លេវី‌វិន័យ 16:5-34

លេវី‌វិន័យ 16:5-34 ពគប

រួច​ត្រូវ​យក​ពពែ​ឈ្មោល​២ សំរាប់​ជា​ដង្វាយ​លោះ​បាប នឹង​ចៀម​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​ដុត ពី​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល។ អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ ទុក​ជា​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជ‌ពង្ស​ផង រួច​ត្រូវ​យក​ពពែ​ឈ្មោល​ទាំង​២​នោះ ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ចាប់​ឆ្នោត​ពពែ​ទាំង​២​នោះ ១​សំរាប់​ព្រះ‌យេហូវ៉ា ១​ទៀត​សំរាប់​បំបរ‌បង់​ទៅ អើរ៉ុន​ត្រូវ​យក​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​ព្រះ‌យេហូវ៉ា មក​ថ្វាយ​ទុក​ជា​ដង្វាយ​លោះ​បាប តែ​ឯ​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​បំបរ‌បង់​ទៅ នោះ​ត្រូវ​យក​មក​ដាក់​ទាំង​រស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ធួន​នឹង​បាប រួច​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​លែង​ឯ​ទី​រហោ‌ស្ថាន។ ត្រូវ​ឲ្យ​អើរ៉ុន​នាំ​គោ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប ដែល​សំរាប់​ខ្លួន​មក​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជ‌ពង្ស​ដែរ រួច​សំឡាប់​គោ​នោះ​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន ត្រូវ​ឲ្យ​យក​ជើង‌ពាន​ដាក់​ពេញ​ដោយ​រងើក​ភ្លើង ពី​លើ​អាសនា​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​គ្រឿង​ក្រអូប​ដែល​បុក​យ៉ាង​ម៉ដ្ត ចំនួន​២​ក្តាប់ នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន រួច​រោយ​ចុះ​នៅ​លើ​ភ្លើង​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ផ្សែង​នៃ​គ្រឿង​ក្រអូប​នោះ​ហុយ​ឡើង ទៅ​បាំង​ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហឹប​នៃ​សេចក្ដី​បន្ទាល់ ក្រែង​លោ​ត្រូវ​ស្លាប់ ហើយ​ត្រូវ​យក​ឈាម​គោ​នោះ ទៅ​ប្រោះ​ដោយ​ម្រាម​ដៃ​លើ​ប៉ែក​ខាង​កើត នៃ​ទី​សន្តោស​ប្រោស ឯ​ខាង​មុខ​ទី​សន្តោស​ប្រោស ក៏​ត្រូវ​ប្រោះ​ឈាម​ដោយ​ម្រាម​ដៃ​អស់​៧​ដង​ដែរ។ រួច​អើរ៉ុន​ត្រូវ​សំឡាប់​ពពែ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប​ដែល​ថ្វាយ​សំរាប់​ពួក​ជន ហើយ​យក​ឈាម​នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន ទាំង​ប្រោះ​ឈាម​ពពែ​នោះ​ដូច​ជា​បាន​ប្រោះ​ឈាម​គោ​ឈ្មោល​ដែរ គឺ​ត្រូវ​ប្រោះ​ឈាម​នៅ​លើ​ទី​សន្តោស​ប្រោស ហើយ​នៅ​ខាង​មុខ​ដែរ ដូច្នេះ​នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​អស់​ទាំង​សេចក្ដី​រំលង​របស់​គេ គឺ​អស់​ទាំង​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ធ្វើ​ដូច្នោះ​ឲ្យ​បាន​ធួន​នឹង​ត្រសាល​ជំនុំ ដែល​នៅ​ជា​មួយ​នឹង​គេ គឺ​នៅ​កណ្តាល​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ត្រសាល​ជំនុំ ក្នុង​កាល​ដែល​លោក​ចូល​ទៅ ធ្វើ​ឲ្យ​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ​ឡើយ ដរាប​ដល់​ចេញ​មក​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ពូជ‌ពង្ស ហើយ​នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង រួច​ត្រូវ​ឲ្យ​លោក​ចេញ​ទៅ​ឯ​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អាសនា​នោះ ដោយ​យក​ឈាម​គោ​ឈ្មោល​នឹង​ឈាម​ពពែ​នោះ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ជុំវិញ ត្រូវ​ប្រោះ​ឈាម​នោះ​ដោយ​ម្រាម​ដៃ អស់​៧​ដង​ទៅ​លើ​អាសនា ព្រម​ទាំង​ញែក​ចេញ​ជា​ស្អាត ឲ្យ​បាន​បរិសុទ្ធ រួច​ពី​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល។ កាល​អើរ៉ុន​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ព្រម​ទាំង​ត្រសាល​ជំនុំ នឹង​អាសនា​រួច​ហើយ នោះ​ត្រូវ​នាំ​ពពែ​១​ដែល​នៅ​រស់​នោះ​មក រួច​ដាក់​ដៃ​ទាំង​២​នៅ​លើ​ក្បាល​ពពែ​នោះ លន់‌តួ​ពី​អស់​ទាំង​សេចក្ដី​ទុច្ចរិត នឹង​អស់​ទាំង​សេចក្ដី​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ឯ​ទី​រហោ‌ស្ថាន ឯ​ពពែ​នោះ​ត្រូវ​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុច្ចរិត​របស់​គេ លើ​ខ្លួន​ចេញ​ទៅ​ឯ​ទី​តំបន់​សូន្យ​ស្ងាត់ រួច​អ្នក​នោះ​ត្រូវ​លែង​វា​នៅ​ទី​រហោ‌ស្ថាន​នោះ។ រួច​អើរ៉ុន​ត្រូវ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​វិញ ដោះ​សំលៀក‌បំពាក់​ខ្លូត‌ទេស​ដែល​បាន​ស្លៀក‌ពាក់ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​នោះ​ចេញ ទុក​នៅ​ទី​នោះ រួច​មក​ត្រូវ​ងូត​ទឹក​ត្រង់​កន្លែង​បរិសុទ្ធ ហើយ​ស្លៀក‌ពាក់​ឡើង​វិញ ចេញ​មក​ថ្វាយ​ដង្វាយ​ដុត​របស់​ខ្លួន នឹង​ដង្វាយ​ដុត​របស់​ពួក​ជន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន ហើយ​នឹង​ពួក​ជន​ផង ឯ​ខ្លាញ់​នៃ​ដង្វាយ​លោះ​បាប នោះ​ត្រូវ​ដុត​នៅ​លើ​អាសនា ចំណែក​អ្នក​ដែល​ដឹក​ពពែ​ទៅ​បំបរ‌បង់​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ ទើប​នឹង​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន ឯ​គោ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប នឹង​ពពែ​នៃ​ដង្វាយ​លោះ​បាប​នោះ ដែល​បាន​យក​ឈាម​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ឲ្យ​ធួន​នឹង​បាប នោះ​ត្រូវ​លើក​យក​ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល រួច​ត្រូវ​ដុត​ទាំង​ស្បែក​ទាំង​សាច់ នឹង​លាមក​ទៅ ឯ​អ្នក​ណា​ដែល​ដុត​សត្វ​ទាំង​២​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ​ដែរ ទើប​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន។ នេះ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា​នៅ​អស់​‌កល្ប​ជានិច្ច គឺ​នៅ​ថ្ងៃ​១០​ខែ​អស្សុជ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បញ្ឈឺ​ចិត្ត​ខ្លួន​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ទាំង​អ្នក​ស្រុក ឬ​អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ផង ដ្បិត​នៅ​ថ្ងៃ​នោះ​នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​ញែក​ចេញ​ជា​ស្អាត នោះ​ឯង​រាល់​គ្នា​នឹង​បាន​ស្អាត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ជា​ថ្ងៃ​ឈប់​សំរាក​សំរាប់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បញ្ឈឺ​ចិត្ត​ខ្លួន នេះ​គឺ​ជា​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច ឯ​អ្នក​ណា​ដែល​គេ​ចាក់​ប្រេង​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​ជំនួស​ឪពុក​ខ្លួន សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​បាប ហើយ​ត្រូវ​ស្លៀក​សំលៀក‌បំពាក់​ខ្លូត‌ទេស គឺ​ជា​សំលៀក‌បំពាក់​បរិសុទ្ធ​នោះ សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ​បំផុត នឹង​ត្រសាល​ជំនុំ ហើយ​អាសនា ព្រម​ទាំង​ពួក​សង្ឃ ហើយ​នឹង​អស់​អ្នក​ទាំង​ប៉ុន្មាន​ក្នុង​ជំនុំ​ជន​ផង នេះ​ហើយ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា នៅ​អស់‌កល្ប‌ជានិច្ច ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​១​ឆ្នាំ​ម្តង ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​គេ លោក​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។