លេវី‌វិន័យ 24

24
ចង្កៀង
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​យក​ប្រេង​អូលីវ​សុទ្ធ​យ៉ាង​សម្រាំង​មក​សម្រាប់​ចង្កៀង ដើម្បី​ឲ្យ​បាន​ឆេះ​ជា‌និច្ច 3អើរ៉ុន​ត្រូវ​ថែ‌ទាំ​ចង្កៀង​នោះ ឲ្យ​ឆេះ​ពី​ល្ងាច​រហូត​ដល់​ព្រឹក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ខាង​ក្រៅ​វាំង‌នន​ដែល​បាំង​ហិប​នៃ​សេចក្ដី​បន្ទាល់ ក្នុង​ត្រសាល​ជំនុំ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អស់‌កល្ប​ជា‌និច្ច នៅ​អស់​ទាំង​តំណ​អ្នក​ត​រៀង​ទៅ។ 4ត្រូវ​ឲ្យ​លោក​រៀប​ចង្កៀង​នៅ​លើ​ជើង​ចង្កៀង​មាស​សុទ្ធ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច។
នំប៉័ង​សម្រាប់រោងឧបោសថ
5ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​ធ្វើ​នំ​ដប់ពីរ គឺ​ថា​នំ​នីមួយៗ​ធ្វើ​ពី​ម្សៅ​ពីរ​ខ្ញឹង 6ហើយ​ត្រូវ​តម្រៀប​នំ​ទាំង​នោះ​ជា​ពីរ​ជួរ ក្នុង​មួយ​ជួរ​មាន​ប្រាំមួយ នៅ​លើ​តុ​មាស​សុទ្ធ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 7រួច​ត្រូវ​ដាក់​កំញាន​សុទ្ធ​ពី​លើ​នំ​ទាំង​ពីរ​ជួន​នោះ ឲ្យ​បាន​ទុក​ជា​នំបុ័ង​រំឭក គឺ​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។ 8រាល់​តែ​ថ្ងៃ​សប្ប័ទ ត្រូវ​ឲ្យ​លោក​តម្រៀប​នំ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច ទុក​ជា​តង្វាយ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នេះ​ហើយ​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច។ 9នំ​ទាំង​នោះ​ត្រូវ​បាន​ជា​ចំណែក​អើរ៉ុន និង​ពួក​កូន​លោក គេ​ត្រូវ​បរិ‌ភោគ​នៅ​ទី​កន្លែង​បរិសុទ្ធ ដ្បិត​ជា​របស់​បរិសុទ្ធ​បំផុត សម្រាប់​ពួក​លោក ពី​ក្នុង​អស់​ទាំង​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា តាម​ច្បាប់​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច»។
ទោស​សម្រាប់​អ្នក​ប្រមាថ​ព្រះ និង​ឃាតក
10នៅ​គ្រា​នោះ មាន​កូន​ប្រុស​របស់​ស្ត្រី​សាសន៍​អ៊ីស្រា‌អែល​ម្នាក់ ដែល​ឪពុក​ជា​សាសន៍​អេស៊ីព្ទ បាន​ចេញ​ទៅ​កណ្ដាល​ជំនុំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឈ្លោះ​គ្នា​នឹង​សាសន៍​អ៊ីស្រា‌អែល​ម្នាក់​នៅ​ក្នុង​ជំរំ 11កូន​របស់​ស្ត្រី​សាសន៍​អ៊ីស្រា‌អែល​នោះ​ក៏​ប្រមាថ​ដល់​ព្រះ‌នាម​នៃ​ព្រះ ព្រម​ទាំង​ជេរ​ប្រទេច​ផង ដូច្នេះ គេ​នាំ​មក​ឯ​លោក​ម៉ូសេ។ ម្តាយ​របស់​អ្នក​នោះ ឈ្មោះ​សឡូមិត ជា​កូន​ឌីបរី ក្នុង​កុល‌សម្ព័ន្ធ​ដាន់។ 12គេ​បាន​ឃុំ​អ្នក​នោះ​ទុក ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សម្រេច​ពី​ដំណើរ​នោះ។
13ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 14«ចូរ​នាំ​អ្នក​ដែល​បាន​ជេរ​ប្រទេច​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​អស់​អ្នក​ដែល​ឮ នោះ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​វា រួច​ត្រូវ​ឲ្យ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​គប់​វា​នឹង​ថ្ម​ទៅ។ 15ត្រូវ​ឲ្យ​អ្នក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អស់​អ្នក​ណា​ដែល​ជេរ​ប្រទេច​ដល់​ព្រះ​របស់​ខ្លួន នោះ​ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​បាប​របស់​ខ្លួន​ទៅ 16ហើយ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​សម្លាប់​ជា​កុំ​ខាន ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ត្រូវ​គប់​នឹង​ថ្ម​ជា​កុំ​ខាន ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ ឬ​អ្នក​ស្រុក​ក្តី បើ​កាល​ណា​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ​ហើយ នោះ​ត្រូវ​តែ​សម្លាប់​ចោល។
17អ្នក​ណា​ដែល​វាយ​មនុស្ស​ដល់​ស្លាប់ នោះ​ត្រូវ​សម្លាប់​ជា​កុំ​ខាន​ដែរ។ 18ឯ​អ្នក​ណា​ដែល​វាយ​សត្វ​ឲ្យ​ស្លាប់ នោះ​នឹង​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត។ 19បើ​មនុស្ស​ណា​ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​ខ្លួន​មាន​របួស នោះ​គេ​ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​គ្នា​វិញ។ 20ត្រូវ​បំបាក់​ឆ្អឹង​ឲ្យ​ធួន​នឹង​ឆ្អឹង​ដែល​បាក់ ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​ជា​ខ្លួន​បាន​ធ្វើ​គេ​ដែរ។ 21បើ​អ្នក​ណា​សម្លាប់​សត្វ នោះ​ត្រូវ​តែ​សង​គេ តែ​បើ​សម្លាប់​មនុស្ស​វិញ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ដែរ។ 22ត្រូវ​មាន​ច្បាប់​តែ​មួយ​ប៉ុណ្ណោះ សម្រាប់​ទាំង​អ្នក​ស្នាក់​នៅ និង​អ្នក​ស្រុក​ផង ដ្បិត​យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ 23ដូច្នេះ លោក​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​គេ​ក៏​បាន​នាំ​អ្នក​ដែល​ជេរ​ប្រមាថ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ គប់​នឹង​ថ្ម​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​សម្រេច ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 24: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល