លូកា 1:5-25

លូកា 1:5-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​ម្នាក់​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន អ្នក​ទាំង​ពីរ​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ឡើយ។ លោក​គ្មាន​កូន​សោះ ដ្បិត​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ផង។ កាល​លោក​កំពុង​បម្រើ​ការ‌ងារ​ជា​សង្ឃ​នៅ​ចំពោះ​ព្រះ តាម​វេន​របស់​លោក គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម​ទម្លាប់​របស់​ពួក​សង្ឃ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ ពេល​លោក​ដុត​គ្រឿង​ក្រអូប បណ្តា​ជន​ទាំង​អស់​នៅ​ខាង​ក្រៅ កំពុង​តែ​អធិស្ឋាន។ ពេល​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​មួយ​រូប​លេច​ឲ្យ​លោក​ឃើញ ឈរ​ខាង​ស្តាំ​អាសនា​គ្រឿង​ក្រអូប។ ពេល​សាការី​ឃើញ​ទេវតា លោក​ក៏​ភាន់‌ភាំង ហើយ​មាន​ចិត្ត​ភ័យ​ខ្លាច។ ប៉ុន្តែ ទេវតា​ពោល​ទៅ​គាត់​ថា៖ «កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលី‌សាបិត ប្រពន្ធ​របស់​លោក​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក ហើយ​លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា "យ៉ូហាន"។ លោក​នឹង​មាន​ចិត្ត​រីក‌រាយ និង​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អបអរ‌សាទរ​កំណើត​របស់​កូន​នោះ ដ្បិត​កូន​នោះ​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់។ កូន​នោះ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ ឬ​គ្រឿង​ស្រវឹង​ទេ កូន​នោះ​នឹង​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​ពី​ផ្ទៃ​ម្តាយ​មក ។ កូន​នោះ​នឹង​បង្វែរ​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន ឲ្យ​ត្រឡប់​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ​វិញ។ កូន​នោះ​នឹង​នាំ​មុខ​ព្រះ‌អង្គ ដោយ​វិញ្ញាណ និង​អំណាច​របស់​លោក​អេលី‌យ៉ា ដើម្បី​បំបែរ​ចិត្ត​ឪពុក​មក​រក​កូន និង​ពួក​ចចេស​មក​រក​ប្រាជ្ញា​របស់​មនុស្ស​សុចរិត ហើយ​រៀបចំ​ប្រជា‌រាស្រ្ត​មួយ​ជា​ស្រេច ទុក​សម្រាប់​ព្រះ‌អម្ចាស់» ។ សាការី​សួរ​ទេវតា​ថា៖ «តើ​ខ្ញុំ​ដឹង​សេចក្តី​នោះ​ដូច​ម្តេច​បាន? ដ្បិត​ខ្ញុំ​ចាស់​ហើយ ឯ​ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ»។ ទេវតា​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​នាំ​ដំណឹង​ល្អ​នេះ​មក​ប្រាប់​លោក ។ មើល៍! លោក​នឹង​ត្រូវ​គ និយាយ​មិន​បាន រហូត​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក ព្រោះ​លោក​មិន​បាន​ជឿ​ពាក្យ​ខ្ញុំ ដែល​នឹង​សម្រេច​នៅ​វេលា​កំណត់»។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​កំពុង​រង់​ចាំ​សាការី ហើយ​ងឿង​ឆ្ងល់​នឹង​ការ​ដែល​លោក​នៅ​ក្នុង​ព្រះ‌វិហារ​យូរ​ដល់​ម្ល៉េះ។ កាល​លោក​ចេញ​មក លោក​មិន​អាច​និយាយ​ទៅ​គេ​បាន​ឡើយ ហើយ​គេ​យល់​ថា លោក​ច្បាស់​ជា​បាន​ឃើញ​និមិត្ត​ណា​មួយ​នៅ​ក្នុង​ព្រះ‌វិហារ​ជា​មិន​ខាន។ លោក​ចេះ​តែ​ធ្វើ​សញ្ញា​ឲ្យ​គេ​ដឹង ហើយ​ក៏​នៅ​តែ​គ​និយាយ​មិន​កើត។ លុះ​ពេល​ដែល​លោក​បំពេញ​ការ‌ងារ​ចប់​ហើយ លោក​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ក្រោយ​មក អេលី‌សាបិត ជា​ប្រពន្ធ​របស់​លោក ក៏​មាន​ផ្ទៃ​ពោះ ហើយ​នាង​លាក់​ខ្លួន​រយៈ​ពេល​ប្រាំ​ខែ ដោយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រណី​ដល់​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ព្រះ‌អង្គ​ទត​មក​ខ្ញុំ ហើយ​បាន​ដោះ​សេចក្តី​ខ្មាស​របស់​ខ្ញុំ ចេញ​ពី​កណ្តាល​មនុស្ស»។

ចែក​រំលែក
អាន លូកា 1

លូកា 1:5-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​ដែល​ព្រះ‌បាទ​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជា‌ចារ្យ*​មួយ​រូប​ឈ្មោះ សាការី ជា​សមាជិក​ក្រុម​បូជា‌ចារ្យ​អប៊ី‌យ៉ា ភរិយា​លោក​ឈ្មោះ​អេលី‌សាបិត កើត​ក្នុង​ត្រកូល​របស់​លោក​មហា​បូជា‌ចារ្យ*​អើរ៉ុន ស្វាមី‌ភរិយា​ទាំង​ពីរ​រូប​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​គាត់​គោរព​តាម​បទ‌បញ្ជា និង​ឱវាទ​របស់​ព្រះ‌អម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។ អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀត អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។ ថ្ងៃ​មួយ លោក​សាការី​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ តាម​វេន​ក្រុម​របស់​លោក។ គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម‌ទម្លាប់​របស់​ក្រុម​បូជា‌ចារ្យ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់។ ពេល​លោក​ដុត​គ្រឿង​ក្រអូប ប្រជា‌ជន​ច្រើន​កុះ‌ករ​នៅ​ខាង​ក្រៅ​កំពុង​អធិស្ឋាន*។ រំពេច​នោះ លោក​សាការី​ឃើញ​ទេវតា*​របស់​ព្រះ‌អម្ចាស់​មួយ​រូប ឈរ​នៅ​ខាង​ស្ដាំ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប។ ឃើញ​ដូច្នោះ លោក​រន្ធត់​ចិត្ត ហើយ​ភ័យ​ខ្លាច​ទៀត​ផង។ ទេវតា​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ថា៖ «កុំ​ខ្លាច​អី លោក​សាការី​អើយ! ព្រះ‌អម្ចាស់​យល់​ព្រម​តាម​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ។ នាង​អេលី‌សាបិត ជា​ភរិយា​របស់​លោក នឹង​បង្កើត​កូន​ប្រុស​មួយ លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូហាន” ។ កូន​នោះ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​មនុស្ស​ជា​ច្រើន​អបអរ‌សាទរ​នឹង​កំណើត​កុមារ​នោះ​ដែរ។ កូន​របស់​លោក​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មិន​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ។ កូន​នោះ​នឹង​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។ កូន​នោះ​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ​វិញ។ កូន​នោះ​នឹង​មក​មុន​ព្រះអង្គ ហើយ​មាន​វិញ្ញាណ​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដូច​លោក​អេលីយ៉ា​បាន​ទទួល ដើម្បី​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន ព្រម​ទាំង​បំបែរ​ចិត្ត​មនុស្ស​រឹង​ទទឹង​ឲ្យ​ត្រឡប់​មក​ជា​មនុស្ស​សុចរិត និង​រៀបចំ​ប្រជា‌រាស្ដ្រ​មួយ​ជា​ស្រេច​ទុក​សម្រាប់​ទទួល​ព្រះ‌អម្ចាស់»។ លោក​សាការី​សួរ​ទៅ​ទេវតា*​ថា៖ «តើ​ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​ដឹង​ថា ការ​នោះ​ពិត​ជា​កើត​ឡើង​មែន ព្រោះ​រូប​ខ្ញុំ​នេះ​ចាស់​ហើយ រីឯ​ប្រពន្ធ​ខ្ញុំ​សោត​ក៏​មាន​អាយុ​ច្រើន​ទៀត​ផង»។ ទេវតា​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រី‌យ៉ែល ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​នាំ​ដំណឹង‌ល្អ​នេះ​មក​ប្រាប់​លោក ប៉ុន្តែ ដោយ​លោក​ពុំ​ព្រម​ជឿ​ពាក្យ​ខ្ញុំ លោក​នឹង​ទៅ​ជា​មនុស្ស​គ និយាយ​ពុំ​កើត រហូត​ដល់​ថ្ងៃ​ដែល​ហេតុ‌ការណ៍​ទាំង​នោះ​បាន​សម្រេច​តាម​ពេល​កំណត់»។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​ទន្ទឹង​រង់‌ចាំ​លោក​សាការី ហើយ​ងឿង‌ឆ្ងល់​ណាស់ ព្រោះ​លោក​ចូល​ទៅ​ក្នុង​ទីសក្ការៈ​យូរ​ដូច្នេះ។ កាល​លោក​ចេញ​មក​វិញ លោក​ពុំ​អាច​និយាយ​ទៅ​គេ​បាន​ឡើយ។ ប្រជា‌ជន​ទាំង​នោះ​យល់​ថា លោក​ប្រាកដ​ជា​បាន​ឃើញ​ការ​អស្ចារ្យ​អ្វី​មួយ​នៅ​ក្នុង​ទី‌សក្ការៈ​ជា​មិន​ខាន។ លោក​សាការី​ធ្វើ​តែ​កាយ‌វិការ​ឲ្យ​គេ​យល់ ព្រោះ​លោក​នៅ​គ​និយាយ​មិន​កើត។ លុះ​លោក​សាការី​បាន​បំពេញ​ការ‌ងារ​តាម​វេន​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ក្រោយ​មក នាង​អេលី‌សាបិត ជា​ភរិយា​របស់​លោក ក៏​ចាប់​មាន​ផ្ទៃ​ពោះ នាង​លាក់​ខ្លួន​អស់​រយៈ​ពេល​ប្រាំ​ខែ។ នាង​នឹក​គិត​ថា៖ «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បាន​ប្រោស‌ប្រណី​ដល់​រូប​ខ្ញុំ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​លែង​ខ្មាស​មនុស្ស​លោក​ទៀត​ហើយ!»។

ចែក​រំលែក
អាន លូកា 1

លូកា 1:5-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​នៅ​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន អ្នក​ទាំង​២​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​ក្រិត្យ‌ក្រម​នឹង​ច្បាប់​នៃ​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ទេ លោក​គ្មាន​កូន​សោះ ដ្បិត​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ទាំង​ប្ដី​ប្រពន្ធ​ក៏​ចាស់​ណាស់​ផង។ រីឯ​តាម​ទំលាប់​ការ‌ងារ​ពួក​សង្ឃ ដែល​គេ​ចាប់​ឆ្នោត នោះ​ត្រូវ​វេន​ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់ កាល​កំពុង​តែ​ធ្វើ​ការ‌ងារ​នៃ​ពួក​សង្ឃ នៅ​ចំពោះ​ព្រះ តាម​វេន​លោក ហើយ​បណ្តា​មនុស្ស ដែល​នៅ​ខាង​ក្រៅ​កំពុង​តែ​អធិស្ឋាន នៅ​វេលា​ដុត​គ្រឿង​ក្រអូប នោះ​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ឈរ​ខាង​ស្តាំ​នៃ​អាសនា​គ្រឿង​ក្រអូប ឲ្យ​លោក​ឃើញ កាល​សាការី​ឃើញ​ទេវតា​ហើយ លោក​ក៏​ភាន់‌ភាំង ហើយ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច ប៉ុន្តែ​ទេវតា​និយាយ​ថា កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលី‌សាបិត ប្រពន្ធ​លោក នឹង​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ត្រូវ​ឲ្យ​វា​មាន​ឈ្មោះ​ថា «យ៉ូហាន» លោក​នឹង​មាន​សេចក្ដី​រីក‌រាយ នឹង​សេចក្ដី​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អរ​សាទរ ក្នុង​កាល​ដែល​វា​កើត​មក​នោះ ដ្បិត​វា​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់ វា​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ទេ វា​នឹង​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក វា​នឹង​បង្វិល​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន ឲ្យ​ត្រឡប់​វិល​មក​ឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​គេ​វិញ វា​នឹង​នាំ​មុខ​ទ្រង់ ដោយ​នូវ​វិញ្ញាណ ហើយ​នឹង​អំណាច​របស់​លោក​អេលីយ៉ា ដើម្បី​នឹង​បំបែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន នឹង​ពួក​ចចេស​មក​ឯ​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ប្រយោជន៍​នឹង​រៀបចំ​មនុស្ស​១​ពួក​ទុក​ជា​ស្រេច សំរាប់​ជា​រាស្ត្រ​របស់​ព្រះ‌អម្ចាស់ សាការី​សួរ​ទេវតា​ថា តើ​ខ្ញុំ​នឹង​ដឹង​សេចក្ដី​នោះ​បាន ដោយ‌សារ​អ្វី ដ្បិត​ខ្ញុំ​សោត​ក៏​ចាស់​ហើយ ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ ទេវតា​ឆ្លើយ​តប​នឹង​លោក​ថា ខ្ញុំ​នេះ ឈ្មោះ​កាព្រី‌យ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ មើល លោក​នឹង​ត្រូវ​គ និយាយ​មិន​បាន ដរាប​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក ពី​ព្រោះ​លោក​មិន​បាន​ជឿ​ពាក្យ​ខ្ញុំ ដែល​នឹង​សំរេច​នៅ​វេលា​កំណត់​នោះ​ទេ។ ឯ​បណ្តា​មនុស្ស​គេ​នៅ​ចាំ​សាការី ក៏​នឹក​ប្លែក​ពី​លោក ដែល​នៅ​ក្នុង​ព្រះ‌វិហារ​ជា​យូរ​ម៉្លេះ កាល​លោក​ចេញ​មក លោក​និយាយ​នឹង​គេ​មិន​បាន​ទេ គេ​ក៏​យល់​ឃើញ​ថា លោក​បាន​ឃើញ​ការ​ជាក់​ស្តែង​ណា​មួយ នៅ​ក្នុង​ព្រះ‌វិហារ​ជា​មិន​ខាន ដោយ​លោក​ធ្វើ​គ្រឿង​សំគាល់​ឲ្យ​ដឹង ហើយ​ក៏​នៅ​តែ​គ កាល​វេលា​ដែល​ការ‌ងារ​លោក​បាន​សំរេច​ហើយ នោះ​លោក​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ គ្រា​ក្រោយ​នោះ អេលី‌សាបិត ជា​ប្រពន្ធ​លោក នាង​មាន​ផ្ទៃ​ពោះ រួច​ក៏​លាក់​ខ្លួន​នៅ​៥​ខែ ដោយ​ថា ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រោស​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ទ្រង់​ទត​មក​ខ្ញុំ ដើម្បី​នឹង​ដោះ​សេចក្ដី​អាមាស់​ខ្មាស​របស់​ខ្ញុំ នៅ​កណ្តាល​មនុស្ស​ចេញ។

ចែក​រំលែក
អាន លូកា 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ