លូកា 12:1-34

លូកា 12:1-34 ពគប

កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល នោះ​មាន​មនុស្ស​ប្រជុំ​គ្នា​មីរ‌ដេរ‌ដាស​ស្ទើរ​តែ​នឹង​ជាន់​គ្នា​ឯង ទ្រង់​ក៏​ចាប់​តាំង​មាន​បន្ទូល​នឹង​ពួក​សិស្ស​ជា​មុន​ដំបូង​ថា ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​នឹង​ដំបែ​ពួក​ផារិស៊ី ដែល​ជា​សេចក្ដី​កំពុត គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​ឲ្យ​ឃើញ ឬ​អ្វី​លាក់‌លៀប ដែល​មិន​ត្រូវ​បើក​ឲ្យ​ស្គាល់​នោះ​ឡើយ ដូច្នេះ គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​ក្នុង​ទី​ងងឹត នោះ​នឹង​បាន​ឮ​នៅ​ទី​ភ្លឺ ហើយ​សេចក្ដី​អ្វី ដែល​អ្នក​រាល់​គ្នា​បាន​ខ្សឹប​ដាក់​ត្រចៀក នៅ​ក្នុង​បន្ទប់ នោះ​នឹង​បាន​ប្រកាស​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ តែ​ពួក​សំឡាញ់​អើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្លាច​អ្នក​ណា​ដែល​សំឡាប់​បាន​តែ​រូប‌កាយ រួច​ក្រោយ​មក ពុំ​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ជា​ត្រូវ​ខ្លាច​ដល់​អ្នក​ណា គឺ​ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ​វិញ ដែល​កាល​ណា​ទ្រង់​សំឡាប់ នោះ​ក៏​មាន​អំណាច​អាច​បោះ​ចោល​ទៅ​ក្នុង​នរក​បាន​ផង អើ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ‌អង្គ​ចុះ តើ​គេ​មិន​លក់​ចាប​៥​ថ្លៃ​២​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ‌ទ្រង់​ភ្លេច​ទេ សូម្បី​ទាំង​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ដូច្នេះ កុំ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ ឯ​អស់​អ្នក​ណា ដែល​ពោល​ពាក្យ ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​បាន​អត់​ទោស​ឲ្យ តែ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ នោះ​មិន​បាន​អត់​ទោស​ឲ្យ​ឡើយ កាល​ណា​គេ​បណ្តើរ​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ពួក​ជំនុំ​គេ ឬ​ចំពោះ​ចៅ‌ក្រម ឬ​ពួក​នាម៉ឺន នោះ​កុំ​ឲ្យ​បារម្ភ​ព្រួយ ពី​បែប​យ៉ាង​ណា ឬ​ពី​ពាក្យ​អ្វី ដែល​នឹង​ត្រូវ​ឆ្លើយ​ដោះ‌សា ឬ​និយាយ​នោះ​ឡើយ ដ្បិត​គឺ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង​បង្រៀន​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង។ មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​គាត់​ចែក​មរដក​មក​ខ្ញុំ​ផង ទ្រង់​ឆ្លើយ​តប​ថា ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម សំរាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា រួច​ទ្រង់​មាន​បន្ទូល​ទៅ​គ្រប់​គ្នា​ថា ចូរ​ប្រយ័ត ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ ទ្រង់​ក៏​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា មាន​ស្រែ​ចំការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចំរើន​ជា​បរិបូរ ហើយ​អ្នក​នោះ​រិះ‌គិត​ក្នុង​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច ដ្បិត​អញ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​អញ​ទាំង​នេះ​ទេ ទើប​យល់​ថា អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​អញ​នឹង​រុះ​ជង្រុក​អញ ពង្រីក​ឲ្យ​ធំ​ជាង​ទៅ​ទៀត រួច​ប្រមូល​ផល នឹង​ទ្រព្យ​សម្បត្តិ​ទៅ​ផ្ទុក​នៅ​ទី​នោះ នោះ​អញ​នឹង​ប្រាប់​ដល់​ចិត្ត​ថា ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សំរាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សំរាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ ប៉ុន្តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ។ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត នោះ​វិសេស​ជាង​អាហារ​ចំណី ហើយ​រូប‌កាយ ក៏​វិសេស​ជាង​ស្លៀក​បំពាក់​ដែរ ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប‌ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង​គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ‌ទ្រង់​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​ដំឡៃ​លើស​ជាង​សត្វ​ស្លាប​អម្បាល‌ម៉ាន​ទៅ​ទៀត តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា អាច​នឹង​បន្ថែម​កំពស់​ខ្លួន​ឡើង​១​ហត្ថ ដោយ‌សារ​សេចក្ដី​ខ្វល់‌ខ្វាយ​បាន​ឬ​ទេ ដូច្នេះ បើ​ការ​តូច​បំផុត ពុំ​អាច​នឹង​ធ្វើ​បាន​ទៅ​ហើយ នោះ​ហេតុ​អ្វី​បាន​ជា​ចង់​ខ្វល់‌ខ្វាយ​ពី​ការ​ឯ​ទៀត​ធ្វើ​អី ចូរ​ពិចារណា​ពី​ផ្កា​ឈូក​ដែរ ដែល​វា​ដុះ តើ​មាន​សភាព​ដូច​ម្តេច វា​មិន​ដែល​នឿយ​ធ្វើ​ការ‌ងារ ឬ​ស្រាវ​រវៃ​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ទ្រង់ នោះ​មិន​បាន​តែង​អង្គ​ដូច​ជា​ផ្កា​១​នោះ​ផង ឯ​តិណ‌ជាតិ​ដែល​ដុះ​ឡើង​ដូច្នេះ ហើយ​ថ្ងៃ​នេះ​មាន តែ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ជើង‌ក្រាន នោះ​បើ​ព្រះ‌ទ្រង់​តុប‌តែង​វា​យ៉ាង​ដូច្នោះ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​នឹង​បំពាក់​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត កុំ​ឲ្យ​ស្វែង​រក​តែ​គ្រឿង​សំរាប់​បរិភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ ដ្បិត​អស់​ទាំង​សាសន៍​ដទៃ​នៅ​លោកីយ​នេះ តែង​ស្វែង​រក​របស់​ទាំង​នោះ ឯ​អ្នក​រាល់​គ្នា​វិញ នោះ​ព្រះវរ‌បិតា​នៃ​អ្នក​ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ ចូរ​ខំ​ស្វែង​រក​នគរ​ព្រះ​វិញ នោះ​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ផង កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ឲ្យ​ទៅ​ជា​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់​សំរាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ នៅ​ឯ​ស្ថាន‌សួគ៌​វិញ ដែល​ជា​ស្ថាន​គ្មាន​ចោរ​ចូល​ទៅ​ជិត​ឡើយ ហើយ​កន្លាត​ក៏​មិន​កាត់​បំផ្លាញ​ដែរ ព្រោះ​សម្បត្តិ‌ទ្រព្យ​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​ស្ថិត​នៅ​កន្លែង​នោះ​ឯង។

អាន លូកា 12