ម៉ាកុស 13:1-13

ម៉ាកុស 13:1-13 គកស១៦

ពេល​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ព្រះ‌វិហារ សិស្ស​ព្រះ‌អង្គ​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ មើល​ហ្ន៎ ថ្ម និង​អាគារ​ទាំង​នេះ​ល្អៗ​ណាស់!» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «តើ​អ្នក​ឃើញ​អាគារ​ធំៗ​ទាំង​នេះ​ឬ​ទេ? នឹង​គ្មាន​ថ្ម​ណា​មួយ​នៅ​ត្រួត​លើ​គ្នា​ទៀត​ឡើយ ទាំង​អស់​នឹង​ត្រូវ​ទម្លាក់​ចុះ»។ កាល​ព្រះ‌អង្គ​គង់​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​ព្រះ‌វិហារ នោះ​ពេត្រុស យ៉ាកុប យ៉ូហាន និង​អនទ្រេ ទូល​សួរ​ព្រះ‌អង្គ​ដោយ​ឡែក​ថា៖ «សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​ការ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​នឹង​មាន​ទី​សម្គាល់​អ្វី​ឲ្យ​ដឹង​ពី​ការ​ទាំង​អស់​នេះ ដែល​បម្រុង​នឹង​បាន​សម្រេច?» ព្រះ‌យេស៊ូវ​ចាប់​ផ្ដើម​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា "គឺ​ខ្ញុំ​នេះ​ហើយ" ហើយ​គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ កាល​ណា​អ្នក​រាល់​គ្នា​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម មិន​ត្រូវ​ច្រួល​ច្របល់​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង តែ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ។ ដ្បិត​សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ នគរ​មួយ​ទាស់​នឹង​នគរ​មួយ ។ នឹង​មាន​រញ្ជួយ​ផែន​ដី​នៅ​កន្លែង​ផ្សេងៗ ព្រម​ទាំង​មាន​អំណត់​កើត​ឡើង​ផង។ ការ​នេះ​ប្រៀប​បាន​នឹង​ការ​ចាប់​ផ្ដើម​របស់​ស្ត្រី​ដែល​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន»។ «ប៉ុន្តែ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា គេ​នឹង​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​អ្នក​រាល់​គ្នា​នឹង​ឈរ​នៅ​ចំពោះ​ទេសា‌ភិបាល និង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ដើម្បី​ធ្វើ​បន្ទាល់​ដល់​អស់​លោក​ទាំង​នោះ។ ប៉ុន្តែ ដំណឹង​ល្អ ត្រូវ​តែ​ប្រកាស​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍​ជា​មុន​សិន។ ពេល​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស កុំ​ព្រួយ​បារម្ភ​ជា​មុន​អំពី​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​ឡើយ ត្រូវ​និយាយ​តែ​សេចក្តី​ណា​ដែល​ព្រះ​ប្រទាន​មក​អ្នក​រាល់​គ្នា នៅ​វេលា​នោះ​ចុះ ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ​ទេ​តើ។ បង‌ប្អូន​នឹង​បញ្ជូន​បង‌ប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​ឪពុក​នឹង​បញ្ជូន​កូន កូន​លើក​គ្នា​ទាស់​នឹង​ឪពុក‌ម្តាយ ហើយ​ប្រគល់​ឲ្យ​គេ​សម្លាប់​ទៀត​ផង។ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​ឈ្មោះ​ខ្ញុំ តែ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​ដល់​ចុង​បញ្ចប់ នោះ​នឹង​បាន​សង្គ្រោះ»។

អាន ម៉ាកុស 13