លូកា 1:67-80

លូកា 1:67-80 គកស១៦

ពេល​នោះ សាការី​ជា​ឪពុក​ក៏​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ថ្លែង​ជា​ទំនាយ​ថា៖ «សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ប្រកប​ដោយ​ព្រះពរ ដ្បិត​ព្រះ‌អង្គ​បាន​ទត​មើល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ក៏​បាន​ប្រោស​លោះ​គេ។ ព្រះ‌អង្គ​បាន​ប្រ​ទាន​ព្រះ​សង្រ្គោះ ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​មួយ​អង្គ​ដល់​យើង ក្នុង​ពូជពង្ស​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល តាម​រយៈ​មាត់​ពួក​ហោរា​បរិសុទ្ធ របស់​ព្រះ‌អង្គ​ពី​ជំនាន់​ដើម ដើម្បី​ឲ្យ​យើង​បាន​សង្គ្រោះ​រួច​ពី ខ្មាំង​សត្រូវ​របស់​យើង និង​រួច​ពី​កណ្តាប់​ដៃ របស់​អស់​អ្នក​ដែល​ស្អប់​យើង។ ដើម្បី​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដែល​បាន​សន្យា​ដល់​បុព្វ‌បុរស​របស់​យើង ហើយ​បាន​នឹក​ចាំ​ពី​សេចក្តី​សញ្ញា​បរិសុទ្ធ​របស់​ព្រះ‌អង្គ គឺ​ជា​សម្បថ​ដែល​ទ្រង់​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​យើង​ថា ទ្រង់​នឹង​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ ពួក​ខ្មាំង​សត្រូវ​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​គោរព​បម្រើ ព្រះ‌អង្គ​ដោយ​ឥត​ភ័យ​ខ្លាច ដោយ​បរិសុទ្ធ និង​សុចរិត នៅ​ចំពោះ​ព្រះ‌អង្គ អស់​មួយ​ជីវិត​របស់​យើង។ រីឯ​កូន​វិញ គេ​នឹង​ហៅ​កូន​ថា ជា​ហោរា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​ស្គាល់​សេចក្តី​សង្គ្រោះ ដោយ​អត់​ទោស​ឲ្យ​គេ​រួច​ពី​បាប ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​ទន់​សន្ដោស​របស់​ព្រះ​នៃ​យើង ដែល​ព្រះ‌អង្គ​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​ដ៏​ខ្ពស់​មក​ដល់​យើង ដើម្បី​បំភ្លឺ​ដល់​អស់​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត និង​ក្នុង​ម្លប់​នៃ​សេចក្តី​ស្លាប់ ហើយ​តម្រង់​ជើង​យើង​ទៅ​រក​ផ្លូវ​នៃ​សេចក្ដី​សុខ‌សាន្ត» ។ កូន​នោះ មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ ហើយ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ជា​ខ្លាំង ក៏​រស់​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ឃើញ។

អាន លូកា 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 1:67-80