លេវីវិន័យ 23
23
1ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ 2ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឯថ្ងៃបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃជំនុំបរិសុទ្ធ បុណ្យអញទាំងនោះ គឺដូច្នេះ 3ត្រូវឲ្យធ្វើការក្នុងរវាង៦ថ្ងៃ តែដល់ថ្ងៃទី៧ នោះជាថ្ងៃឈប់ឲ្យបានសំរាកសំរាប់ប្រជុំជំនុំបរិសុទ្ធវិញ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការអ្វីនៅថ្ងៃនោះឡើយ ដ្បិតជាថ្ងៃឈប់សំរាករបស់ព្រះយេហូវ៉ានៅក្នុងគ្រប់ទាំងទីលំនៅរបស់ឯងរាល់គ្នា។
4ឯបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់នៅពេលកំណត់នោះដូច្នេះ 5គឺនៅថ្ងៃ១៤ក្នុងខែចេត្រចាប់តាំងពីល្ងាចរហូតដល់ខួបវិញ នោះជាថ្ងៃបុណ្យរំលងផងព្រះយេហូវ៉ា 6ហើយនៅថ្ងៃ១៥ក្នុងខែនោះឯង ជាបុណ្យនំបុ័ងឥតដំបែផងព្រះយេហូវ៉ា ត្រូវឲ្យឯងរាល់គ្នាបរិភោគនំបុ័ងឥតដំបែគ្រប់៧ថ្ងៃ 7នៅថ្ងៃដំបូង ត្រូវឲ្យប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ 8តែឯងរាល់គ្នាត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាគ្រប់៧ថ្ងៃ ដល់ថ្ងៃទី៧ នោះជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ។
9ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ 10ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកដែលអញឲ្យដល់ឯង ហើយបានច្រូតចំរូតនៅស្រុកនោះ នោះត្រូវយកកណ្តាប់ដែលជាផលដំបូងពីចំរូតឯងមកឯសង្ឃ 11ត្រូវឲ្យសង្ឃគ្រវីថ្វាយកណ្តាប់នោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យទ្រង់បានទទួលស្នងឯងរាល់គ្នា គឺនឹងគ្រវីថ្វាយនៅថ្ងៃក្រោយនៃថ្ងៃឈប់សំរាក 12ហើយនៅថ្ងៃដែលឯងរាល់គ្នាគ្រវី ថ្វាយកណ្តាប់នោះ នោះត្រូវយកកូនចៀមឈ្មោល១ឥតខ្ចោះ អាយុ១ខួបមកថ្វាយជាដង្វាយដុត ដល់ព្រះយេហូវ៉ា 13ឯដង្វាយម្សៅដែលសំរាប់ថ្វាយជាមួយ នោះត្រូវជាម្សៅយ៉ាងម៉ដ្ត២ខ្ញឹងលាយនឹងប្រេង ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ហើយដង្វាយច្រួច នោះត្រូវជាស្រាទំពាំងបាយជូរ២កំប៉ុង 14ឯឯងរាល់គ្នា មិនត្រូវបរិភោគនំបុ័ង ឬស្រូវលីង ឬអង្ករថ្មី ដរាបដល់ថ្ងៃនេះឯង ទាល់តែបានយកដង្វាយមកថ្វាយព្រះនៃឯងសិន នេះហើយជាច្បាប់សំរាប់ឯងរាល់គ្នា នៅគ្រប់ទីកន្លែងដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណតរៀងទៅ។
15រួចចាប់តាំងពីថ្ងៃក្រោយថ្ងៃឈប់សំរាកនោះ គឺពីថ្ងៃដែលឯងរាល់គ្នាបានយកកណ្តាប់ មកថ្វាយជាដង្វាយគ្រវី នោះត្រូវរាប់ពេញជា៧ថ្ងៃឈប់សំរាក 16ត្រូវតែរាប់ទៅដល់ថ្ងៃក្រោយថ្ងៃឈប់សំរាកទី៧នោះ គឺទាំងអស់ត្រូវជា៥០ថ្ងៃ នោះត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយម្សៅជាថ្មីទៀតដល់ព្រះយេហូវ៉ា 17ត្រូវយកនំបុ័ង២ធ្វើពីម្សៅយ៉ាងម៉ដ្ត២ខ្ញឹងពីផ្ទះឯង មកថ្វាយជាដង្វាយគ្រវី នំបុ័ងនោះត្រូវធ្វើដោយលាយដំបែសំរាប់ជាដង្វាយនៃផលដំបូងថ្វាយព្រះយេហូវ៉ា 18ហើយត្រូវយកកូនចៀម៧ឥតខ្ចោះអាយុ១ខួប នឹងគោឈ្មោលស្ទាវ១ ហើយនឹងចៀមឈ្មោល២ មកថ្វាយព្រមគ្នានឹងនំបុ័ងនោះ គឺត្រូវដុតសត្វទាំងនោះថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងដង្វាយម្សៅ នឹងដង្វាយច្រួចផង ជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា 19ក៏ត្រូវថ្វាយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប នឹងកូនចៀមឈ្មោល២អាយុ១ខួប សំរាប់ជាយញ្ញបូជានៃដង្វាយមេត្រីដែរ 20ត្រូវឲ្យសង្ឃគ្រវីសត្វទាំងនោះថ្វាយជាមួយនឹងនំបុ័ងដែលជាផលដំបូង ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ព្រមទាំងកូនចៀម២នោះដែរ ដង្វាយទាំងនោះសុទ្ធតែបរិសុទ្ធ ដល់ព្រះយេហូវ៉ា ទុកសំរាប់ពួកសង្ឃ 21នៅថ្ងៃនោះឯង ត្រូវប្រកាសប្រាប់ថាជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ នេះហើយជាច្បាប់សំរាប់គ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណតរៀងទៅ។
22កាលណាឯងរាល់គ្នាច្រូតចំរូតនៅស្រែចំការរបស់ឯង នោះមិនត្រូវច្រូតឲ្យដល់កៀនឡើយ ក៏មិនត្រូវសន្សំរើសគួរស្រូវដែលជ្រុះចុះដែរ ត្រូវឲ្យទុកសំរាប់ពួកអ្នកក្រីក្រ ហើយនឹងពួកអ្នកដែលស្នាក់នៅវិញ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
23ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ 24ឲ្យលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃដំបូងក្នុងខែអស្សុជ នោះជាថ្ងៃឈប់សំរាក សំរាប់ឯងរាល់គ្នា គឺជាបុណ្យផ្លុំត្រែរំឭក ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ 25មិនត្រូវឲ្យឯងរាល់គ្នាធ្វើការរកស៊ីឲ្យសោះ តែត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា។
26ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា 27នៅថ្ងៃ១០ក្នុងខែអស្សុជនេះឯង នោះជាថ្ងៃឲ្យបានធួននឹងបាប គឺជាថ្ងៃប្រជុំជំនុំបរិសុទ្ធដល់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាបញ្ឈឺចិត្តខ្លួន ហើយត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា 28នៅថ្ងៃនោះ មិនត្រូវធ្វើការរកស៊ីឡើយ ដ្បិតគឺជាថ្ងៃធួននឹងបាប សំរាប់នឹងថ្វាយដង្វាយឲ្យធួននឹងខ្លួនឯងរាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង 29ឯអស់អ្នកណាដែលមិនបញ្ឈឺចិត្តខ្លួននៅថ្ងៃនោះ អ្នកនោះនឹងត្រូវកាត់កាល់ពីពួកសាសន៍របស់ខ្លួនចេញ 30ហើយអស់អ្នកណាដែលធ្វើការអ្វីក៏ដោយនៅថ្ងៃនោះ នោះអញនឹងធ្វើឲ្យវិនាសចេញពីពួកសាសន៍ខ្លួនទៅ 31មិនត្រូវឲ្យឯងរាល់គ្នាធ្វើការយ៉ាងណាឲ្យសោះ នេះហើយជាច្បាប់សំរាប់ឯងរាល់គ្នាធ្វើការនៅគ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណតរៀងទៅ 32ថ្ងៃនោះត្រូវទុកជាថ្ងៃឈប់ សំរាប់ឲ្យឯងរាល់គ្នាបានសំរាក ហើយឯងរាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន គឺនៅពេលល្ងាចថ្ងៃ៩ខែនោះឯង ចាប់តាំងពីល្ងាចដរាបដល់ខួបវិញ នោះឯងរាល់គ្នាត្រូវរក្សាថ្ងៃឈប់សំរាករបស់ឯង។
33ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ 34ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃ១៥ក្នុងខែអស្សុជនេះ ជាថ្ងៃបុណ្យបារាំថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ 35នៅថ្ងៃដំបូង ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ 36ក្នុង៧ថ្ងៃនោះ ត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយដុតទៅព្រះយេហូវ៉ា លុះដល់ថ្ងៃ៨ ជាថ្ងៃប្រជុំជំនុំបរិសុទ្ធសំរាប់ឯងរាល់គ្នា នោះត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នេះជាជំនុំដ៏មុតមាំ មិនត្រូវធ្វើការរកស៊ីឲ្យសោះ។
37នេះហើយជាបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដើម្បីនឹងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា គឺជាដង្វាយដុត១ ដង្វាយម្សៅ១ យញ្ញបូជា១ ហើយនឹងដង្វាយច្រួច១ តាមរបៀបបុណ្យរាល់តែថ្ងៃ 38ក្រៅពីអស់ទាំងថ្ងៃឈប់សំរាកផងព្រះយេហូវ៉ា ហើយក្រៅពីដង្វាយដែលឯងរាល់គ្នាថ្វាយទាំងប៉ុន្មាន ព្រមទាំងបំណន់របស់ឯង នឹងដង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រចិត្តផង។
39នៅថ្ងៃ១៥ខែអស្សុជ កាលណាបានប្រមូលផលពីដីមក នោះត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ ថ្ងៃដំបូង ជាថ្ងៃឈប់សំរាក ហើយនៅថ្ងៃទី៨ ក៏ជាថ្ងៃឈប់សំរាកដែរ 40នៅថ្ងៃដំបូង ត្រូវឲ្យឯងរាល់គ្នាយកមែកពីដើមយ៉ាងល្អ ហើយកាត់ធាងលម៉ើ នឹងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹងផង រួចឲ្យអរសប្បាយឡើងអស់៧ថ្ងៃ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង 41ត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃរាល់តែឆ្នាំ នេះហើយជាច្បាប់ នៅអស់កល្បជានិច្ច អស់ទាំងដំណឯងតរៀងទៅ គឺត្រូវធ្វើបុណ្យនេះនៅខែអស្សុជ 42ត្រូវឲ្យឯងរាល់គ្នា គឺពួកអ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់៧ថ្ងៃ 43ដើម្បីឲ្យអស់ទាំងដំណកូនចៅឯងរាល់គ្នាបានដឹងថា អញបានឲ្យពួកកូនចៅអ៊ីស្រាអែលនៅក្នុងបារាំដូច្នេះ ក្នុងកាលដែលអញនាំគេចេញពីស្រុកអេស៊ីព្ទមក អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា 44នោះម៉ូសេ ក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលពីថ្ងៃបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 23: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.