លូកា 1
1
1មានមនុស្សជាច្រើន បានផ្តើមតែងរឿង ពីអស់ទាំងការដែលពួកយើងខ្ញុំបានជឿជាក់ 2ដូចជាគេបានប្រាប់មកយើងខ្ញុំ ដែលគេបានឃើញការទាំងនោះជាក់នឹងភ្នែក តាំងពីដើមរៀងមក ហើយក៏ធ្វើជាអ្នកបំរើផ្សាយព្រះបន្ទូល 3ហេតុនោះបានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរផ្ញើមកជូនលោកដោយលំដាប់ដែរ ឱព្រះតេជព្រះគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យពីរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ 4ដើម្បីឲ្យលោកបានជ្រាបពីសេចក្ដីពិតនៃអស់ទាំងសេចក្ដី ដែលគេបានបង្រៀនលោក។
5កាលនៅរាជ្យហេរ៉ូឌ ជាស្តេចស្រុកយូដា នោះមានសង្ឃ១ក្នុងពួកលោកអ័ប៊ីយ៉ា នាមសាការី ប្រពន្ធឈ្មោះអេលីសាបិត ជាពូជលោកអើរ៉ុន 6អ្នកទាំង២នោះជាមនុស្សសុចរិតនៅចំពោះព្រះ បានកាន់តាមក្រិត្យក្រមនឹងច្បាប់នៃព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានទេ 7លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយទាំងប្ដីប្រពន្ធក៏ចាស់ណាស់ផង។
8រីឯតាមទំលាប់ការងារពួកសង្ឃ ដែលគេចាប់ឆ្នោត នោះត្រូវវេនឲ្យលោកចូលទៅដុតគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះអម្ចាស់ 9កាលកំពុងតែធ្វើការងារនៃពួកសង្ឃ នៅចំពោះព្រះ តាមវេនលោក 10ហើយបណ្តាមនុស្ស ដែលនៅខាងក្រៅកំពុងតែអធិស្ឋាន នៅវេលាដុតគ្រឿងក្រអូប 11នោះមានទេវតានៃព្រះអម្ចាស់លេចមក ឈរខាងស្តាំនៃអាសនាគ្រឿងក្រអូប ឲ្យលោកឃើញ 12កាលសាការីឃើញទេវតាហើយ លោកក៏ភាន់ភាំង ហើយកើតមានសេចក្ដីភ័យខ្លាច 13ប៉ុន្តែទេវតានិយាយថា កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធលោក នឹងបង្កើតកូនប្រុស១ឲ្យលោក ត្រូវឲ្យវាមានឈ្មោះថា «យ៉ូហាន» 14លោកនឹងមានសេចក្ដីរីករាយ នឹងសេចក្ដីអំណរ ហើយមនុស្សជាច្រើននឹងអរសាទរ ក្នុងកាលដែលវាកើតមកនោះ 15ដ្បិតវានឹងបានជាធំនៅចំពោះព្រះអម្ចាស់ វានឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ វានឹងបានពេញជាព្រះវិញ្ញាណបរិសុទ្ធ តាំងតែពីផ្ទៃម្តាយមក 16វានឹងបង្វិលកូនចៅសាសន៍អ៊ីស្រាអែលជាច្រើន ឲ្យត្រឡប់វិលមកឯព្រះអម្ចាស់ ជាព្រះនៃគេវិញ 17វានឹងនាំមុខទ្រង់ ដោយនូវវិញ្ញាណ ហើយនឹងអំណាចរបស់លោកអេលីយ៉ា ដើម្បីនឹងបំបែរចិត្តពួកឪពុកមកឯកូន នឹងពួកចចេសមកឯប្រាជ្ញារបស់មនុស្សសុចរិតវិញ ប្រយោជន៍នឹងរៀបចំមនុស្ស១ពួកទុកជាស្រេច សំរាប់ជារាស្ត្ររបស់ព្រះអម្ចាស់ 18សាការីសួរទេវតាថា តើខ្ញុំនឹងដឹងសេចក្ដីនោះបាន ដោយសារអ្វី ដ្បិតខ្ញុំសោតក៏ចាស់ហើយ ប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ 19ទេវតាឆ្លើយតបនឹងលោកថា ខ្ញុំនេះ ឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ទ្រង់បានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយប្រកាសប្រាប់ដំណឹងល្អនេះ 20មើល លោកនឹងត្រូវគ និយាយមិនបាន ដរាបដល់ថ្ងៃដែលការទាំងនេះកើតមក ពីព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសំរេចនៅវេលាកំណត់នោះទេ។
21ឯបណ្តាមនុស្សគេនៅចាំសាការី ក៏នឹកប្លែកពីលោក ដែលនៅក្នុងព្រះវិហារជាយូរម៉្លេះ 22កាលលោកចេញមក លោកនិយាយនឹងគេមិនបានទេ គេក៏យល់ឃើញថា លោកបានឃើញការជាក់ស្តែងណាមួយ នៅក្នុងព្រះវិហារជាមិនខាន ដោយលោកធ្វើគ្រឿងសំគាល់ឲ្យដឹង ហើយក៏នៅតែគ 23កាលវេលាដែលការងារលោកបានសំរេចហើយ នោះលោកក៏ត្រឡប់ទៅផ្ទះវិញ 24គ្រាក្រោយនោះ អេលីសាបិត ជាប្រពន្ធលោក នាងមានផ្ទៃពោះ រួចក៏លាក់ខ្លួននៅ៥ខែ ដោយថា 25ព្រះអម្ចាស់ទ្រង់បានប្រោសខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលទ្រង់ទតមកខ្ញុំ ដើម្បីនឹងដោះសេចក្ដីអាមាស់ខ្មាសរបស់ខ្ញុំ នៅកណ្តាលមនុស្សចេញ។
26កន្លង៦ខែក្រោយនោះមក ព្រះទ្រង់ចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅឯនាងព្រហ្មចារីម្នាក់ ដែលនៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ 27ជាស្ត្រីដែលបានបំរុងទុកឲ្យមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពូជហ្លួងដាវីឌ នាងនោះឈ្មោះម៉ារា 28ទេវតាក៏ចូលមកឯនាងពោលថា ជំរាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ ព្រះអម្ចាស់ទ្រង់គង់នៅជាមួយនឹងនាង ក្នុងបណ្តាពួកស្រីៗ នាងជាស្ត្រីមានពរពិត 29នាងមានសេចក្ដីភាំង ដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្ត ពីពាក្យជំរាបសួរយ៉ាងនោះមានន័យដូចម្តេច 30តែទេវតានិយាយថា កុំខ្លាចអី ម៉ារាអើយ ដ្បិតព្រះបានប្រោសមេត្តាដល់នាងហើយ 31មើល នាងនឹងមានគភ៌ប្រសូតបានបុត្រា១ ដែលនាងត្រូវថ្វាយព្រះនាមថា «យេស៊ូវ» 32បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ 33ទ្រង់នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ 34តែម៉ារាសួរទេវតាថា ខ្ញុំមិនស្គាល់ប្រុសណាផង ដូច្នេះ តើធ្វើដូចម្តេចនឹងឲ្យការនេះសំរេចបាន 35ទេវតាក៏ឆ្លើយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ 36មើល ឥឡូវ អេលីសាបិត ជាញាតិនាង ក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលចាស់ហើយដែរ គឺអ្នកដែលគេបានហៅជាស្ត្រីអារ នោះនាងមានផ្ទៃពោះ៦ខែមកហើយ 37ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ 38នោះម៉ារានិយាយថា មើល ខ្ញុំនេះជាអ្នកបំរើរបស់ព្រះអម្ចាស់ ដូច្នេះ សូមឲ្យបានសំរេចដូចពាក្យលោកចុះ រួចទេវតាក៏ថយចេញពីនាងបាត់ទៅ។
39នៅគ្រានោះ ម៉ារាក៏ក្រោកឡើង ទៅឯស្រុកភ្នំជាប្រញាប់ ដល់ភូមិ១ក្នុងខេត្តយូដា 40ក៏ចូលទៅក្នុងផ្ទះសាការី ជំរាបសួរដល់អេលីសាបិត 41កាលអេលីសាបិតបានឮពាក្យម៉ារាជំរាបសួរ នោះកូនក៏បង្រះនៅក្នុងផ្ទៃ រួចគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ 42ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា ក្នុងបណ្តាពួកស្រីៗ គឺនាងហើយ ជាស្ត្រីមានពរពិត ព្រមទាំងកូននៅក្នុងផ្ទៃនាងផង 43ដូចម្តេចហ្ន៎ បានជាដល់ទៅព្រះមាតាព្រះអម្ចាស់នៃខ្ញុំក៏មកសួរដូច្នេះដែរ 44ដ្បិតមើល កាលសំឡេងនាងជំរាបសួរឮមកដល់ត្រចៀកខ្ញុំ នោះកូននៅក្នុងពោះខ្ញុំក៏បង្រះដោយសេចក្ដីអំណរ 45នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលមកនាង នោះនឹងបានសំរេចជាមិនខាន។
46រួចម៉ារានិយាយឡើងថា ព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់ 47វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះដ៏ជាព្រះអង្គសង្គ្រោះនៃខ្ញុំ 48ដ្បិតទ្រង់បានទតមើលសណ្ឋានទាបថោករបស់ខ្ញុំ ជាបាវបំរើទ្រង់ មើលចុះ ពីនេះទៅមុខ គ្រប់ទាំងដំណមនុស្សនឹងរាប់ខ្ញុំថាជាអ្នកមានពរ 49ពីព្រោះព្រះដ៏មានព្រះចេស្តា ទ្រង់បានប្រោសសេចក្ដីយ៉ាងល្អវិសេសដល់ខ្ញុំ ព្រះនាមទ្រង់បរិសុទ្ធ 50ទ្រង់មានសេចក្ដីមេត្តាករុណាដល់គ្រប់ទាំងដំណមនុស្ស ដែលគេកោតខ្លាចទ្រង់តរៀងទៅ 51ទ្រង់បានសំដែងឫទ្ធិ ដោយព្រះហស្តទ្រង់ ព្រមទាំងកំចាត់កំចាយមនុស្សអំនួត ដោយសារគំនិតដែលនៅក្នុងចិត្តខ្លួនគេ 52ទាំងទំលាក់ស្តេចពីបល្ល័ង្កចេញ ហើយលើកមនុស្សរាបសាឡើងវិញ 53ឯមនុស្សឃ្លាន ទ្រង់បានចំអែតដោយរបស់ល្អ តែពួកអ្នកមាន ទ្រង់បានបណ្តេញឲ្យទៅទទេវិញ 54ទ្រង់បានជួយអ៊ីស្រាអែល ជាអ្នកបំរើទ្រង់ ឲ្យបាននឹកចាំពីសេចក្ដីមេត្តាករុណាទ្រង់ 55ដូចជាទ្រង់មានបន្ទូលនឹងពួកឰយុកោយើង គឺនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោកជារៀងរាបដរាបតមក 56ម៉ារាក៏នៅជាមួយនឹងអេលីសាបិត ប្រហែលជា៣ខែ ទើបត្រឡប់ទៅផ្ទះខ្លួនវិញ។
57រីឯពេលដែលអេលីសាបិត ត្រូវសំរាលកូន ក៏មកដល់ ហើយនាងសំរាលបានកូនប្រុស 58ចំណែកពួកអ្នកជិតខាង នឹងញាតិសន្តានគាត់ទាំងប៉ុន្មានក៏ឮថា ព្រះអម្ចាស់បានចំរើនសេចក្ដីមេត្តាករុណាដល់គាត់ ហើយគេមានសេចក្ដីរីករាយអរសប្បាយជាមួយនឹងគាត់ 59ដល់ថ្ងៃទី៨ គេមកដើម្បីកាត់ស្បែកទារកនោះ ក៏ឲ្យឈ្មោះថា សាការី តាមឈ្មោះឪពុក 60តែម្តាយឆ្លើយឡើងថា ទេ ត្រូវឲ្យឈ្មោះយ៉ូហានវិញ 61គេឆ្លើយទៅគាត់ថា ក្នុងពួកញាតិសន្តានអ្នក គ្មានអ្នកណាដែលមានឈ្មោះនោះទេ 62គេក៏ធ្វើគ្រឿងសំគាល់ សួរដល់ឪពុក តើលោកចង់ឲ្យឈ្មោះអ្វីដល់កូន 63លោកសូមក្តារខៀនមកសរសេរថា វាឈ្មោះយ៉ូហាន នោះគេមានសេចក្ដីអស្ចារ្យទាំងអស់គ្នា 64ខណនោះ មាត់លោកបើកឡើងជា១រំពេច អណ្តាតក៏រលាស់បាន ហើយលោកពណ៌នាសរសើរដល់ព្រះ 65ឯមនុស្សដែលនៅជុំវិញទាំងប៉ុន្មាន ក៏កើតមានសេចក្ដីភ័យខ្លាច រួចគេរ៉ាយរ៉ាប់រឿងនេះទួទៅពេញក្នុងស្រុកភ្នំរបស់ខេត្តយូដា 66ហើយអស់អ្នកដែលឮ ក៏ទុកតែក្នុងពោះដោយថា ដូច្នេះ តើកូននេះនឹងបានជាអ្វី ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងវា។
67រីឯសាការី ជាឪពុក ក៏បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ហើយទាយថា 68សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះគុណ ពីព្រោះទ្រង់បានទតមើល ហើយប្រោសលោះរាស្ត្រទ្រង់ 69ព្រមទាំងបង្កើតព្រះដ៏មានឥទ្ធិឫទ្ធិ នៅក្នុងពូជហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ សំរាប់នឹងជួយសង្គ្រោះយើងផង 70ដូចជាទ្រង់មានបន្ទូល ដោយមាត់ពួកហោរាបរិសុទ្ធរបស់ទ្រង់ តាំងពីបុរាណមក 71គឺជាសេចក្ដីសង្គ្រោះ ឲ្យរួចពីខ្មាំងសត្រូវយើង ហើយពីកណ្តាប់ដៃនៃអស់អ្នកណាដែលស្អប់យើង 72ដើម្បីនឹងសំរេចសេចក្ដីមេត្តាករុណា ដល់ពួកឰយុកោយើង ហើយនឹងនឹកចាំ ពីសេចក្ដីសញ្ញាបរិសុទ្ធរបស់ទ្រង់ 73គឺជាសម្បថ ដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាឰយុកោយើងថា 74នឹងបើកឲ្យយើងបានសង្គ្រោះ រួចពីកណ្តាប់ដៃពួកខ្មាំងសត្រូវ ដើម្បីឲ្យបានបំរើទ្រង់ ឥតភ័យខ្លាច 75ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីសុចរិត នៅចំពោះទ្រង់ អស់១ជីវិតយើង 76ឯឯងទារកអើយ គេនឹងហៅឯងជាហោរានៃព្រះដ៏ខ្ពស់បំផុត ដ្បិតឯងនឹងដើរចំពោះព្រះអម្ចាស់ ដើម្បីនឹងរៀបចំផ្លូវថ្វាយទ្រង់ 77ប្រយោជន៍ឲ្យរាស្ត្រទ្រង់បានស្គាល់សេចក្ដីសង្គ្រោះ ជាការប្រោសឲ្យគេរួចពីបាប 78ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង ដែលបណ្តាលឲ្យបច្ចូសកាល ភ្លឺមកដល់យើងពីស្ថានដ៏ខ្ពស់ 79ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្ដីងងឹត ហើយក្នុងម្លប់នៃសេចក្ដីស្លាប់ ប្រយោជន៍ឲ្យបានដំរង់ជើងយើង តាមផ្លូវសុខសាន្តវិញ។
80រីឯទារកនោះ ក៏កាន់តែធំឡើង បានចំរើនកំឡាំងខាងវិញ្ញាណជាខ្លាំងឡើង ហើយនៅតែក្នុងទីរហោស្ថាន ដរាបដល់ថ្ងៃ ដែលបង្ហាញខ្លួន ឲ្យសាសន៍អ៊ីស្រាអែលបានឃើញ។
ទើបបានជ្រើសរើសហើយ៖
លូកា 1: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.