លូកា 1:5-25

លូកា 1:5-25 គកស១៦

ក្នុង​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​ម្នាក់​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន អ្នក​ទាំង​ពីរ​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ឡើយ។ លោក​គ្មាន​កូន​សោះ ដ្បិត​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ផង។ កាល​លោក​កំពុង​បម្រើ​ការ‌ងារ​ជា​សង្ឃ​នៅ​ចំពោះ​ព្រះ តាម​វេន​របស់​លោក គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម​ទម្លាប់​របស់​ពួក​សង្ឃ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ ពេល​លោក​ដុត​គ្រឿង​ក្រអូប បណ្តា​ជន​ទាំង​អស់​នៅ​ខាង​ក្រៅ កំពុង​តែ​អធិស្ឋាន។ ពេល​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​មួយ​រូប​លេច​ឲ្យ​លោក​ឃើញ ឈរ​ខាង​ស្តាំ​អាសនា​គ្រឿង​ក្រអូប។ ពេល​សាការី​ឃើញ​ទេវតា លោក​ក៏​ភាន់‌ភាំង ហើយ​មាន​ចិត្ត​ភ័យ​ខ្លាច។ ប៉ុន្តែ ទេវតា​ពោល​ទៅ​គាត់​ថា៖ «កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលី‌សាបិត ប្រពន្ធ​របស់​លោក​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក ហើយ​លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា "យ៉ូហាន"។ លោក​នឹង​មាន​ចិត្ត​រីក‌រាយ និង​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អបអរ‌សាទរ​កំណើត​របស់​កូន​នោះ ដ្បិត​កូន​នោះ​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់។ កូន​នោះ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ ឬ​គ្រឿង​ស្រវឹង​ទេ កូន​នោះ​នឹង​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​ពី​ផ្ទៃ​ម្តាយ​មក ។ កូន​នោះ​នឹង​បង្វែរ​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន ឲ្យ​ត្រឡប់​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ​វិញ។ កូន​នោះ​នឹង​នាំ​មុខ​ព្រះ‌អង្គ ដោយ​វិញ្ញាណ និង​អំណាច​របស់​លោក​អេលី‌យ៉ា ដើម្បី​បំបែរ​ចិត្ត​ឪពុក​មក​រក​កូន និង​ពួក​ចចេស​មក​រក​ប្រាជ្ញា​របស់​មនុស្ស​សុចរិត ហើយ​រៀបចំ​ប្រជា‌រាស្រ្ត​មួយ​ជា​ស្រេច ទុក​សម្រាប់​ព្រះ‌អម្ចាស់» ។ សាការី​សួរ​ទេវតា​ថា៖ «តើ​ខ្ញុំ​ដឹង​សេចក្តី​នោះ​ដូច​ម្តេច​បាន? ដ្បិត​ខ្ញុំ​ចាស់​ហើយ ឯ​ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ»។ ទេវតា​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​នាំ​ដំណឹង​ល្អ​នេះ​មក​ប្រាប់​លោក ។ មើល៍! លោក​នឹង​ត្រូវ​គ និយាយ​មិន​បាន រហូត​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក ព្រោះ​លោក​មិន​បាន​ជឿ​ពាក្យ​ខ្ញុំ ដែល​នឹង​សម្រេច​នៅ​វេលា​កំណត់»។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​កំពុង​រង់​ចាំ​សាការី ហើយ​ងឿង​ឆ្ងល់​នឹង​ការ​ដែល​លោក​នៅ​ក្នុង​ព្រះ‌វិហារ​យូរ​ដល់​ម្ល៉េះ។ កាល​លោក​ចេញ​មក លោក​មិន​អាច​និយាយ​ទៅ​គេ​បាន​ឡើយ ហើយ​គេ​យល់​ថា លោក​ច្បាស់​ជា​បាន​ឃើញ​និមិត្ត​ណា​មួយ​នៅ​ក្នុង​ព្រះ‌វិហារ​ជា​មិន​ខាន។ លោក​ចេះ​តែ​ធ្វើ​សញ្ញា​ឲ្យ​គេ​ដឹង ហើយ​ក៏​នៅ​តែ​គ​និយាយ​មិន​កើត។ លុះ​ពេល​ដែល​លោក​បំពេញ​ការ‌ងារ​ចប់​ហើយ លោក​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ក្រោយ​មក អេលី‌សាបិត ជា​ប្រពន្ធ​របស់​លោក ក៏​មាន​ផ្ទៃ​ពោះ ហើយ​នាង​លាក់​ខ្លួន​រយៈ​ពេល​ប្រាំ​ខែ ដោយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រណី​ដល់​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ព្រះ‌អង្គ​ទត​មក​ខ្ញុំ ហើយ​បាន​ដោះ​សេចក្តី​ខ្មាស​របស់​ខ្ញុំ ចេញ​ពី​កណ្តាល​មនុស្ស»។

អាន លូកា 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 1:5-25

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ