លេវី‌វិន័យ 22

22
តង្វាយ​ដែល​មិន​អាច​បរិ‌ភោគ​បាន
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ឲ្យ​គេ​រក្សា​ខ្លួន​ចំពោះ​តង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។ 3ចូរ​ប្រាប់​គេ​ថា អ្នក​ណា​ក្នុង​ពូជ​អ្នក​រាល់​គ្នា នៅ​តំណ​ត​ទៅ ដែល​ជាប់​មាន​ភាព​មិន​ស្អាត​ណា ក៏​ចូល​មក​ឯ​តង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​មុខ​យើង​ទៅ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា 4ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ក្នុង​ពូជ​អើរ៉ុន​កើត​ឃ្លង់ ឬ​ហូរ​ខ្ទុះ នោះ​មិន​ត្រូវ​បរិ‌ភោគ​របស់​បរិសុទ្ធ​ឡើយ រហូត​ដល់​បាន​ជា​ស្អាត​សិន ឯ​អ្នក​ណា​ដែល​ពាល់​មនុស្ស​ដែល​មិន​ស្អាត​ដោយ‌សារ​ខ្មោច​ស្លាប់ ឬ​អ្នក​ណា​ដែល​មាន​ទឹក​កាម​ចេញ​ពី​ខ្លួន​មក 5ឬ​អ្នក​ណា​ដែល​ពាល់​ដល់​សត្វ​លូន​វារ​ណា ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត ឬ​ដល់​អ្នក​ណា​ដែល​ភាព​មិន​ស្អាត​របស់​អ្នក​នោះ​ឆ្លង​មក​លើ​ខ្លួន​បាន ទោះ​បើ​មាន​ភាព​មិន​ស្អាត​យ៉ាង​ណា​ក៏​ដោយ 6អ្នក​ដែល​ពាល់​មនុស្ស​យ៉ាង​នោះ នឹង​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​មិន​ត្រូវ​បរិ‌ភោគ​របស់​បរិសុទ្ធ​ឡើយ ទាល់​តែ​បាន​ងូត​ទឹក​ជា​មុន​សិន។ 7រួច​កាល​ណា​ថ្ងៃ​លិច​ហើយ នោះ​ទើប​បាន​ស្អាត ហើយ​បរិ‌ភោគ​របស់​បរិសុទ្ធ​បាន ដ្បិត​នោះ​ជា​អាហារ​របស់​អ្នក​នោះ។ 8គេ​មិន​ត្រូវ​បរិ‌ភោគ​សត្វ​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​ដែល​សត្វ​អ្វី​បាន​ហែក‌ហួរ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត​នោះ​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។ 9ដូច្នេះ គេ​ត្រូវ​រក្សា​បញ្ញើ​របស់​យើង ក្រែង​គេ​ធ្វើ​ឲ្យ​បញ្ញើ​នោះ​ទៅ​ជា​អាប់‌ឱន ហើយ​គេ​ជាប់​មាន​បាប រួច​ត្រូវ​ស្លាប់ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។
10មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​បរិ‌ភោគ​តង្វាយ​បរិសុទ្ធ​ឡើយ អ្នក​ណា​ដែល​ស្នាក់​នៅ​ផ្ទះ​សង្ឃ ឬ​អ្នក​ស៊ី​ឈ្នួល ក៏​មិន​ត្រូវ​បរិ‌ភោគ​តង្វាយ​បរិសុទ្ធ​នោះ​ដែរ 11ប៉ុន្តែ បើ​សង្ឃ​ណា​បាន​យក​ប្រាក់​ទៅ​ទិញ​អ្នក​បម្រើ​មក អ្នក​បម្រើ​នោះ​នឹង​បរិ‌ភោគ​បាន ហើយ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​នោះ​ផង គេ​នឹង​បរិ‌ភោគ​អាហារ​របស់​សង្ឃ​បាន។ 12បើ​កូន​ស្រី​របស់​សង្ឃ​ណា​បាន​យក​ប្តី​ជា​អ្នក​ក្រៅ នាង​នោះ​មិន​ត្រូវ​បរិ‌ភោគ​តង្វាយ​បរិសុទ្ធ​ដែល​លើក​ថ្វាយ​ចុះ​ឡើង​ទៀត​ឡើយ 13តែ​បើ​កូន​ស្រី​របស់​សង្ឃ​ណា​ជា​មេម៉ាយ ឬ​ដែល​ប្តី​លែង​ឥត​មាន​កូន ហើយ​បាន​ត្រឡប់​មក​នៅ​ផ្ទះ​ឪពុក​ខ្លួន ដូច​កាល​នៅ​ក្រមុំ​វិញ នាង​នោះ​នឹង​បរិ‌ភោគ​អាហារ​របស់​ឪពុក​បាន តែ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​បរិ‌ភោគ​ទេ។ 14បើ​អ្នក​ដទៃ​ណា​បរិ‌ភោគ​អ្វី​ពី​តង្វាយ​បរិសុទ្ធ​ដោយ​ឥត​ដឹង ត្រូវ​ឲ្យ​អ្នក​នោះ​សង​របស់​បរិសុទ្ធ​ដល់​សង្ឃ​វិញ ព្រម​ទាំង​ថែម​មួយ​ភាគ​ក្នុង​ប្រាំ​ផង។ 15គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​តង្វាយ​បរិសុទ្ធ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទៅ​ជា​អាប់‌ឱន​ឡើយ 16នោះ​ជា​ហេតុ​នាំ​ឲ្យ​គេ​មាន​អំពើ​ទុច្ចរិត ដែល​នាំ​ឲ្យ​មាន​ទោស ដោយ​បាន​បរិ‌ភោគ​តង្វាយ​បរិសុទ្ធ​របស់​គេ​ដូច្នេះ ដ្បិត​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​ចេញ​ជា​បរិសុទ្ធ»។
ការ​ជ្រើស‌រើស​សត្វ​សម្រាប់​ធ្វើ​យញ្ញ‌បូជា
17ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ 18ឲ្យ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា៖ «ពេល​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​ក្នុង​ពួក​អ្នក​សំណាក់​នៅ​ជា​មួយ ដែល​គេ​នឹង​ថ្វាយ​តង្វាយ​របស់​ខ្លួន ទោះ​ជា​តង្វាយ​លា​បំណន់ ឬ​តង្វាយ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ក្តី ដែល​គេ​នឹង​យក​មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា 19នោះ​បើ​គេ​ចង់​ឲ្យ​ព្រះ‌អង្គ​ទទួល ត្រូវ​ឲ្យ​គេ​ថ្វាយ​សត្វ​ឈ្មោល​ឥត‌ខ្ចោះ​ពី​ហ្វូង​គោ ហ្វូង​ចៀម ឬ​ហ្វូង​ពពែ​ក្តី 20តែ​សត្វ​ណា​ដែល​វិកល‌វិការ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ថ្វាយ​ឡើយ ដ្បិត​ព្រះ‌អង្គ​មិន​ទទួល​សត្វ​យ៉ាង​នោះ​ស្នង​អ្នក​រាល់​គ្នា​ទេ។ 21ពេល​អ្នក​ណា​ម្នាក់​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា សម្រាប់​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត ទោះ​បើ​គោ ឬ​ចៀម​ក្តី សត្វ​នោះ​ត្រូវ​តែ​បាន​ពេញ​ខ្នាត ទើប​ព្រះ‌អង្គ​ទទួល មិន​ត្រូវ​មាន​ភាព​ពិការ​អ្វី​ឡើយ។ 22ឯ​សត្វ​ដែល​ខ្វាក់ បាក់​ជើង កំបុត​ជើង ឬ​កើត​ដំបៅ អង្គែ ឬ​មាន​ក្រមរ នោះ​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌អង្គ​នៅ​លើ​អាសនា​ឡើយ។ 23បើ​គោ ឬ​ចៀម មាន​អវយវៈ​ខ្វះ​ខាត​មិន​ខាន​ពេញ​លក្ខណៈ នោះ​អ្នក​នឹង​ថ្វាយ​ជា​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​បាន តែ​ព្រះ‌អង្គ​មិន​ទទួល​សត្វ​នោះ​សម្រាប់​ជា​តង្វាយ​លា​បំណន់​ឡើយ។ 24បើ​សត្វ​ណា​មាន​ពង​ខូច ឬ​ខ្ទាំ បែក ឬ​ក្រៀវ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​ត្រូវ​ធ្វើ​ដូច្នោះ​នៅ​ក្នុង​ស្រុក​អ្នក​ដែរ 25អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សត្វ​ណា​យ៉ាង​នោះ ពី​អ្នក​ប្រទេស​ក្រៅ សម្រាប់​ថ្វាយ​ជា​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​អ្នក​ឡើយ ព្រោះ​សត្វ​យ៉ាង​នោះ​មិន​ពេញ​លក្ខណៈ​ទេ គឺ​មាន​វិកល‌វិការ​ហើយ ព្រះ‌អង្គ​មិន​ទទួល​ស្នង​អ្នក​រាល់​គ្នា​ឡើយ»។
26ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 27«ពេល​ណា​កូន​គោ កូន​ចៀម ឬ​កូន​ពពែ​កើត​មក ត្រូវ​ឲ្យ​វា​នៅ​ជា​មួយ​មេ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ រួច​ចាប់​ពី​ថ្ងៃ​ទី​ប្រាំបី​ទៅ នោះ​នឹង​ទទួល​សម្រាប់​ជា​តង្វាយ​ដុត ថ្វាយ​ព្រះ‌យេហូវ៉ា​បាន 28តែ​ទោះ​បើ​គោ ឬ​ចៀម​ក្តី មិន​ត្រូវ​សម្លាប់​ទាំង​មេ​ទាំង​កូន​នៅ​ថ្ងៃ​ដដែល​ទេ។ 29បើ​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា ទុក​ជា​តង្វាយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​អ្នក​ចុះ។ 30រួច​ត្រូវ​តែ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​ដល់​ព្រឹក​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។
31ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់​អស់​ទាំង​បញ្ញត្តិ​របស់​យើង ហើយ​ប្រព្រឹត្ត​តាម​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា 32អ្នក​រាល់​គ្នា​មិន​ត្រូវ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ឡើយ គឺ​ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​តម្កើង​យើង​ឡើង​ជា​បរិសុទ្ធ យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា ដែល​ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ 33ហើយ​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា»។

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 22: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល