លេវី‌វិន័យ 16:5-34

លេវី‌វិន័យ 16:5-34 គកស១៦

រួច​ត្រូវ​យក​ពពែ​ឈ្មោល​ពីរ សម្រាប់​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​ដុត ពី​ក្រុម​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល។ អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​នោះ ទុក​ជា​តង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន និង​ពូជ‌ពង្ស​ផង។ រួច​ត្រូវ​យក​ពពែ​ឈ្មោល​ទាំង​ពីរ​នោះ ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ចាប់​ឆ្នោត​ពពែ​ទាំង​ពីរ​នោះ មួយ​សម្រាប់​ព្រះ‌យេហូវ៉ា មួយ​ទៀត​សម្រាប់​បំបរ‌បង់​ទៅ ។ អើរ៉ុន​ត្រូវ​យក​ពពែ ដែល​ចាប់​ឆ្នោត​ត្រូវ​សម្រាប់​ព្រះ‌យេហូវ៉ា មក​ថ្វាយ​ទុក​ជា​តង្វាយ​លោះ​បាប តែ​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សម្រាប់​បំបរ‌បង់​ទៅ នោះ​ត្រូវ​យក​មក​ដាក់​ទាំង​រស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ពិធីរំដោះ​បាប រួច​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​បំបរ​បង់នៅ​ទី​រហោ‌ស្ថាន។ ត្រូវ​ឲ្យ​អើរ៉ុន​នាំ​គោ​ឈ្មោល​នៃ​តង្វាយ​លោះ​បាប ដែល​សម្រាប់​ខ្លួន​មក​ឲ្យ​ធួន​នឹង​ខ្លួន និង​ពូជ‌ពង្ស​ដែរ រួច​សម្លាប់​គោ​នោះ​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន។ ត្រូវ​ឲ្យ​យក​ជើង‌ពាន​ដាក់​ពេញ​ដោយ​រងើក​ភ្លើង ពី​លើ​អាសនា​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​គ្រឿង​ក្រអូប​ដែល​បុក​យ៉ាង​ម៉ដ្ត ចំនួន​ពីរ​ក្តាប់ នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន រួច​រោយ​ចុះ​នៅ​លើ​ភ្លើង​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ផ្សែង​នៃ​គ្រឿង​ក្រអូប​នោះ​ហុយ​ឡើង ទៅ​បាំង​ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហិប​នៃ​សេចក្ដី​បន្ទាល់ ក្រែង​លោ​ត្រូវ​ស្លាប់។ គាត់​ត្រូវ​យក​ឈាម​គោ​នោះ ទៅ​ប្រោះ​ដោយ​ម្រាម​ដៃ​លើ​ប៉ែក​ខាង​កើត​នៃ​ទី​សន្តោស​ប្រោស ឯ​ខាង​មុខ​ទី​សន្តោស​ប្រោស ក៏​ត្រូវ​ប្រោះ​ឈាម​ដោយ​ម្រាម​ដៃ​អស់​ប្រាំពីរ​ដង​ដែរ។ អើរ៉ុន​ត្រូវ​សម្លាប់​ពពែ​ឈ្មោល​នៃ​តង្វាយ​លោះ​បាប​ដែល​ថ្វាយ​សម្រាប់​ប្រជា‌ជន ហើយ​យក​ឈាម​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន ទាំង​ប្រោះ​ឈាម​ពពែ​នោះ​ដូច​ជា​បាន​ប្រោះ​ឈាម​គោ​ឈ្មោល​ដែរ គឺ​ត្រូវ​ប្រោះ​ឈាម​នៅ​លើ​ទី​សន្តោស​ប្រោស ហើយ​នៅ​ខាង​មុខ​ដែរ។ ដូច្នេះ គាត់​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​អស់​ទាំង​អំពើ​រំលង​របស់​គេ គឺ​អស់​ទាំង​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ត្រូវ​ធ្វើ​ដូច្នោះ​ឲ្យ​បាន​ធួន​នឹង​ត្រសាល​ជំនុំ ដែល​នៅ​ជា​មួយ​គេ គឺ​នៅ​កណ្ដាល​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ត្រសាល​ជំនុំ ក្នុង​កាល​ដែល​លោក​ចូល​ទៅ​ធ្វើ​ឲ្យ​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ​ឡើយ ដរាប​ដល់​ចេញ​មក​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ពូជ‌ពង្ស​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង រួច​លោក​ត្រូវ​ចេញ​ទៅ​ឯ​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អាសនា​នោះ ដោយ​យក​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​នោះ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ជុំ​វិញ ត្រូវ​ប្រោះ​ឈាម​នោះ​ដោយ​ម្រាម​ដៃ​អស់​ប្រាំពីរ​ដង​ទៅ​លើ​អាសនា ព្រម​ទាំង​ញែក​ចេញ​ជា​ស្អាត​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។ កាល​អើរ៉ុន​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ព្រម​ទាំង​ត្រសាល​ជំនុំ និង​អាសនា​រួច​ហើយ នោះ​ត្រូវ​នាំ​ពពែ​មួយ​ដែល​នៅ​រស់​នោះ​មក។ រួច​ដាក់​ដៃ​ទាំង​ពីរ​នៅ​លើ​ក្បាល​ពពែ​នោះ លន់‌តួ​ពី​អស់​ទាំង​អំពើ​ទុច្ចរិត និង​អស់​ទាំង​អំពើ​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ទី​រហោ‌ស្ថាន។ ឯ​ពពែ​នោះ​ត្រូវ​ផ្ទុក​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ លើ​ខ្លួន​ចេញ​ទៅ​តំបន់​ស្ងាត់ រួច​អ្នក​នោះ​ត្រូវ​លែង​វា​នៅ​ទី​រហោ‌ស្ថាន​នោះ។ បន្ទាប់​មក អើរ៉ុន​ត្រូវ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​វិញ ដោះ​សម្លៀក‌បំពាក់​ខ្លូត‌ទេស​ដែល​បាន​ស្លៀក‌ពាក់ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​នោះ​ចេញ​ទុក​នៅ​ទី​នោះ គាត់​ត្រូវ​ងូត​ទឹក​ត្រង់​កន្លែង​បរិសុទ្ធ ហើយ​ស្លៀក‌ពាក់​ឡើង​វិញ ចេញ​មក​ថ្វាយ​តង្វាយ​ដុត​របស់​ខ្លួន និង​តង្វាយ​ដុត​របស់​ពួក​ជន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន និង​ពួក​ជន​ផង។ ឯ​ខ្លាញ់​នៃ​តង្វាយ​លោះ​បាប នោះ​ត្រូវ​ដុត​នៅ​លើ​អាសនា ចំណែក​អ្នក​ដែល​ដឹក​ពពែ​ទៅ​បំបរ‌បង់​នោះ ត្រូវ​ឲ្យ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ ទើប​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន។ ឯ​គោ​ឈ្មាល​នៃ​តង្វាយ​លោះ​បាប និង​ពពែ​នៃ​តង្វាយ​លោះ​បាប​នោះ ដែល​បាន​យក​ឈាម​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ឲ្យ​ធួន​នឹង​បាប នោះ​ត្រូវ​លើក​យក​ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល រួច​ត្រូវ​ដុត​ទាំង​ស្បែក​ទាំង​សាច់ និង​លាមក​ទៅ។ អ្នក​ណា​ដែល​ដុត​សត្វ​ទាំង​ពីរ​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ​ដែរ ទើប​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន។ នេះ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា​នៅ​អស់​កល្ប​ជា‌និច្ច គឺ​នៅ​ថ្ងៃ​ទី​ដប់ ខែ​ទី​ប្រាំពីរ​នោះ អ្នក​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ទាំង​អ្នក​ស្រុក ឬ​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ផង។ ដ្បិត​នៅ​ថ្ងៃ​នោះ​នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​អ្នក​រាល់​គ្នា ដើម្បី​ញែក​ចេញ​ជា​ស្អាត នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ស្អាត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​ថ្ងៃ​ដែលអ្នក​រាល់​គ្នាត្រូវ​សម្រាក ហើយ​អ្នករាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន នេះ​គឺ​ជា​ច្បាប់​នៅ​អស់‌កល្ប​ជា‌និច្ច។ អ្នក​ណា​ដែល​គេ​ចាក់​ប្រេង​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​ជំនួស​ឪពុក​ខ្លួន សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​បាប ហើយ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ខ្លូត‌ទេស គឺ​ជា​សម្លៀក‌បំពាក់​បរិសុទ្ធ​នោះ។ សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ​បំផុត ត្រសាល​ជំនុំ អាសនា ទាំង​ពួក​សង្ឃ និង​អស់​អ្នក​ទាំង​ប៉ុន្មាន​ក្នុង​ជំនុំ‌ជន​ផង នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា នៅ​អស់‌កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មួយ​ឆ្នាំ​ម្តង ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​គេ»។ លោក​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។