លេវីវិន័យ 16
16
ក្រឹត្យវិន័យស្ដីអំពីពិធីរំដោះបាបប្រចាំឆ្នាំ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្រោយគ្រាកូនប្រុសទាំងពីររបស់លោកអើរ៉ុនស្លាប់ នៅពេលចូលទៅគាល់ព្រះអម្ចាស់។
2 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនជាបងរបស់អ្នក កុំឲ្យចូលទៅក្នុងទីសក្ការៈគ្រប់ពេលវេលាឡើយ ពោលគឺចូលទៅខាងក្រោយវាំងនន ដែលនៅពីមុខគម្របហិប*នៃសម្ពន្ធមេត្រី* បើមិនដូច្នោះទេ ក្រែងលោគាត់ត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើគម្របហិប។
3 ពេលអើរ៉ុនចូលទៅក្នុងទីសក្ការៈត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ 4គាត់ត្រូវពាក់អាវវែងសក្ការៈធ្វើពីអំបោះធ្មៃ និងស្លៀកខោខ្លីខាងក្នុងធ្វើពីអំបោះធ្មៃ ពាក់ខ្សែក្រវាត់ធ្វើពីអំបោះធ្មៃ ហើយពាក់ឈ្នួតក្បាលធ្វើពីអំបោះធ្មៃ។ ដោយសម្លៀកបំពាក់ទាំងនេះសក្ការៈ មុននឹងស្លៀកពាក់ គាត់ត្រូវយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។ 5គាត់ត្រូវទទួលពពែឈ្មោលពីរពីសហគមន៍អ៊ីស្រាអែល សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ 6អើរ៉ុនត្រូវថ្វាយគោឈ្មោលរបស់គាត់ជាយញ្ញបូជារំដោះបាប សម្រាប់ខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់។ 7គាត់នាំពពែឈ្មោលទាំងពីរទៅដាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 8អើរ៉ុនត្រូវចាប់ឆ្នោតជ្រើសរើសពពែឈ្មោលទាំងពីរ គឺមួយថ្វាយព្រះអម្ចាស់ មួយទៀតឲ្យអាសាអែល ។ 9ពេលចាប់ឆ្នោតរួចហើយ អើរ៉ុនយកពពែឈ្មោលដែលត្រូវថ្វាយព្រះអម្ចាស់ ទៅធ្វើជាយញ្ញបូជារំដោះបាប។ 10រីឯពពែឈ្មោលដែលត្រូវបានទៅអាសាអែល ក៏ត្រូវយកមកទាំងរស់ ដាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ សម្រាប់លោះបាប ហើយប្រគល់ឲ្យអាសាអែល នៅវាលរហោស្ថាន។ 11អើរ៉ុនត្រូវថ្វាយគោបាជាតង្វាយរំដោះបាប ដើម្បីលោះបាបគាត់ និងក្រុមគ្រួសាររបស់គាត់។ គាត់ត្រូវចាក់កគោបានោះ សម្រាប់រំដោះបាបរបស់ខ្លួន។ 12គាត់ត្រូវយកភាជន៍ពេញទៅដោយរងើកភ្លើង ដែលយកពីអាសនៈនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ព្រមទាំងយកគ្រឿងក្រអូបម៉ដ្ដចំនួនពីរក្ដាប់មកជាមួយ ចូលទៅក្នុងវាំងននសក្ការៈ។ 13គាត់ត្រូវដុតគ្រឿងក្រអូបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីផ្សែងហុយទៅលើគម្របហិប ដែលគ្របពីលើបន្ទះថ្មនៃសន្ធិសញ្ញា។ ធ្វើដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។ 14គាត់ត្រូវយកឈាមគោបាមក ហើយជ្រលក់ម្រាមដៃទៅក្នុងឈាមនោះ ប្រោះពីមុខគម្របហិបដែលនៅជ្រុងខាងកើត។ គាត់ត្រូវយកម្រាមដៃធ្វើពិធីប្រោះឈាមលើផ្នែកខាងមុខហិបដូច្នេះ ចំនួនប្រាំពីរដង។ 15 គាត់ត្រូវចាក់កពពែឈ្មោល សម្រាប់រំដោះបាបរបស់ប្រជាជន ហើយយកឈាមចូលទៅខាងក្រោយវាំងនន។ គាត់ត្រូវប្រោះឈាមពពែឈ្មោលនេះ ទៅលើគម្របហិប និងផ្នែកខាងមុខគម្របហិប ដូចគាត់បានប្រោះឈាមគោបាដែរ។ 16គាត់ធ្វើដូច្នេះ ដើម្បីជម្រះទីសក្ការៈឲ្យបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ជនជាតិអ៊ីស្រាអែល ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងប៉ុន្មានរបស់ពួកគេ។ គាត់ក៏ត្រូវធ្វើពិធីប្រោះឈាមបែបនេះលើពន្លាជួបព្រះអម្ចាស់ ដែលស្ថិតនៅកណ្ដាលចំណោមពួកគេ ជាមនុស្សមិនបរិសុទ្ធ។ 17ពេលគាត់ចូលទៅធ្វើពិធីជម្រះបាបនៅក្នុងទីសក្ការៈ រហូតដល់ពេលគាត់ចេញមកវិញ មិនត្រូវឲ្យនរណាម្នាក់ស្ថិតនៅក្នុងពន្លាជួបព្រះអម្ចាស់ឡើយ។ គាត់ត្រូវធ្វើពិធីរំដោះបាបឲ្យខ្លួនគាត់ផ្ទាល់ ឲ្យក្រុមគ្រួសាររបស់គាត់ និងឲ្យសហគមន៍អ៊ីស្រាអែលទាំងមូល។ 18គាត់ត្រូវចេញមកខាងមុខអាសនៈ ដែលស្ថិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយធ្វើពិធីជម្រះអាសនៈ គឺគាត់ត្រូវយកឈាមគោបា និងឈាមពពែឈ្មោល ទៅលាបជុំវិញស្នែងទាំងបួនរបស់អាសនៈ។ 19គាត់ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះឈាមទៅលើអាសនៈចំនួនប្រាំពីរដង។ គាត់ជម្រះអាសនៈឲ្យបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ជនជាតិអ៊ីស្រាអែល រួចញែកអាសនៈឲ្យបានវិសុទ្ធ។
20ពេលគាត់ធ្វើពិធីជម្រះទីសក្ការៈ ជម្រះពន្លាជួបព្រះអម្ចាស់ និងជម្រះអាសនៈរួចរាល់ហើយ គាត់ត្រូវយកពពែឈ្មោលមួយទៀតដែលនៅរស់ចូលមក។ 21អើរ៉ុនត្រូវដាក់ដៃទាំងពីរលើក្បាលរបស់ពពែដែលនៅរស់ ដោយលន់តួកំហុស ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល រួចបញ្ចេរទៅលើក្បាលពពែនោះ។ បន្ទាប់មក គាត់ត្រូវឲ្យបុរសម្នាក់ដែលគាត់បានជ្រើសរើសជាមុន ដេញពពែនោះទៅវាលរហោស្ថាន។ 22ពពែនោះនាំយកអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល ឆ្ពោះទៅទីស្មសាន។ កាលដេញពពែនោះទៅវាលរហោស្ថានផុតហើយ 23 អើរ៉ុនត្រូវចូលទៅក្នុងពន្លាជួបព្រះអម្ចាស់វិញ រួចដោះសម្លៀកបំពាក់ធ្វើពីអំបោះធ្មៃ ដែលគាត់ពាក់សម្រាប់បំពេញមុខងារក្នុងទីសក្ការៈនោះទុកនៅក្នុងទីសក្ការៈ។ 24គាត់យកទឹកលាងដៃ ជម្រះកាយនៅក្នុងទីដ៏សក្ការៈ រួចស្លៀកសម្លៀកបំពាក់របស់គាត់វិញ។ បន្ទាប់មក ទើបគាត់ចេញមកក្រៅ ថ្វាយតង្វាយដុតទាំងមូលរបស់គាត់ និងតង្វាយដុតទាំងមូលរបស់ប្រជាជន ដើម្បីលោះបាបរបស់គាត់ និងបាបរបស់ប្រជាជន។ 25គាត់ត្រូវដុតខ្លាញ់របស់សត្វនៅលើអាសនៈ ដើម្បីរំដោះបាប។
26រីឯបុរសដែលដេញពពែទៅឲ្យអាសាអែលនៅវាលរហោស្ថាននោះ ក៏ត្រូវយកទឹកលាងជម្រះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនដែរ។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញ។ 27 រីឯគោបា និងពពែឈ្មោល ដែលគេសម្លាប់ ដើម្បីរំដោះបាប ហើយយកឈាមរបស់វាចូលទៅក្នុងទីសក្ការៈសម្រាប់លោះបាបនោះ គេត្រូវយកវាចេញទៅខាងក្រៅជំរំ ហើយដុតវា ទាំងស្បែក ទាំងសាច់ និងគ្រឿងក្នុង។ 28អ្នកដុតវាត្រូវយកទឹកលាងជម្រះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញបាន។
29 នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។ នៅថ្ងៃទីដប់ ខែទីប្រាំពីរ អ្នករាល់គ្នាត្រូវតមអាហារ ហើយអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុក ទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា 30ដ្បិតថ្ងៃនោះ គេធ្វើពិធីលោះបាបអ្នករាល់គ្នា ដើម្បីជម្រះអ្នករាល់គ្នាឲ្យបរិសុទ្ធ។ ពេលនោះ អ្នករាល់គ្នានឹងបានបរិសុទ្ធនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចផុតពីបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា។ 31ថ្ងៃនោះជាថ្ងៃសប្ប័ទ* គឺជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ហើយតមអាហារ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។
32មានតែបូជាចារ្យ*ដែលបានទទួលការចាក់ប្រេងតែងតាំង ឲ្យបំពេញមុខងារជាបូជាចារ្យស្នងឪពុករបស់ខ្លួនប៉ុណ្ណោះ ទើបមានសិទ្ធិធ្វើពិធីលោះបាប។ បូជាចារ្យនោះត្រូវស្លៀកសម្លៀកបំពាក់ធ្វើពីអំបោះធ្មៃ ដែលជាសម្លៀកបំពាក់សក្ការៈ។ 33គាត់ត្រូវធ្វើពិធីជម្រះទីសក្ការៈដ៏វិសុទ្ធ ជម្រះពន្លាជួបព្រះអម្ចាស់ និងជម្រះអាសនៈឲ្យបរិសុទ្ធ ព្រមទាំងរំដោះបាបបូជាចារ្យ និងប្រជាជនទាំងអស់ក្នុងសហគមន៍។
34នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ ដើម្បីឲ្យរៀងរាល់ឆ្នាំ ជនជាតិអ៊ីស្រាអែលបានរួចផុតពីអំពើបាបទាំងប៉ុន្មាន»។
គេក៏ធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 16: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.