ម៉ាកុស 13:13-37

ម៉ាកុស 13:13-37 គកស១៦

មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​ឈ្មោះ​ខ្ញុំ តែ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​ដល់​ចុង​បញ្ចប់ នោះ​នឹង​បាន​សង្គ្រោះ»។ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឈរ (ចូរ​ឲ្យ​អ្នក​អាន​យល់​សេចក្ដី​នេះ​ចុះ) ពេល​នោះ អស់​អ្នក​ដែល​នៅ​ស្រុក​យូដា ត្រូវ​រត់​ចេញ​ទៅ​ជ្រក​តាម​ភ្នំ។ អ្នក​នៅ​លើ​ដំបូល​ផ្ទះ​មិន​ត្រូវ​ចុះ​មក​ក្រោម ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ក្នុង​ផ្ទះ​ឡើយ ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​ត្រឡប់​មក​យក​អាវ​របស់​ខ្លួន​វិញ​ដែរ។ នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់។ ចូរ​អធិស្ឋាន​សូម​កុំ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង​នៅ​រដូវ​រងា​ឡើយ ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្តី​វេទនា​យ៉ាង​ខ្លាំង ដែល​តាំង​ពី​កំណើត​ពិភព​លោក​មក គឺ​តាំង​ពី​ព្រះ​បាន​បង្កើត រហូត​មក​ដល់​សព្វ​ថ្ងៃ មិន​ដែល​មាន​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ ។ ប្រសិន‌បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី ដោយ​យល់​ដល់​ពួក​រើស​តាំង គឺ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​ជ្រើស​រើស។ ពេល​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍! ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ!" ឬ​ថា "មើល៍! ព្រះ‌អង្គ​គង់​នៅ​ទី​នោះ!" កុំ​ជឿ​គេ​ឡើយ ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង​ក្លាយ និង​ហោរា​ក្លែង​ក្លាយ​លេច​មក ហើយ​សម្តែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផេ្សងៗ ដើម្បី​នាំ​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង ប្រសិន‌បើ​គេ​អាច​ធ្វើ​បាន។ ចូរ​ប្រុង​ប្រយ័ត្ន! ដ្បិត​ខ្ញុំ​បាន​ប្រាប់​អី្វៗ​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា​ជា​មុន​ហើយ»។ «ប៉ុន្តែ នៅ​គ្រា​ក្រោយ​សេចក្តី​វេទនា​នោះ ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អំណាច​នានា​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក ។ បន្ទាប់​មក គេ​នឹង​ឃើញ​កូន​មនុស្ស​យាង​មក​ក្នុង​ពពក ប្រកប​ដោយ‌ចេស្តា និង​សិរី​ល្អ​ជា​ខ្លាំង។ ពេល​នោះ លោក​នឹង​ចាត់​ពួក​ទេវតា ឲ្យ​ទៅ​ប្រមូល​ពួក​រើស​តាំង​របស់​លោក ពី​ទិស​ទាំង​បួន តាំង​ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង»។ «ចូរ​រៀន​ជា​សេចក្តី​ប្រៀប​ធៀប​ពី​ដើម​ល្វា​នេះ​ចុះ។ កាល​ណា​មែក​របស់​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​លាស់​ឡើង អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​មក​ដល់​ហើយ។ ដំណើរ​នេះ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​ឡើង នោះ​ត្រូវ​ដឹង​ថា កូន​មនុស្ស​ជិត​មក​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ជំនាន់​នេះ​នឹង​មិន​កន្លង​ផុត​ឡើយ រហូត​ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក។ ផ្ទៃ​មេឃ និង​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ នឹង​មិន​កន្លង​បាត់​ឡើយ»។ «ប៉ុន្តែ ត្រង់​ឯ​ថ្ងៃ ឬ​ពេល​កំណត់ គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​បី​ពួក​ទេវតា​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ​រាជ​បុត្រា​ក៏​មិន​ជ្រាប​ដែរ មាន​តែ​ព្រះ‌វរបិតា​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​ជ្រាប។ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពេល​នោះ នឹង​មក​ដល់​នៅ​វេលា​ណា​ទេ។ ដំណើរ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ទៅ​ឆ្ងាយ ហើយ​ពេល​គាត់​ចេញ​ពី​ផ្ទះ គាត់​ប្រគល់​អំណាច​ដល់​ពួក​បាវ​បម្រើ ឲ្យ​ម្នាក់ៗ​មាន​ការងារ​រៀងៗ​ខ្លួន ទាំង​បង្គាប់​ឆ្មាំ​ទ្វារ​ឲ្យ​ចាំ​យាម​ផង។ ដូច្នេះ ចូរ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ម្ចាស់​ផ្ទះ​នឹង​មក​នៅ​វេលា​ណា​ទេ មិន​ដឹង​ជា​ល្ងាច កណ្តាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ពេល​ព្រលឹម​នោះ​ឡើយ ក្រែង​លោ​ពេល​លោក​មក​ដល់​ភ្លាម ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់។ សេចក្តី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នេះ ខ្ញុំ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់ គឺ​ថា ចូរ​ចាំ​យាម​ចុះ»។

អាន ម៉ាកុស 13