ម៉ាកុស 13:1-13
ម៉ាកុស 13:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះយេស៊ូវយាងចេញពីព្រះវិហារ សិស្សព្រះអង្គម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ មើលហ្ន៎ ថ្ម និងអាគារទាំងនេះល្អៗណាស់!» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «តើអ្នកឃើញអាគារធំៗទាំងនេះឬទេ? នឹងគ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ ទាំងអស់នឹងត្រូវទម្លាក់ចុះ»។ កាលព្រះអង្គគង់លើភ្នំដើមអូលីវ ទល់មុខព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖ «សូមប្រាប់យើងខ្ញុំផង តើការនេះនឹងកើតឡើងនៅពេលណា? តើនឹងមានទីសម្គាល់អ្វីឲ្យដឹងពីការទាំងអស់នេះ ដែលបម្រុងនឹងបានសម្រេច?» ព្រះយេស៊ូវចាប់ផ្ដើមមានព្រះបន្ទូលទៅគេថា៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថា "គឺខ្ញុំនេះហើយ" ហើយគេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម មិនត្រូវច្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែពុំទាន់ដល់ចុងបំផុតនៅឡើយទេ។ ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ។ នឹងមានរញ្ជួយផែនដីនៅកន្លែងផ្សេងៗ ព្រមទាំងមានអំណត់កើតឡើងផង។ ការនេះប្រៀបបាននឹងការចាប់ផ្ដើមរបស់ស្ត្រីដែលឈឺចាប់ហៀបនឹងសម្រាលកូន»។ «ប៉ុន្តែ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សា គេនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ ហើយអ្នករាល់គ្នានឹងឈរនៅចំពោះទេសាភិបាល និងស្តេច ដោយព្រោះខ្ញុំ ដើម្បីធ្វើបន្ទាល់ដល់អស់លោកទាំងនោះ។ ប៉ុន្តែ ដំណឹងល្អ ត្រូវតែប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ជាមុនសិន។ ពេលគេបញ្ជូនអ្នករាល់គ្នាទៅកាត់ទោស កុំព្រួយបារម្ភជាមុនអំពីពាក្យដែលអ្នករាល់គ្នាត្រូវនិយាយឡើយ ត្រូវនិយាយតែសេចក្តីណាដែលព្រះប្រទានមកអ្នករាល់គ្នា នៅវេលានោះចុះ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណបរិសុទ្ធវិញទេតើ។ បងប្អូននឹងបញ្ជូនបងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ហើយឪពុកនឹងបញ្ជូនកូន កូនលើកគ្នាទាស់នឹងឪពុកម្តាយ ហើយប្រគល់ឲ្យគេសម្លាប់ទៀតផង។ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ តែអ្នកណាដែលស៊ូទ្រាំដល់ចុងបញ្ចប់ នោះនឹងបានសង្គ្រោះ»។
ម៉ាកុស 13:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះយេស៊ូយាងចេញពីព្រះវិហារ*ទៅ មានសិស្ស*ម្នាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេសវិសាលបំផុត»។ ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ ព្រះអង្គគង់នៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ*។ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេ ទូលសួរព្រះអង្គដាច់ឡែកពីគេថា៖ «សូមព្រះគ្រូប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ព្រឹត្តិការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា៖ “ខ្ញុំនេះហើយជាព្រះគ្រិស្ត*!”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ។ នៅកន្លែងខ្លះនឹងមានរញ្ជួយផែនដី ព្រមទាំងមានកើតទុរ្ភិក្សផង។ ហេតុការណ៍ទាំងនេះប្រៀបបាននឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន។ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅកន្លែងកាត់ទោស គេនឹងយករំពាត់វាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ* គេនឹងនាំអ្នករាល់គ្នាទៅឲ្យទេសាភិបាល និងឲ្យស្ដេចកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ជាឱកាសសម្រាប់អ្នករាល់គ្នាផ្ដល់សក្ខីភាពឲ្យគេដឹងឮ។ ត្រូវប្រកាសដំណឹងល្អ*ឲ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍បានឮជាមុនសិន។ ពេលគេចាប់អ្នករាល់គ្នាបញ្ជូនទៅកាត់ទោស កុំភ័យបារម្ភជាមុននឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ត្រូវនិយាយតាមតែព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នានិយាយ នៅពេលនោះ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេតើ ដែលនឹងមានព្រះបន្ទូល។ បងប្អូននឹងចាប់បញ្ជូនគ្នាទៅឲ្យគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅឲ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅឲ្យគេសម្លាប់ទៀតផង។ មនុស្សគ្រប់រូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ»។
ម៉ាកុស 13:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលកំពុងតែចេញពីព្រះវិហារមក នោះពួកសិស្សទ្រង់ម្នាក់ទូលថា លោកគ្រូ មើលន៏ ថ្ម ហើយនឹងមន្ទីរល្អណាស់ហ្ន៎ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា តើឃើញមន្ទីរធំទាំងនេះឬទេ បន្តិចទៀត នឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ រួចកាលទ្រង់គង់លើភ្នំដើមអូលីវ ទល់មុខនឹងព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន នឹងអនទ្រេ គេមកទូលសួរទ្រង់ដោយឡែកថា សូមប្រាប់យើងខ្ញុំ តើកាលណាបានការទាំងនេះនឹងមកដល់ តើមានទីសំគាល់ណាឲ្យដឹង ក្នុងកាលដែលការទាំងនេះជិតកើតមក ព្រះយេស៊ូវចាប់តាំងមានបន្ទូលឆ្លើយទៅគេថា ចូរប្រយ័ត ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថា គឺខ្ញុំនេះហើយ គេក៏នឹងនាំមនុស្សជាច្រើនឲ្យវង្វេងផង កាលណាអ្នករាល់គ្នាឮនិយាយពីចំបាំង ហើយពីសូរចំបាំង នោះកុំឲ្យអ្នករាល់គ្នាមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែពុំទាន់ដល់ចុងបំផុតនៅឡើយទេ ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ក៏នឹងមានកក្រើកដីនៅកន្លែងផ្សេងៗ ហើយនឹងមានអំណត់ នឹងចលាចលកើតឡើង នេះជាដើមចមនៃសេចក្ដីទុក្ខវេទនាទេ ប៉ុន្តែ ឲ្យអ្នករាល់គ្នាប្រយ័តខ្លួន ពីព្រោះគេនឹងបញ្ជូនអ្នករាល់គ្នាទៅឯក្រុមជំនុំ គេនឹងវាយអ្នករាល់គ្នា នៅក្នុងសាលាប្រជុំ ហើយនាំទៅចំពោះចៅហ្វាយខេត្ត នឹងស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងនោះ ឯដំណឹងល្អនឹងត្រូវផ្សាយដល់គ្រប់សាសន៍ជាមុនសិន ប៉ុន្តែកាលណាគេនាំបញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយជាមុនពីបែបនិយាយ ឬពីពាក្យដែលត្រូវថាឡើយ ត្រូវនិយាយតែសេចក្ដីណា ដែលបានប្រទានមកអ្នករាល់គ្នា នៅវេលានោះឯង ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណបរិសុទ្ធទេតើ បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ ហើយឪពុកនឹងបញ្ជូនកូន កូននឹងលើកគ្នាទាស់នឹងឪពុកម្តាយ ហើយនឹងសំឡាប់គាត់បង់ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត។