អេសាយ 51:1-16

អេសាយ 51:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អស់​អ្នក​ដែល​ខិត‌ខំ ស្វែង​រក​សេចក្ដី​សុចរិត អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ ចូរ​ស្ដាប់​យើង! ចូរ​រំពឹង​គិត​ថា តើ​ព្រះអង្គ​យក​ថ្ម‌ដា​ណា​មក​ដាប់​ធ្វើ​អ្នក​រាល់​គ្នា ព្រះអង្គ​យក​ដី​ឥដ្ឋ​ណា​មក​សូន​ធ្វើ​អ្នក​រាល់​គ្នា? “ចូរ​រំពឹង​គិត​ពី​អប្រាហាំ ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​សារ៉ា​ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា។ ពេល​យើង​ហៅ​អប្រាហាំ​មក គាត់​នៅ​ម្នាក់​ឯង គ្មាន​កូន​ទេ។ យើង​ឲ្យ​ពរ​គាត់ ហើយ​គាត់​ក៏​មាន​កូន​ចៅ កើន​ចំនួន​ឡើង​ជា​ច្រើន”។ មែន​ហើយ! ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​សម្រាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេច‌ខ្ទី​អស់ គឺ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះ បាន​ដូច​ជា​សួន​អេដែន។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ហែង​នេះ ប្រែ​ទៅ​ជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់។ ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន នឹង​មាន​ឮ​សូរ​សម្រែក​សប្បាយ​រីក‌រាយ ព្រម​ទាំង​មាន​បទ​ចម្រៀង​អរ​ព្រះ‌គុណ និង​មាន​ស្នូរ​តូរ្យ‌តន្ត្រី​ឡើង​វិញ។ ប្រជា‌ជន​របស់​យើង​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់​យើង! ប្រជា‌ជាតិ​របស់​យើង​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង! ដ្បិត​យើង​នឹង​បង្កើត​ក្រឹត្យ‌វិន័យ យើង​នឹង​ឲ្យ​ការ​វិនិច្ឆ័យ​ហូរ​ចេញ​មក ជា​ពន្លឺ​បំភ្លឺ​ប្រជា‌ជន​ទាំង‌ឡាយ។ សេចក្ដី​សុចរិត​របស់​យើង​នៅ​ជិត​បង្កើយ ការ​សង្គ្រោះ​របស់​យើង​ក៏​ជិត​មក​ដល់​ដែរ យើង​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន​នានា ដោយ​បារមី​របស់​យើង មនុស្ស‌ម្នា​នៅ​តាម​កោះ​នឹង​សង្ឃឹម​លើ​យើង ពួក​គេ​នឹង​ទុក​ចិត្ត​លើ​បារមី​របស់​យើង។ ចូរ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​លើ​មេឃ រួច​ក្រឡេក​មើល​មក​ផែនដី​នេះ ផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ផ្សែង ផែនដី​នឹង​រេច‌រឹល​ទៅ​ដូច​សម្លៀក‌បំពាក់ មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​ដូច​សត្វ​ល្អិត តែ​ការ​សង្គ្រោះ​របស់​យើង​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច ហើយ​សេចក្ដី​សុចរិត​របស់​យើង នឹង​មិន​សាប‌សូន្យ​ឡើយ។ អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ប្រជា‌ជន​ដែល​គោរព​ក្រឹត្យ‌វិន័យ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង! មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​ឲ្យ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់ ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។ ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស ដូច​សម្លៀក‌បំពាក់ និង​រោម​ចៀម ត្រូវ​កណ្ដៀរ​ស៊ី​បំផ្លាញ តែ​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​យើង នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សម្តែង​ព្រះ‌បារមី! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ ព្រះ‌បារមី​ព្រះអង្គ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សម្បើម​នោះ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សមុទ្រ​រីង​ស្ងួត ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មហា‌សាគរ​ដ៏​ជ្រៅ ប្រែ​ទៅ​ជា​ផ្លូវ សម្រាប់​អស់​អ្នក​ដែល ព្រះអង្គ​បាន​លោះ ដើរ​ឆ្លង​កាត់។ ពួក​ឈ្លើយ​សឹក​ដែល​ព្រះ‌អម្ចាស់​បាន​រំដោះ នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​អំណរ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន ពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ដ្បិត​ទុក្ខ​ព្រួយ និង​សម្រែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: គឺ​យើង​នេះ​ហើយ​ដែល​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាច មនុស្ស​ដែល​តែងតែ​ស្លាប់? មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។ អ្នក​ភ្លេច​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នក គឺ​ព្រះអង្គ​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​ចាក់​គ្រឹះ​នៃ​ផែនដី។ រៀង​រាល់​ថ្ងៃ អ្នក​ចេះ​តែ​ភ័យ​ញ័រ​នៅ​ចំពោះ​មុខ មនុស្ស​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​មាន​កម្លាំង​បំផ្លាញ​អ្នក​បាន។ ពួក​គេ​ពុំ​អាច​គំរាម​កំហែង​អ្នក រហូត​ត​ទៅ​ឡើយ។ បន្តិច​ទៀត អ្នក​ជាប់​ឃុំ‌ឃាំង​នឹង​មាន​សេរី‌ភាព គេ​មិន​ត្រូវ​ស្លាប់​នៅ​ក្នុង​គុក​នោះ​ទេ គេ​ក៏​មិន​ខ្វះ​ម្ហូប​អាហារ​បរិភោគ​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​ធ្វើ​ឲ្យ​សមុទ្រ​កក្រើក ព្រម​ទាំង​ធ្វើ​ឲ្យ​ទឹក​រលក​បក់​បោក យើង​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ យើង​ធ្វើ​ឲ្យ​មាត់​អ្នក​ពោល​ពាក្យ​របស់​យើង យើង​លាត​ដៃ​ធ្វើ​ជា​ម្លប់​ការពារ​អ្នក ដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដី ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​ថា “អ្នក​ជា​ប្រជា‌ជន​របស់​យើង”។

ចែក​រំលែក
អាន អេសាយ 51

អេសាយ 51:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​អ្នក​រាល់​គ្នា​ដែល​ខំ​ដេញ​តាម​សេចក្ដី​សុចរិត ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​តាម​យើង​ចុះ ចូរ​មើល​ចំ​ទៅ​ឯ​ថ្មដា ជា​ទី​ដែល​បាន​ដាប់​អ្នក​រាល់​គ្នា​ចេញ​មក ហើយ​លុង​ជា​រណ្តៅ​ដែល​ជា​កន្លែង បាន​ជីក​យក​អ្នក​ឡើង​មក​នោះ ចូរ​មើល​ទៅ​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​អ្នក និងលោក​ស្រី​សារ៉ា​ដែល​បង្កើត​អ្នក​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​យើង​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ ហើយ​បាន​ចម្រើន​ឲ្យ​មាន​គ្នា​ជា​ច្រើន។ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច‌បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ប្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន របស់​ព្រះ‌យេហូវ៉ា​ដែរ មាន​អំណរ និង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ និង​សំឡេង​តន្ត្រី​ពីរោះ​ផង។ ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ប្រុង​ស្តាប់​តាម​យើង ឱ​សាសន៍​របស់​យើង​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចំពោះ​យើង​ចុះ ដ្បិត​នឹង​មាន​ច្បាប់​មួយ​ចេញ​ពី​យើង​ទៅ ហើយ​យើង​នឹង​តាំង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ទុក​ជា​ពន្លឺ​ដល់​អស់​ទាំង​សាសន៍។ ឯ​សេចក្ដី​សុចរិត​របស់​យើង​បាន​មក​ជិត សេចក្ដី​សង្គ្រោះ​របស់​យើង​បាន​ផ្សាយ​ចេញ​ទៅ​ហើយ ដើម​ដៃ​យើង​នឹង​ជំនុំ‌ជម្រះ​អស់​ទាំង​សាសន៍ ឯ​កោះ​ទាំង​ប៉ុន្មាន នឹង​សង្ឃឹម​ដល់​យើង ហើយ​ទុក​ចិត្ត​នឹង​ដៃ​យើង​ដែរ។ ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្ដី​សង្គ្រោះ​របស់​យើង​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​យើង នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។ អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ជា​ជន​ជាតិ​ដែល​មាន​ច្បាប់​របស់​យើង​នៅ​ក្នុង​ចិត្ត​អើយ ចូរ​ស្ដាប់​តាម​យើង​ចុះ កុំ​ខ្លាច​សេចក្ដី​ត្មះ‌តិះ‌ដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដោយ​ពាក្យ​បង្កាច់​របស់​គេ​ដែរ។ ពី​ព្រោះ​កន្លាត​នឹង​កាត់​ស៊ី​គេ ដូច​ជា​កាត់​អាវ ហើយ​ដង្កូវ​នឹង​ចោះ​គេ ដូច​ជា​ចុះ​សំពត់​រោម​ចៀម តែ​សេចក្ដី​សុចរិត​របស់​យើង​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​សេចក្ដី​សង្គ្រោះ​របស់​យើង មាន​សម្រាប់​មនុស្ស​គ្រប់​ជំនាន់។ ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​តំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ព្រះ‌អង្គ​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទម្លុះ​សត្វ​សម្បើម​នោះ​ទេ​ឬ? តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​ពង្រីង​ទឹក​សមុទ្រ គឺ​ជា​ទឹក​នៃ​ទី​ជម្រៅ​ធំ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សម្រាប់​ឲ្យ​ពួក​មនុស្ស​ដែល​ប្រោស​លោះ​បាន​ដើរ​ឆ្លង​ទៅ? ឯ​ពួក​អ្នក​ប្រោស​លោះ​របស់​ព្រះ‌យេហូវ៉ា គេនឹង​វិល​មក​វិញ ហើយ​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​ចម្រៀង គេ​នឹង​មាន​អំណរ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ពាក់​លើ​ក្បាល គេ​នឹង​ទទួល​បាន​សេចក្ដី​រីក‌រាយ និង​អំណរ ឯ​ទុក្ខ​ព្រួយ និង​ដំងូរ ត្រូវខ្ចាត់​បាត់​ទៅ។ យើង គឺ​យើង​នេះ​ហើយ ជា​អ្នក​ដែល​កម្សាន្ត​ចិត្ត​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ? អ្នក​បាន​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​អ្នក​មក ដែល​ព្រះ‌អង្គ​បាន​លាត​ផ្ទៃ​មេឃ ក៏​ដាក់​ឫស​ផែនដី​ផង ហើយ​រាល់​ថ្ងៃ​អ្នក​ខ្លាច​ចំពោះ​សេចក្ដី​ក្រោធ របស់​អ្នក​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​រៀប​នឹង​បំផ្លាញ​អ្នក តែ​សេចក្ដី​ក្រោធ​របស់​គេ​នោះ តើ​នៅឯ​ណា? បន្តិច​ទៀត ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ នឹង​បាន​រួច​ចេញ​ពី​ចំណង​គេ​ជា​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ក៏​មិន​ខ្វះ‌ខាត​អាហារ​ដែរ។ ដ្បិត​យើង ជា​យេហូវ៉ា គឺ​ជា​ព្រះ​របស់​អ្នក ជា​ព្រះ​ដែល​បង្ក្រាប​សមុទ្រ​ក្នុង​កាល ដែល​រលក​កម្រើក​ឡើង ឮ​សន្ធឹក នាម​របស់​យើង គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ។ យើង​បាន​ដាក់​ពាក្យ​ពេចន៍​របស់​យើង​នៅ​ក្នុង​មាត់​អ្នក ហើយ​បាន​គ្រប​បាំងអ្នក​ដោយ​ស្រមោល​ដៃ​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​ដាំ​ផ្ទៃ​មេឃ ហើយ​ចាក់​គ្រឹះ​ផែនដី ហើយ​ពោលទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ថា អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​យើង។

ចែក​រំលែក
អាន អេសាយ 51

អេសាយ 51:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ឯង​រាល់​គ្នា​ដែល​ខំ​ដេញ​តាម​សេចក្ដី​សុចរិត ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​តាម​អញ​ចុះ ចូរ​មើល​ចំ​ទៅ​ឯ​ថ្មដា ជា​ទី​ដែល​បាន​ដាប់​ឯង​រាល់​គ្នា​ចេញ​មក ហើយ​ទៅ​ឯ​រំលុង គឺ​ជា​រណ្តៅ​ដែល​ជា​កន្លែង​បាន​ជីក​យក​ឯង​ឡើង​មក​នោះ ចូរ​មើល​ទៅ​ឯ​អ័ប្រា‌ហាំ ជា​ឰយុកោ​ឯង ហើយ​ទៅ​ឯ​សារ៉ា​ដែល​បង្កើត​ឯង​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​អញ​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ​ផង ហើយ​បាន​ចំរើន​ឲ្យ​មាន​គ្នា​ជា​ច្រើន​វិញ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ទ្រង់​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច​បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ព្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន​របស់​ព្រះ‌យេហូវ៉ា​ដែរ នឹង​មាន​សេចក្ដី​អំណរ នឹង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ នឹង​សំឡេង​ពីរំ‌ពីរោះ​ផង។ ឱ​រាស្ត្រ​អញ​អើយ ចូរ​ប្រុង​ស្តាប់​តាម​អញ ឱ​សាសន៍​របស់​អញ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចំពោះ​អញ​ចុះ ដ្បិត​នឹង​មាន​ច្បាប់​១​ចេញ​ពី​អញ​ទៅ ហើយ​អញ​នឹង​តាំង​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ទុក​ជា​ពន្លឺ​ដល់​អស់​ទាំង​សាសន៍ ឯ​សេចក្ដី​សុចរិត​របស់​អញ​បាន​មក​ជិត សេចក្ដី​សង្គ្រោះ​របស់​អញ​បាន​ផ្សាយ​ចេញ​ទៅ​ហើយ ដើម​ដៃ​អញ​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​សាសន៍ ឯ​បណ្តា​កោះ​ទាំង​ប៉ុន្មាន គេ​នឹង​សង្ឃឹម​ដល់​អញ ហើយ​នឹង​ទុក​ចិត្ត​នឹង​ដៃ​អញ​ដែរ ចូរ​ងើយ​ភ្នែក​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សំលៀក‌បំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្ដី​សង្គ្រោះ​របស់​អញ​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​អញ​នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។ ឯង​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ជា​ជន‌ជាតិ​ដែល​មាន​ច្បាប់​របស់​អញ​នៅ​ក្នុង​ចិត្ត​អើយ ចូរ​ស្តាប់​តាម​អញ​ចុះ កុំ​ឲ្យ​ខ្លាច​សេចក្ដី​ត្មះ‌តិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដោយ​ពាក្យ​បង្កាច់​របស់​គេ​ដែរ ពី​ព្រោះ​កន្លាត​នឹង​កាត់​ស៊ី​គេ ដូច​ជា​កាត់​អាវ ហើយ​ដង្កូវ​នឹង​ចុះ​គេ ដូច​ជា​ចុះ​សំពត់​រោម​ចៀម តែ​សេចក្ដី​សុចរិត​របស់​អញ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​សេចក្ដី​សង្គ្រោះ​ផង ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ។ ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​ជា​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​ដំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ទ្រង់​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទំលុះ​សត្វ​សំបើម​នោះ​ទេ​ឬ​អី តើ​មិន​មែន​ទ្រង់​ទេ​ឬ​អី ដែល​ពង្រីង​ទឹក​សមុទ្រ គឺ​ជា​ទឹក​នៃ​ទី​ជំរៅ​ធំ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សំរាប់​ឲ្យ​ពួក​មនុស្ស​ដែល​ប្រោស​លោះ​បាន​ដើរ​ឆ្លង​ទៅ ឯ​ពួក​អ្នក​ប្រោស​លោះ​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​វិល​មក​វិញ ហើយ​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​ចំរៀង គេ​នឹង​មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​ពាក់​លើ​ក្បាល គេ​នឹង​ទទួល​បាន​សេចក្ដី​រីក‌រាយ នឹង​សេចក្ដី​អំណរ ឯ​សេចក្ដី​ទុក្ខ​ព្រួយនឹង​ដំងូរ នោះ​នឹង​ខ្ចាត់​បាត់​ទៅ។ អញ គឺ​អញ​នេះ​ហើយ ជា​អ្នក​ដែល​កំសាន្ត​ចិត្ត​ឯង​រាល់​គ្នា តើ​ឯង​ជា​អ្វី បាន​ជា​ឯង​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស​មក ដូច្នេះ ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ ឯង​បាន​ទាំង​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​ឯង​មក ដែល​ទ្រង់​បាន​លាត​ផ្ទៃ​មេឃ ក៏​ដាក់​ឫស​ផែនដី​ផង ហើយ​រាល់​តែ​ថ្ងៃ​ឯង​មាន​សេចក្ដី​ភ័យ​វិញ ដោយ​ខ្លាច​ចំពោះ​សេចក្ដី​ក្រោធ​របស់​អ្នក​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​រៀប​នឹង​បំផ្លាញ​ឯង​បង់ តែ​សេចក្ដី​ក្រោធ​របស់​គេ​នោះ​តើ​នៅ​ឯ​ណា បន្តិច​ទៀត ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​នឹង​បាន​រួច​ចេញ​ពី​ចំណង​គេ​ជា​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ក៏​មិន​ខ្វះ‌ខាត​អាហារ​ដែរ ដ្បិត​អញ ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ជា​ព្រះ​ដែល​បង្ក្រាប​សមុទ្រ​ក្នុង​កាល​ដែល​រលក​កំរើក​ឡើង​ឮ​សន្ធឹក នាម​អញ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ អញ​បាន​ដាក់​ពាក្យ‌ពេចន៍​របស់​អញ​នៅ​ក្នុង​មាត់​ឯង ហើយ​បាន​គ្រប​បាំង​ឯង​ដោយ​ស្រមោល​នៃ​ដៃ​អញ ដើម្បី​ឲ្យ​អញ​បាន​រៀបចំ​ផ្ទៃ​មេឃ ហើយ​ដាក់​ឫស​ផែនដី រួច​និយាយ​ដល់​ពួក​ក្រុង​ស៊ីយ៉ូន​ថា ឯង​ជា​រាស្ត្រ​របស់​អញ។

ចែក​រំលែក
អាន អេសាយ 51