លូកា 12

12
ព្រះ‌យេស៊ូវ​ទូន្មាន​សិស្ស​កុំ​ឲ្យ​មាន​ចិត្ត​ពុត​ត្បុត
(ម៉ាថាយ ១០.២៦-៣៣)
1កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល មាន​មនុស្ស​ប្រជុំ​គ្នា​មីរ‌ដេរដាស​ស្ទើរ​តែ​នឹង​ជាន់​គ្នា ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​មុន​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី គឺ​ជា​ពុត​ត្បុត​របស់​គេ។ 2គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​ឲ្យ​ឃើញ ឬ​អ្វី​លាក់‌លៀម​ដែល​មិន​ត្រូវ​បើក​ឲ្យ​ស្គាល់​នោះ​ឡើយ។ 3ដូច្នេះ គ្រប់​ទាំង​សេចក្តី​ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​ក្នុង​ទី​ងងឹត នោះ​នឹង​បាន​ឮ​នៅ​ទី​ភ្លឺ ហើយ​សេចក្តី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ខ្សឹប​ដាក់​ត្រចៀក​នៅ​ក្នុង​បន្ទប់ នោះ​នឹង​បាន​ប្រកាស​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ»។
ការ​រំឭក​ដាស់តឿន​អំពី​ការ​ប្រកាស​ជំនឿ​ដោយ​ក្លាហាន
4«មិត្ត​សម្លាញ់​ខ្ញុំ​អើយ ខ្ញុំ​សូម​ប្រាប់​ថា កុំ​ខ្លាច​អ្នក​ណា​ដែល​សម្លាប់​បាន​តែ​រូប‌កាយ រួច​ក្រោយ​មក ពុំ​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ។ 5ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​ត្រូវ​ខ្លាច​អ្នក​ណា គឺ​ត្រូវ​ឲ្យ​ខ្លាច​ព្រះ​វិញ ដែល​កាល​ណា​ព្រះ‌អង្គ​សម្លាប់ នោះ​ក៏​មាន​អំណាច​អាច​បោះ​ចោល​ទៅ​ក្នុង​នរក​បាន​ផង។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ឲ្យ​ខ្លាច​ព្រះ‌អង្គ​ចុះ។ 6តើ​គេ​មិន​លក់​ចាប​ប្រាំ​ថ្លៃ​ពីរ​កាក់​ទេ​ឬ? តែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ​ភ្លេច​ទេ។ 7សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ដូច្នេះ កុំ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ជាង​ចាប​ខ្លាំង​ណាស់។
8ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ។ 9តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ ខ្ញុំ​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដូច​គ្នា។ 10ឯ​អស់​អ្នក​ណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​អត់​ទោស​ឲ្យបាន តែ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ នោះ​អត់​ទោស​ឲ្យ​មិន​បាន​ឡើយ។ 11ពេល​ណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ក្រុម​ជំនុំ ចំពោះ​ចៅក្រម ឬ​ពួក​នាម៉ឺន នោះ​កុំ​ព្រួយ​ពី​របៀប​យ៉ាង​ណា ដែល​នឹង​ត្រូវ​ឆ្លើយ​ការពារ​ខ្លួន ឬ​ពី​ពាក្យ​អ្វី​ដែល​ត្រូវ​និយាយ​នោះ​ឡើយ។ 12ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង»។
រឿង​ប្រៀប​ធៀប​អំពី​អ្នក​មាន​ឆោត​ល្ងង់
13មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បណ្ដាជន ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​ចែក​មត៌ក​មក​ខ្ញុំ​ផង»។ 14ទ្រង់​ឆ្លើយ​តប​ថា៖ «ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ​ក្រម សម្រាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា?» 15រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គ្រប់​គ្នា​ថា៖ «ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ»។ 16ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ​ថា៖ «មាន​ស្រែ​ចម្ការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចម្រើន​ជា​បរិបូរ 17ហើយ​អ្នក​នោះ​រិះ​គិត​ក្នុង​ចិត្ត​ថា "តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច? ដ្បិត​ខ្ញុំ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​ខ្ញុំ​ទាំង​នេះ​ទេ"។ 18គាត់​ក៏​គិត​ថា "ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំចេញ ហើយ​ពង្រីក​ឲ្យ​ធំ​ជាងមុន រួច​ប្រមូល​ផល និង​ទ្រព្យ​សម្បត្តិ​ទៅ​ទុក​នៅ​ទី​នោះ"។ 19រួច​ខ្ញុំ​នឹង​ប្រាប់​ដល់​ចិត្ត​ថា "ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សម្រាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សម្រាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ"។ 20ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា "ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ យើង​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ?" 21អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បម្រុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ»។
កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ
(ម៉ាថាយ ៦.១៩-៣៤)
22ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិ‌ភោគ​អ្វី ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ។ 23ឯ​ជីវិត នោះ​វិសេស​ជាង​ចំណី​អាហារ ហើយ​រូប‌កាយ ក៏​វិសេស​ជាង​សម្លៀក‌បំពាក់​ដែរ។ 24ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប​ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​តម្លៃ​លើស​ជាង​សត្វ​ស្លាប​អម្បាល‌ម៉ាន​ទៅ​ទៀត? 25តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា អាច​នឹង​បន្ថែម​កម្ពស់​ខ្លួន​ឡើង​មួយ​ហត្ថ ដោយ‌សារ​សេចក្តី​ខ្វល់‌ខ្វាយ​បាន​ឬ​ទេ? 26ដូច្នេះ បើ​ការ​តូច​បំផុត ពុំ​អាច​នឹង​ធ្វើ​បាន​ទៅ​ហើយ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ខ្វល់‌ខ្វាយ​ពី​ការ​ឯ​ទៀត? 27ចូរ​ពិចារណា​ពី​ផ្កា​ឈូក ដែល​វា​ដុះ តើ​មាន​សភាព​ដូច​ម្តេច? វា​មិន​ដែល​នឿយ​ហត់​នឹង​ធ្វើ​ការងារ ឬ​ស្រាវ‌រវៃ​ទេ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែព្រះ​បាទ​សាឡូម៉ូន ក្នុង​គ្រា​ដែល​ទ្រង់​មាន​គ្រប់​ទាំង​សេចក្តី​រុង‌រឿង នោះ​មិន​បាន​តែង​អង្គ​ដូច​ជា​ផ្កា​មួយ​នោះ​ផង។ 28ប្រសិន‌បើ​ព្រះ​តុប‌តែង​តិណ‌ជាតិ​ដែល​ដុះ​នៅ​វាល ដែល​រស់​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ជើង​ក្រាន​យ៉ាង​នោះ​ទៅ​ហើយ តើ​ព្រះ‌អង្គ​នឹង​បំពាក់​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត? ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ! 29កុំ​ស្វែង​រក​តែ​គ្រឿង​សម្រាប់​បរិ‌ភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ។ 30ដ្បិត​អស់​ទាំង​សាសន៍​ដទៃ​នៅ​លើ​ពិភព​លោក​នេះ តែង​ស្វែង​រក​របស់​ទាំង​នោះ ឯ​អ្នក​រាល់​គ្នា​វិញ ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​ទាំង​នោះ។ 31ចូរ​ខំ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ​វិញ ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នាថែម​ទៀត​ផង»។
32«កុំ​ខ្លាច ហ្វូង តូច​អើយ ព្រោះ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រទាន​ព្រះរាជ្យ​មក​អ្នក​រាល់​គ្នា​ហើយ។ 33ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់ សម្រាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ នៅ​ឯ​ស្ថាន‌សួគ៌​វិញ ជា​ស្ថាន​ដែល​គ្មាន​ចោរ​ចូល​ទៅ​ជិត ឬកន្លាត​ស៊ីបំផ្លាញ​ឡើយ។ 34ព្រោះ​សម្បត្តិ​ទ្រព្យ​អ្នក​នៅ​កន្លែង​ណា ចិត្ត​អ្នក​ក៏​នឹង​ស្ថិត​នៅ​កន្លែង​នោះ​ដែរ»។
បាវ​បម្រើ​ដែល​ប្រុង​ប្រៀប​ខ្លួន
35«ចូរ​ប្រុង​ប្រៀប​ខ្លួន ហើយ​ឲ្យ​ចង្កៀង​របស់​អ្នក​នៅ​ឆេះ​ជា‌និច្ច។ 36ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​មនុស្ស​ដែល​នៅ​រង់‌ចាំ​ចៅហ្វាយ​ខ្លួន ត្រឡប់​មក​ពី​ស៊ី​ការ​វិញ ដើម្បី​កាល​ណា​លោក​មក​គោះ​ទ្វារ នោះ​គេ​បាន​បើក​ទ្វា​ឲ្យ​លោក​ភ្លាម។ 37ពួក​បាវ​បម្រើ​ដែល​ចៅហ្វាយ​មក​ដល់ ហើយ​ឃើញ​ថា​កំពុង​តែ​នៅ​រង់​ចាំ​លោក អ្នក​បម្រើ​នោះ​មាន​ពរហើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​ឲ្យ​អ្នក​ទាំង​នោះ អង្គុយ​នៅ​តុ ហើយ​លោក​នឹង​ក្រវាត់​ចង្កេះ មក​បម្រើ​គេ​វិញ។ 38បើ​លោក​មក​ដល់​ក្នុង​យាម​ទី​ពីរ ឬ​យាម​ទី​បី ហើយ​ឃើញ​គេ​នៅ​រង់​ចាំ​ដូច្នេះ បាវ​បម្រើ​នោះ​មាន​ពរ​ហើយ។ 39តែ​ត្រូវ​ដឹង​សេចក្តី​នេះ​ថា បើ​ម្ចាស់​ផ្ទះ​ដឹងថា​ចោរ​នឹង​មក​នៅ​វេលា​ណា នោះ​គាត់​នឹង​ចាំ​យាម មិន​ឲ្យ​ចោរ​ទម្លុះ​ផ្ទះ​បាន​ឡើយ។ 40ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បម្រុង​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​បានគិត»។
បាវ​បម្រើ​ស្មោះ​ត្រង់ ឬ​មិន​ស្មោះ​ត្រង់
(ម៉ាថាយ ២៤.៤៥-៥១)
41ពេត្រុស​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រឿង​ប្រៀប​ធៀប​នេះ ដល់​ត្រឹម​យើង​ខ្ញុំ​ប៉ុណ្ណោះ ឬ​ដល់​មនុស្ស​គ្រប់​គ្នា​ដែរ?»។ 42ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​អ្នក​ណា​ជា​នាយ​តម្រួត​ការ​ដែល​ស្មោះ​ត្រង់ មាន​មារ‌យាទ​ល្អ ដែល​ចៅហ្វាយ​នឹង​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក ដើម្បី​បើក​អាហារ​ឲ្យ​គេ​បរិ‌ភោគ​តាម​ត្រូវ​ពេល? 43បើ​កាល​ចៅហ្វាយ​មក​ដល់ ឃើញ​បាវ​បម្រើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​គាត់​មាន​ពរ​ហើយ។ 44ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​តាំង​អ្នក​នោះ ឲ្យ​ត្រួត‌ត្រា​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់។ 45ប៉ុន្តែ បើ​បាវ​បម្រើ​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា "ចៅហ្វាយ​អញ​ក្រ​មក" ហើយ​ក៏​តាំង​វាយ​ពួក​បាវ​បម្រើ​ប្រុស​ស្រី ទាំង​ស៊ី​ផឹក​ស្រវឹង 46ដូច្នេះ ដល់​ថ្ងៃ​ដែល​បាវ​បម្រើ​នោះ​មិន​រង់​ចាំ និង​នៅ​វេលា​ណា​ដែល​គាត់​មិន​ដឹង នោះ​ចៅហ្វាយ​នឹង​មក​ដល់ ហើយ​លោក​នឹង​ធ្វើ​ទោស​យ៉ាង​ធ្ងន់ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​ពួក​មនុស្ស​មិន​ជឿ​ផង។ 47បាវ​បម្រើ​ណា​ដែល​ស្គាល់​ចិត្ត​ចៅហ្វាយ តែ​មិន​បាន​រៀបចំ ឬ​ធ្វើ​តាម​ចិត្ត​លោក​សោះ នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។ 48ប៉ុន្ដែ អ្នក​ណា​ដែល​មិន​បាន​ស្គាល់ តែ​បាន​ប្រព្រឹត្ត​គួរ​នឹង​ត្រូវ​រំពាត់ អ្នក​នោះ​នឹង​ត្រូវ​វាយ​តិច ហើយ​អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ឲ្យច្រើន នោះ​គេ​នឹង​ទារ​ច្រើន​ពី​អ្នក​នោះ​វិញ គេ​នឹង​សូម​លើស​ទៅ​ទៀត ពី​អ្នក​ណា​ដែល​គេ​បាន​ផ្ញើ​ទុក​ជា​ច្រើន​ផង»។
ការ​បាក់​បែក​គ្នា​ដោយ​ព្រោះ​ជំនឿ
(ម៉ាថាយ ១០.៣៤-៣៦)
49«ខ្ញុំ​បាន​មក ដើម្បី​បោះ​ភ្លើង​នៅ​លើ​ផែនដី បើ​ភ្លើង​នោះ​ឆេះ​ហើយ តើ​ខ្ញុំ​នៅ​ចង់​បាន​អ្វី​ទៀត? 50តែ​ខ្ញុំ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​មួយ​សិន ហើយ​ខ្ញុំ​ត្រូវ​ចង្អៀត‌ចង្អល់​យ៉ាងណា​ទៅ ទម្រាំ​តែ​ពិធី​នោះ​បាន​សម្រេច។ 51តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ឲ្យ​មាន​សេចក្តី​សុខ‌សាន្ត​នៅ​ផែនដី​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ គឺ​មក​ដើម្បី​ឲ្យ​បែក​បាក់​វិញ​ទេ​តើ។ 52ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​ប្រាំ​នាក់​ក្នុង​ផ្ទះ​មួយ​បាក់​បែក​គ្នា គឺ​បី​នាក់​ទាស់​នឹង​ពីរ​នាក់ ហើយ​ពីរ​នាក់​ទាស់​នឹង​បី​នាក់។ 53ឯ​ឪពុក នឹង​បាក់​បែក​ទាស់​នឹង​កូន​ប្រុស ហើយ​កូន​ប្រុស​ទាស់​នឹង​ឪពុក ម្តាយ​ទាស់​នឹង​កូន​ស្រី ហើយ​កូន​ស្រី​ទាស់​នឹង​ម្តាយ ម្តាយ​ក្មេក​ទាស់​នឹង​កូន​ប្រសាស្រី ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក​ដែរ»។
ការ​យល់​ដឹង​អំពី​ពេល​វេលា
(ម៉ាថាយ ១៦.២-៣)
54ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​ឡើង​ពី​ទិស​ខាង​លិច ស្រាប់​តែ​អ្នក​រាល់​គ្នា​ថា "មេឃចង់​ភ្លៀង​ហើយ" ហើយ​ក៏​មានភ្លៀង​មែន។ 55កាល​ណា​ខ្យល់​បក់​ពី​ខាង​ត្បូង នោះ​អ្នក​រាល់​គ្នា​ថា "ថ្ងៃ​នេះ មុខ​ជា​ក្តៅមិន​ខាន ហើយ​ក៏​ក្ដៅមែន"។ 56ឱ​មនុស្ស​ពុត​ត្បុត​អើយ អ្នក​រាល់​គ្នា​ចេះ​សម្គាល់​សភាព​ដី និង​មេឃ​បាន ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពេល​វេលា​បច្ចុប្បន្នដូច្នេះ»?។
ការ​សម្រុះ​សម្រួល​ជា​មួយ​គូ​បដិបក្ស
(ម៉ាថាយ ៥.២៥-២៦)
57«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ពិចារណាមើលខ្លួន​ឯង ពី​អ្វី​ដែល​ត្រឹមត្រូវ? 58ពេល​អ្នក​កំពុង​តែ​ដើរ​តាម​ផ្លូវ ជា​មួយ​សត្រូវរបស់​អ្នកនៅ​ចំពោះ​អាជ្ញាធរ នោះ​ចូរ​ខំ​ប្រឹង​ដោះ​ខ្លួន​ឲ្យ​រួច ក្រែង​គេ​ទាញ​អូស​អ្នក​ទៅ​ឲ្យ​ចៅ‌ក្រម ហើយ​ចៅ‌ក្រម​ប្រគល់​អ្នក​ឲ្យ​នគរ‌បាល ហើយ​នគរ‌បាល​នឹង​យក​អ្នក​ទៅ​ដាក់​គុក។ 59ខ្ញុំ​ប្រាប់​អ្នក​ថា ប្រសិន‌បើ​អ្នក​នៅ​ខ្វះ​តែ​មួយ​សេន​នឹង​សង​គេ​ឲ្យ​គ្រប់ នោះ​អ្នក​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

លូកា 12: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ