អេសាយ 51:1-16

អេសាយ 51:1-16 ពគប

ឱ​ឯង​រាល់​គ្នា​ដែល​ខំ​ដេញ​តាម​សេចក្ដី​សុចរិត ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​តាម​អញ​ចុះ ចូរ​មើល​ចំ​ទៅ​ឯ​ថ្មដា ជា​ទី​ដែល​បាន​ដាប់​ឯង​រាល់​គ្នា​ចេញ​មក ហើយ​ទៅ​ឯ​រំលុង គឺ​ជា​រណ្តៅ​ដែល​ជា​កន្លែង​បាន​ជីក​យក​ឯង​ឡើង​មក​នោះ ចូរ​មើល​ទៅ​ឯ​អ័ប្រា‌ហាំ ជា​ឰយុកោ​ឯង ហើយ​ទៅ​ឯ​សារ៉ា​ដែល​បង្កើត​ឯង​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​អញ​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ​ផង ហើយ​បាន​ចំរើន​ឲ្យ​មាន​គ្នា​ជា​ច្រើន​វិញ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ទ្រង់​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច​បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ព្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន​របស់​ព្រះ‌យេហូវ៉ា​ដែរ នឹង​មាន​សេចក្ដី​អំណរ នឹង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ នឹង​សំឡេង​ពីរំ‌ពីរោះ​ផង។ ឱ​រាស្ត្រ​អញ​អើយ ចូរ​ប្រុង​ស្តាប់​តាម​អញ ឱ​សាសន៍​របស់​អញ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចំពោះ​អញ​ចុះ ដ្បិត​នឹង​មាន​ច្បាប់​១​ចេញ​ពី​អញ​ទៅ ហើយ​អញ​នឹង​តាំង​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ទុក​ជា​ពន្លឺ​ដល់​អស់​ទាំង​សាសន៍ ឯ​សេចក្ដី​សុចរិត​របស់​អញ​បាន​មក​ជិត សេចក្ដី​សង្គ្រោះ​របស់​អញ​បាន​ផ្សាយ​ចេញ​ទៅ​ហើយ ដើម​ដៃ​អញ​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​សាសន៍ ឯ​បណ្តា​កោះ​ទាំង​ប៉ុន្មាន គេ​នឹង​សង្ឃឹម​ដល់​អញ ហើយ​នឹង​ទុក​ចិត្ត​នឹង​ដៃ​អញ​ដែរ ចូរ​ងើយ​ភ្នែក​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សំលៀក‌បំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្ដី​សង្គ្រោះ​របស់​អញ​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​អញ​នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។ ឯង​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ជា​ជន‌ជាតិ​ដែល​មាន​ច្បាប់​របស់​អញ​នៅ​ក្នុង​ចិត្ត​អើយ ចូរ​ស្តាប់​តាម​អញ​ចុះ កុំ​ឲ្យ​ខ្លាច​សេចក្ដី​ត្មះ‌តិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដោយ​ពាក្យ​បង្កាច់​របស់​គេ​ដែរ ពី​ព្រោះ​កន្លាត​នឹង​កាត់​ស៊ី​គេ ដូច​ជា​កាត់​អាវ ហើយ​ដង្កូវ​នឹង​ចុះ​គេ ដូច​ជា​ចុះ​សំពត់​រោម​ចៀម តែ​សេចក្ដី​សុចរិត​របស់​អញ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​សេចក្ដី​សង្គ្រោះ​ផង ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ។ ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​ជា​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​ដំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ទ្រង់​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទំលុះ​សត្វ​សំបើម​នោះ​ទេ​ឬ​អី តើ​មិន​មែន​ទ្រង់​ទេ​ឬ​អី ដែល​ពង្រីង​ទឹក​សមុទ្រ គឺ​ជា​ទឹក​នៃ​ទី​ជំរៅ​ធំ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សំរាប់​ឲ្យ​ពួក​មនុស្ស​ដែល​ប្រោស​លោះ​បាន​ដើរ​ឆ្លង​ទៅ ឯ​ពួក​អ្នក​ប្រោស​លោះ​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​វិល​មក​វិញ ហើយ​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​ចំរៀង គេ​នឹង​មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​ពាក់​លើ​ក្បាល គេ​នឹង​ទទួល​បាន​សេចក្ដី​រីក‌រាយ នឹង​សេចក្ដី​អំណរ ឯ​សេចក្ដី​ទុក្ខ​ព្រួយនឹង​ដំងូរ នោះ​នឹង​ខ្ចាត់​បាត់​ទៅ។ អញ គឺ​អញ​នេះ​ហើយ ជា​អ្នក​ដែល​កំសាន្ត​ចិត្ត​ឯង​រាល់​គ្នា តើ​ឯង​ជា​អ្វី បាន​ជា​ឯង​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស​មក ដូច្នេះ ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ ឯង​បាន​ទាំង​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​ឯង​មក ដែល​ទ្រង់​បាន​លាត​ផ្ទៃ​មេឃ ក៏​ដាក់​ឫស​ផែនដី​ផង ហើយ​រាល់​តែ​ថ្ងៃ​ឯង​មាន​សេចក្ដី​ភ័យ​វិញ ដោយ​ខ្លាច​ចំពោះ​សេចក្ដី​ក្រោធ​របស់​អ្នក​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​រៀប​នឹង​បំផ្លាញ​ឯង​បង់ តែ​សេចក្ដី​ក្រោធ​របស់​គេ​នោះ​តើ​នៅ​ឯ​ណា បន្តិច​ទៀត ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​នឹង​បាន​រួច​ចេញ​ពី​ចំណង​គេ​ជា​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ក៏​មិន​ខ្វះ‌ខាត​អាហារ​ដែរ ដ្បិត​អញ ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ជា​ព្រះ​ដែល​បង្ក្រាប​សមុទ្រ​ក្នុង​កាល​ដែល​រលក​កំរើក​ឡើង​ឮ​សន្ធឹក នាម​អញ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ អញ​បាន​ដាក់​ពាក្យ‌ពេចន៍​របស់​អញ​នៅ​ក្នុង​មាត់​ឯង ហើយ​បាន​គ្រប​បាំង​ឯង​ដោយ​ស្រមោល​នៃ​ដៃ​អញ ដើម្បី​ឲ្យ​អញ​បាន​រៀបចំ​ផ្ទៃ​មេឃ ហើយ​ដាក់​ឫស​ផែនដី រួច​និយាយ​ដល់​ពួក​ក្រុង​ស៊ីយ៉ូន​ថា ឯង​ជា​រាស្ត្រ​របស់​អញ។

អាន អេសាយ 51