លូកា 12:1-34

លូកា 12:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខណៈ​នោះ មាន​មហា‌ជន​រាប់​ម៉ឺន​នាក់​ជួប‌ជុំ​គ្នា​ណែន‌ណាន់​តាន់‌តាប់ ស្ទើរ​តែ​ដើរ​ជាន់​គ្នា។ មុន​ដំបូង ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស*​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ‌ផារីស៊ី គឺ​ពុត‌ត្បុត​របស់​គេ។ ការ​លាក់​កំបាំង​ទាំង​អស់​នឹង​ត្រូវ​លាត​ត្រដាង​ឲ្យ​គេ​ឃើញ ហើយ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ក៏​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​ក្នុង​ទី‌ងងឹត មុខ​ជា​គេ​ឮ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខ្សឹប​ដាក់​ត្រចៀក​នរណា​ម្នាក់​នៅ​ក្នុង​បន្ទប់ មុខ​ជា​ត្រូវ​អ្នក​ដទៃ​យក​ទៅ​ប្រកាស​យ៉ាង​ខ្លាំង​នៅ​លើ​ដំបូល​ផ្ទះ​មិន​ខាន។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​ថា ចូរ​កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​មិន​អាច​ធ្វើ​អ្វី​ដល់​អ្នក​រាល់​គ្នា​ថែម​ទៀត​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​នរណា គឺ​ត្រូវ​ខ្លាច​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះអង្គ​មាន​អំណាច​ផ្ដាច់​ជីវិត ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​នរក​ថែម​ទៀត​ផង។ មែន! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច។ ធម្មតា គេ​លក់​ចាប​ប្រាំ​ថ្លៃ​ពីរ​សេន ទោះ​បី​ថោក​យ៉ាង​នេះ​ក៏​ដោយ ក៏​ព្រះ‌ជាម្ចាស់​ឥត​ភ្លេច​ចាប​ណា​មួយ​សោះ​ឡើយ។ សូម្បី​តែ​សក់​នៅ​លើ​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​ព្រះអង្គ​រាប់​អស់​ដែរ។ ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ជា​ច្រើន​ទៅ​ទៀត។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រ​មនុស្ស*​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា*​របស់​ព្រះ‌ជាម្ចាស់​ដែរ។ រីឯ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រ​មនុស្ស​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះ‌ជាម្ចាស់​ដែរ។ អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រ​មនុស្ស ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​បាន ប៉ុន្តែ អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ព្រះអង្គ​មិន​លើក‌លែង​ទោស​ឲ្យ​ឡើយ។ កាល​ណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​វិនិច្ឆ័យ​ទោស ក្នុង​សាលា​ប្រជុំ ឬ​នៅ​មុខ​ចៅ‌ក្រម និង​អ្នក​កាន់​អំណាច មិន​ត្រូវ​ភ័យ​បារម្ភ​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លើយ​ការពារ​ខ្លួន ឬ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ ដ្បិត​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​នឹង​បំភ្លឺ​អ្នក​រាល់​គ្នា ឲ្យ​ដឹង​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​ពេល​នោះ​ឯង»។ ក្នុង​ចំណោម​បណ្ដា‌ជន មាន​បុរស​ម្នាក់​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ! សូម​លោក​ប្រាប់​បង​ខ្ញុំ​ឲ្យ​យក​កេរ‌មត៌ក​មក​ចែក​ខ្ញុំ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​បុរស​នោះ​ថា៖ «តើ​នរណា​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម ចែក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា?»។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​បណ្ដា‌ជន​ថា៖ «ចូរ​ប្រយ័ត្ន កុំ​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ​ឲ្យ​សោះ។ ទោះ​បី​មនុស្ស​មាន​សម្បត្តិ​បរិបូណ៌​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​គេ​មិន​អាស្រ័យ​នៅ​លើ​ទ្រព្យ‌សម្បត្តិ​ឡើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ទៅ​គេ​ថា៖ «មាន​បុរស​ម្នាក់​ជា​សេដ្ឋី ដី​ធ្លី​របស់​គាត់​បាន​ផ្ដល់​ភោគ​ផល​យ៉ាង​បរិបូណ៌។ គាត់​រិះគិត​ក្នុង​ចិត្ត​ថា “ខ្ញុំ​គ្មាន​កន្លែង​ដាក់​ភោគ​ផល​ទាំង​អស់​របស់​ខ្ញុំ​ទេ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។ គាត់​គិត​ទៀត​ថា “ខ្ញុំ​ត្រូវ​តែ​ធ្វើ​យ៉ាង​នេះ គឺ​រុះ​ជង្រុក​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ចោល ហើយ​សង់​ជង្រុក​ឲ្យ​ធំៗ​ជាង រួច​ខ្ញុំ​ប្រមូល​ស្រូវ ព្រម​ទាំង​ភោគ​ផល​ទាំង​អស់​មក​ដាក់​ក្នុង​ជង្រុក​ថ្មី​នោះ។ បន្ទាប់​មក ខ្ញុំ​នឹង​និយាយ​ប្រាប់​ខ្លួន​ខ្ញុំ​ថា ឱ​ខ្ញុំ​អើយ! មាន​សម្បត្តិ​យ៉ាង​ច្រើន​បរិបូណ៌ បម្រុង​ទុក​ចិញ្ចឹម​ជីវិត​សម្រាប់​ច្រើន​ឆ្នាំ ខ្ញុំ​ត្រូវ​សម្រាក គិត​តែ​ស៊ី​ផឹក​សប្បាយ​ទៅ!”។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សេដ្ឋី​នោះ​ថាៈ“នែ៎ មនុស្ស​ឆោត​ល្ងង់​អើយ! យប់​នេះ យើង​នឹង​ផ្ដាច់​ជីវិត​អ្នក​ហើយ ដូច្នេះ ទ្រព្យ‌សម្បត្តិ​ដែល​អ្នក​បាន​ប្រមូល​ទុក​សម្រាប់​ខ្លួន​អ្នក នឹង​បាន​ទៅ​ជា​របស់​នរណា​វិញ?”។ អ្នក​ណា​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក​សម្រាប់​តែ​ខ្លួន​ឯង ហើយ​គ្មាន​សម្បត្តិ​សួគ៌​នៅ​ក្នុង​ខ្លួន អ្នក​នោះ​ប្រៀប​បី​ដូច​ជា​សេដ្ឋី​នោះ​ដែរ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស*​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ខ្វល់​ខ្វាយ​អំពី​ម្ហូប​អាហារ​សម្រាប់​ចិញ្ចឹម​ជីវិត ឬ​អំពី​សម្លៀក‌បំពាក់​សម្រាប់​បិទ‌បាំង​រូប​កាយ​ឡើយ ដ្បិត​ជីវិត​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​លើស​សម្លៀក‌បំពាក់​ទៅ​ទៀត។ ចូរ​មើល​ក្អែក វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ គ្មាន​ឃ្លាំង គ្មាន​ជង្រុក​សោះ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ចិញ្ចឹម​វា រីឯ​អ្នក​រាល់​គ្នា​វិញ មាន​តម្លៃ​លើស​បក្សា‌បក្សី​ច្រើន​ណាស់។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ខំ​ខ្វល់​ខ្វាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​អាច​នឹង​បង្កើន​អាយុ​របស់​ខ្លួន​ឲ្យ​វែង​ឡើយ សូម្បី​តែ​បន្តិច​ក៏​មិន​បាន​ដែរ។ ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពុំ​អាច​សម្រេច​ការ​ដ៏​តូច​បំផុត​នេះ​បាន​ផង ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្វល់​ខ្វាយ​អំពី​រឿង​ផ្សេងៗ​ទៀត។ ចូរ​គិត​មើល ផ្កា​ដុះ​ឡើង​យ៉ាង​ណា វា​មិន​ដែល​នឿយ‌ហត់​នឹង​ធ្វើ​ការ ឬ​ត្បាញ​រវៃ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន កាល​ពី​ជំនាន់​ដែល​ស្ដេច​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​នោះ ក៏​ស្ដេច​គ្មាន​ព្រះ‌ភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។ មនុស្ស​មាន​ជំនឿ​តិច​អើយ! ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ផ្ដល់​សម្រស់​ឲ្យ​ផ្កា ដែល​រីក​នៅ​តាម​វាល​ថ្ងៃ​នេះ ហើយ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ព្រះអង្គ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត? ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​គិត​តែ​ពី​ស្វែង​រក​គ្រឿង​បរិភោគ​នោះ​ឡើយ ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ ដែល​ខំ​ស្វះ‌ស្វែង​រក​របស់​ទាំង​នោះ។ រីឯ​អ្នក​រាល់​គ្នា​វិញ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។ ចូរ​ខំ​ស្វែង​រក​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​វិញ ទើប​ព្រះអង្គ​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។ «កុំ​ខ្លាច​អី ក្រុម​ដ៏​តូច​របស់​ខ្ញុំ​អើយ! ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ព្រះ‌រាជ្យ​មក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​លក់​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា យក​ប្រាក់​ចែក​ជា​ទាន​ដល់​ជន​ក្រីក្រ​ចុះ។ ចូរ​ប្រមូល​ទ្រព្យ​ដែល​មិន​ចេះ​ពុក ជា​សម្បត្តិ​ដែល​មិន​ចេះ​រលាយ ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន​បរម‌សុខ* ជា​ស្ថាន​ដែល​គ្មាន​ចោរ​ប្លន់ ឬ​កណ្ដៀរ​ស៊ី​ឡើយ។ ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ»។

ចែក​រំលែក
អាន លូកា 12

លូកា 12:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល មាន​មនុស្ស​ប្រជុំ​គ្នា​មីរ‌ដេរដាស​ស្ទើរ​តែ​នឹង​ជាន់​គ្នា ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​មុន​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី គឺ​ជា​ពុត​ត្បុត​របស់​គេ។ គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​ឲ្យ​ឃើញ ឬ​អ្វី​លាក់‌លៀម​ដែល​មិន​ត្រូវ​បើក​ឲ្យ​ស្គាល់​នោះ​ឡើយ។ ដូច្នេះ គ្រប់​ទាំង​សេចក្តី​ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​ក្នុង​ទី​ងងឹត នោះ​នឹង​បាន​ឮ​នៅ​ទី​ភ្លឺ ហើយ​សេចក្តី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ខ្សឹប​ដាក់​ត្រចៀក​នៅ​ក្នុង​បន្ទប់ នោះ​នឹង​បាន​ប្រកាស​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ»។ «មិត្ត​សម្លាញ់​ខ្ញុំ​អើយ ខ្ញុំ​សូម​ប្រាប់​ថា កុំ​ខ្លាច​អ្នក​ណា​ដែល​សម្លាប់​បាន​តែ​រូប‌កាយ រួច​ក្រោយ​មក ពុំ​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ។ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​ត្រូវ​ខ្លាច​អ្នក​ណា គឺ​ត្រូវ​ឲ្យ​ខ្លាច​ព្រះ​វិញ ដែល​កាល​ណា​ព្រះ‌អង្គ​សម្លាប់ នោះ​ក៏​មាន​អំណាច​អាច​បោះ​ចោល​ទៅ​ក្នុង​នរក​បាន​ផង។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ឲ្យ​ខ្លាច​ព្រះ‌អង្គ​ចុះ។ តើ​គេ​មិន​លក់​ចាប​ប្រាំ​ថ្លៃ​ពីរ​កាក់​ទេ​ឬ? តែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ​ភ្លេច​ទេ។ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ដូច្នេះ កុំ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ជាង​ចាប​ខ្លាំង​ណាស់។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ។ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ ខ្ញុំ​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដូច​គ្នា។ ឯ​អស់​អ្នក​ណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​អត់​ទោស​ឲ្យបាន តែ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ នោះ​អត់​ទោស​ឲ្យ​មិន​បាន​ឡើយ។ ពេល​ណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ក្រុម​ជំនុំ ចំពោះ​ចៅក្រម ឬ​ពួក​នាម៉ឺន នោះ​កុំ​ព្រួយ​ពី​របៀប​យ៉ាង​ណា ដែល​នឹង​ត្រូវ​ឆ្លើយ​ការពារ​ខ្លួន ឬ​ពី​ពាក្យ​អ្វី​ដែល​ត្រូវ​និយាយ​នោះ​ឡើយ។ ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង»។ មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បណ្ដាជន ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​ចែក​មត៌ក​មក​ខ្ញុំ​ផង»។ ទ្រង់​ឆ្លើយ​តប​ថា៖ «ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ​ក្រម សម្រាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា?» រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គ្រប់​គ្នា​ថា៖ «ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ»។ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ​ថា៖ «មាន​ស្រែ​ចម្ការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចម្រើន​ជា​បរិបូរ ហើយ​អ្នក​នោះ​រិះ​គិត​ក្នុង​ចិត្ត​ថា "តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច? ដ្បិត​ខ្ញុំ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​ខ្ញុំ​ទាំង​នេះ​ទេ"។ គាត់​ក៏​គិត​ថា "ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំចេញ ហើយ​ពង្រីក​ឲ្យ​ធំ​ជាងមុន រួច​ប្រមូល​ផល និង​ទ្រព្យ​សម្បត្តិ​ទៅ​ទុក​នៅ​ទី​នោះ"។ រួច​ខ្ញុំ​នឹង​ប្រាប់​ដល់​ចិត្ត​ថា "ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សម្រាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សម្រាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ"។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា "ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ យើង​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ?" អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បម្រុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ»។ ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិ‌ភោគ​អ្វី ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ។ ឯ​ជីវិត នោះ​វិសេស​ជាង​ចំណី​អាហារ ហើយ​រូប‌កាយ ក៏​វិសេស​ជាង​សម្លៀក‌បំពាក់​ដែរ។ ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប​ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​តម្លៃ​លើស​ជាង​សត្វ​ស្លាប​អម្បាល‌ម៉ាន​ទៅ​ទៀត? តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា អាច​នឹង​បន្ថែម​កម្ពស់​ខ្លួន​ឡើង​មួយ​ហត្ថ ដោយ‌សារ​សេចក្តី​ខ្វល់‌ខ្វាយ​បាន​ឬ​ទេ? ដូច្នេះ បើ​ការ​តូច​បំផុត ពុំ​អាច​នឹង​ធ្វើ​បាន​ទៅ​ហើយ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ខ្វល់‌ខ្វាយ​ពី​ការ​ឯ​ទៀត? ចូរ​ពិចារណា​ពី​ផ្កា​ឈូក ដែល​វា​ដុះ តើ​មាន​សភាព​ដូច​ម្តេច? វា​មិន​ដែល​នឿយ​ហត់​នឹង​ធ្វើ​ការងារ ឬ​ស្រាវ‌រវៃ​ទេ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែព្រះ​បាទ​សាឡូម៉ូន ក្នុង​គ្រា​ដែល​ទ្រង់​មាន​គ្រប់​ទាំង​សេចក្តី​រុង‌រឿង នោះ​មិន​បាន​តែង​អង្គ​ដូច​ជា​ផ្កា​មួយ​នោះ​ផង។ ប្រសិន‌បើ​ព្រះ​តុប‌តែង​តិណ‌ជាតិ​ដែល​ដុះ​នៅ​វាល ដែល​រស់​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ជើង​ក្រាន​យ៉ាង​នោះ​ទៅ​ហើយ តើ​ព្រះ‌អង្គ​នឹង​បំពាក់​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត? ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ! កុំ​ស្វែង​រក​តែ​គ្រឿង​សម្រាប់​បរិ‌ភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ។ ដ្បិត​អស់​ទាំង​សាសន៍​ដទៃ​នៅ​លើ​ពិភព​លោក​នេះ តែង​ស្វែង​រក​របស់​ទាំង​នោះ ឯ​អ្នក​រាល់​គ្នា​វិញ ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​ទាំង​នោះ។ ចូរ​ខំ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ​វិញ ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នាថែម​ទៀត​ផង»។ «កុំ​ខ្លាច ហ្វូង តូច​អើយ ព្រោះ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រទាន​ព្រះរាជ្យ​មក​អ្នក​រាល់​គ្នា​ហើយ។ ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់ សម្រាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ នៅ​ឯ​ស្ថាន‌សួគ៌​វិញ ជា​ស្ថាន​ដែល​គ្មាន​ចោរ​ចូល​ទៅ​ជិត ឬកន្លាត​ស៊ីបំផ្លាញ​ឡើយ។ ព្រោះ​សម្បត្តិ​ទ្រព្យ​អ្នក​នៅ​កន្លែង​ណា ចិត្ត​អ្នក​ក៏​នឹង​ស្ថិត​នៅ​កន្លែង​នោះ​ដែរ»។

ចែក​រំលែក
អាន លូកា 12

លូកា 12:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល នោះ​មាន​មនុស្ស​ប្រជុំ​គ្នា​មីរ‌ដេរ‌ដាស​ស្ទើរ​តែ​នឹង​ជាន់​គ្នា​ឯង ទ្រង់​ក៏​ចាប់​តាំង​មាន​បន្ទូល​នឹង​ពួក​សិស្ស​ជា​មុន​ដំបូង​ថា ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​នឹង​ដំបែ​ពួក​ផារិស៊ី ដែល​ជា​សេចក្ដី​កំពុត គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​ឲ្យ​ឃើញ ឬ​អ្វី​លាក់‌លៀប ដែល​មិន​ត្រូវ​បើក​ឲ្យ​ស្គាល់​នោះ​ឡើយ ដូច្នេះ គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​ក្នុង​ទី​ងងឹត នោះ​នឹង​បាន​ឮ​នៅ​ទី​ភ្លឺ ហើយ​សេចក្ដី​អ្វី ដែល​អ្នក​រាល់​គ្នា​បាន​ខ្សឹប​ដាក់​ត្រចៀក នៅ​ក្នុង​បន្ទប់ នោះ​នឹង​បាន​ប្រកាស​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ តែ​ពួក​សំឡាញ់​អើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្លាច​អ្នក​ណា​ដែល​សំឡាប់​បាន​តែ​រូប‌កាយ រួច​ក្រោយ​មក ពុំ​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ជា​ត្រូវ​ខ្លាច​ដល់​អ្នក​ណា គឺ​ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ​វិញ ដែល​កាល​ណា​ទ្រង់​សំឡាប់ នោះ​ក៏​មាន​អំណាច​អាច​បោះ​ចោល​ទៅ​ក្នុង​នរក​បាន​ផង អើ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ‌អង្គ​ចុះ តើ​គេ​មិន​លក់​ចាប​៥​ថ្លៃ​២​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ‌ទ្រង់​ភ្លេច​ទេ សូម្បី​ទាំង​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ដូច្នេះ កុំ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ ឯ​អស់​អ្នក​ណា ដែល​ពោល​ពាក្យ ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​បាន​អត់​ទោស​ឲ្យ តែ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ នោះ​មិន​បាន​អត់​ទោស​ឲ្យ​ឡើយ កាល​ណា​គេ​បណ្តើរ​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ពួក​ជំនុំ​គេ ឬ​ចំពោះ​ចៅ‌ក្រម ឬ​ពួក​នាម៉ឺន នោះ​កុំ​ឲ្យ​បារម្ភ​ព្រួយ ពី​បែប​យ៉ាង​ណា ឬ​ពី​ពាក្យ​អ្វី ដែល​នឹង​ត្រូវ​ឆ្លើយ​ដោះ‌សា ឬ​និយាយ​នោះ​ឡើយ ដ្បិត​គឺ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង​បង្រៀន​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង។ មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​គាត់​ចែក​មរដក​មក​ខ្ញុំ​ផង ទ្រង់​ឆ្លើយ​តប​ថា ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម សំរាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា រួច​ទ្រង់​មាន​បន្ទូល​ទៅ​គ្រប់​គ្នា​ថា ចូរ​ប្រយ័ត ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ ទ្រង់​ក៏​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា មាន​ស្រែ​ចំការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចំរើន​ជា​បរិបូរ ហើយ​អ្នក​នោះ​រិះ‌គិត​ក្នុង​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច ដ្បិត​អញ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​អញ​ទាំង​នេះ​ទេ ទើប​យល់​ថា អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​អញ​នឹង​រុះ​ជង្រុក​អញ ពង្រីក​ឲ្យ​ធំ​ជាង​ទៅ​ទៀត រួច​ប្រមូល​ផល នឹង​ទ្រព្យ​សម្បត្តិ​ទៅ​ផ្ទុក​នៅ​ទី​នោះ នោះ​អញ​នឹង​ប្រាប់​ដល់​ចិត្ត​ថា ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សំរាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សំរាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ ប៉ុន្តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ។ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត នោះ​វិសេស​ជាង​អាហារ​ចំណី ហើយ​រូប‌កាយ ក៏​វិសេស​ជាង​ស្លៀក​បំពាក់​ដែរ ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប‌ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង​គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ‌ទ្រង់​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​ដំឡៃ​លើស​ជាង​សត្វ​ស្លាប​អម្បាល‌ម៉ាន​ទៅ​ទៀត តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា អាច​នឹង​បន្ថែម​កំពស់​ខ្លួន​ឡើង​១​ហត្ថ ដោយ‌សារ​សេចក្ដី​ខ្វល់‌ខ្វាយ​បាន​ឬ​ទេ ដូច្នេះ បើ​ការ​តូច​បំផុត ពុំ​អាច​នឹង​ធ្វើ​បាន​ទៅ​ហើយ នោះ​ហេតុ​អ្វី​បាន​ជា​ចង់​ខ្វល់‌ខ្វាយ​ពី​ការ​ឯ​ទៀត​ធ្វើ​អី ចូរ​ពិចារណា​ពី​ផ្កា​ឈូក​ដែរ ដែល​វា​ដុះ តើ​មាន​សភាព​ដូច​ម្តេច វា​មិន​ដែល​នឿយ​ធ្វើ​ការ‌ងារ ឬ​ស្រាវ​រវៃ​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ទ្រង់ នោះ​មិន​បាន​តែង​អង្គ​ដូច​ជា​ផ្កា​១​នោះ​ផង ឯ​តិណ‌ជាតិ​ដែល​ដុះ​ឡើង​ដូច្នេះ ហើយ​ថ្ងៃ​នេះ​មាន តែ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ជើង‌ក្រាន នោះ​បើ​ព្រះ‌ទ្រង់​តុប‌តែង​វា​យ៉ាង​ដូច្នោះ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​នឹង​បំពាក់​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត កុំ​ឲ្យ​ស្វែង​រក​តែ​គ្រឿង​សំរាប់​បរិភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ ដ្បិត​អស់​ទាំង​សាសន៍​ដទៃ​នៅ​លោកីយ​នេះ តែង​ស្វែង​រក​របស់​ទាំង​នោះ ឯ​អ្នក​រាល់​គ្នា​វិញ នោះ​ព្រះវរ‌បិតា​នៃ​អ្នក​ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ ចូរ​ខំ​ស្វែង​រក​នគរ​ព្រះ​វិញ នោះ​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ផង កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ឲ្យ​ទៅ​ជា​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់​សំរាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ នៅ​ឯ​ស្ថាន‌សួគ៌​វិញ ដែល​ជា​ស្ថាន​គ្មាន​ចោរ​ចូល​ទៅ​ជិត​ឡើយ ហើយ​កន្លាត​ក៏​មិន​កាត់​បំផ្លាញ​ដែរ ព្រោះ​សម្បត្តិ‌ទ្រព្យ​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​ស្ថិត​នៅ​កន្លែង​នោះ​ឯង។

ចែក​រំលែក
អាន លូកា 12