លេវី‌វិន័យ 23:15-44

លេវី‌វិន័យ 23:15-44 គកស១៦

«ចាប់​ពី​ក្រោយ​ថ្ងៃ​សប្ប័ទ​នោះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​យក​កណ្ដាប់​មក​ថ្វាយ​ជា​តង្វាយ​គ្រវី នោះ​ត្រូវ​រាប់​ពេញ​ជា​ប្រាំពីរ​ថ្ងៃ​ឈប់​សម្រាក។ ត្រូវ​តែ​រាប់​ទៅ​ដល់​ថ្ងៃ​ក្រោយ​ថ្ងៃ​សប្ប័ទ​ទី​ប្រាំពីរ​នោះ គឺ​ទាំង​អស់​ត្រូវ​ជា​ហាសិប​ថ្ងៃ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ​ជា​ថ្មី​ទៀត​ដល់​ព្រះ‌យេហូវ៉ា។ ត្រូវ​យក​នំបុ័ង​ពីរ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង​ពី​ផ្ទះ​អ្នក​មក​ថ្វាយ​ជា​តង្វាយ​គ្រវី នំបុ័ង​នោះ​ត្រូវ​ធ្វើ​ដោយ​លាយ​ដំបែ​សម្រាប់​ជា​តង្វាយ​នៃ​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​យក​កូន​ចៀម​ប្រាំពីរ​ឥត‌ខ្ចោះ​អាយុ​មួយ​ខួប និង​គោ​ឈ្មោល​ស្ទាវ​មួយ ហើយ​ចៀម​ឈ្មោល​ពីរ​មក​ថ្វាយ​ព្រម​គ្នា​នឹង​នំបុ័ង​នោះ គឺ​ត្រូវ​ដុត​សត្វ​ទាំង​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រូច​ផង ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប និង​កូន​ចៀម​ឈ្មោល​ពីរ អាយុ​មួយ​ខួប សម្រាប់​ជា​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី​ដែរ។ សង្ឃ​ត្រូវ​គ្រវី​សត្វ​ទាំង​នោះ​ថ្វាយ​ជា​មួយ​នំបុ័ង​ដែល​ជា​ផល​ដំបូង ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ចៀម​ពីរ​នោះ​ដែរ តង្វាយ​ទាំង​នោះ សុទ្ធ​តែ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ទុក​សម្រាប់​ពួក​សង្ឃ។ នៅ​ថ្ងៃ​នោះ ត្រូវ​ប្រកាស​ប្រាប់​ថា​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​គ្រប់​ទី​កន្លែង ដែល​ត្រូវ​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ។ ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ចម្រូត​នៅ​ស្រែ​ចម្ការ​របស់​អ្នក មិន​ត្រូវ​ឲ្យ​ដល់​កៀន​ឡើយ ក៏​មិន​ត្រូវ​សន្សំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ចុះ​ដែរ ត្រូវ​ឲ្យ​ទុក​សម្រាប់​អស់​អ្នក​ក្រីក្រ និង​អស់​អ្នក​ដែល​ស្នាក់​នៅ​វិញ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នៅ​ថ្ងៃ​ដំបូង​ក្នុង​ខែ​ទីប្រាំពីរ នោះ​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​បុណ្យ​ផ្លុំ​ត្រែ​រំឭក ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​សោះ​ឡើយ តែ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «នៅ​ថ្ងៃ​ដប់​ក្នុង​ខែ​ទីប្រាំពីរ​នេះ ជា​ថ្ងៃ​ឲ្យ​បាន​ធួន​នឹង​បាប គឺ​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។ នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ ដ្បិត​គឺ​ជា​ថ្ងៃ​ធួន​នឹង​បាប សម្រាប់​ថ្វាយ​តង្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ អស់​អ្នក​ណា​ដែល​មិន​បញ្ឈឺ​ចិត្ត​ខ្លួន នៅ​ថ្ងៃ​នោះ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ពួក​សាសន៍​របស់​ខ្លួន ហើយ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ថ្ងៃ​នោះ នោះ​យើង​នឹង​ធ្វើ​ឲ្យ​វិនាស​ចេញ​ពី​ពួក​សាសន៍​ខ្លួន​ទៅ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​យ៉ាង​ណា​ឲ្យ​សោះ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា​ធ្វើ​ការ​នៅ​គ្រប់​ទី​កន្លែង ដែល​នឹង​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ។ ថ្ងៃ​នោះ​ត្រូវ​ទុក​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន គឺ​នៅ​ពេល​ល្ងាច​ថ្ងៃ​ប្រាំបួន​ខែ​នោះ ចាប់​តាំង​ពី​ល្ងាច​រហូត​ដល់​ខួប​វិញ នោះ​អ្នក​រាល់​គ្នា​ត្រូវ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​អ្នក»។ ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​ទី​ប្រាំពីរ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​ប្រាំពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ដំបូង អ្នក​រាល់​គ្នា​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។ ក្នុង​ប្រាំពីរ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទៅ​ព្រះ‌យេហូវ៉ា លុះ​ដល់​ថ្ងៃ​ប្រាំបី ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា នោះ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នេះ​ជា​ការ​ប្រជុំ​យ៉ាង​ឱឡារិក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ហើយ​ជា​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​តង្វាយ​ដុត​មួយ តង្វាយ​ម្សៅ​មួយ យញ្ញ‌បូជា​មួយ និង​តង្វាយ​ច្រូច​មួយ តាម​របៀប​បុណ្យ​រាល់​តែ​ថ្ងៃ។ ក្រៅ​ពី​ថ្ងៃ​សប្ប័ទ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ ព្រម​ទាំង​បំណន់​របស់​អ្នក និង​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត​ផង។ នៅ​ថ្ងៃ​ដប់ប្រាំ​ខែ​ទីប្រាំពីរ កាល​ណា​បាន​ប្រមូល​ផល​ពី​ដី​មក នោះ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ថ្ងៃ​ដំបូង ជា​ថ្ងៃ​ឈប់​សម្រាក ហើយ​នៅ​ថ្ងៃ​ទី​ប្រាំបី ក៏​ជា​ថ្ងៃ​ឈប់​សម្រាក​ដែរ។ នៅ​ថ្ងៃ​ដំបូង អ្នក​រាល់​គ្នា​ត្រូវ​យក​មែក ពី​ដើម​ឈើ​យ៉ាង​ល្អ ហើយ​កាត់​ធាង​លម៉ើ និង​មែក​ឈើ​ញឹក‌ស្និទ្ធ ព្រម​ទាំង​ធាង​ចាក​ពី​មាត់​ស្ទឹង រួច​ត្រូវ​អរ​សប្បាយ​អស់​ប្រាំពីរ​ថ្ងៃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​ប្រាំពីរ​ថ្ងៃ​រាល់​តែ​ឆ្នាំ នេះ​ហើយ​ជា​ច្បាប់ នៅ​អស់‌កល្ប​ជា‌និច្ច អស់​ទាំង​តំណ​អ្នក​ត​រៀង​ទៅ គឺ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​ទីប្រាំពីរ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​វង្ស​សាសន៍​អ៊ីស្រា‌អែល អា‌ស្រ័យ​នៅ​ក្នុង​បារាំ​នោះ​អស់​ប្រាំពីរ​ថ្ងៃ ដើម្បី​ឲ្យ​អស់​ទាំង​តំណ​កូន​ចៅ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា យើង​បាន​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ក្នុង​បារាំ​ដូច្នេះ ក្នុង​កាល​ដែល​យើង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ លោក​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពី​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា។