ម៉ាកុស 13
13
ព្រះយេស៊ូមានព្រះបន្ទូលអំពីការបំផ្លាញព្រះវិហារ*
(ម៉ាថាយ ២៤.១-២; លូកា ២១.៥-៦)
1ពេលព្រះយេស៊ូយាងចេញពីព្រះវិហារ*ទៅ មានសិស្ស*ម្នាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេសវិសាលបំផុត»។ 2ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។
ហេតុការណ៍នៅគ្រាចុងក្រោយ
(ម៉ាថាយ ២៤.៣-១៤ លូកា ២១.៧-១៩)
3ព្រះអង្គគង់នៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ*។ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេ ទូលសួរព្រះអង្គដាច់ឡែកពីគេថា៖ 4«សូមព្រះគ្រូប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ព្រឹត្តិការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។ 5ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ 6ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា៖ “ខ្ញុំនេះហើយជាព្រះគ្រិស្ត*!”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ 7កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ 8ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ។ នៅកន្លែងខ្លះនឹងមានរញ្ជួយផែនដី ព្រមទាំងមានកើតទុរ្ភិក្សផង។ ហេតុការណ៍ទាំងនេះប្រៀបបាននឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន។ 9 ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅកន្លែងកាត់ទោស គេនឹងយករំពាត់វាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ* គេនឹងនាំអ្នករាល់គ្នាទៅឲ្យទេសាភិបាល និងឲ្យស្ដេចកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ជាឱកាសសម្រាប់អ្នករាល់គ្នាផ្ដល់សក្ខីភាពឲ្យគេដឹងឮ។ 10ត្រូវប្រកាសដំណឹងល្អ*ឲ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍បានឮជាមុនសិន។ 11ពេលគេចាប់អ្នករាល់គ្នាបញ្ជូនទៅកាត់ទោស កុំភ័យបារម្ភជាមុននឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ត្រូវនិយាយតាមតែព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នានិយាយ នៅពេលនោះ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេតើ ដែលនឹងមានព្រះបន្ទូល។ 12បងប្អូននឹងចាប់បញ្ជូនគ្នាទៅឲ្យគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅឲ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅឲ្យគេសម្លាប់ទៀតផង។ 13 មនុស្សគ្រប់រូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ»។
គ្រាមានទុក្ខលំបាកវេទនា
(ម៉ាថាយ ២៤.១៥-២៨ លូកា ២១.២០-២៤)
14 «ពេលណាអ្នករាល់គ្នាឃើញជនចង្រៃដ៏គួរឲ្យស្អប់ខ្ពើម ឈរនៅកន្លែងដែលមិនត្រូវឈរ - សូមឲ្យអ្នកអានយល់ពាក្យនេះចុះ - ពេលនោះ អស់អ្នកដែលរស់ក្នុងស្រុកយូដាត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ 15 រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីដែលនៅក្នុងផ្ទះឡើយ 16ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ 17គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន។ 18ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យហេតុការណ៍ទាំងនេះកើតឡើងនៅរដូវត្រជាក់ឡើយ 19 ដ្បិតពេលនោះ ជាពេលមានទុក្ខវេទនាយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមក គឺចាប់ពីពេលដែលព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។ 20ប្រសិនបើព្រះអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណារួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។ 21ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះគ្រិស្ត*គង់នៅទីនេះ ឬនៅទីនោះ” កុំជឿគេឡើយ 22ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ត ព្រមទាំងមានព្យាការីក្លែងក្លាយ នាំគ្នាសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នកដែលព្រះអង្គជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ 23ចូរប្រុងប្រយ័ត្ន ដ្បិតខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុនសព្វគ្រប់ហើយ»។
បុត្រមនុស្សនឹងយាងមកវិញ
(ម៉ាថាយ ២៤.២៩-៤៤ លូកា ២១.២៥-៣៣)
24 «លុះទុក្ខលំបាកនេះកន្លងផុតទៅ នៅគ្រានោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ 25 រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។ 26 ពេលនោះ គេនឹងឃើញបុត្រមនុស្ស*យាងមកក្នុងពពក ប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា និងដោយសិរីរុងរឿង។ 27លោកនឹងចាត់ពួកទេវតា*របស់លោកឲ្យទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស»។
28«ចូរអ្នករាល់គ្នាយកពាក្យប្រស្នាស្ដីអំពីដើមឧទុម្ពរ*ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថារដូវប្រាំងជិតមកដល់ហើយ។ 29ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថាបុត្រមនុស្ស*ក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។ 30ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។ 31ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ។ 32 រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា*នៅស្ថានបរមសុខ* ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។ 33អ្នករាល់គ្នាមិនដឹងថា ពេលណាជាពេលកំណត់ទេ ដូច្នេះ ចូរប្រុងប្រយ័ត្ន ប្រុងស្មារតីឲ្យមែនទែន 34 ដ្បិតពេលកំណត់នោះប្រៀបបាននឹងបុរសម្នាក់ ដែលចេញដំណើរពីផ្ទះទៅ គាត់ទុកឲ្យពួកអ្នកបម្រើមើលខុសត្រូវក្នុងផ្ទះ ដោយចែកមុខងារឲ្យរៀងៗខ្លួន ព្រមទាំងបង្គាប់ឲ្យអ្នកយាមផ្ទះប្រុងស្មារតីផង។ 35អ្នករាល់គ្នាក៏ត្រូវប្រុងស្មារតីដូច្នោះដែរ ដ្បិតអ្នករាល់គ្នាពុំដឹងថា ម្ចាស់ផ្ទះនឹងវិលមកវិញនៅពេលណាឡើយ មិនដឹងជាយប់ ពាក់កណ្ដាលអធ្រាត្រ ពេលមាន់រងាវ ឬពេលព្រលឹមទេ 36ក្រែងលោកត្រឡប់មកវិញ ដោយមិនបានឲ្យដំណឹងមុន ហើយឃើញអ្នករាល់គ្នាកំពុងតែដេកលក់។ 37ពាក្យដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នានេះ ខ្ញុំក៏ចង់និយាយប្រាប់អ្នកឯទៀតៗគ្រប់គ្នាដែរ គឺថា ចូរប្រុងស្មារតី!»។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 13: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.