លេវីវិន័យ 16:5-34

លេវីវិន័យ 16:5-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រួច​ត្រូវ​យក​ពពែ​ឈ្មោល​ពីរ សម្រាប់​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​ដុត ពី​ក្រុម​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល។ អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​នោះ ទុក​ជា​តង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន និង​ពូជ‌ពង្ស​ផង។ រួច​ត្រូវ​យក​ពពែ​ឈ្មោល​ទាំង​ពីរ​នោះ ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ចាប់​ឆ្នោត​ពពែ​ទាំង​ពីរ​នោះ មួយ​សម្រាប់​ព្រះ‌យេហូវ៉ា មួយ​ទៀត​សម្រាប់​បំបរ‌បង់​ទៅ ។ អើរ៉ុន​ត្រូវ​យក​ពពែ ដែល​ចាប់​ឆ្នោត​ត្រូវ​សម្រាប់​ព្រះ‌យេហូវ៉ា មក​ថ្វាយ​ទុក​ជា​តង្វាយ​លោះ​បាប តែ​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សម្រាប់​បំបរ‌បង់​ទៅ នោះ​ត្រូវ​យក​មក​ដាក់​ទាំង​រស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ពិធីរំដោះ​បាប រួច​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​បំបរ​បង់នៅ​ទី​រហោ‌ស្ថាន។ ត្រូវ​ឲ្យ​អើរ៉ុន​នាំ​គោ​ឈ្មោល​នៃ​តង្វាយ​លោះ​បាប ដែល​សម្រាប់​ខ្លួន​មក​ឲ្យ​ធួន​នឹង​ខ្លួន និង​ពូជ‌ពង្ស​ដែរ រួច​សម្លាប់​គោ​នោះ​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន។ ត្រូវ​ឲ្យ​យក​ជើង‌ពាន​ដាក់​ពេញ​ដោយ​រងើក​ភ្លើង ពី​លើ​អាសនា​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​គ្រឿង​ក្រអូប​ដែល​បុក​យ៉ាង​ម៉ដ្ត ចំនួន​ពីរ​ក្តាប់ នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន រួច​រោយ​ចុះ​នៅ​លើ​ភ្លើង​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ផ្សែង​នៃ​គ្រឿង​ក្រអូប​នោះ​ហុយ​ឡើង ទៅ​បាំង​ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហិប​នៃ​សេចក្ដី​បន្ទាល់ ក្រែង​លោ​ត្រូវ​ស្លាប់។ គាត់​ត្រូវ​យក​ឈាម​គោ​នោះ ទៅ​ប្រោះ​ដោយ​ម្រាម​ដៃ​លើ​ប៉ែក​ខាង​កើត​នៃ​ទី​សន្តោស​ប្រោស ឯ​ខាង​មុខ​ទី​សន្តោស​ប្រោស ក៏​ត្រូវ​ប្រោះ​ឈាម​ដោយ​ម្រាម​ដៃ​អស់​ប្រាំពីរ​ដង​ដែរ។ អើរ៉ុន​ត្រូវ​សម្លាប់​ពពែ​ឈ្មោល​នៃ​តង្វាយ​លោះ​បាប​ដែល​ថ្វាយ​សម្រាប់​ប្រជា‌ជន ហើយ​យក​ឈាម​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន ទាំង​ប្រោះ​ឈាម​ពពែ​នោះ​ដូច​ជា​បាន​ប្រោះ​ឈាម​គោ​ឈ្មោល​ដែរ គឺ​ត្រូវ​ប្រោះ​ឈាម​នៅ​លើ​ទី​សន្តោស​ប្រោស ហើយ​នៅ​ខាង​មុខ​ដែរ។ ដូច្នេះ គាត់​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​អស់​ទាំង​អំពើ​រំលង​របស់​គេ គឺ​អស់​ទាំង​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ត្រូវ​ធ្វើ​ដូច្នោះ​ឲ្យ​បាន​ធួន​នឹង​ត្រសាល​ជំនុំ ដែល​នៅ​ជា​មួយ​គេ គឺ​នៅ​កណ្ដាល​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ត្រសាល​ជំនុំ ក្នុង​កាល​ដែល​លោក​ចូល​ទៅ​ធ្វើ​ឲ្យ​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ​ឡើយ ដរាប​ដល់​ចេញ​មក​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ពូជ‌ពង្ស​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង រួច​លោក​ត្រូវ​ចេញ​ទៅ​ឯ​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អាសនា​នោះ ដោយ​យក​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​នោះ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ជុំ​វិញ ត្រូវ​ប្រោះ​ឈាម​នោះ​ដោយ​ម្រាម​ដៃ​អស់​ប្រាំពីរ​ដង​ទៅ​លើ​អាសនា ព្រម​ទាំង​ញែក​ចេញ​ជា​ស្អាត​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។ កាល​អើរ៉ុន​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ព្រម​ទាំង​ត្រសាល​ជំនុំ និង​អាសនា​រួច​ហើយ នោះ​ត្រូវ​នាំ​ពពែ​មួយ​ដែល​នៅ​រស់​នោះ​មក។ រួច​ដាក់​ដៃ​ទាំង​ពីរ​នៅ​លើ​ក្បាល​ពពែ​នោះ លន់‌តួ​ពី​អស់​ទាំង​អំពើ​ទុច្ចរិត និង​អស់​ទាំង​អំពើ​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ទី​រហោ‌ស្ថាន។ ឯ​ពពែ​នោះ​ត្រូវ​ផ្ទុក​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ លើ​ខ្លួន​ចេញ​ទៅ​តំបន់​ស្ងាត់ រួច​អ្នក​នោះ​ត្រូវ​លែង​វា​នៅ​ទី​រហោ‌ស្ថាន​នោះ។ បន្ទាប់​មក អើរ៉ុន​ត្រូវ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​វិញ ដោះ​សម្លៀក‌បំពាក់​ខ្លូត‌ទេស​ដែល​បាន​ស្លៀក‌ពាក់ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​នោះ​ចេញ​ទុក​នៅ​ទី​នោះ គាត់​ត្រូវ​ងូត​ទឹក​ត្រង់​កន្លែង​បរិសុទ្ធ ហើយ​ស្លៀក‌ពាក់​ឡើង​វិញ ចេញ​មក​ថ្វាយ​តង្វាយ​ដុត​របស់​ខ្លួន និង​តង្វាយ​ដុត​របស់​ពួក​ជន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន និង​ពួក​ជន​ផង។ ឯ​ខ្លាញ់​នៃ​តង្វាយ​លោះ​បាប នោះ​ត្រូវ​ដុត​នៅ​លើ​អាសនា ចំណែក​អ្នក​ដែល​ដឹក​ពពែ​ទៅ​បំបរ‌បង់​នោះ ត្រូវ​ឲ្យ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ ទើប​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន។ ឯ​គោ​ឈ្មាល​នៃ​តង្វាយ​លោះ​បាប និង​ពពែ​នៃ​តង្វាយ​លោះ​បាប​នោះ ដែល​បាន​យក​ឈាម​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ឲ្យ​ធួន​នឹង​បាប នោះ​ត្រូវ​លើក​យក​ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល រួច​ត្រូវ​ដុត​ទាំង​ស្បែក​ទាំង​សាច់ និង​លាមក​ទៅ។ អ្នក​ណា​ដែល​ដុត​សត្វ​ទាំង​ពីរ​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ​ដែរ ទើប​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន។ នេះ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា​នៅ​អស់​កល្ប​ជា‌និច្ច គឺ​នៅ​ថ្ងៃ​ទី​ដប់ ខែ​ទី​ប្រាំពីរ​នោះ អ្នក​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ទាំង​អ្នក​ស្រុក ឬ​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ផង។ ដ្បិត​នៅ​ថ្ងៃ​នោះ​នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​អ្នក​រាល់​គ្នា ដើម្បី​ញែក​ចេញ​ជា​ស្អាត នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ស្អាត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​ថ្ងៃ​ដែលអ្នក​រាល់​គ្នាត្រូវ​សម្រាក ហើយ​អ្នករាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន នេះ​គឺ​ជា​ច្បាប់​នៅ​អស់‌កល្ប​ជា‌និច្ច។ អ្នក​ណា​ដែល​គេ​ចាក់​ប្រេង​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​ជំនួស​ឪពុក​ខ្លួន សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​បាប ហើយ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ខ្លូត‌ទេស គឺ​ជា​សម្លៀក‌បំពាក់​បរិសុទ្ធ​នោះ។ សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ​បំផុត ត្រសាល​ជំនុំ អាសនា ទាំង​ពួក​សង្ឃ និង​អស់​អ្នក​ទាំង​ប៉ុន្មាន​ក្នុង​ជំនុំ‌ជន​ផង នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា នៅ​អស់‌កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មួយ​ឆ្នាំ​ម្តង ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​គេ»។ លោក​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន លេវីវិន័យ 16

លេវីវិន័យ 16:5-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គាត់​ត្រូវ​ទទួល​ពពែ​ឈ្មោល​ពីរ​ពី​សហគមន៍​អ៊ីស្រា‌អែល សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល​របស់​គាត់​ជា​យញ្ញ‌បូជា​រំដោះ​បាប សម្រាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ គាត់​នាំ​ពពែ​ឈ្មោល​ទាំង​ពីរ​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ អើរ៉ុន​ត្រូវ​ចាប់​ឆ្នោត​ជ្រើស​រើស​ពពែ​ឈ្មោល​ទាំង​ពីរ គឺ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ មួយ​ទៀត​ឲ្យ​អាសា‌អែល ។ ពេល​ចាប់​ឆ្នោត​រួច​ហើយ អើរ៉ុន​យក​ពពែ​ឈ្មោល​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ទៅ​ធ្វើ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ រីឯ​ពពែ​ឈ្មោល​ដែល​ត្រូវ​បាន​ទៅ​អាសា‌អែល ក៏​ត្រូវ​យក​មក​ទាំង​រស់ ដាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ សម្រាប់​លោះ​បាប ហើយ​ប្រគល់​ឲ្យ​អាសា‌អែល នៅ​វាល​រហោ‌ស្ថាន។ អើរ៉ុន​ត្រូវ​ថ្វាយ​គោ​បា​ជា​តង្វាយ​រំដោះ​បាប ដើម្បី​លោះ​បាប​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ គាត់​ត្រូវ​ចាក់​ក​គោ​បា​នោះ សម្រាប់​រំដោះ​បាប​របស់​ខ្លួន។ គាត់​ត្រូវ​យក​ភាជន៍​ពេញ​ទៅ​ដោយ​រងើក​ភ្លើង ដែល​យក​ពី​អាសនៈ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ព្រម​ទាំង​យក​គ្រឿង​ក្រអូប​ម៉ដ្ដ​ចំនួន​ពីរ​ក្ដាប់​មក​ជា​មួយ ចូល​ទៅ​ក្នុង​វាំងនន​សក្ការៈ។ គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដើម្បី​ផ្សែង​ហុយ​ទៅ​លើ​គម្រប​ហិប ដែល​គ្រប​ពី​លើ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។ គាត់​ត្រូវ​យក​ឈាម​គោ​បា​មក ហើយ​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម​នោះ ប្រោះ​ពី​មុខ​គម្រប​ហិប​ដែល​នៅ​ជ្រុង​ខាង​កើត។ គាត់​ត្រូវ​យក​ម្រាម​ដៃ​ធ្វើ​ពិធី​ប្រោះ​ឈាម​លើ​ផ្នែក​ខាង​មុខ​ហិប​ដូច្នេះ ចំនួន​ប្រាំ‌ពីរ​ដង។ គាត់​ត្រូវ​ចាក់​ក​ពពែ​ឈ្មោល សម្រាប់​រំដោះ​បាប​របស់​ប្រជា‌ជន ហើយ​យក​ឈាម​ចូល​ទៅ​ខាង​ក្រោយ​វាំងនន។ គាត់​ត្រូវ​ប្រោះ​ឈាម​ពពែ​ឈ្មោល​នេះ ទៅ​លើ​គម្រប​ហិប និង​ផ្នែក​ខាង​មុខ​គម្រប​ហិប ដូច​គាត់​បាន​ប្រោះ​ឈាម​គោ​បា​ដែរ។ គាត់​ធ្វើ​ដូច្នេះ ដើម្បី​ជម្រះ​ទីសក្ការៈ​ឲ្យ​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅ‌ហ្មង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ គាត់​ក៏​ត្រូវ​ធ្វើ​ពិធី​ប្រោះ​ឈាម​បែប​នេះ​លើ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ ជា​មនុស្ស​មិន​បរិសុទ្ធ។ ពេល​គាត់​ចូល​ទៅ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ក្នុង​ទីសក្ការៈ រហូត​ដល់​ពេល​គាត់​ចេញ​មក​វិញ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ស្ថិត​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​ឡើយ។ គាត់​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់ និង​ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល។ គាត់​ត្រូវ​ចេញ​មក​ខាង​មុខ​អាសនៈ ដែល​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ពិធី​ជម្រះ​អាសនៈ គឺ​គាត់​ត្រូវ​យក​ឈាម​គោ​បា និង​ឈាម​ពពែ​ឈ្មោល ទៅ​លាប​ជុំ‌វិញ​ស្នែង​ទាំង​បួន​របស់​អាសនៈ។ គាត់​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាសនៈ​ចំនួន​ប្រាំ‌ពីរ​ដង។ គាត់​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅ‌ហ្មង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល រួច​ញែក​អាសនៈ​ឲ្យ​បាន​វិសុទ្ធ។ ពេល​គាត់​ធ្វើ​ពិធី​ជម្រះ​ទីសក្ការៈ ជម្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ជម្រះ​អាសនៈ​រួច​រាល់​ហើយ គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ទៀត​ដែល​នៅ​រស់​ចូល​មក។ អើរ៉ុន​ត្រូវ​ដាក់​ដៃ​ទាំង​ពីរ​លើ​ក្បាល​របស់​ពពែ​ដែល​នៅ​រស់ ដោយ​លន់‌តួ​កំហុស ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល រួច​បញ្ចេរ​ទៅ​លើ​ក្បាល​ពពែ​នោះ។ បន្ទាប់​មក គាត់​ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​គាត់​បាន​ជ្រើស​រើស​ជា​មុន ដេញ​ពពែ​នោះ​ទៅ​វាល​រហោ‌ស្ថាន។ ពពែ​នោះ​នាំ​យក​អំពើ​បាប​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ឆ្ពោះ​ទៅ​ទី​ស្មសាន។ កាល​ដេញ​ពពែ​នោះ​ទៅ​វាល​រហោ‌ស្ថាន​ផុត​ហើយ អើរ៉ុន​ត្រូវ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​វិញ រួច​ដោះ​សម្លៀក‌បំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​គាត់​ពាក់​សម្រាប់​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ​នោះ​ទុក​នៅ​ក្នុង​ទីសក្ការៈ។ គាត់​យក​ទឹក​លាង​ដៃ ជម្រះ​កាយ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ រួច​ស្លៀក​សម្លៀក‌បំពាក់​របស់​គាត់​វិញ។ បន្ទាប់​មក ទើប​គាត់​ចេញ​មក​ក្រៅ ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​របស់​គាត់ និង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជា‌ជន ដើម្បី​លោះ​បាប​របស់​គាត់ និង​បាប​របស់​ប្រជា‌ជន។ គាត់​ត្រូវ​ដុត​ខ្លាញ់​របស់​សត្វ​នៅ​លើ​អាសនៈ ដើម្បី​រំដោះ​បាប។ រីឯ​បុរស​ដែល​ដេញ​ពពែ​ទៅ​ឲ្យ​អាសា‌អែល​នៅ​វាល​រហោ‌ស្ថាន​នោះ ក៏​ត្រូវ​យក​ទឹក​លាង​ជម្រះ​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន​ដែរ។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ។ រីឯ​គោ​បា និង​ពពែ​ឈ្មោល ដែល​គេ​សម្លាប់ ដើម្បី​រំដោះ​បាប ហើយ​យក​ឈាម​របស់​វា​ចូល​ទៅ​ក្នុង​ទីសក្ការៈ​សម្រាប់​លោះ​បាប​នោះ គេ​ត្រូវ​យក​វា​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ហើយ​ដុត​វា ទាំង​ស្បែក ទាំង​សាច់ និង​គ្រឿង​ក្នុង។ អ្នក​ដុត​វា​ត្រូវ​យក​ទឹក​លាង​ជម្រះ​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ​បាន។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។ នៅ​ថ្ងៃ​ទី​ដប់ ខែ​ទី​ប្រាំ‌ពីរ អ្នក​រាល់​គ្នា​ត្រូវ​តម​អាហារ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​ទាំង​អ្នក​រាល់​គ្នា​ដែល​ជា​ម្ចាស់​ស្រុក ទាំង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដ្បិត​ថ្ងៃ​នោះ គេ​ធ្វើ​ពិធី​លោះ​បាប​អ្នក​រាល់​គ្នា ដើម្បី​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បរិសុទ្ធ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ផុត​ពី​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា។ ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ* គឺ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ហើយ​តម​អាហារ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។ មាន​តែ​បូជា‌ចារ្យ*​ដែល​បាន​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​ស្នង​ឪពុក​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ធ្វើ​ពិធី​លោះ​បាប។ បូជា‌ចារ្យ​នោះ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​ជា​សម្លៀក‌បំពាក់​សក្ការៈ។ គាត់​ត្រូវ​ធ្វើ​ពិធី​ជម្រះ​ទីសក្ការៈ​ដ៏វិសុទ្ធ ជម្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ ព្រម​ទាំង​រំដោះ​បាប​បូជា‌ចារ្យ និង​ប្រជា‌ជន​ទាំង​អស់​ក្នុង​សហគមន៍។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ ដើម្បី​ឲ្យ​រៀង​រាល់​ឆ្នាំ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន»។ គេ​ក៏​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន លេវីវិន័យ 16

លេវីវិន័យ 16:5-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ត្រូវ​យក​ពពែ​ឈ្មោល​២ សំរាប់​ជា​ដង្វាយ​លោះ​បាប នឹង​ចៀម​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​ដុត ពី​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល។ អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ ទុក​ជា​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជ‌ពង្ស​ផង រួច​ត្រូវ​យក​ពពែ​ឈ្មោល​ទាំង​២​នោះ ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ចាប់​ឆ្នោត​ពពែ​ទាំង​២​នោះ ១​សំរាប់​ព្រះ‌យេហូវ៉ា ១​ទៀត​សំរាប់​បំបរ‌បង់​ទៅ អើរ៉ុន​ត្រូវ​យក​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​ព្រះ‌យេហូវ៉ា មក​ថ្វាយ​ទុក​ជា​ដង្វាយ​លោះ​បាប តែ​ឯ​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​បំបរ‌បង់​ទៅ នោះ​ត្រូវ​យក​មក​ដាក់​ទាំង​រស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ធួន​នឹង​បាប រួច​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​លែង​ឯ​ទី​រហោ‌ស្ថាន។ ត្រូវ​ឲ្យ​អើរ៉ុន​នាំ​គោ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប ដែល​សំរាប់​ខ្លួន​មក​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជ‌ពង្ស​ដែរ រួច​សំឡាប់​គោ​នោះ​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន ត្រូវ​ឲ្យ​យក​ជើង‌ពាន​ដាក់​ពេញ​ដោយ​រងើក​ភ្លើង ពី​លើ​អាសនា​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​គ្រឿង​ក្រអូប​ដែល​បុក​យ៉ាង​ម៉ដ្ត ចំនួន​២​ក្តាប់ នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន រួច​រោយ​ចុះ​នៅ​លើ​ភ្លើង​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ផ្សែង​នៃ​គ្រឿង​ក្រអូប​នោះ​ហុយ​ឡើង ទៅ​បាំង​ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហឹប​នៃ​សេចក្ដី​បន្ទាល់ ក្រែង​លោ​ត្រូវ​ស្លាប់ ហើយ​ត្រូវ​យក​ឈាម​គោ​នោះ ទៅ​ប្រោះ​ដោយ​ម្រាម​ដៃ​លើ​ប៉ែក​ខាង​កើត នៃ​ទី​សន្តោស​ប្រោស ឯ​ខាង​មុខ​ទី​សន្តោស​ប្រោស ក៏​ត្រូវ​ប្រោះ​ឈាម​ដោយ​ម្រាម​ដៃ​អស់​៧​ដង​ដែរ។ រួច​អើរ៉ុន​ត្រូវ​សំឡាប់​ពពែ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប​ដែល​ថ្វាយ​សំរាប់​ពួក​ជន ហើយ​យក​ឈាម​នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន ទាំង​ប្រោះ​ឈាម​ពពែ​នោះ​ដូច​ជា​បាន​ប្រោះ​ឈាម​គោ​ឈ្មោល​ដែរ គឺ​ត្រូវ​ប្រោះ​ឈាម​នៅ​លើ​ទី​សន្តោស​ប្រោស ហើយ​នៅ​ខាង​មុខ​ដែរ ដូច្នេះ​នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​អស់​ទាំង​សេចក្ដី​រំលង​របស់​គេ គឺ​អស់​ទាំង​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ធ្វើ​ដូច្នោះ​ឲ្យ​បាន​ធួន​នឹង​ត្រសាល​ជំនុំ ដែល​នៅ​ជា​មួយ​នឹង​គេ គឺ​នៅ​កណ្តាល​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ត្រសាល​ជំនុំ ក្នុង​កាល​ដែល​លោក​ចូល​ទៅ ធ្វើ​ឲ្យ​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ​ឡើយ ដរាប​ដល់​ចេញ​មក​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ពូជ‌ពង្ស ហើយ​នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង រួច​ត្រូវ​ឲ្យ​លោក​ចេញ​ទៅ​ឯ​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អាសនា​នោះ ដោយ​យក​ឈាម​គោ​ឈ្មោល​នឹង​ឈាម​ពពែ​នោះ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ជុំវិញ ត្រូវ​ប្រោះ​ឈាម​នោះ​ដោយ​ម្រាម​ដៃ អស់​៧​ដង​ទៅ​លើ​អាសនា ព្រម​ទាំង​ញែក​ចេញ​ជា​ស្អាត ឲ្យ​បាន​បរិសុទ្ធ រួច​ពី​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល។ កាល​អើរ៉ុន​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ព្រម​ទាំង​ត្រសាល​ជំនុំ នឹង​អាសនា​រួច​ហើយ នោះ​ត្រូវ​នាំ​ពពែ​១​ដែល​នៅ​រស់​នោះ​មក រួច​ដាក់​ដៃ​ទាំង​២​នៅ​លើ​ក្បាល​ពពែ​នោះ លន់‌តួ​ពី​អស់​ទាំង​សេចក្ដី​ទុច្ចរិត នឹង​អស់​ទាំង​សេចក្ដី​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ឯ​ទី​រហោ‌ស្ថាន ឯ​ពពែ​នោះ​ត្រូវ​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុច្ចរិត​របស់​គេ លើ​ខ្លួន​ចេញ​ទៅ​ឯ​ទី​តំបន់​សូន្យ​ស្ងាត់ រួច​អ្នក​នោះ​ត្រូវ​លែង​វា​នៅ​ទី​រហោ‌ស្ថាន​នោះ។ រួច​អើរ៉ុន​ត្រូវ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​វិញ ដោះ​សំលៀក‌បំពាក់​ខ្លូត‌ទេស​ដែល​បាន​ស្លៀក‌ពាក់ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​នោះ​ចេញ ទុក​នៅ​ទី​នោះ រួច​មក​ត្រូវ​ងូត​ទឹក​ត្រង់​កន្លែង​បរិសុទ្ធ ហើយ​ស្លៀក‌ពាក់​ឡើង​វិញ ចេញ​មក​ថ្វាយ​ដង្វាយ​ដុត​របស់​ខ្លួន នឹង​ដង្វាយ​ដុត​របស់​ពួក​ជន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន ហើយ​នឹង​ពួក​ជន​ផង ឯ​ខ្លាញ់​នៃ​ដង្វាយ​លោះ​បាប នោះ​ត្រូវ​ដុត​នៅ​លើ​អាសនា ចំណែក​អ្នក​ដែល​ដឹក​ពពែ​ទៅ​បំបរ‌បង់​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ ទើប​នឹង​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន ឯ​គោ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប នឹង​ពពែ​នៃ​ដង្វាយ​លោះ​បាប​នោះ ដែល​បាន​យក​ឈាម​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ឲ្យ​ធួន​នឹង​បាប នោះ​ត្រូវ​លើក​យក​ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល រួច​ត្រូវ​ដុត​ទាំង​ស្បែក​ទាំង​សាច់ នឹង​លាមក​ទៅ ឯ​អ្នក​ណា​ដែល​ដុត​សត្វ​ទាំង​២​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ​ដែរ ទើប​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន។ នេះ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា​នៅ​អស់​‌កល្ប​ជានិច្ច គឺ​នៅ​ថ្ងៃ​១០​ខែ​អស្សុជ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បញ្ឈឺ​ចិត្ត​ខ្លួន​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ទាំង​អ្នក​ស្រុក ឬ​អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ផង ដ្បិត​នៅ​ថ្ងៃ​នោះ​នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​ញែក​ចេញ​ជា​ស្អាត នោះ​ឯង​រាល់​គ្នា​នឹង​បាន​ស្អាត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ជា​ថ្ងៃ​ឈប់​សំរាក​សំរាប់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បញ្ឈឺ​ចិត្ត​ខ្លួន នេះ​គឺ​ជា​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច ឯ​អ្នក​ណា​ដែល​គេ​ចាក់​ប្រេង​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​ជំនួស​ឪពុក​ខ្លួន សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​បាប ហើយ​ត្រូវ​ស្លៀក​សំលៀក‌បំពាក់​ខ្លូត‌ទេស គឺ​ជា​សំលៀក‌បំពាក់​បរិសុទ្ធ​នោះ សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ​បំផុត នឹង​ត្រសាល​ជំនុំ ហើយ​អាសនា ព្រម​ទាំង​ពួក​សង្ឃ ហើយ​នឹង​អស់​អ្នក​ទាំង​ប៉ុន្មាន​ក្នុង​ជំនុំ​ជន​ផង នេះ​ហើយ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា នៅ​អស់‌កល្ប‌ជានិច្ច ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​១​ឆ្នាំ​ម្តង ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​គេ លោក​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

ចែក​រំលែក
អាន លេវីវិន័យ 16