លេវីវិន័យ 23
23
ពិធីបុណ្យផ្សេងៗ
1ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ 2ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «នៅថ្ងៃបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលអ្នករាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃជំនុំបរិសុទ្ធ បុណ្យទាំងនោះ មានដូចតទៅ:
ថ្ងៃសប្ប័ទ បុណ្យរំលង បុណ្យនំប៉័ងឥតដំបែ
3ត្រូវឲ្យធ្វើការក្នុងរវាងប្រាំមួយថ្ងៃ តែដល់ថ្ងៃទីប្រាំពីរ នោះជាថ្ងៃសប្ប័ទសម្រាប់ប្រជុំជំនុំបរិសុទ្ធវិញ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ ដ្បិតជាថ្ងៃសប្ប័ទរបស់ព្រះយេហូវ៉ានៅក្នុងគ្រប់ទាំងទីលំនៅរបស់អ្នករាល់គ្នា។
4បុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដែលអ្នករាល់គ្នាត្រូវប្រកាសប្រាប់នៅពេលកំណត់នោះដូច្នេះ 5គឺនៅថ្ងៃដប់បួនក្នុងខែទីមួយ ចាប់ពីល្ងាចរហូតដល់ខួបវិញ នោះជាថ្ងៃបុណ្យរំលងថ្វាយព្រះយេហូវ៉ា 6ហើយនៅថ្ងៃដប់ប្រាំក្នុងខែនោះដែរ ជាបុណ្យនំបុ័ងឥតដំបែរបស់ព្រះយេហូវ៉ា អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែគ្រប់ប្រាំពីរថ្ងៃ។ 7នៅថ្ងៃដំបូង ត្រូវឲ្យប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ។ 8តែអ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ាគ្រប់ប្រាំពីរថ្ងៃ ដល់ថ្ងៃទីប្រាំពីរ នោះជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ»។
តង្វាយពីផលដំបូង
9ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ 10ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «កាលណាអ្នករាល់គ្នាបានចូលទៅក្នុងស្រុកដែលយើងឲ្យដល់អ្នក ហើយបានចូលទៅក្នុងស្រុកនោះ នោះត្រូវយកកណ្ដាប់ដែលជាផលដំបូងពីចម្រូតអ្នកមកឲ្យសង្ឃ 11សង្ឃត្រូវគ្រវីថ្វាយកណ្ដាប់នោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គបានទទួលស្នងអ្នករាល់គ្នា គឺគ្រវីថ្វាយនៅក្រោយថ្ងៃសប្ប័ទ។ 12នៅថ្ងៃដែលអ្នករាល់គ្នាគ្រវីថ្វាយកណ្ដាប់នោះ នោះត្រូវយកកូនចៀមឈ្មោលមួយឥតខ្ចោះ អាយុមួយខួបមកថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា។ 13ឯតង្វាយម្សៅដែលសម្រាប់ថ្វាយជាមួយ នោះត្រូវជាម្សៅយ៉ាងម៉ដ្តពីរខ្ញឹងលាយប្រេង ទុកជាតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ហើយតង្វាយច្រូចនោះជាស្រាទំពាំងបាយជូរពីរកំប៉ុង។ 14អ្នករាល់គ្នាមិនត្រូវបរិភោគនំបុ័ង ស្រូវលីង ឬអង្ករថ្មី រហូតដល់ថ្ងៃនេះឯង ទាល់តែបានយកតង្វាយមកថ្វាយព្រះរបស់អ្នកសិន នេះហើយជាច្បាប់សម្រាប់អ្នករាល់គ្នា នៅគ្រប់ទីកន្លែងដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ»។
បុណ្យសប្ដាហ៍
15«ចាប់ពីក្រោយថ្ងៃសប្ប័ទនោះ គឺពីថ្ងៃដែលអ្នករាល់គ្នាបានយកកណ្ដាប់មកថ្វាយជាតង្វាយគ្រវី នោះត្រូវរាប់ពេញជាប្រាំពីរថ្ងៃឈប់សម្រាក។ 16ត្រូវតែរាប់ទៅដល់ថ្ងៃក្រោយថ្ងៃសប្ប័ទទីប្រាំពីរនោះ គឺទាំងអស់ត្រូវជាហាសិបថ្ងៃ នោះអ្នករាល់គ្នាត្រូវថ្វាយតង្វាយម្សៅជាថ្មីទៀតដល់ព្រះយេហូវ៉ា។ 17ត្រូវយកនំបុ័ងពីរធ្វើពីម្សៅយ៉ាងម៉ដ្តពីរខ្ញឹងពីផ្ទះអ្នកមកថ្វាយជាតង្វាយគ្រវី នំបុ័ងនោះត្រូវធ្វើដោយលាយដំបែសម្រាប់ជាតង្វាយនៃផលដំបូងថ្វាយព្រះយេហូវ៉ា 18ហើយត្រូវយកកូនចៀមប្រាំពីរឥតខ្ចោះអាយុមួយខួប និងគោឈ្មោលស្ទាវមួយ ហើយចៀមឈ្មោលពីរមកថ្វាយព្រមគ្នានឹងនំបុ័ងនោះ គឺត្រូវដុតសត្វទាំងនោះថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រូចផង ជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ 19ក៏ត្រូវថ្វាយពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប និងកូនចៀមឈ្មោលពីរ អាយុមួយខួប សម្រាប់ជាយញ្ញបូជានៃតង្វាយមេត្រីដែរ។ 20សង្ឃត្រូវគ្រវីសត្វទាំងនោះថ្វាយជាមួយនំបុ័ងដែលជាផលដំបូង ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ព្រមទាំងកូនចៀមពីរនោះដែរ តង្វាយទាំងនោះ សុទ្ធតែបរិសុទ្ធដល់ព្រះយេហូវ៉ា ទុកសម្រាប់ពួកសង្ឃ។ 21នៅថ្ងៃនោះ ត្រូវប្រកាសប្រាប់ថាជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ នេះហើយជាច្បាប់សម្រាប់គ្រប់ទីកន្លែង ដែលត្រូវតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ។
22ពេលណាអ្នករាល់គ្នាច្រូតចម្រូតនៅស្រែចម្ការរបស់អ្នក មិនត្រូវឲ្យដល់កៀនឡើយ ក៏មិនត្រូវសន្សំរើសកួរស្រូវដែលជ្រុះចុះដែរ ត្រូវឲ្យទុកសម្រាប់អស់អ្នកក្រីក្រ និងអស់អ្នកដែលស្នាក់នៅវិញ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។
ពិធីបុណ្យផ្លុំត្រែ
23ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ 24ឲ្យលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «នៅថ្ងៃដំបូងក្នុងខែទីប្រាំពីរ នោះជាថ្ងៃឈប់សម្រាកសម្រាប់អ្នករាល់គ្នា គឺជាបុណ្យផ្លុំត្រែរំឭក ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ។ 25អ្នករាល់គ្នាមិនត្រូវធ្វើការរកស៊ីសោះឡើយ តែត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា»។
ថ្ងៃលុបលាងបាប
26ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 27«នៅថ្ងៃដប់ក្នុងខែទីប្រាំពីរនេះ ជាថ្ងៃឲ្យបានធួននឹងបាប គឺថ្ងៃប្រជុំជំនុំបរិសុទ្ធដល់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន ហើយត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា។ 28នៅថ្ងៃនោះ មិនត្រូវធ្វើការរកស៊ីឡើយ ដ្បិតគឺជាថ្ងៃធួននឹងបាប សម្រាប់ថ្វាយតង្វាយឲ្យធួននឹងខ្លួនអ្នករាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។ 29អស់អ្នកណាដែលមិនបញ្ឈឺចិត្តខ្លួន នៅថ្ងៃនោះ អ្នកនោះនឹងត្រូវកាត់ចេញពីពួកសាសន៍របស់ខ្លួន 30ហើយអស់អ្នកណាដែលធ្វើការអ្វីក៏ដោយនៅថ្ងៃនោះ នោះយើងនឹងធ្វើឲ្យវិនាសចេញពីពួកសាសន៍ខ្លួនទៅ។ 31អ្នករាល់គ្នាមិនត្រូវធ្វើការយ៉ាងណាឲ្យសោះ នេះហើយជាច្បាប់សម្រាប់អ្នករាល់គ្នាធ្វើការនៅគ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ។ 32ថ្ងៃនោះត្រូវទុកជាថ្ងៃសប្ប័ទសម្រាប់ឲ្យអ្នករាល់គ្នាបានសម្រាក ហើយអ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន គឺនៅពេលល្ងាចថ្ងៃប្រាំបួនខែនោះ ចាប់តាំងពីល្ងាចរហូតដល់ខួបវិញ នោះអ្នករាល់គ្នាត្រូវរក្សាថ្ងៃសប្ប័ទរបស់អ្នក»។
ពិធីបុណ្យបារាំ
33ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ 34ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «នៅថ្ងៃដប់ប្រាំក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យបារាំ ថ្វាយព្រះយេហូវ៉ាអស់ប្រាំពីរថ្ងៃ។ 35នៅថ្ងៃដំបូង អ្នករាល់គ្នាត្រូវប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ។ 36ក្នុងប្រាំពីរថ្ងៃនោះ អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតទៅព្រះយេហូវ៉ា លុះដល់ថ្ងៃប្រាំបី ជាថ្ងៃប្រជុំជំនុំបរិសុទ្ធសម្រាប់អ្នករាល់គ្នា នោះត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា នេះជាការប្រជុំយ៉ាងឱឡារិក មិនត្រូវធ្វើការអ្វីឡើយ។
37នេះហើយជាបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ដែលអ្នករាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដើម្បីថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា គឺជាតង្វាយដុតមួយ តង្វាយម្សៅមួយ យញ្ញបូជាមួយ និងតង្វាយច្រូចមួយ តាមរបៀបបុណ្យរាល់តែថ្ងៃ។ 38ក្រៅពីថ្ងៃសប្ប័ទទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា នេះហើយជាតង្វាយដែលអ្នករាល់គ្នាថ្វាយ ព្រមទាំងបំណន់របស់អ្នក និងតង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រចិត្តផង។
39នៅថ្ងៃដប់ប្រាំខែទីប្រាំពីរ កាលណាបានប្រមូលផលពីដីមក នោះត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ារយៈពេលប្រាំពីរថ្ងៃ ថ្ងៃដំបូង ជាថ្ងៃឈប់សម្រាក ហើយនៅថ្ងៃទីប្រាំបី ក៏ជាថ្ងៃឈប់សម្រាកដែរ។ 40នៅថ្ងៃដំបូង អ្នករាល់គ្នាត្រូវយកមែក ពីដើមឈើយ៉ាងល្អ ហើយកាត់ធាងលម៉ើ និងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹង រួចត្រូវអរសប្បាយអស់ប្រាំពីរថ្ងៃនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។ 41អ្នករាល់គ្នាត្រូវធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់ប្រាំពីរថ្ងៃរាល់តែឆ្នាំ នេះហើយជាច្បាប់ នៅអស់កល្បជានិច្ច អស់ទាំងតំណអ្នកតរៀងទៅ គឺត្រូវធ្វើបុណ្យនេះនៅខែទីប្រាំពីរ 42ត្រូវឲ្យអ្នករាល់គ្នា គឺអស់អ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់ប្រាំពីរថ្ងៃ 43ដើម្បីឲ្យអស់ទាំងតំណកូនចៅអ្នករាល់គ្នាបានដឹងថា យើងបានឲ្យពួកកូនចៅអ៊ីស្រាអែលនៅក្នុងបារាំដូច្នេះ ក្នុងកាលដែលយើងនាំគេចេញពីស្រុកអេស៊ីព្ទមក យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។
44លោកម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ពីថ្ងៃបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 23: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies