លូកា 1
1
បុព្វកថា
1មានមនុស្សជាច្រើន បានផ្តើមតែងរឿង ពីអស់ទាំងការដែលបានសម្រេចនៅក្នុងចំណោមយើង 2ដូចជាគេបានប្រាប់មកយើងខ្ញុំ ដែលគេបានឃើញការទាំងនោះជាក់នឹងភ្នែក តាំងពីដើមរៀងមក ហើយក៏ធ្វើជាអ្នកបម្រើផ្សាយព្រះបន្ទូល 3ហេតុនោះ បានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរតាមលំដាប់ផ្ញើមកជូនលោក ឱព្រះតេជគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ 4ដើម្បីឲ្យលោកបានជ្រាបពីសេចក្តីពិតនៃអស់ទាំងសេចក្តីដែលគេបានបង្រៀនលោក។
ការប្រកាសអំពីកំណើតរបស់លោកយ៉ូហាន-បាទីស្ទ
5ក្នុងរាជ្យហេរ៉ូឌ ជាស្តេចស្រុកយូដា នោះមានសង្ឃម្នាក់ក្នុងពួកលោកអ័ប៊ីយ៉ា នាមសាការី ប្រពន្ធឈ្មោះអេលីសាបិត ជាពូជលោកអើរ៉ុន 6អ្នកទាំងពីរនោះជាមនុស្សសុចរិតនៅចំពោះព្រះ បានកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានឡើយ។ 7លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ណាស់ផង។
8កាលលោកកំពុងបម្រើការងារជាសង្ឃនៅចំពោះព្រះ តាមវេនរបស់លោក 9គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ពួកសង្ឃ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ 10ពេលលោកដុតគ្រឿងក្រអូប បណ្តាជនទាំងអស់នៅខាងក្រៅ កំពុងតែអធិស្ឋាន។ 11ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបលេចឲ្យលោកឃើញ ឈរខាងស្តាំអាសនាគ្រឿងក្រអូប។ 12ពេលសាការីឃើញទេវតា លោកក៏ភាន់ភាំង ហើយមានចិត្តភ័យខ្លាច។ 13ប៉ុន្តែ ទេវតាពោលទៅគាត់ថា៖ «កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធរបស់លោកនឹងបង្កើតកូនប្រុសមួយឲ្យលោក ហើយលោកត្រូវដាក់ឈ្មោះកូននោះថា "យ៉ូហាន"។ 14លោកនឹងមានចិត្តរីករាយ និងអំណរ ហើយមនុស្សជាច្រើននឹងអបអរសាទរកំណើតរបស់កូននោះ 15ដ្បិតកូននោះនឹងបានជាធំនៅចំពោះព្រះអម្ចាស់។ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ កូននោះនឹងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ តាំងពីផ្ទៃម្តាយមក ។ 16កូននោះនឹងបង្វែរកូនចៅសាសន៍អ៊ីស្រាអែលជាច្រើន ឲ្យត្រឡប់វិលមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។ 17កូននោះនឹងនាំមុខព្រះអង្គ ដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបំបែរចិត្តឪពុកមករកកូន និងពួកចចេសមករកប្រាជ្ញារបស់មនុស្សសុចរិត ហើយរៀបចំប្រជារាស្រ្តមួយជាស្រេច ទុកសម្រាប់ព្រះអម្ចាស់» ។ 18សាការីសួរទេវតាថា៖ «តើខ្ញុំដឹងសេចក្តីនោះដូចម្តេចបាន? ដ្បិតខ្ញុំចាស់ហើយ ឯប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ»។ 19ទេវតាឆ្លើយតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយនាំដំណឹងល្អនេះមកប្រាប់លោក ។ 20មើល៍! លោកនឹងត្រូវគ និយាយមិនបាន រហូតដល់ថ្ងៃដែលការទាំងនេះកើតមក ព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសម្រេចនៅវេលាកំណត់»។
21ក្នុងពេលជាមួយគ្នានោះ ប្រជាជនកំពុងរង់ចាំសាការី ហើយងឿងឆ្ងល់នឹងការដែលលោកនៅក្នុងព្រះវិហារយូរដល់ម្ល៉េះ។ 22កាលលោកចេញមក លោកមិនអាចនិយាយទៅគេបានឡើយ ហើយគេយល់ថា លោកច្បាស់ជាបានឃើញនិមិត្តណាមួយនៅក្នុងព្រះវិហារជាមិនខាន។ លោកចេះតែធ្វើសញ្ញាឲ្យគេដឹង ហើយក៏នៅតែគនិយាយមិនកើត។ 23លុះពេលដែលលោកបំពេញការងារចប់ហើយ លោកក៏ត្រឡប់ទៅផ្ទះវិញ។
24ក្រោយមក អេលីសាបិត ជាប្រពន្ធរបស់លោក ក៏មានផ្ទៃពោះ ហើយនាងលាក់ខ្លួនរយៈពេលប្រាំខែ ដោយពោលថា៖ 25«ព្រះអម្ចាស់បានប្រោសប្រណីដល់ខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលព្រះអង្គទតមកខ្ញុំ ហើយបានដោះសេចក្តីខ្មាសរបស់ខ្ញុំ ចេញពីកណ្តាលមនុស្ស»។
ការប្រកាសអំពីកំណើតព្រះយេស៊ូវ
26ប្រាំមួយខែក្រោយមក ព្រះបានចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅភូមិមួយឈ្មោះណាសារ៉ែត ក្នុងស្រុកកាលីឡេ 27ដើម្បីជួបនឹងស្ត្រីព្រហ្មចារីម្នាក់ ដែលជាគូដណ្តឹងរបស់បុរសម្នាក់ឈ្មោះយ៉ូសែប ជាពូជព្រះបាទដាវីឌ ហើយស្ត្រីព្រហ្មចារីនោះឈ្មោះម៉ារា។ 28ទេវតាក៏ចូលមកជួបនាង ពោលថា៖ «ជម្រាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង»។ 29ប៉ុន្តែ នាងមានចិត្តងឿងឆ្ងល់យ៉ាងខ្លាំងដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្តពីពាក្យជម្រាបសួរនេះមានន័យដូចម្តេច។ 30ទេវតាពោលទៅនាងថា៖ «កុំខ្លាចអី ម៉ារាអើយ ដ្បិតព្រះគាប់ព្រះហឫទ័យនឹងនាងហើយ។ 31មើល៍! នាងនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយនាងត្រូវថ្វាយព្រះនាមថា "យេស៊ូវ"។ 32បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត" ហើយព្រះអម្ចាស់ដ៏ជាព្រះ នឹងប្រទានរាជ្យបល្ល័ងរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់ព្រះអង្គថ្វាយដល់ព្រះអង្គ។ 33ព្រះអង្គនឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុបអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងមិនផុតឡើយ» 34ម៉ារាសួរទៅទេវតាថា៖ «តើធ្វើដូចម្តេចឲ្យការនេះសម្រេចទៅបាន បើខ្ញុំនៅក្រមុំព្រហ្មចារីដូច្នេះ?» 35ទេវតាក៏ឆ្លើយទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល ហេតុនេះ បុត្រដែលនឹងប្រសូតមកនោះ ជាបុត្របរិសុទ្ធ គេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះ"។ 36មើល៍! អេលីសាបិត ជាញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលនាងមានវ័យចាស់ហើយដែរ នាងមានផ្ទៃពោះប្រាំមួយខែហើយ គឺអ្នកដែលគេបានហៅថាជាស្ត្រីអារ។ 37ដ្បិតគ្មានការអ្វីដែលព្រះធ្វើពុំបាននោះឡើយ»។ 38ម៉ារាពោលថា៖ «មើល៍! ខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាក៏ចេញពីនាងទៅ។
នាងម៉ារាទៅសួរសុខទុក្ខនាងអេលីសាបិត
39នៅគ្រានោះ ម៉ារាក្រោកឡើង ហើយប្រញាប់ប្រញាល់ធ្វើដំណើទៅភូមិមួយ នៅតំបន់ភ្នំក្នុងស្រុកយូដា 40នាងចូលទៅក្នុងផ្ទះសាការី ហើយជម្រាបសួរអេលីសាបិត។ 41កាលអេលីសាបិតបានឮពាក្យម៉ារាជម្រាបសួរ នោះកូននៅក្នុងផ្ទៃរបស់នាងក៏បង្រះឡើង ហើយអេលីសាបិតក៏បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ 42រួចបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ក្នុងចំណោមពួកស្រីៗ នាងជាស្ត្រីមានពរ និងកូនដែលនៅក្នុងផ្ទៃរបស់នាងដែរ។ 43ដូចម្តេចហ្ន៎ បានជាមាតាព្រះអម្ចាស់នៃខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ? 44ដ្បិតមើល៍ កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាងភ្លាម នោះកូននៅក្នុងផ្ទៃខ្ញុំក៏បង្រះឡើងដោយអំណរ។ 45នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលមកនាង នោះនឹងបានសម្រេចជាមិនខាន»។
ទំនុកសរសើររបស់នាងម៉ារា
46 ម៉ារាពោលឡើងថា៖
«ព្រលឹងខ្ញុំលើកតម្កើងព្រះអម្ចាស់
47វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះ
ជាព្រះសង្គ្រោះរបស់ខ្ញុំ
48ដ្បិតព្រះអង្គបានទតមើលសណ្ឋាន
ទន់ទាបរបស់អ្នកបម្រើព្រះអង្គ
មើលចុះ ពីនេះទៅមុខ
មនុស្សគ្រប់ជំនាន់នឹងហៅខ្ញុំថា
ជាអ្នកមានពរ
49ដ្បិតព្រះដ៏មានព្រះចេស្តាបានប្រោស
សេចក្តីយ៉ាងល្អវិសេសដល់ខ្ញុំ
ព្រះនាមរបស់ព្រះអង្គបរិសុទ្ធ។
50ទ្រង់មានព្រះហឫទ័យមេត្តាករុណា
ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ
គ្រប់ជំនាន់តរៀងទៅ។
51ទ្រង់បានសម្តែងឫទ្ធិ ដោយព្រះហស្តរបស់ព្រះអង្គ
ព្រមទាំងកម្ចាត់កម្ចាយមនុស្សអំនួត
ដោយសារគំនិតដែលនៅក្នុងចិត្តរបស់គេ។
52ទ្រង់បានទម្លាក់ស្តេចចេញពីបល្ល័ង្ក
ហើយលើកមនុស្សរាបសាឡើង
53ទ្រង់បានចម្អែតមនុស្សឃ្លានដោយរបស់ល្អ
តែបានបណ្តេញពួកអ្នកមានឲ្យចេញទៅដោយដៃទទេ។
54ព្រះអង្គបានជួយអ៊ីស្រាអែល
ជាអ្នកបម្រើរបស់ព្រះអង្គ
ដោយនឹកចាំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
55ដូចព្រះអង្គមានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង
គឺមកកាន់លោកអ័ប្រាហាំ
និងពូជពង្សរបស់លោកជារៀងរហូត» ។
56ម៉ារាបានស្នាក់នៅជាមួយអេលីសាបិតប្រហែលជាបីខែ ទើបត្រឡប់ទៅផ្ទះរបស់នាងវិញ។
កំណើតលោកយ៉ូហាន-បាទីស្ទ
57លុះដល់ពេលដែលអេលីសាបិតត្រូវសម្រាលកូន នោះនាងសម្រាលបានកូនប្រុសមួយ។ 58អ្នកជិតខាង និងញាតិសន្តានរបស់គាត់បានឮថា ព្រះអម្ចាស់បានសម្តែងព្រះហឫទ័យមេត្តាករុណាជាខ្លាំងដល់គាត់ គេក៏មានចិត្តអរសប្បាយជាមួយគាត់។
59នៅថ្ងៃទីប្រាំបី គេមកធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយគេចង់ដាក់ឈ្មោះទារកនោះថា "សាការី" តាមឈ្មោះឪពុក 60តែម្តាយនិយាយថា៖ «ទេ ត្រូវដាក់ឈ្មោះថា "យ៉ូហាន" វិញ»។ 61គេតបទៅគាត់ថា៖ «ក្នុងញាតិសន្តានរបស់អ្នក គ្មានអ្នកណាមានឈ្មោះនេះទេ»។ 62គេធ្វើសញ្ញាសួរទៅឪពុក ដោយចង់ដឹងថាលោកដាក់ឈ្មោះអ្វីឲ្យកូន។ 63លោកសុំឲ្យគេយកក្តារឆ្នួនមួយមក ហើយសរសេរថា៖ «កូននេះឈ្មោះ យ៉ូហាន»។ គេទាំងអស់គ្នាក៏មានសេចក្តីអស្ចារ្យ។ 64រំពេចនោះ មាត់របស់លោកក៏បើកឡើង ហើយអណ្តាតក៏រលាស់បាន រួចលោកចាប់ផ្តើមពោលសរសើរព្រះ។ 65អ្នកជិតខាងទាំងប៉ុន្មាន ក៏មានចិត្តកោតខ្លាច ហើយគេនិយាយរឿងនេះសុសសាយពេញតំបន់ភ្នំទាំងមូលនៃស្រុកយូដា។ 66អស់អ្នកដែលបានឮ ក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយពោលថា៖ «ដូច្នេះ តើកូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះហស្តរបស់ព្រះអម្ចាស់បាននៅជាមួយកូននេះ។
សេចក្តីទំនាយរបស់លោកសាការី
67ពេលនោះ សាការីជាឪពុកក៏បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយថ្លែងជាទំនាយថា៖
68«សូមឲ្យព្រះអម្ចាស់
ជាព្រះនៃសាសន៍អ៊ីស្រាអែល
បានប្រកបដោយព្រះពរ
ដ្បិតព្រះអង្គបានទតមើលប្រជារាស្ត្ររបស់ព្រះអង្គ
ហើយក៏បានប្រោសលោះគេ។
69ព្រះអង្គបានប្រទានព្រះសង្រ្គោះ
ដ៏មានឥទ្ធិឫទ្ធិមួយអង្គដល់យើង
ក្នុងពូជពង្សព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គ
70ដូចព្រះអង្គមានព្រះបន្ទូល
តាមរយៈមាត់ពួកហោរាបរិសុទ្ធ
របស់ព្រះអង្គពីជំនាន់ដើម
71ដើម្បីឲ្យយើងបានសង្គ្រោះរួចពី
ខ្មាំងសត្រូវរបស់យើង និងរួចពីកណ្តាប់ដៃ
របស់អស់អ្នកដែលស្អប់យើង។
72ដើម្បីសម្ដែងព្រះហឫទ័យមេត្តាករុណា
ដែលបានសន្យាដល់បុព្វបុរសរបស់យើង
ហើយបាននឹកចាំពីសេចក្តីសញ្ញាបរិសុទ្ធរបស់ព្រះអង្គ
73គឺជាសម្បថដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ
ជាបុព្វបុរសរបស់យើងថា
74ទ្រង់នឹងសង្គ្រោះយើងឲ្យរួចពីកណ្តាប់ដៃ
ពួកខ្មាំងសត្រូវរបស់យើង
ដើម្បីឲ្យយើងអាចគោរពបម្រើ
ព្រះអង្គដោយឥតភ័យខ្លាច
75ដោយបរិសុទ្ធ និងសុចរិត
នៅចំពោះព្រះអង្គ អស់មួយជីវិតរបស់យើង។
76រីឯកូនវិញ គេនឹងហៅកូនថា
ជាហោរារបស់ព្រះដ៏ខ្ពស់បំផុត
ដ្បិតកូននឹងដើរមុខព្រះអម្ចាស់
ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ
77ហើយឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
បានស្គាល់សេចក្តីសង្គ្រោះ
ដោយអត់ទោសឲ្យគេរួចពីបាប
78ដោយព្រះហឫទ័យមេត្តាករុណា
ដ៏ទន់សន្ដោសរបស់ព្រះនៃយើង
ដែលព្រះអង្គប្រទានថ្ងៃរះពីស្ថានដ៏ខ្ពស់មកដល់យើង
79ដើម្បីបំភ្លឺដល់អស់អ្នកដែលអង្គុយក្នុងសេចក្តីងងឹត
និងក្នុងម្លប់នៃសេចក្តីស្លាប់
ហើយតម្រង់ជើងយើងទៅរកផ្លូវនៃសេចក្ដីសុខសាន្ត» ។
80កូននោះ មានវ័យចម្រើនឡើងជាលំដាប់ ហើយមានភាពរឹងមាំខាងវិញ្ញាណជាខ្លាំង ក៏រស់នៅតែក្នុងទីរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យសាសន៍អ៊ីស្រាអែលបានឃើញ។
ទើបបានជ្រើសរើសហើយ៖
លូកា 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies