លេវីវិន័យ 23:15-44

លេវីវិន័យ 23:15-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ចាប់​ពី​ក្រោយ​ថ្ងៃ​សប្ប័ទ​នោះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​យក​កណ្ដាប់​មក​ថ្វាយ​ជា​តង្វាយ​គ្រវី នោះ​ត្រូវ​រាប់​ពេញ​ជា​ប្រាំពីរ​ថ្ងៃ​ឈប់​សម្រាក។ ត្រូវ​តែ​រាប់​ទៅ​ដល់​ថ្ងៃ​ក្រោយ​ថ្ងៃ​សប្ប័ទ​ទី​ប្រាំពីរ​នោះ គឺ​ទាំង​អស់​ត្រូវ​ជា​ហាសិប​ថ្ងៃ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ​ជា​ថ្មី​ទៀត​ដល់​ព្រះ‌យេហូវ៉ា។ ត្រូវ​យក​នំបុ័ង​ពីរ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង​ពី​ផ្ទះ​អ្នក​មក​ថ្វាយ​ជា​តង្វាយ​គ្រវី នំបុ័ង​នោះ​ត្រូវ​ធ្វើ​ដោយ​លាយ​ដំបែ​សម្រាប់​ជា​តង្វាយ​នៃ​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​យក​កូន​ចៀម​ប្រាំពីរ​ឥត‌ខ្ចោះ​អាយុ​មួយ​ខួប និង​គោ​ឈ្មោល​ស្ទាវ​មួយ ហើយ​ចៀម​ឈ្មោល​ពីរ​មក​ថ្វាយ​ព្រម​គ្នា​នឹង​នំបុ័ង​នោះ គឺ​ត្រូវ​ដុត​សត្វ​ទាំង​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រូច​ផង ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប និង​កូន​ចៀម​ឈ្មោល​ពីរ អាយុ​មួយ​ខួប សម្រាប់​ជា​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី​ដែរ។ សង្ឃ​ត្រូវ​គ្រវី​សត្វ​ទាំង​នោះ​ថ្វាយ​ជា​មួយ​នំបុ័ង​ដែល​ជា​ផល​ដំបូង ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ចៀម​ពីរ​នោះ​ដែរ តង្វាយ​ទាំង​នោះ សុទ្ធ​តែ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ទុក​សម្រាប់​ពួក​សង្ឃ។ នៅ​ថ្ងៃ​នោះ ត្រូវ​ប្រកាស​ប្រាប់​ថា​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​គ្រប់​ទី​កន្លែង ដែល​ត្រូវ​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ។ ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ចម្រូត​នៅ​ស្រែ​ចម្ការ​របស់​អ្នក មិន​ត្រូវ​ឲ្យ​ដល់​កៀន​ឡើយ ក៏​មិន​ត្រូវ​សន្សំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ចុះ​ដែរ ត្រូវ​ឲ្យ​ទុក​សម្រាប់​អស់​អ្នក​ក្រីក្រ និង​អស់​អ្នក​ដែល​ស្នាក់​នៅ​វិញ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នៅ​ថ្ងៃ​ដំបូង​ក្នុង​ខែ​ទីប្រាំពីរ នោះ​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​បុណ្យ​ផ្លុំ​ត្រែ​រំឭក ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​សោះ​ឡើយ តែ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «នៅ​ថ្ងៃ​ដប់​ក្នុង​ខែ​ទីប្រាំពីរ​នេះ ជា​ថ្ងៃ​ឲ្យ​បាន​ធួន​នឹង​បាប គឺ​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។ នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ ដ្បិត​គឺ​ជា​ថ្ងៃ​ធួន​នឹង​បាប សម្រាប់​ថ្វាយ​តង្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ អស់​អ្នក​ណា​ដែល​មិន​បញ្ឈឺ​ចិត្ត​ខ្លួន នៅ​ថ្ងៃ​នោះ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ពួក​សាសន៍​របស់​ខ្លួន ហើយ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ថ្ងៃ​នោះ នោះ​យើង​នឹង​ធ្វើ​ឲ្យ​វិនាស​ចេញ​ពី​ពួក​សាសន៍​ខ្លួន​ទៅ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​យ៉ាង​ណា​ឲ្យ​សោះ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា​ធ្វើ​ការ​នៅ​គ្រប់​ទី​កន្លែង ដែល​នឹង​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ។ ថ្ងៃ​នោះ​ត្រូវ​ទុក​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន គឺ​នៅ​ពេល​ល្ងាច​ថ្ងៃ​ប្រាំបួន​ខែ​នោះ ចាប់​តាំង​ពី​ល្ងាច​រហូត​ដល់​ខួប​វិញ នោះ​អ្នក​រាល់​គ្នា​ត្រូវ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​អ្នក»។ ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​ទី​ប្រាំពីរ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​ប្រាំពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ដំបូង អ្នក​រាល់​គ្នា​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។ ក្នុង​ប្រាំពីរ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទៅ​ព្រះ‌យេហូវ៉ា លុះ​ដល់​ថ្ងៃ​ប្រាំបី ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា នោះ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នេះ​ជា​ការ​ប្រជុំ​យ៉ាង​ឱឡារិក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ហើយ​ជា​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​តង្វាយ​ដុត​មួយ តង្វាយ​ម្សៅ​មួយ យញ្ញ‌បូជា​មួយ និង​តង្វាយ​ច្រូច​មួយ តាម​របៀប​បុណ្យ​រាល់​តែ​ថ្ងៃ។ ក្រៅ​ពី​ថ្ងៃ​សប្ប័ទ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ ព្រម​ទាំង​បំណន់​របស់​អ្នក និង​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត​ផង។ នៅ​ថ្ងៃ​ដប់ប្រាំ​ខែ​ទីប្រាំពីរ កាល​ណា​បាន​ប្រមូល​ផល​ពី​ដី​មក នោះ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ថ្ងៃ​ដំបូង ជា​ថ្ងៃ​ឈប់​សម្រាក ហើយ​នៅ​ថ្ងៃ​ទី​ប្រាំបី ក៏​ជា​ថ្ងៃ​ឈប់​សម្រាក​ដែរ។ នៅ​ថ្ងៃ​ដំបូង អ្នក​រាល់​គ្នា​ត្រូវ​យក​មែក ពី​ដើម​ឈើ​យ៉ាង​ល្អ ហើយ​កាត់​ធាង​លម៉ើ និង​មែក​ឈើ​ញឹក‌ស្និទ្ធ ព្រម​ទាំង​ធាង​ចាក​ពី​មាត់​ស្ទឹង រួច​ត្រូវ​អរ​សប្បាយ​អស់​ប្រាំពីរ​ថ្ងៃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​ប្រាំពីរ​ថ្ងៃ​រាល់​តែ​ឆ្នាំ នេះ​ហើយ​ជា​ច្បាប់ នៅ​អស់‌កល្ប​ជា‌និច្ច អស់​ទាំង​តំណ​អ្នក​ត​រៀង​ទៅ គឺ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​ទីប្រាំពីរ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​វង្ស​សាសន៍​អ៊ីស្រា‌អែល អា‌ស្រ័យ​នៅ​ក្នុង​បារាំ​នោះ​អស់​ប្រាំពីរ​ថ្ងៃ ដើម្បី​ឲ្យ​អស់​ទាំង​តំណ​កូន​ចៅ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា យើង​បាន​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ក្នុង​បារាំ​ដូច្នេះ ក្នុង​កាល​ដែល​យើង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ លោក​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពី​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន លេវីវិន័យ 23

លេវីវិន័យ 23:15-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចាប់​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្ដាប់​ស្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ ត្រូវ​កំណត់​ពេល​ពេញ​ប្រាំ‌ពីរ​អាទិត្យ។ អ្នក​រាល់​គ្នា​ត្រូវ​គិត​ហា‌សិប​ថ្ងៃ រហូត​ដល់​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ​ទី​ប្រាំ‌ពីរ ថ្ងៃ​នោះ​ត្រូវ​យក​តង្វាយ​ពី​ស្រូវ​ថ្មី​មក​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​ត្រូវ​យក​នំប៉័ង​ពីរ​ដុំ​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ព្រះ‌អម្ចាស់។ ត្រូវ​ប្រើ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា​ដុត​ជា​មួយ​មេ​នំប៉័ង សម្រាប់​ធ្វើ​ជា​នំប៉័ង​ដំបូង​បង្អស់ ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ប្រាំ‌ពីរ​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ គោ​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ ថែម​ពី​លើ​នំប៉័ង​នេះ ថ្វាយ​ព្រះ‌អម្ចាស់​ជា​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យក​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ​សម្រាប់​ពិធី​ច្រួច‌ស្រា មក​ថ្វាយ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​យញ្ញ‌បូជា​រំដោះ​បាប ព្រម​ទាំង​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ បូជា‌ចារ្យ​លើក​សត្វ​ទាំង​នោះ ព្រម​ទាំង​នំប៉័ង​ដែល​ជា​ផល​ដំបូង និង​កូន​ចៀម​ទាំង​ពីរ ថ្វាយ​ព្រះ‌អម្ចាស់។ តង្វាយ​ទាំង​នោះ​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដ៏​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ ហើយ​ប្រគល់​ជូន​បូជា‌ចារ្យ។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។ ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។ ត្រូវ​ទុក​ឲ្យ​ជន​ទុគ៌ត និង​ជន​បរ‌ទេស​រើស​បរិភោគ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ គឺ​ជា​ថ្ងៃ​សម្រាក។ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​រំឭក និង​ស្រែក​ជយ‌ឃោស ដោយ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ តែ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ ត្រូវ​តម​អាហារ ហើយ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ដ្បិត​ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​ដែល​ពុំ​តម​អាហារ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។ អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ដូច​ថ្ងៃ​សប្ប័ទ ហើយ​ត្រូវ​តម​អាហារ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បួន​ក្នុង​ខែ​នោះ អ្នក​រាល់​គ្នា​ត្រូវ​សម្រាក​ដូច​ថ្ងៃ​សប្ប័ទ ចាប់​ពី​ពេល​ល្ងាច​នៃ​ថ្ងៃ​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ*​សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បី ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ហើយ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះអង្គ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​បង្ហើយ​បុណ្យ ដែល​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ នេះ​ជា​បុណ្យ​សំខាន់ៗ​របស់​ព្រះ‌អម្ចាស់ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះអង្គ ដើម្បី​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ គឺ​មាន​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ យញ្ញ‌បូជា​មេត្រី‌ភាព និង​ពិធី​ច្រួច‌ស្រា។ ត្រូវ​ថ្វាយ​តង្វាយ​នីមួយៗ​តាម​ថ្ងៃ​កំណត់។ ក្រៅ​ពី​ធ្វើ​បុណ្យ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ទាំង​នេះ​ថែម​ទៀត ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ពិធី​បុណ្យ​ទាំង​នេះ ថែម​ពី​លើ​តង្វាយ​ផ្សេងៗ តង្វាយ​លា​បំណន់ និង​តង្វាយ​ស្ម័គ្រ​ចិត្ត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​ទី​ដប់‌ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ ពេល​អ្នក​រាល់​គ្នា​ប្រមូល​ភោគ‌ផល​នៅ​ក្នុង​ស្រុក​ចប់​សព្វ​គ្រប់​ហើយ ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំ‌បី ជា​ថ្ងៃ​សម្រាក។ នៅ​ថ្ងៃ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​យក​ផ្លែ​ឈើ​ដ៏​ល្អ ធាង​ចាក មែក​ឈើ​ត្រសុំ‌ត្រសាយ ព្រម​ទាំង​ស្លឹក​ត្រែង​ដែល​ដុះ​នៅ​តាម​ស្ទឹង មក​ប្រារព្ធ​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ រៀង​រាល់​ឆ្នាំ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ថ្វាយ​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ គឺ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ខែ​ទី​ប្រាំ‌ពីរ។ អ្នក​រាល់​គ្នា​ត្រូវ​រស់​នៅ​ក្នុង​បារាំ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ គឺ​ម្ចាស់​ស្រុក​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ត្រូវ​រស់​នៅ​ក្នុង​បារាំ​នោះ ដើម្បី​ឲ្យ​កូន​របស់​អ្នក​រាល់​គ្នា​ដឹង​ថា ពេល​យើង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​ឲ្យ​គេ​រស់​ក្នុង​បារាំ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​អំពី​របៀប​ធ្វើ​ពិធី​បុណ្យ​ដ៏​សំខាន់ៗ សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន លេវីវិន័យ 23

លេវីវិន័យ 23:15-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ចាប់​តាំង​ពី​ថ្ងៃ​ក្រោយ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ពី​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​បាន​យក​កណ្តាប់ មក​ថ្វាយ​ជា​ដង្វាយ​គ្រវី នោះ​ត្រូវ​រាប់​ពេញ​ជា​៧​ថ្ងៃ​ឈប់​សំរាក ត្រូវ​តែ​រាប់​ទៅ​ដល់​ថ្ងៃ​ក្រោយ​ថ្ងៃ​ឈប់​សំរាក​ទី​៧​នោះ គឺ​ទាំង​អស់​ត្រូវ​ជា​៥០​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ម្សៅ​ជា​ថ្មី​ទៀត​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​យក​នំបុ័ង​២​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង​ពី​ផ្ទះ​ឯង មក​ថ្វាយ​ជា​ដង្វាយ​គ្រវី នំបុ័ង​នោះ​ត្រូវ​ធ្វើ​ដោយ​លាយ​ដំបែ​សំរាប់​ជា​ដង្វាយ​នៃ​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​យក​កូន​ចៀម​៧​ឥត‌ខ្ចោះ​អាយុ​១​ខួប នឹង​គោ​ឈ្មោល​ស្ទាវ​១ ហើយ​នឹង​ចៀម​ឈ្មោល​២ មក​ថ្វាយ​ព្រម​គ្នា​នឹង​នំបុ័ង​នោះ គឺ​ត្រូវ​ដុត​សត្វ​ទាំង​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​ផង ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប នឹង​កូន​ចៀម​ឈ្មោល​២​អាយុ​១​ខួប សំរាប់​ជា​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ដែរ ត្រូវ​ឲ្យ​សង្ឃ​គ្រវី​សត្វ​ទាំង​នោះ​ថ្វាយ​ជា​មួយ​នឹង​នំបុ័ង​ដែល​ជា​ផល​ដំបូង ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ចៀម​២​នោះ​ដែរ ដង្វាយ​ទាំង​នោះ​សុទ្ធ​តែ​បរិសុទ្ធ ដល់​ព្រះ‌យេហូវ៉ា ទុក​សំរាប់​ពួក​សង្ឃ នៅ​ថ្ងៃ​នោះ​ឯង ត្រូវ​ប្រកាស​ប្រាប់​ថា​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ នេះ​ហើយ​ជា​ច្បាប់​សំរាប់​គ្រប់​ទី​កន្លែង ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ។ កាល​ណា​ឯង​រាល់​គ្នា​ច្រូត​ចំរូត​នៅ​ស្រែ​ចំការ​របស់​ឯង នោះ​មិន​ត្រូវ​ច្រូត​ឲ្យ​ដល់​កៀន​ឡើយ ក៏​មិន​ត្រូវ​សន្សំ​រើស​គួរ​ស្រូវ​ដែល​ជ្រុះ​ចុះ​ដែរ ត្រូវ​ឲ្យ​ទុក​សំរាប់​ពួក​អ្នក​ក្រីក្រ ហើយ​នឹង​ពួក​អ្នក​ដែល​ស្នាក់​នៅ​វិញ អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា នៅ​ថ្ងៃ​ដំបូង​ក្នុង​ខែ​អស្សុជ នោះ​ជា​ថ្ងៃ​ឈប់​សំរាក សំរាប់​ឯង​រាល់​គ្នា គឺ​ជា​បុណ្យ​ផ្លុំ​ត្រែ​រំឭក ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​រក​ស៊ី​ឲ្យ​សោះ តែ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា នៅ​ថ្ងៃ​១០​ក្នុង​ខែ​អស្សុជ​នេះ​ឯង នោះ​ជា​ថ្ងៃ​ឲ្យ​បាន​ធួន​នឹង​បាប គឺ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បញ្ឈឺ​ចិត្ត​ខ្លួន ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ ដ្បិត​គឺ​ជា​ថ្ងៃ​ធួន​នឹង​បាប សំរាប់​នឹង​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​ឯង​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឯ​អស់​អ្នក​ណា​ដែល​មិន​បញ្ឈឺ​ចិត្ត​ខ្លួន​នៅ​ថ្ងៃ​នោះ អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ពី​ពួក​សាសន៍​របស់​ខ្លួន​ចេញ ហើយ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ថ្ងៃ​នោះ នោះ​អញ​នឹង​ធ្វើ​ឲ្យ​វិនាស​ចេញ​ពី​ពួក​សាសន៍​ខ្លួន​ទៅ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​យ៉ាង​ណា​ឲ្យ​សោះ នេះ​ហើយ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា​ធ្វើ​ការ​នៅ​គ្រប់​ទី​កន្លែង ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ ថ្ងៃ​នោះ​ត្រូវ​ទុក​ជា​ថ្ងៃ​ឈប់ សំរាប់​ឲ្យ​ឯង​រាល់​គ្នា​បាន​សំរាក ហើយ​ឯង​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន គឺ​នៅ​ពេល​ល្ងាច​ថ្ងៃ​៩​ខែ​នោះ​ឯង ចាប់​តាំង​ពី​ល្ងាច​ដរាប​ដល់​ខួប​វិញ នោះ​ឯង​រាល់​គ្នា​ត្រូវ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​ឯង។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា នៅ​ថ្ងៃ​១៥​ក្នុង​ខែ​អស្សុជ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ ក្នុង​៧​ថ្ងៃ​នោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ដុត​ទៅ​ព្រះ‌យេហូវ៉ា លុះ​ដល់​ថ្ងៃ​៨ ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​សំរាប់​ឯង​រាល់​គ្នា នោះ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នេះ​ជា​ជំនុំ​ដ៏​មុត‌មាំ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឲ្យ​សោះ។ នេះ​ហើយ​ជា​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ដង្វាយ​ដុត​១ ដង្វាយ​ម្សៅ​១ យញ្ញ‌បូជា​១ ហើយ​នឹង​ដង្វាយ​ច្រួច​១ តាម​របៀប​បុណ្យ​រាល់​តែ​ថ្ងៃ ក្រៅ​ពី​អស់​ទាំង​ថ្ងៃ​ឈប់​សំរាក​ផង​ព្រះ‌យេហូវ៉ា ហើយ​ក្រៅ​ពី​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ថ្វាយ​ទាំង​ប៉ុន្មាន ព្រម​ទាំង​បំណន់​របស់​ឯង នឹង​ដង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត​ផង។ នៅ​ថ្ងៃ​១៥​ខែ​អស្សុជ កាល​ណា​បាន​ប្រមូល​ផល​ពី​ដី​មក នោះ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ ថ្ងៃ​ដំបូង ជា​ថ្ងៃ​ឈប់​សំរាក ហើយ​នៅ​ថ្ងៃ​ទី​៨ ក៏​ជា​ថ្ងៃ​ឈប់​សំរាក​ដែរ នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​យក​មែក​ពី​ដើម​យ៉ាង​ល្អ ហើយ​កាត់​ធាង​លម៉ើ នឹង​មែក​ឈើ​ញឹក‌ស្និទ្ធ ព្រម​ទាំង​ធាង​ចាក​ពី​មាត់​ស្ទឹង​ផង រួច​ឲ្យ​អរ​សប្បាយ​ឡើង​អស់​៧​ថ្ងៃ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ​រាល់​តែ​ឆ្នាំ នេះ​ហើយ​ជា​ច្បាប់ នៅ​អស់‌កល្ប‌ជានិច្ច អស់​ទាំង​ដំណ​ឯង​ត​រៀង​ទៅ គឺ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​អស្សុជ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា គឺ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​វង្ស​សាសន៍​អ៊ីស្រាអែល អាស្រ័យ​នៅ​ក្នុង​បារាំ​នោះ​អស់​៧​ថ្ងៃ ដើម្បី​ឲ្យ​អស់​ទាំង​ដំណ​កូន​ចៅ​ឯង​រាល់​គ្នា​បាន​ដឹង​ថា អញ​បាន​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ក្នុង​បារាំ​ដូច្នេះ ក្នុង​កាល​ដែល​អញ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា នោះ​ម៉ូសេ ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ពី​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន លេវីវិន័យ 23