អេសាយ 51
51
1ឱឯងរាល់គ្នាដែលខំដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្តាប់តាមអញចុះ ចូរមើលចំទៅឯថ្មដា ជាទីដែលបានដាប់ឯងរាល់គ្នាចេញមក ហើយទៅឯរំលុង គឺជារណ្តៅដែលជាកន្លែងបានជីកយកឯងឡើងមកនោះ 2ចូរមើលទៅឯអ័ប្រាហាំ ជាឰយុកោឯង ហើយទៅឯសារ៉ាដែលបង្កើតឯងមក ដ្បិតកាលអ័ប្រាហាំនៅតែម្នាក់ឯង នោះអញបានហៅមក ក៏បានឲ្យពរផង ហើយបានចំរើនឲ្យមានគ្នាជាច្រើនវិញ 3ពីព្រោះព្រះយេហូវ៉ាទ្រង់បានកំសាន្តចិត្តក្រុងស៊ីយ៉ូន ទ្រង់បានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលព្រៃនោះត្រឡប់ដូចជាសួនរបស់ព្រះយេហូវ៉ាដែរ នឹងមានសេចក្ដីអំណរ នឹងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ នឹងសំឡេងពីរំពីរោះផង។
4ឱរាស្ត្រអញអើយ ចូរប្រុងស្តាប់តាមអញ ឱសាសន៍របស់អញអើយ ចូរផ្ទៀងត្រចៀកចំពោះអញចុះ ដ្បិតនឹងមានច្បាប់១ចេញពីអញទៅ ហើយអញនឹងតាំងសេចក្ដីយុត្តិធម៌របស់អញ ទុកជាពន្លឺដល់អស់ទាំងសាសន៍ 5ឯសេចក្ដីសុចរិតរបស់អញបានមកជិត សេចក្ដីសង្គ្រោះរបស់អញបានផ្សាយចេញទៅហើយ ដើមដៃអញនឹងជំនុំជំរះអស់ទាំងសាសន៍ ឯបណ្តាកោះទាំងប៉ុន្មាន គេនឹងសង្ឃឹមដល់អញ ហើយនឹងទុកចិត្តនឹងដៃអញដែរ 6ចូរងើយភ្នែកមើលទៅលើមេឃ ហើយមើលចុះមកផែនដីខាងក្រោមនេះទៀត ដ្បិតផ្ទៃមេឃនឹងសូន្យបាត់ទៅ ដូចជាផ្សែង ហើយផែនដីនឹងចាស់ទៅដូចជាសំលៀកបំពាក់ ឯពួកអ្នកដែលនៅស្ថាននេះ នឹងស្លាប់ទៅបែបដូច្នោះដែរ តែសេចក្ដីសង្គ្រោះរបស់អញនឹងនៅជាដរាប ហើយសេចក្ដីសុចរិតរបស់អញនឹងមិនត្រូវលើកចោលឡើយ។
7ឯងរាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់អញនៅក្នុងចិត្តអើយ ចូរស្តាប់តាមអញចុះ កុំឲ្យខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ 8ពីព្រោះកន្លាតនឹងកាត់ស៊ីគេ ដូចជាកាត់អាវ ហើយដង្កូវនឹងចុះគេ ដូចជាចុះសំពត់រោមចៀម តែសេចក្ដីសុចរិតរបស់អញនឹងស្ថិតស្ថេរនៅជាដរាប ហើយសេចក្ដីសង្គ្រោះផង ដរាបដល់អស់ទាំងដំណមនុស្សតទៅ។
9ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចជាកាលពីចាស់បុរាណ ក្នុងគ្រាដំណមនុស្សពីដើម តើមិនមែនទ្រង់ដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទំលុះសត្វសំបើមនោះទេឬអី 10តើមិនមែនទ្រង់ទេឬអី ដែលពង្រីងទឹកសមុទ្រ គឺជាទឹកនៃទីជំរៅធំ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ សំរាប់ឲ្យពួកមនុស្សដែលប្រោសលោះបានដើរឆ្លងទៅ 11ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា គេនឹងវិលមកវិញ ហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចំរៀង គេនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ចពាក់លើក្បាល គេនឹងទទួលបានសេចក្ដីរីករាយ នឹងសេចក្ដីអំណរ ឯសេចក្ដីទុក្ខព្រួយនឹងដំងូរ នោះនឹងខ្ចាត់បាត់ទៅ។
12អញ គឺអញនេះហើយ ជាអ្នកដែលកំសាន្តចិត្តឯងរាល់គ្នា តើឯងជាអ្វី បានជាឯងខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្សមក ដូច្នេះ ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ 13ឯងបានទាំងភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតឯងមក ដែលទ្រង់បានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់តែថ្ងៃឯងមានសេចក្ដីភ័យវិញ ដោយខ្លាចចំពោះសេចក្ដីក្រោធរបស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញឯងបង់ តែសេចក្ដីក្រោធរបស់គេនោះតើនៅឯណា 14បន្តិចទៀត ពួកអ្នកដែលជាប់ជាឈ្លើយនឹងបានរួចចេញពីចំណងគេជាយ៉ាងឆាប់ គេនឹងមិនត្រូវស្លាប់ ចុះទៅក្នុងរណ្តៅឡើយ ក៏មិនខ្វះខាតអាហារដែរ 15ដ្បិតអញ ជាយេហូវ៉ា គឺជាព្រះនៃឯង ជាព្រះដែលបង្ក្រាបសមុទ្រក្នុងកាលដែលរលកកំរើកឡើងឮសន្ធឹក នាមអញ គឺយេហូវ៉ា ជាព្រះនៃពួកពលបរិវារ 16អញបានដាក់ពាក្យពេចន៍របស់អញនៅក្នុងមាត់ឯង ហើយបានគ្របបាំងឯងដោយស្រមោលនៃដៃអញ ដើម្បីឲ្យអញបានរៀបចំផ្ទៃមេឃ ហើយដាក់ឫសផែនដី រួចនិយាយដល់ពួកក្រុងស៊ីយ៉ូនថា ឯងជារាស្ត្ររបស់អញ។
17ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹកពីពែងនៃសេចក្ដីក្រោធរបស់ទ្រង់អើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ ឯងបានផឹកស្រូបទាំងកាកក្នុងពែង ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ 18ក្នុងពួកកូនប្រុសៗដែលកើតចេញពីទីក្រុងនោះមក គ្មានណាមួយសំរាប់ដឹកនាំមុខគេឡើយ ហើយក្នុងពួកកូនប្រុសៗដែលទីក្រុងនោះបានចិញ្ចឹម ក៏គ្មានណាមួយចាប់ដៃដឹកទៅដែរ 19សេចក្ដីទាំង២មុខនេះ បានធ្លាក់មកលើឯងហើយ គឺសេចក្ដីរឹបជាន់នឹងសេចក្ដីបំផ្លាញ តើអ្នកឯណានឹងសោកស្តាយនឹងឯង ក៏មានសេចក្ដីអំណត់ នឹងដាវផង ធ្វើដូចម្តេចឲ្យអញកំសាន្តចិត្តឯងបាន 20ពួកកូនប្រុសឯងបានសន្លប់ទៅហើយ គេដេកតាមក្បាលអស់ទាំងផ្លូវ ដូចជាប្រើសដែលជាប់បង្កាត់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសរបស់ព្រះនៃឯង។
21ដូច្នេះឯងដែលត្រូវរងទុក្ខវេទនា ហើយក៏ស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ ចូរស្តាប់សេចក្ដីនេះឥឡូវ 22ព្រះអម្ចាស់នៃឯង គឺព្រះយេហូវ៉ាជាព្រះដែលកាន់ក្តីជំនួសរាស្ត្រទ្រង់ ទ្រង់មានបន្ទូលដូច្នេះថា មើល អញបានដកយកពែងដែលនាំឲ្យទ្រេតទ្រោត គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់អញ ចេញពីដៃឯងហើយ ឯងនឹងមិនត្រូវផឹកទៀតឡើយ 23អញនឹងដាក់ពែងនោះទៅក្នុងដៃរបស់ពួកអ្នកដែលធ្វើទុក្ខឯងវិញ ជាពួកអ្នកដែលបាននិយាយទៅព្រលឹងឯងថា ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើ ហើយឯងបានដេកទៅ ឲ្យខ្នងឯងបានរាបដូចជាដី សំរាប់ជាថ្នល់ឲ្យគេដើរលើ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 51: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.