃ​ផែនដី​ម្ខាង រហូត​ដល់​ទី​បំផុត​នៃ​ផ្ទៃ​មេឃ។
28ប៉ុន្តែ​ត្រូវ​រៀន​សេចក្ដី​ប្រៀប​ប្រដូច ពី​ដើម​ល្វា​ចុះ គឺ​កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៉ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ 29ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​ឃើញ​ការ​ទាំង​នោះ​កើត​មក នោះ​ត្រូវ​ដឹង​ថា កូន​មនុស្ស​ជិត​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង 30ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​ពុំ​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់​តែ​គ្រប់​ការ​ទាំង​នោះ​បាន​កើត​មក 31ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ នឹង​មិន​ដែល​កន្លង​បាត់​ឡើយ 32ឯ​ត្រង់​ថ្ងៃ នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​បាន​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ‌រាជ‌បុត្រា​ក៏​មិន​ជ្រាប​ដែរ ជ្រាប​តែ​ព្រះវរ‌បិតា​ប៉ុណ្ណោះ 33ចូរ​ប្រុង​ប្រយ័ត ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ផង ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ពេល​កំណត់​នោះ​ទេ 34នេះ​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ចាក​ចោល​ផ្ទះ​ចេញ​ពី​ស្រុក​ទៅ​ទី​ឆ្ងាយ ក៏​ប្រគល់​អំណាច​ដល់​ពួក​បាវ​ព្រាវ ព្រម​ទាំង​ដាក់​ការ​ឲ្យ​ធ្វើ​គ្រប់​គ្នា ហើយ​ផ្តាំ​អ្នក​ឆ្មាំ​ទ្វារ​ឲ្យ​ចាំ​យាម​ផង 35ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​មិន​ដឹង​ជា​វេលា​ណា​ដែល​ម្ចាស់​ផ្ទះ​នឹង​មក​វិញ​ទេ ទោះ​បើ​ល្ងាច កណ្តាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ព្រឹក​ក្តី 36ក្រែង​លោ​លោក​មក​ដល់​ភ្លាម ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់ 37ឯ​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​នេះ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែរ គឺ​ថា ចូរ​ចាំ​យាម​ចុះ។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 13: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ