កាលព្រះអង្គកំពុងមានព្រះបន្ទូល មានមនុស្សប្រជុំគ្នាមីរដេរដាសស្ទើរតែនឹងជាន់គ្នា ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលទៅពួកសិស្សមុនគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី គឺជាពុតត្បុតរបស់គេ។ គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀមដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ។ ដូច្នេះ គ្រប់ទាំងសេចក្តីដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយសេចក្តីអ្វីដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀកនៅក្នុងបន្ទប់ នោះនឹងបានប្រកាសប្រាប់ពីលើដំបូលផ្ទះវិញ»។ «មិត្តសម្លាញ់ខ្ញុំអើយ ខ្ញុំសូមប្រាប់ថា កុំខ្លាចអ្នកណាដែលសម្លាប់បានតែរូបកាយ រួចក្រោយមក ពុំអាចធ្វើអ្វីទៀតបាននោះឡើយ។ ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងថាត្រូវខ្លាចអ្នកណា គឺត្រូវឲ្យខ្លាចព្រះវិញ ដែលកាលណាព្រះអង្គសម្លាប់ នោះក៏មានអំណាចអាចបោះចោលទៅក្នុងនរកបានផង។ ខ្ញុំប្រាប់អ្នករាល់គ្នាថា ត្រូវឲ្យខ្លាចព្រះអង្គចុះ។ តើគេមិនលក់ចាបប្រាំថ្លៃពីរកាក់ទេឬ? តែគ្មានចាបណាមួយដែលព្រះភ្លេចទេ។ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃលើសជាងចាបខ្លាំងណាស់។ ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះកូនមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ។ តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោកទេ ខ្ញុំក៏មិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដូចគ្នា។ ឯអស់អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នោះអត់ទោសឲ្យមិនបានឡើយ។ ពេលណាគេបញ្ជូនអ្នករាល់គ្នាទៅនៅមុខក្រុមជំនុំ ចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំព្រួយពីរបៀបយ៉ាងណា ដែលនឹងត្រូវឆ្លើយការពារខ្លួន ឬពីពាក្យអ្វីដែលត្រូវនិយាយនោះឡើយ។ ដ្បិតព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនសេចក្តីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង»។ មានមនុស្សម្នាក់ក្នុងចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «លោកគ្រូ សូមលោកប្រាប់បងខ្ញុំ ឲ្យចែកមត៌កមកខ្ញុំផង»។ ទ្រង់ឆ្លើយតបថា៖ «ឱអ្នកអើយ តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សម្រាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា?» រួចព្រះអង្គមានព្រះបន្ទូលទៅគ្រប់គ្នាថា៖ «ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ»។ ទ្រង់ក៏មានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេថា៖ «មានស្រែចម្ការរបស់អ្នកមានម្នាក់បានកើតផលចម្រើនជាបរិបូរ ហើយអ្នកនោះរិះគិតក្នុងចិត្តថា "តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច? ដ្បិតខ្ញុំគ្មានកន្លែងណានឹងដាក់ផលរបស់ខ្ញុំទាំងនេះទេ"។ គាត់ក៏គិតថា "ខ្ញុំត្រូវធ្វើយ៉ាងនេះ គឺខ្ញុំនឹងរុះជង្រុកខ្ញុំចេញ ហើយពង្រីកឲ្យធំជាងមុន រួចប្រមូលផល និងទ្រព្យសម្បត្តិទៅទុកនៅទីនោះ"។ រួចខ្ញុំនឹងប្រាប់ដល់ចិត្តថា "ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសម្រាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សម្រាកទៅ ហើយស៊ីផឹកសប្បាយចុះ"។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅអ្នកនោះថា "ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះ យើងនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ?" អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបម្រុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ»។ ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ។ ឯជីវិត នោះវិសេសជាងចំណីអាហារ ហើយរូបកាយ ក៏វិសេសជាងសម្លៀកបំពាក់ដែរ។ ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំង គ្មានជង្រុកអ្វីផង តែព្រះចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានតម្លៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត? តើមានអ្នកណាក្នុងពួកអ្នករាល់គ្នា អាចនឹងបន្ថែមកម្ពស់ខ្លួនឡើងមួយហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ? ដូច្នេះ បើការតូចបំផុត ពុំអាចនឹងធ្វើបានទៅហើយ ចុះហេតុអ្វីបានជាចង់ខ្វល់ខ្វាយពីការឯទៀត? ចូរពិចារណាពីផ្កាឈូក ដែលវាដុះ តើមានសភាពដូចម្តេច? វាមិនដែលនឿយហត់នឹងធ្វើការងារ ឬស្រាវរវៃទេ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន ក្នុងគ្រាដែលទ្រង់មានគ្រប់ទាំងសេចក្តីរុងរឿង នោះមិនបានតែងអង្គដូចជាផ្កាមួយនោះផង។ ប្រសិនបើព្រះតុបតែងតិណជាតិដែលដុះនៅវាល ដែលរស់នៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងជើងក្រានយ៉ាងនោះទៅហើយ តើព្រះអង្គនឹងបំពាក់ឲ្យអ្នករាល់គ្នា លើសជាងអម្បាលម៉ានទៅទៀត? ឱមនុស្សមានជំនឿតិចអើយ! កុំស្វែងរកតែគ្រឿងសម្រាប់បរិភោគ ហើយកុំថប់បារម្ភឡើយ។ ដ្បិតអស់ទាំងសាសន៍ដទៃនៅលើពិភពលោកនេះ តែងស្វែងរករបស់ទាំងនោះ ឯអ្នករាល់គ្នាវិញ ព្រះវរបិតារបស់អ្នករាល់គ្នាទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការរបស់ទាំងនោះ។ ចូរខំស្វែងរកព្រះរាជ្យរបស់ព្រះវិញ ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ «កុំខ្លាច ហ្វូង តូចអើយ ព្រោះព្រះវរបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យនឹងប្រទានព្រះរាជ្យមកអ្នករាល់គ្នាហើយ។ ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សម្រាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ជាស្ថានដែលគ្មានចោរចូលទៅជិត ឬកន្លាតស៊ីបំផ្លាញឡើយ។ ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា ចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះដែរ»។
អាន លូកា 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 12:1-34
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ