លូកា 1:67-80

លូកា 1:67-80 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ សាការី​ជា​ឪពុក​ក៏​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ថ្លែង​ជា​ទំនាយ​ថា៖ «សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ប្រកប​ដោយ​ព្រះពរ ដ្បិត​ព្រះ‌អង្គ​បាន​ទត​មើល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ក៏​បាន​ប្រោស​លោះ​គេ។ ព្រះ‌អង្គ​បាន​ប្រ​ទាន​ព្រះ​សង្រ្គោះ ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​មួយ​អង្គ​ដល់​យើង ក្នុង​ពូជពង្ស​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល តាម​រយៈ​មាត់​ពួក​ហោរា​បរិសុទ្ធ របស់​ព្រះ‌អង្គ​ពី​ជំនាន់​ដើម ដើម្បី​ឲ្យ​យើង​បាន​សង្គ្រោះ​រួច​ពី ខ្មាំង​សត្រូវ​របស់​យើង និង​រួច​ពី​កណ្តាប់​ដៃ របស់​អស់​អ្នក​ដែល​ស្អប់​យើង។ ដើម្បី​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដែល​បាន​សន្យា​ដល់​បុព្វ‌បុរស​របស់​យើង ហើយ​បាន​នឹក​ចាំ​ពី​សេចក្តី​សញ្ញា​បរិសុទ្ធ​របស់​ព្រះ‌អង្គ គឺ​ជា​សម្បថ​ដែល​ទ្រង់​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​យើង​ថា ទ្រង់​នឹង​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ ពួក​ខ្មាំង​សត្រូវ​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​គោរព​បម្រើ ព្រះ‌អង្គ​ដោយ​ឥត​ភ័យ​ខ្លាច ដោយ​បរិសុទ្ធ និង​សុចរិត នៅ​ចំពោះ​ព្រះ‌អង្គ អស់​មួយ​ជីវិត​របស់​យើង។ រីឯ​កូន​វិញ គេ​នឹង​ហៅ​កូន​ថា ជា​ហោរា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​ស្គាល់​សេចក្តី​សង្គ្រោះ ដោយ​អត់​ទោស​ឲ្យ​គេ​រួច​ពី​បាប ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​ទន់​សន្ដោស​របស់​ព្រះ​នៃ​យើង ដែល​ព្រះ‌អង្គ​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​ដ៏​ខ្ពស់​មក​ដល់​យើង ដើម្បី​បំភ្លឺ​ដល់​អស់​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត និង​ក្នុង​ម្លប់​នៃ​សេចក្តី​ស្លាប់ ហើយ​តម្រង់​ជើង​យើង​ទៅ​រក​ផ្លូវ​នៃ​សេចក្ដី​សុខ‌សាន្ត» ។ កូន​នោះ មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ ហើយ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ជា​ខ្លាំង ក៏​រស់​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ឃើញ។

ចែក​រំលែក
អាន លូកា 1

លូកា 1:67-80 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ លោក​សាការី​ជា​ឪពុក​របស់​ទារក បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ថ្លែង​ពាក្យ​ក្នុង​ព្រះ‌នាម​ព្រះអង្គ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ‌នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​យាង​មក រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ប្រទាន​ព្រះ‌សង្គ្រោះ ដ៏​មាន​ឫទ្ធិ​មួយ​ព្រះអង្គ​ពី​ក្នុង​ចំណោម ព្រះ‌ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​ព្រះអង្គ​មក​ឲ្យ​យើង។ ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌សង្គ្រោះ​នេះ​មក​យើង ស្រប​នឹង​ព្រះ‌បន្ទូល​សន្យា​ថ្លែង​តាម​រយៈ ព្យាការី*​របស់​ព្រះអង្គ​នៅ​ជំនាន់​ដើម គឺ​ព្រះអង្គ​សង្គ្រោះ​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​រួច​ពី​អំណាច​របស់​អស់​អ្នក​ដែល​ស្អប់​យើង។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដល់​បុព្វបុរស*​របស់​យើង ហើយ​គោរព​តាម​សម្ពន្ធ‌មេត្រី* ដ៏វិសុទ្ធ​យ៉ាង​ស្មោះ‌ស្ម័គ្រ គឺ​ព្រះអង្គ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់ លោក​អប្រាហាំ*​ជា​បុព្វបុរស​របស់​យើង​ថា ព្រះអង្គ​នឹង​រំដោះ​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដើម្បី​យើង​អាច​គោរព​បម្រើ​ព្រះអង្គ​បាន ដោយ​ឥត​ភ័យ​ខ្លាច ព្រម​ទាំង​ឲ្យ​យើង​រស់​នៅ​បាន​បរិសុទ្ធ* និង​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ជា​រៀង​រាល់​ថ្ងៃ​រហូត​អស់​មួយ​ជីវិត។ ចំណែក​ឯ​កូន​វិញ កូន​នឹង​ទៅ​ជា​ព្យាការី* របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រោះ​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ។ កូន​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដឹង ថា​ព្រះអង្គ​សង្គ្រោះ​គេ ដោយ​លើក‌លែង​ទោស​ឲ្យ​គេ​រួច​ពី​បាប។ ព្រះ​របស់​យើង​មាន​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដ៏​លើស‌លុប ព្រះអង្គ​ប្រទាន​ថ្ងៃ​រះ ពី​ស្ថាន​លើ​មក ដើម្បី​រំដោះ​យើង និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទី‌ងងឹត ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​តម្រង់​ផ្លូវ​យើង ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ‌សាន្ត»។ កុមារ​យ៉ូហាន​មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ។ គាត់​រស់​នៅ​តែ​ក្នុង​វាល​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ឃើញ។

ចែក​រំលែក
អាន លូកា 1

លូកា 1:67-80 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​សាការី ជា​ឪពុក ក៏​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ទាយ​ថា សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រកប​ដោយ​ព្រះ‌គុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ព្រម​ទាំង​បង្កើត​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ នៅ​ក្នុង​ពូជ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ សំរាប់​នឹង​ជួយ​សង្គ្រោះ​យើង​ផង ដូច​ជា​ទ្រង់​មាន​បន្ទូល ដោយ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់ តាំង​ពី​បុរាណ​មក គឺ​ជា​សេចក្ដី​សង្គ្រោះ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​យើង ហើយ​ពី​កណ្តាប់​ដៃ​នៃ​អស់​អ្នក​ណា​ដែល​ស្អប់​យើង ដើម្បី​នឹង​សំរេច​សេចក្ដី​មេត្តា‌ករុណា ដល់​ពួក​ឰយុកោ​យើង ហើយ​នឹង​នឹក​ចាំ ពី​សេចក្ដី​សញ្ញា​បរិសុទ្ធ​របស់​ទ្រង់ គឺ​ជា​សម្បថ ដែល​ទ្រង់​បាន​ស្បថ​នឹង​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង​ថា នឹង​បើក​ឲ្យ​យើង​បាន​សង្គ្រោះ រួច​ពី​កណ្តាប់​ដៃ​ពួក​ខ្មាំង​សត្រូវ ដើម្បី​ឲ្យ​បាន​បំរើ​ទ្រង់ ឥត​ភ័យ​ខ្លាច ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​សុចរិត នៅ​ចំពោះ​ទ្រង់ អស់​១​ជីវិត​យើង ឯ​ឯង​ទារក​អើយ គេ​នឹង​ហៅ​ឯង​ជា​ហោរា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ឯង​នឹង​ដើរ​ចំពោះ​ព្រះ‌អម្ចាស់ ដើម្បី​នឹង​រៀបចំ​ផ្លូវ​ថ្វាយ​ទ្រង់ ប្រយោជន៍​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ស្គាល់​សេចក្ដី​សង្គ្រោះ ជា​ការ​ប្រោស​ឲ្យ​គេ​រួច​ពី​បាប ដោយ​ព្រោះ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ​នៃ​យើង ដែល​បណ្តាល​ឲ្យ​បច្ចូស‌កាល ភ្លឺ​មក​ដល់​យើង​ពី​ស្ថាន​ដ៏​ខ្ពស់ ដើម្បី​នឹង​បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត ហើយ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ប្រយោជន៍​ឲ្យ​បាន​ដំរង់​ជើង​យើង តាម​ផ្លូវ​សុខ‌សាន្ត​វិញ។ រីឯ​ទារក​នោះ ក៏​កាន់​តែ​ធំ​ឡើង បាន​ចំរើន​កំឡាំង​ខាង​វិញ្ញាណ​ជា​ខ្លាំង​ឡើង ហើយ​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន ដរាប​ដល់​ថ្ងៃ ដែល​បង្ហាញ​ខ្លួន ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ឃើញ។

ចែក​រំលែក
អាន លូកា 1