លូកា 11

11
សេចក្តី​អធិស្ឋាន​របស់​ព្រះ‌អម្ចាស់
(ម៉ាថាយ ៦.៩-១៣, ៧.៧-១១)
1ព្រះ‌យេស៊ូវ​បាន​អធិស្ឋាន​នៅ​កន្លែង​មួយ ហើយ​ក្រោយ​ពី​ព្រះ‌អង្គ​អធិស្ឋាន​ចប់ សិស្ស​របស់​ព្រះ‌អង្គ​ម្នាក់​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ផង»។ 2ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន ត្រូវ​ពោល​ថា
ឱ​ព្រះ‌វរបិតា​នៃ​យើង​ខ្ញុំ
ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ
សូម​ឲ្យ​ព្រះ‌នាមព្រះ‌អង្គ​បាន​បរិសុទ្ធ
សូម​ឲ្យព្រះ​រាជ្យរបស់​ព្រះ‌អង្គ​បាន​មក​ដល់
សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ
បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ។
3សូម​ប្រទាន​អាហារ
ដែល​យើង​ខ្ញុំ​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ។
4សូម​អត់​ទោស​អំពើ​បាប​របស់​យើង​ខ្ញុំ
ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស
ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ
ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ
[តែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​វិញ]»។
សេចក្តី​ខ្ជាប់​ខ្ជួន​ក្នុង​ការ​អធិស្ឋាន
5ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​មិត្ត​សម្លាញ់​ម្នាក់ ហើយ​ទៅ​រក​អ្នក​នោះ​ទាំង​ពាក់​កណ្តាល​អធ្រាត្រ​ថា "សម្លាញ់​អើយ សូម​ឲ្យ​ខ្ញុំ​ខ្ចី​នំបុ័ង​បី​ដុំ​សិន 6ដ្បិត​មាន​សម្លាញ់​ខ្ញុំ​ម្នាក់ ធ្វើ​ដំណើរ​មក​ដល់​ផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​គ្មាន​អ្វី​ទទួល​គេ​សោះ"។ 7អ្នក​នោះ​នឹង​ឆ្លើយ​ពី​ក្នុង​ផ្ទះ​មក​ថា "កុំ​មក​រំខាន​ចិត្ត​ខ្ញុំ​អី ព្រោះ​ទ្វារ​បិទ​ហើយ កូន​ខ្ញុំ​ក៏​ដេក​លើ​គ្រែ​ជា​មួយ​ខ្ញុំ​ដែរ ខ្ញុំ​ក្រោក​ទៅ​យក​ឲ្យ​ឯង​ពុំ​បាន​ទេ"។ 8ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សម្លាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជា‌និច្ច។
9ដូច្នេះ បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក។ 10ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ។ 11ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក បើ​កូន​សូម​នំបុ័ង តើ​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​កូន ឬ​បើ​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ? 12បើ​កូន​សូម​ពង​មាន់ តើ​នឹង​ឲ្យ​ខ្យាដំរី​ឬ? 13បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ ចុះ​ចំណង់​បើ​ព្រះ‌វរបិតា​ដែល​គង់​ស្ថាន‌សួគ៌ តើ​ព្រះ‌អង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត»?។
ព្រះ‌យេស៊ូវ និង​បេល‌សេប៊ូល
(ម៉ាថាយ ១២.២២-៣០,៤៣-៤៥ ម៉ាកុស ៣.២០-២៧)
14គ្រា​នោះ ព្រះ‌អង្គ​កំពុង​តែ​ដេញ​អារក្ស​គ​ពី​មនុស្ស​ម្នាក់ ពេ​ល​វា​បាន​ចេញ​ទៅ​បាត់​ហើយ មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មហា‌ជន​មាន​សេចក្តី​អស្ចារ្យ 15តែ​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​ដោយ‌សារ​តែ​បេលសេ‌ប៊ូល ជា​មេ​អារក្ស​ទេ»។ 16អ្នក​ខ្លះ​ទៀត​ល្បង​ព្រះ‌អង្គ ដោយ​សូម​ទី​សម្គាល់​មួយ​មក​ពី​លើ​មេឃ។ 17ព្រះ‌យេស៊ូវ​ជ្រាប​ពី​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​ទាំង​នគរ​ណា​ដែល​បែក​ខ្ញែក​ទាស់​តែ​គ្នា​ឯង នគរ​នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ផ្ទះ​ណា​ដែល​ទាស់​ទែង​គ្នា​ឯង ផ្ទះ​នោះ​នឹង​ត្រូវ​រលំ​ទៅ​ជា​មិន​ខាន។ 18ប្រសិន‌បើ​សាតាំង​បែក​បាក់​ទាស់​ទែង​គ្នា​ឯង ធ្វើ​ដូច​ម្តេច​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត​ស្ថេរ​បាន? ដ្បិត​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេលសេ‌ប៊ូល។ 19ប្រសិន‌បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេលសេ‌ប៊ូល​មែន​នោះ តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ‌សារអ្នក​ណា​វិញ? ដូច្នេះ កូន​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា​ហើយ។ 20ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​អង្គុលី​ព្រះ‌ហស្ត​នៃ​ព្រះ នោះ​ព្រះរាជ្យ​របស់​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ 21កាល​ណា​មនុស្ស​ខ្លាំង​ពូកែ​កាន់​គ្រឿង​អាវុធ ប្រុង​ប្រៀប​នឹង​ការពារ​ផ្ទះ​របស់​ខ្លួន នោះ​ទ្រព្យ​សម្បត្តិ​របស់​គាត់​នឹង​បាន​គង់​វង់​នៅ 22ប៉ុន្តែ បើ​អ្នក​ណា​ខ្លាំង​ជាង មក​វាយ​ឈ្នះ​គាត់​កាល​ណា នោះ​គេ​ដណ្តើម​យក​អស់​ទាំង​គ្រឿង​អាវុធ ដែល​គាត់​ទុក​ចិត្ត​នោះ រួច​ប្លន់​យក​ជ័យ‌ភណ្ឌ​ទៅ​ចែក​គ្នា​ហើយ។ 23អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​គឺ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កម្ចាត់​កម្ចាយ​វិញ»។
ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​វិញ្ញាណ​អាក្រក់​វិល​មក​វិញ
24«កាល​ណា​អារក្ស‌អសោចិ៍​បាន​ចេញ​ពី​មនុស្ស​ណា នោះ​វា​ដើរ​កាត់​កន្លែង​ហួត‌ហែង ទៅ​រក​ទី​ឈប់​សម្រាក តែ​ដោយ​រក​មិន​បាន​សោះ នោះ​វា​គិត​ថា "អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ ដែល​ទើប​ចេញ​មក​នោះ​វិញ"។ 25ពេល​ណា​វា​មក​ដល់ ឃើញ​ផ្ទះ​បោស​ស្អាត ហើយ​បាន​តុប‌តែង​យ៉ាង​ល្អ 26នោះ​វា​ក៏​ចេញ​ទៅ​នាំ​យក​អារក្ស​ប្រាំ​ពីរ​ទៀត ដែល​កាចៗ​ជាង​វា ចូល​ទៅ​នៅ​ទី​នោះ​ផង ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ​ក៏​រឹត​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត»។
ព្រះពរ​ពិត​ប្រាកដ
27កាល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​ស្ត្រី​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ហ្វូង​មនុស្ស​ថា៖ «មាន​ពរ​ហើយ ផ្ទៃ​ណា​ដែល​បាន​រក្សា​លោក ហើយ​ដោះ​ណា​ដែល​លោក​បាន​បៅ»។ 28តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​ប្រព្រឹត្តតាម»។
ទី​សម្គាល់​របស់​លោក​យ៉ូណាស
(ម៉ាថាយ ១២.៣៨-៤២)
29ពេល​នោះ មហា‌ជន​ប្រជុំ​គ្នា​កាន់​តែ​ច្រើន​ឡើងៗ ហើយ​ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ គេ​រក​តែ​ទី​សម្គាល់​ទេ តែ​គ្មាន​ទី​សម្គាល់​ណា​នឹង​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សម្គាល់​របស់​ហោរា​យ៉ូណាស​ឡើយ។ 30ដ្បិត​លោក​យ៉ូណាស​ជា​ទី​សម្គាល់​ដល់​មនុស្ស​នៅ​ក្រុង​នីនីវេ​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​បាន​ជា​ទី​សម្គាល់​ដល់​មនុស្ស​ជំនាន់​នេះ​យ៉ាង​ដូច្នោះ​ដែរ។ 31នៅ​ថ្ងៃ​ជំនុំ‌ជម្រះ មហា‌ក្សត្រិយ៍​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជំនុំ‌ជម្រះ​មនុស្ស​ជំនាន់​នេះ ហើយ​កាត់​ទោសគេ ព្រោះ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​ស្តាប់​ប្រាជ្ញា​ព្រះបាទ​សាឡូម៉ូន ហើយ​មើល៍ នៅ​ទី​នេះ​មាន​អ្វី​មួយ​វិសេស​លើស​ជាង​ព្រះ‌បាទ​សាឡូម៉ូន​ទៅ​ទៀត។ 32នៅ​ថ្ងៃ​ជំនុំ‌ជម្រះ មនុស្ស​នៅ​ក្រុង​នីនីវេ នឹង​ឈរ​ឡើង​ជំនុំ‌ជម្រះ​មនុស្ស​ជំនាន់​នេះ ហើយ​កាត់​ទោស​គេ​ដែរ ព្រោះ​គេ​បាន​ប្រែ​ចិត្ត ដោយ‌សារ​ពាក្យ​លោក​យ៉ូណាស​ប្រដៅ ហើយ​មើល៍! នៅ​ទី​នេះ​មាន​មួយ​អង្គ​ដ៏​វិសេស លើស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត»។
ចង្កៀង​របស់​រូប​កាយ
(ម៉ាថាយ ៥.១៥, ៦.២២-២៣)
33«គ្មាន​អ្នក​ណា​អុជ​ចង្កៀង យក​ទៅ​ដាក់​នៅ​ទី​កំបាំង ឬ​គ្រប​នឹង​ថាំង​ឡើយ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល បាន​ឃើញ​ពន្លឺ។ 34ឯ​ចង្កៀង​របស់​រូប‌កាយ គឺ​ជា​ភ្នែក ដូច្នេះ កាល​ណា​ភ្នែក​អ្នក​ល្អ នោះ​រូប‌កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ​ដែរ តែ​កាល​ណា​ភ្នែក​អាក្រក់ នោះ​រូប‌កាយ​អ្នក​នឹង​ងងឹត។ 35ដូច្នេះ ចូរ​ប្រយ័ត្ន ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្តី​ងងឹត។ 36ប្រសិន‌បើ​រូប‌កាយ​អ្នក​ទាំង​មូល​បាន​ភ្លឺ ឥត​មាន​ងងឹត​ត្រង់​ណា​សោះ នោះ​នឹង​បាន​ភ្លឺ​ទាំង​អស់ ដូច​កាល​ចង្កៀង​បំភ្លឺ​អ្នក​ដែរ»។
ព្រះ‌យេស៊ូវ​ប្រាប់​ឲ្យ​ប្រយ័ត្ន​នឹង​ពួក​ផារិស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់
(ម៉ាថាយ ២៣.១-៣៦ ម៉ាកុស ១២.៣៨-៤០)
37កាល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល មាន​ម្នាក់​ក្នុង​ពួក​ផារិស៊ី ទូល​សូម​ព្រះ‌អង្គ​យាង​ទៅ​សោយ​អាហារ​ជា​មួយ​គាត់ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ។ 38អ្នក​ផារិស៊ី​នោះ​បាន​ឃើញ ក៏​ងឿង​ឆ្ងល់​ដែល​ព្រះ‌អង្គ​មិន​បាន​លាង​ព្រះ‌ហស្ត មុន​នឹង​សោយ។ 39ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​រាល់​គ្នា ជា​ពួក​ផារិស៊ី អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ​ទេ តែ​ចំណែក​ខាង​ក្នុង អ្នក​រាល់​គ្នា​មាន​ពេញ​ដោយ​ចិត្តលោភ និង​គំនិត​អាក្រក់។ 40ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ ព្រះ​ដែល​បង្កើត​ខាង​ក្រៅ តើ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ? 41ត្រូវ​ឲ្យ​ទាន​ពី​របស់​ដែល​នៅ​ខាង​ក្នុង​វិញ នោះ​គ្រប់​ទាំង​អស់​នឹង​ស្អាត​សម្រាប់​អ្នក​រាល់​គ្នា។
42ប៉ុន្តែ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារិស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​តែង​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ទាំង​ជីរ​អង្កាម ជីរ​លីងលាក់ និង​បន្លែ​គ្រប់​មុខ តែ​លះ​ចោល​សេចក្តី​យុត្តិធម៌ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ទៅ​វិញ ការ​ទាំង​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​គួរ​តែ​បាន​ប្រព្រឹត្ត ឥត​ចោល​ការ​អ្វី​ផ្សេង​ទៀត​ឡើយ។ 43វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារិស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​កន្លែង​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​តាម​ទី​ផ្សារ។ 44វេទនា​ដល់​អ្នក​រាល់​គ្នា [ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​អ្នក​មាន​ពុត​អើយ] ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ផ្នូរ​ខ្មោច ដែល​មើល​មិន​ឃើញ ហើយ​មនុស្ស​ដើរ​ជាន់​ដោយ​មិន​ដឹង​ខ្លួន»។
45មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឆ្លើយ​ឡើង​ថា៖ «លោក​គ្រូ ដែល​លោក​មាន​ប្រសាសន៍​យ៉ាង​នេះ នោះ​មាន​ន័យ​ថា​ត្មះ‌តិះ‌ដៀល​ដល់​ពួក​យើង​ខ្ញុំ​ហើយ»។ 46ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​ប្រាជ្ញ​ច្បាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ពិបាក​ទទួល ទៅ​លើ​មនុស្ស តែ​ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​មួយ​ឆ្កឹះ​បន្ទុក​នោះ​ផង។ 47វេទនា​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ផ្នូរ​ឲ្យ​ពួក​ហោរា ដែល​បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​សម្លាប់។ 48ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ថា អ្នក​រាល់​គ្នា​យល់​ព្រម​តាម​ការ​ដែល​បុព្វ‌បុរសអ្នក​រាល់​គ្នា​បាន​ធ្វើ​នោះហើយ ដ្បិត​អ្នក​ទាំង​នោះ​បាន​សម្លាប់​គេ​មែន ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ផ្នូរ​ឲ្យ​ដែរ។ 49ដោយ​ហេតុ​នោះ​បាន​ជា​ប្រាជ្ញា​របស់​ព្រះ​បាន​សម្តែង​ថា "យើង​នឹងចាត់​ពួក​ហោរា និង​ពួក​សាវក​ឲ្យទៅ​រក​គេ គេ​នឹង​សម្លាប់​ខ្លះ ហើយ​បណ្តេញ​ខ្លះ" 50ដើម្បី​ឲ្យ​ឈាម​របស់​ពួក​ហោរា​ទាំង​អស់ ដែល​បាន​ខ្ចាយ​តាំង​ពី​កំណើត​ពិភព​លោក​មក​នោះ បាន​ត្រូវ​ទារ​ពី​មនុស្ស​ជំនាន់​នេះ​វិញ។ 51គឺ​ចាប់​តាំង​ពី​ឈាម​របស់​អេបិល ទៅ​ដល់​ឈាម​របស់​សាការី ដែល​គេ​សម្លាប់ នៅ​ចន្លោះ​អាសនា និងទីបរិសុទ្ធ។ ខ្ញុំ​ប្រាប់​ថា ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​មនុស្ស​ជំនាន់​នេះ​វិញ។ 52វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អ្នក​ប្រាជ្ញ​ច្បាប់​អើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដក​កូន​សោ​នៃ​ចំណេះ​ដឹង​ចេញ​ហើយ ខ្លួន​អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​ថែម​ទាំង​រាំងរា​អស់អ្នកដែល​កំពុង​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។
53ពេល​ព្រះ‌អង្គ​យាង​ចេញ​ទៅ​ក្រៅ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ចាប់​ផ្តើម​ជំរុញ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​ឲ្យ​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ជា​ច្រើន 54ដោយ​ចាំ​ចាប់​កំហុស​ព្រះ‌អង្គ ដើម្បីរក​ហេតុ​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

ទើបបានជ្រើសរើសហើយ៖

លូកា 11: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ